A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 May 2014

Have you ever been bullied online? តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើបាប ឬ​ប្រមាថ​តាម​អនឡាញ​ដែរ​ឬ​ទេ?

Content image - Phnom Penh Post
តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​ជេរប្រមាថ​តាម​អនឡាញ តាម​សារ​ទូរស័ព្ទ​ដៃ ឬ comments ពាក្យ​អាក្រក់ៗ​តាម​ហ្វេសប៊ុក​ដែល​ធ្វើឲ្យ​អ្នក​តូចចិត្ត​តូចថ្លើម ខ្លាំង​ដែរ​ឬទេ? បើ​មាន អ្នក​ប្រហែល​ជា​មាន​បទពិសោធ​ជាមួយ​នឹង «​Cyber Bullying» ហើយ។
យោងតាម​គេហទំព័រ «http://www.bullyingstatistics.org» Cyber bullying គឺជា​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​មួយ នៅពេល​ដែល​ក្មេងជំទង់ ឬ​យុវជន​ត្រូវ​បាន​គេ​បៀតបៀន ធ្វើ​ទុក្ខបុកម្នេញ បង្កួចបង្អាប់ គំរាម ឬ​ធ្វើ​បាប​តាម​ប្រព័ន្ធ​តិចណូឡូជីឌីជីថល​(degital technology)​ដូចជា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ អ៊ីនធឺណិត​ជាដើម។ Cyber bullying គឺជា​ការ​ព្យាយាម​ធ្វើឲ្យ​ក្មេង ឬ​យុវជន​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួនឯង​តាមរយៈ​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ អេឡិចត្រូនិក។ អំពើ​ហិង្សា​នេះ​អាច​ធ្វើឲ្យ​យុវជន ឬ​ក្មេងជំទង់​មាន​វិបត្តិ ក្រៀមក្រំ​ចិត្ត រហូត​ដល់​មាន​ករណី​សម្លាប់​ខ្លួន​ផង​ក៏​មាន​។
ប្រភព​ដដែល​នេះ​បាន​លើក​ឡើង​ថា Cyber bullying ត្រូវ​បាន​ធ្វើ​ឡើង​តាម​រូបភាព​ជាច្រើន​ដូចជា​ការ​ផ្ញើ​សារ​អាក្រក់ៗ ឬ​សារ​គំរាមកំហែង​អ្នក​ដទៃ​តាម​ទូរស័ព្ទដៃ អ៊ីមែល ឬ​ហ្វេសប៊ុក ឬ ការ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​តាម​អនឡាញ ឬ​តាម​សារ ឬ​ការ​ផ្សព្វផ្សាយ​សារ​ដែល​ធ្វើឲ្យ​មាន​ការ​ឈឺចាប់ ឬ​សារ​គំរាមកំហែង​តាម​បណ្តាញ​សង្គម ឬ​វេបសាយ ការ​លួច​ចូល​ទៅក្នុង​គណនី​របស់​នរណា​ម្នាក់​ដើម្បី​ផ្ញើសារ​ទៅ​វាយប្រហារ​លើ​នរណា​ម្នាក់ ការ​ក្លែង​ធ្វើ​ជា​នរណា​ម្នាក់​នៅ​តាម​អនឡាញ​ដើម្បី​ធ្វើ​បាប​គេ ការ​ថតរូប​មិន​ល្អ​របស់​នរណា​ម្នាក់​ហើយ​ផុស​តាម​អនឡាញ ឬ​ក៏​ផ្ញើសារ។ ផ្ញើសារ​អាសអាភាស ឬ​រូបភាព​ដែល​ទាក់ទង ឬ​ទាញ​អត្ថន័យ​ចូល​ក្នុង​រឿង​អាសអាភាស​ជាដើម។
