ដោយ ហ៊ុំ ចំរើន
2014-04-26

ច្រកចូលតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) នៅក្រុងបាវិត ខេត្តស្វាយរៀង។
RFA
កម្មករកម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង (Tai Seng)នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ មេសា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយប្រាក់លើកទឹកចិត្តការងាររបស់កម្មករ ដែលបានសន្យានាពេលកន្លងទៅ។
កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ជាច្រើនរោងចក្រ រួមមានរោងចក្រកាត់ដេរ រោងចក្រដំឡើងកង់ រោងចក្រផលិតស្បែកជើង និងរោងចក្រផលិតឆត្រ ជាដើម បានធ្វើកូដកម្មដោយមិនចូលធ្វើការទេ។ ក្រុមកម្មករបញ្ជាក់ថា ការធ្វើកូដកម្មនេះដោយសារថៅកែរោងចក្រមិនបើកប្រាក់រង្វាន់លើកទឹកចិត្តឲ្យកម្មករម្នាក់ ៥០ដុល្លារអាមេរិក សម្រាប់កម្មករដែលមិនចូលរួមធ្វើកូដកម្ម ដែលថៅកែរោងចក្របានសន្យាកាលពីមុនពិធីបុណ្យចូលឆ្នាំកន្លងទៅ។
តំណាងកម្មករនៅតំបន់សេដ្ឋពិសេស មេនហាតធេន ម្នាក់ គឺលោក នាង រដ្ឋា ថ្លែងនៅថ្ងៃទី២៦ មេសា ថា ថៅកែរោងចក្រនិយាយបាតដៃខ្នងដៃ បោកប្រាស់កម្មករ មិនព្រមគោរពតាមការសន្យាជាមួយក្រុមកម្មករទេ។ លោក នាង រដ្ឋា បញ្ជាក់ថា កាលពីមុនបុណ្យចូលឆ្នាំខ្មែរ ថៅកែរោងចក្របានសន្យាថា បើកប្រាក់រង្វាន់លើកទឹកចិត្តដល់កម្មករម្នាក់ ៥០ដុល្លារ ប្រសិនបើពួកគេមិនធ្វើកូដកម្មតវ៉ាតាមការស្នើសុំរបស់ក្រុមហ៊ុន។ ផ្ទុយទៅវិញ កម្មករមិនបានធ្វើកូដកម្មទេ តែក្រុមហ៊ុនបែរជាមិនបើកប្រាក់លើកទឹកចិត្ត ៥០ដុល្លារ តាមការសន្យាដល់ពួកគេឡើយ។
លោក នាង រដ្ឋា៖ «ក្រុមហ៊ុនវាមិនឲ្យអាលុយហ្នឹង ដល់អ៊ីចឹងយើងអត់ទទួលយកបាន យើងព្រមចេញទាំងអស់គ្នាទៅ យើងថាធ្វើៗព្រមគ្នា។ ដូចខាងគេឲ្យ ខាងតំបន់ខ្ញុំអត់ឲ្យ ខាង អេ.អែន.ជី គេឲ្យ ខាងរោងចក្រគេព្រមឲ្យអស់ហើយ ដល់ពេលខាងប៉ុន្មានរោងចក្រដែលនៅក្នុងតំបន់យើង ក្រុងបាវិត ហ្នឹង គេប្រកែក គេបដិសេធ ហើយខ្ញុំក៏មិនព្រមដែរ»។
រីឯតំណាងកម្មករមកពីតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ម្នាក់ទៀត គឺលោក សុង កុសល ថ្លែងថា ក្រុមកម្មករបានព្យាយាមអង្វរសុំឲ្យថៅកែរោងចក្របើកប្រាក់លើកទឹកចិត្ត ៥០ដុល្លារជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែថៅកែរោងចក្រហាក់មានចេតនាគេចវេះមិនព្រមដោះស្រាយជាមួយក្រុមកម្មករទេ គឺតែងតែគាបសង្កត់មកលើកម្លាំងពលកម្មរបស់កម្មករជានិច្ច។ លោក សុង កុសល បន្តថា ប្រសិនបើថៅកែរោងចក្រនៅតែប្រកាន់គោលជំហរដោយមិនគោរពតាមការសន្យារបស់ខ្លួនទេ ពួកគេក៏មិនបោះបង់ការតវ៉ារបស់ខ្លួនដែរ។