ទាក់ទង​នឹង បញ្ហា​ខាង​លើ យុវជន​កម្ពុជា​មួយ​ចំនួន​ក៏​បាន​អះអាង​ថា ពួកគេ​ធ្លាប់​ជួប​ប្រទះ​នឹង​បទពិសោធ​ទទួល​រង​នូវ​ទង្វើ​បែប​នេះ ជាពិសេស​យុវជន​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​។ ទង្វើ​ទាំងនោះ​មាន​ដូចជា រូបភាព​កាត់ត​ជាមួយ​នឹង​ពាក្យពេចន៍​វាយប្រហារ ប្រមាថ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​មួយ​ចំនួន​លើ​បណ្តាញ​សង្គម អ៊ីនធឺណិត និង​ជាពិសេស​ហ្វេសប៊ុក​។
Content image - Phnom Penh Post

កញ្ញា ប៉ីប៉ី លី អាយុ​២០​ឆ្នាំ [Pey Pey Ly ជា​ឈ្មោះ​ក្នុង​ហ្វេសប៊ុក] ដែល​ធ្លាប់​ត្រូវ​បាន​កាត់ត​រូបភាព​អាក្រាត​កាយ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា កញ្ញា​មាន​អារម្មណ៍​សោកស្តាយ​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​បាន​លាប​ពណ៌​គ្នា​ដែល​ទង្វើ​របស់​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ភាព​ថ្លៃថ្នូរ​របស់​សង្គម។
កញ្ញា​បាន​ប្រាប់​ថា​៖ «ពេល​ដែល​ឃើញ​រូប​កាត់ត [អាក្រាត​កាយ] ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​យ៉ាង​ខ្លាំង។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ចង់​រស់​ទេ!»។
កញ្ញា បន្ត​ថា៖ «ខ្ញុំ​តូចចិត្ត ជា​បុគ្គល​ម្នាក់​ដូច​គ្នា ហើយ​ណា​មួយ​ខ្ញុំ​ជា​មនុស្ស​ស្រី​ទៀត ពួកគាត់​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ​។ ខ្ញុំ​យំ​អង្វរ​សូម​ឲ្យ​លុប​វា​ចេញ និង​បញ្ឈប់​ការ​ចែកចាយ​វា​ជា​រៀងរហូត ពីព្រោះ​ទោះ​បី​ជា​វា​មិន​មែន​ការ​ពិត ក៏​វា​ជា​ការ​បំពាន​ដល់​កិត្តិយស​ស្រ្តី​ខ្មែរ​ខ្លាំង​ដែរ​»​។
កញ្ញា​បាន បញ្ជាក់​ថា៖ «មុន​ដំបូង​ខ្ញុំ​អត់​ទាន់​ឃើញ​មាន​អ្នក​ជេរប្រមាថ​ខ្ញុំ​ទេ តែ​បន្ទាប់ពី​ពេល​ខ្ញុំ​បាន​បង្ហាញ​រូប​ទាក់ទង​នឹង​សង្គម​ស្រាប់តែ ប្រតិកម្ម​ប្រឆាំង​កើតឡើង ហើយ​ក្រោយមក​គេ​ធ្វើ​ដល់​ថ្នាក់​កាត់ត​រូប​ខ្ញុំ​យ៉ាង​អាក្រក់»។
កញ្ញា​អំពាវនាវ​សូម​ឲ្យ​យុវជន [អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក] ទាំងនោះ​បញ្ឈប់​ទង្វើ​ប្រាសចាក​សីលធម៌​នេះ​ទៅ​។
ចំណែកឯ​កញ្ញា ធី សុវណ្ណថា វិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​ត្រូវ​បាន​វាយប្រហារ តាមរយៈ​ពាក្យពេចន៍​អសុរោះ​មក​លើ​ខ្លួន និង​កាត់ត​រូបភាព អាក្រក់ៗ និង​មាន​អ្នក​ក្លែង​បន្លំ (Fake account) ជាច្រើន​ព្យាយាម​បំភ្លៃ​ព័ត៌មាន​ផង​ដែរ។
កញ្ញា​ថា ដោយសារ​តែ​កញ្ញា​ដើរ​តាម និង​គាំទ្រ​គោលនយោបាយ​បក្ស​ខុស​ពី​អ្នកដទៃ​នោះ ទើប​ទង្វើ​អសីលធម៌​ជាច្រើន​ត្រូវ​បាន​គេ​តម្រង់​មក​។