លោក សុង កុសល៖ «កម្មករចូលរួមចូលធ្វើកូដកម្មហ្នឹង ចូលរួមទាំងអស់គ្នា តែគ្មានអ្នកដឹកនាំនេះទេ តែគ្រាន់តែថា ក្រុមគេគ្មានការដំណោះស្រាយឲ្យទេអាលុយហ្នឹង គេដាច់គេមិនឲ្យតែហ្មង។ គម្រោងគេធ្វើឲ្យទាល់តែបាន ប៉ុន្តែអើ! គ្រាន់តែកម្មករទាំងអស់គ្នាគេប្រុងធ្វើទាល់តែបានអាលុយ ៥០ដុល្លារហ្នឹង»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន ដែលសម្របសម្រួលដោះស្រាយវិវាទនេះមានប្រសាសន៍បញ្ជាក់ថា ភាគីរោងចក្រអះអាងថា មិនអាចបើកប្រាក់ឲ្យកម្មករម្នាក់ ៥០ដុល្លារ តាមការទាមទារបានទេ ដោយលើកហេតុផលថា ការទាមទាររបស់ក្រុមកម្មករផ្ទុយពីច្បាប់ការងាររបស់ប្រទេសកម្ពុជា។ លោក អ៊ូ សុខឿន បញ្ជាក់បន្ថែមថា បញ្ហានេះអាចដោះស្រាយបាន អាស្រ័យភាគីទាំងសង្ខាងយោគយល់គ្នាទៅវិញទៅមក គឺថៅកែរោងចក្រអាចសម្រួលក្នុងលក្ខខណ្ឌណាមួយដែលអាចធ្វើទៅបាន ហើយក្រុមកម្មករបញ្ឈប់ការធ្វើកូដកម្ម ងាកមកធ្វើការវិញជាធម្មតា។ ការធ្វើដូចនេះ បញ្ហាកូដកម្មរបស់ក្រុមកម្មករនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
លោក អ៊ូ សុខឿន៖ «ហើយគាត់សំណូមពរថា សុំឲ្យយើងទាំងអស់គ្នាហ្នឹងគោរពច្បាប់ទាំងអស់គ្នាទៅ ដើម្បីការពារប្រយោជន៍ទាំងសង្ខាង នេះជាសំណូមពររបស់ភាគីរោងចក្រមកភាគីយើងហ្នឹង ឲ្យជួយសម្របសម្រួលបងប្អូនកម្មករហ្នឹង ទាញមកធ្វើម៉េចឲ្យយើងនាំគ្នាគោរពច្បាប់ទាំងអស់គ្នា។ ហើយបើមានបញ្ហាអីគិតថាមិនសប្បាយចិត្តនៅក្នុងកន្លែងការងារ គាត់សុំឲ្យភាគីកម្មករហ្នឹងលើកជាសំណូមពរមក ដើម្បីដាក់ធ្វើការចរចាគ្នាដោះស្រាយដោយសន្តិវិធីវិញ វាជាការប្រសើរជាង អាហ្នឹងជាយោបល់ភាគីរោងចក្របាទ!»។
ការធ្វើកូដកម្មរបស់ក្រុមកម្មករផ្ដើមចេញពីកម្មករនៅរោងចក្រដំឡើងកង់ អេ.អែន.ជី (A and G) នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ទាមទាររឿងប្រាក់លើកទឹកចិត្តរបស់កម្មករម្នាក់ ៥០ដុល្លារ។ ហើយក្រុមកម្មករបានធ្វើកូដកម្មជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ មេសា រហូតមក។ ហើយការធ្វើកូដកម្មរបស់ក្រុមកម្មករមកទល់ថ្ងៃទី២៦ មេសា នៅពុំមានដំណោះស្រាយណាមួយសមស្របដែលអាចទទួលយកបាននៅឡើយ៕
No comments:
Post a Comment