កញ្ញា​បាន​ប្រាប់​ថា៖ «ពេល​ខ្លះ គេ​ប្រើ​ពាក្យ​អាក្រក់​ជាច្រើន​ដែល​ខ្ញុំ​សុំ​មិន​និយាយ ព្រោះ​ថា​វា​ជា​ពាក្យ​អសុរោះ​ពេក​»។

កញ្ញា​បាន​បន្ថែម​ថា មាន​អ្នក​ខ្លះ​កាត់ត​រូប​កញ្ញា​អាក្រាតកាយ និង​ជាមួយ​រូប​សត្វធាតុ​នានា ដើម្បី​បង្ខូច​កិត្តិយស​របស់​កញ្ញា​ផង​ដែរ​។
ក្រៅពី​យុវតី​ខាង​លើ យុវជន​ម្នាក់​ទៀត​គឺ​លោក ជា ឆេង ដែល​សព្វថ្ងៃ​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​នៃ​សាកលវិទ្យាល័យ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច និង​ជា​និស្សិត​មន្រ្តី​ជាន់​ខ្ពស់​នៃ​សាលា​ភូមិន្ទរដ្ឋបាល​ក៏​ធ្លាប់ ត្រូវ​បាន​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ធំ​បាន​វាយប្រហារ យ៉ាង​ចាស់​ដៃ​ដែរ បន្ទាប់ពី​ក្រុម​និស្សិត​របស់​លោក​សួរ​សំណួរ និង​លើក​បដា​មិន​គាំទ្រ​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដែល​លើក​ឡើង ពី​បញ្ហា​សិទិ្ធមនុស្ស​នៅ​កម្ពុជា​កន្លង​ទៅ​នៅក្នុង​ឆ្នាំ​២០១៣។
លោក​ធ្លាប់​បាន​ព្យាយាម​បកស្រាយ​ពី​បញ្ហា​នោះ​ដែរ តែ​លទ្ធផល​គឺ​គេ​ជេរ​លើស​ដើម។
Content image - Phnom Penh Post

លោក ឆេង និយាយ​ថា៖ «បើ​អ្នក​ទាំងអស់​គ្នា [អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក] មិន​ពេញចិត្ត ឬ​ក៏​យល់​ថា​មិន​សម អ្នក​អាច​ដេញដោល និង​លើក​ពី​ហេតុផល​មក​ជជែក។ មិន​គួរ​ប្រើ​តែ​ពាក្យ​ប្រមាថ ត្មះតិះដៀល​ទេ»។
លោក លើក​ឡើង​ថា គួរ​តែ​មាន​ច្បាប់​រឹតបន្តឹង​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ដូច​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​អាច​នឹង​ជាប់​កាតព្វកិច្ច នឹង​ទទួល​ខុសត្រូវ​លើ​ការ​ប្រើប្រាស់​ពាក្យសម្តី​របស់​ខ្លួន ហើយ​គេ​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​មាន​សីលធម៌​ជាង​នេះ​។
លោក ជា ឆេង ក៏​ស្នើ​ដល់​យុវជន​ប្រើប្រាស់​បណ្តាញ​សង្គម​គួរតែ​ពិចារណា​ពី​ការ ប្រើប្រាស់​ពាក្យពេចន៍​វាយប្រហារ បង្ខូច​កិត្តិយស និង​ទង្វើ​អសីលធម៌​មួយ​ចំនួន​របស់​ខ្លួន ហើយ​បើ​ទោះ​ជា​ប្រកាន់​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ក៏ដោយ គួរតែ​យល់​ថា យើង​ទាំងអស់​គ្នា​មាន​គោលដៅ​អភិវឌ្ឍជាតិ និង​ស្រឡាញ់​ជាតិ​ដូច​គ្នា។
ទាក់ទង​នឹង​ចំណុច​នេះ លោក សេក បរិសុទ្ធ ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារពត៌មាន​កម្ពុជា (CJCE) បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​បញ្ហា​វាយប្រហារ​គ្នា​ក្នុង​បណ្តាញ សង្គម​ហ្វេសប៊ុក​សព្វថ្ងៃ​ថា វា​មិន​ត្រឹម​តែ​ជា​ការ​ធ្លាក់​ចុះ​នៃ​ក្រមសីលធម៌​សង្គម​ទេ តែ​ទង្វើ​ប្រមាថ​កិត្តិយស​របស់​បុគ្គល​នីមួយៗ​នៅលើ​បណ្តាញ​សង្គម​នេះ ថែម​ទំាង​ខុស​តាម​ផ្លូវ​ច្បាប់​ទៀត។
លោក បាន​ពន្យល់​បន្ថែម​ថា កាល​ណា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​កាន់តែ​ច្រើន​មក​ធ្វើ​ទង្វើ អសីលធម៌ វាយប្រហារ​អ្នកដទៃ ឬ​រំលោភ​ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​គេ វា​អាច​នឹង​ឈាន​ទៅ​រក​វិធានការ​រឹតបន្តឹង​ផ្លូវច្បាប់។
លោក បាន​បន្ដ​ថា៖ «យើង​អាច​យក​ច្បាប់ ព្រហ្មទណ្ឌ​មក​ប្រើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅលើ​បណ្តាញ​សង្គម ដោយ​មិន​ចាំបាច់​មាន​ច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​អ៊ីនធឺណិត ឬ Cyber Law នោះ​ទេ ពីព្រោះ​វា​អាច​ជា​ការ​រឹតបន្តឹង​ដល់​ការ​បញ្ចេញ​មតិ​ទូទៅ​របស់​សាធារណជន​ដែល​វា​មាន​ប្រយោជន៍​ដល់​សង្គម​»​។
លោក សេក បរិសុទ្ធ បាន​ស្នើ​ថា៖ «ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ អ្នក​ប្រើ​បណ្តាញ​សង្គម​គួរតែ​ធ្វើ​ស្វ័យទិតៀន​ខ្លួនឯង ថា​តើ​យើង​បាន​គោរព​តាម​ច្បាប់ និង​ក្រម​សីលធម៌​ហើយ ឬ​នៅ។ ម្យ៉ាងវិញ​ទៀត សម្រាប់​អ្នក​បង្កើត​គោលនយោបាយ (policy makers) គួរតែ​រក​រូបមន្ត​ណា​ផ្សេង​ក្រៅពី Cyber Law»។
ស្រប​គ្នា​នេះ​ដែរ លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ការពារ​ច្បាប់​កម្ពុជា បង្ហាញ​ថា ការ​ធ្វើ​បាប​គ្នា ឬ​ក៏​វាយប្រហារ ជេរដៀល​គ្នា​នៅលើ​បណ្តាញ​អ៊ីនធឺណិត វា​មិន​ខុស​អី​ហ្នឹង​ការ​ឈ្លោះប្រកែក ឬ​ជេរ​គ្នា​នៅ​ទីសាធារណៈ​ទេ គ្រាន់តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ណា​មួយ​គ្រប់គ្រង​វា​នៅ​ឡើយ។ តែ​លោក មេធាវី​រូប​នេះ​បន្ថែម​ថា៖ «ព្រោះ​ច្បាប់​ជា​អាវុធ​មុខ​ពីរ បើ​យើង​ចង់​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត វា​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ឬ​ការ​រិះគន់​នានា​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល ហើយ​បើ​រដ្ឋាភិបាល​បង្កើត​វា ត្រូវ​គិត​ថា រវាង​ការ​ផ្តល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ឬ​ក៏​មិន​ផ្តល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ មួយ​ណា​ងាយស្រួល​គ្រប់គ្រង​ជាង​?​»​។
ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​លើ បញ្ហា ការ​ធ្វើ​បាប ឬ​ក៏​បៀតបៀន​កេរ្ដិ៍ខ្មាស​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ​ដែរ លោក សុក សំអឿន សូម​ឲ្យ​បុគ្គល​ម្នាក់ៗ​គិត​ថា៖ «បើ​អ្នក​ឯង​ពូកែ​ជេរ​គេ​ដូច​នេះ តើ​មាន​គេ​គោរព​រាប់អាន​អ្នក​ដែរ​ឬ​អត់​? ហើយ​បញ្ហា​នេះ​វា​អាស្រ័យ​លើ​សង្គម បើ​យើង​យល់​ដឹង​ពី​ផលប៉ះពាល់​របស់​វា ហើយ​យើង​មាន​ក្រម​សីលធម៌​ក្នុង​ការ​បញ្ចេញមតិ និង​គោរពសិទ្ធិ​គ្នា វា​មិន​ចាំបាច់​មាន​ច្បាប់​ក៏​អាច​ដោះស្រាយ​បញ្ហា​លើ​បណ្តាញ​សង្គម​នេះ​ទេ»។
ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ជន​រងគ្រោះ​ដោយ​ការ​វាយប្រហារ តាម​អនឡាញ​នេះ លោក​សាស្រ្តាចារ្យ សោមច័ន្ទ សុវណ្ណតារា ឯកទេស​ចិត្តវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បាន​ពន្យល់​ថា​៖ «អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប គាត់​មាន​ការ​ឈឺ​ផ្លូវចិត្ត​ណាស់ ហើយ​វប្បធម៌​ខ្មែរ​យើង​ក៏​គេ​មិន​ឲ្យ​យើង​ប្រើ​ពាក្យ​អសុរោះ​ដែរ។ គេ​ឲ្យ​ចេះ​គោរព​គ្នា​»។
លោក​សាស្រ្តាចារ្យ បាន​អប់រំ​ថា អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប មិន​ត្រូវ​តបត​ទៅវិញ​ទេ ហើយ​ត្រូវ​ប្រើ​ពាក្យ​ល្អៗ​ទៅវិញ និង​ព្យាយាម​ខន្តី​។
លោក​ថា ការ​រំខាន ឬ​ប្រមាថ​តាម​បណ្តាញ​សង្គម​នេះ​អាច​ថា បុគ្គល​ដែល​ប្រព្រឹត្ត​មាន​រោគសញ្ញា​ឆេវឆាវ ព្រហើន និង​ព្យាយាម​រំលោភបំពាន​លើ​អ្នក​ដទៃ ហើយ​វា​ក៏​ខុស​ទៅ​នឹង​ផ្លូវច្បាប់​និង​ក្រមសីលធម៌​។
លោក សាស្ដ្រាចារ្យ បាន​លើក​ឡើង​ថា៖ «អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​ធ្វើបាប​គេ ខ្លះ​មិន​មាន​ចេតនា​ទេ តែ​មិន​អាច​ទប់​អារម្មណ៍​ខ្លួនឯង​បាន​ទេ រីឯ​អ្នក​ខ្លះ​មាន​ចរិត​កោងកាច មាន​ចេតនា​ធ្វើឲ្យ​គេ​ឈឺចាប់​»។
ចុងក្រោយ លោក សោមច័ន្ទ សុវណ្ណតារា ក៏​បន្ថែម​ថា៖ «ដើម្បី​ឲ្យ​យើង​រស់នៅ​មាន​សុខភាព​ផ្លូវចិត្ត​ល្អ យើង​ត្រូវ​មាន​ក្រមសីលធម៌​ល្អ​ស្តែង​ចេញ​ពី​អាកប្បកិរិយា​ល្អ​របស់​យើង ហើយ​ទង្វើ​ហ្នឹង​ធ្វើឲ្យ​យើង​មាន​សីលធម៌ ហើយ​សីលធម៌​ធ្វើឲ្យ​យើង​ជា​មនុស្ស​មាន​តម្លៃ»៕

No comments: