A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 February 2014

The meaning of "Siem Reap" province? អត្ថន័យ​នៃ​ឈ្មោះ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត 2014-02-15
អង្គរវត សៀមរាប ៦១០
អ្នក​ទេសចរ​បរទេស​នាំ​គ្នា​ថត​រូប​អង្គរវត្ត ដោយ​ភ្ជាប់​ជាមួយ​ទេសភាព​មាត់​ស្រះ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Hang Savyouth
សៀមរាប គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ប្រទេស​កម្ពុជា​។ ខេត្ត​នេះ​ជា​តំបន់​ដ៏​មាន​ប្រជាប្រិយ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ ដោយសារ​តែ​មាន​ប្រាសាទ​បុរាណ និង​សម្រស់​ធម្មជាតិ​ស្រស់​ត្រកាល។
បើ​ទោះ​បី​ជា​ខ្មែរ និង​បរទេស​ជា​ច្រើន បាន​ស្គាល់​ឈ្មោះ​ខេត្ត​សៀមរាប ក៏ដោយ​ក៏​ភាគ​ច្រើន​មិន​ដែល​ដឹង​ថា ហេតុ​អ្វី​បាន​ជា​បុព្វបុរស​ខ្មែរ​ដាក់​ឈ្មោះ​ខេត្ត​នេះ​ថា សៀមរាប ដូច្នេះ​ទែ?
តើ​ពាក្យ​ថា សៀមរាប មាន​អត្ថន័យ និង​ការ​ទាក់ទង​ជាមួយ​ប្រវត្តិសាស្ត្រ​យ៉ាង​ណា?
ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​ផ្ទៃដី​ប្រមាណ​ជាង ១២.១៥០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​ជាង ៩៣​ម៉ឺន​នាក់។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ គឺ​ប្រមាណ ២៥% ជា​អាជីវករ និង​អ្នក​ធ្វើ​ការងារ។ ចំណែក ៧៥% ទៀត ជា​កសិករ​ធ្វើ​ស្រែ និង​ចម្ការ។
«សំឡេង​ចម្រៀង ចំប៉ី​សៀមរាប»
ថ្វី​ត្បិត​តែ​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ជាច្រើន​បាន​ស្គាល់​ថា តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​ក៏ដោយ ក៏ប៉ុន្តែ​ប្រសិន​បើ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ខេត្ត​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា សៀមរាប ហើយ តើ​ឈ្មោះ​នេះ​មាន​ចាប់​តាំង​ពី​ពេល​ណា? គឺ​ប្រាកដ​ជា​មាន​មនុស្ស​តែ​តិចតួច​ដែល​បាន​ដឹង។
បុរស​ចំណាស់​អាយុ​ជិត ៧០​ឆ្នាំ រស់​នៅ​ក្រុង​សៀមរាប គឺ​លោក មែន គឹមសាន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្គាល់​ឈ្មោះ​ខេត្ត​សៀមរាប តាំង​ពី​លោក​នៅ​កុមារ​ភាព ក៏ប៉ុន្តែ​លោក​មិន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​អតីត​កាល​យ៉ាង​ណា​ទេ៖ «ដែល​អ៊ំ​កើត​មក​នោះ ឮ​តែ​គេ​និយាយ​ថា យ៉ាង​ម៉េច​បាន​តែ​ដាក់​ថា សៀមរាប? គេ​ឆ្លើយ​ថា​មក​ពី​ទី​នេះ សៀម គេ​វាយ​រាប​បាន​ជា​គេ​ដាក់​ថា សៀមរាប។ មិន​ដឹង​ថា ទ័ព​សៀម ចូល​មក​ពី​ឆ្នាំ​ណា​ក៏​អត់​ដឹង គឺ​មិន​ច្បាស់​លាស់​ទេ អ៊ំ​នោះ។ កើត​មក​មិន​បាន​ជា​គិតគូរ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​អ្វី​ឡើយ»
«សំឡេង​ចម្រៀង»
អ្នក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​ពន្យល់​ប្រហាក់​ប្រហែល​គ្នា​ថា ពាក្យ សៀម គឺ​ទាក់ទង​នឹង​ប្រទេស​មួយ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ថៃ ទៅ​ហើយ។ ឯ​ពាក្យ​ថា រាប គឺ​មាន​ន័យ​ថា ចាញ់។
អនុ​ប្រធាន​ផ្នែក​​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា ចាប់​ពី​សតវត្ស​ទី​៩ និង​ទី​១០ នៃ​គ្រិស្ត​សករាជ ខេត្ត​សៀមរាប គេ​បាន​ប្រើ​ឈ្មោះ​ជា​ទីក្រុង​យសោធបុរៈ ដោយសារ​តែ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម ព្រះបាទ យសោ​វរ្ម័ន​ទី​១ បាន​កសាង។ ក៏ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​គេ​ហៅ​ថា អាណាចក្រ​អង្គរ។ នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ក្រោយៗ​មក ដែល​បាន​ប្ដូរ​រាជធានី​ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង និង​ទួល​បាសាន រហូត​ដល់​ចតុមុខ ជាដើម គឺ​ទីក្រុង​អង្គរ ត្រូវ​បាន​បោះ​បង់​ចោល​មួយ​រយៈ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ទើប​មាន​ការ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​រាជធានី​ឡើង​វិញ។
លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ទៀត​ថា បន្ទាប់​ពី​មាន​ការ​គ្រប់គ្រង​ជា​រដ្ឋបាល​ឡើង​វិញ​នោះ គឺ​តំបន់​អង្គរ​ត្រូវ​បាន​ទ័ព​សៀម នៃ​នគរ​ស្រីអយុធ្យា ចូល​មក​លុកលុយ​ជា​ច្រើន​លើក ចាប់​តាំង​ពី​សតវត្ស​ទី​១៤ នៃ​គ្រិស្ត​សករាជ។ នៅ​ក្នុង​សតវត្ស​ទី​១៥-១៦ មាន​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាម អង្គច័ន្ទ​រាជា បាន​ធ្វើ​ចម្បាំង​ជាមួយ​ទ័ព​សៀម ដើម្បី​បណ្ដេញ​ឱ្យ​ចេញ​ពី​តំបន់​អង្គរ។ ក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​ណោះ គឺ​កងទ័ព​ខ្មែរ​បាន​ជោគជ័យ ហើយ​ពាក្យ​ថា សៀមរាប គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កងទ័ព​ខ្មែរ៖ «ពាក្យ​ថា សៀមរាប គឺ​មាន​ន័យ​ថា សៀម បាន​ខ្លបខ្លាច​លោក បាន​ចាញ់​លោក បាន​អស់​ឫទ្ធិ​អ៊ីចឹង​ទៅ។ ដូច្នេះ គេ​ឱ្យ​ឈ្មោះ​ថា តំបន់​សៀមរាប នេះ​ជា​ទស្សនៈ​របស់​ជាតិ​ខ្មែរ របស់​អ្នក​តំណ​ដែល​បាន​លើក​ឡើង​ក្នុង​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ ចំណុច​នេះ​ហើយ បាន​ជា​ចាប់​ផ្ដើម​មាន​ពាក្យ​ថា សៀមរាប»
ការ​អធិប្បាយ​របស់​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺ​ដូច​គ្នា​នឹង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេង​ទៀត។
សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្ខេប​មួយ ដែល​សរសេរ​ដោយ លោក នួន សុធិមន្ត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ នៃ​គ្រិស្ដ​សករាជ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម អង្គច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លាន​ពាន ឱ្យ​បរាជ័យ​នៅ​តំបន់​អង្គរ។ ដូច្នេះ​ហើយ បាន​ជា​ព្រះបាទ​អង្គច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូច​កន្ទេល។
បច្ចុប្បន្ន​នេះ ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ វា​ក៏​កំពុង​នាំ​ប្រទេស​កម្ពុជា ឱ្យ​ទទួល​បាន​នាម​ថ្មី​មួយ​ទៀត គឺ​ព្រះរាជាណាចក្រ​អច្ឆរិយ ដោយសារ​តែ​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ប្រវត្តិសាស្ត្រ។
«សំឡេង Kingdom of Wounder»
អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ពិភពលោក​កំពុង​នាំ​គ្នា​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​សម្បូរ​បែប​នា​ទឹក​ដី​នេះ។
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ៣០​ម៉ឺន​នាក់ បាន​មក​ទស្សនា​តំបន់​អង្គរ។ ក្រុម​ទេសចរ​បរទេស​ទាំង​នោះ បាន​ចាប់​អារម្មណ៍​ទៅ​លើ​សំណង់​បុរាណ​ដែល​ជា​ប្រវត្តិសាស្ត្រ និង​សម្រស់​ធម្មជាតិ៖ «ភ្ញៀវ​មួយ​ចំនួន​ទៅ​ភ្នំ​គូលែន ជាពិសេស​ភ្ញៀវ​រុស្ស៊ី។ មាន​ទៅ​តំបន់​បឹង​ទន្លេសាប ហើយ​និង​ប៉ែក​តំបន់​អង្គរ​ធំ»
ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​តំបន់​អង្គរ ហើយ​កើន​ឡើង​ច្រើន​ជាង​គេ មាន​ដូច​ជា ជនជាតិ​ចិន កូរ៉េ វៀតណាម និង​រុស្ស៊ី ជាដើម។ ជា​រៀង​រាល់​ថ្ងៃ មាន​ជនជាតិ​កូរ៉េ ជាច្រើន​បាន​នាំ​ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ។
«សំឡេង Guide Korea»
អ្នក​មគ្គុទ្ទេសក៍​ជាតិ​ខ្មែរ​មួយ​រូប គឺ​លោក រ៉េត សាមុត បាន​មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប ប្រៀប​បាន​ទៅ​នឹង​ជង្រុក​វប្បធម៌​ដ៏​សម្បូរ​បែប ដោយ​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចង់​ឃើញ និង​ចង់​ស្វែង​យល់៖ «ក្នុង​នោះ​យើង​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ចំនួន ៥៤៤​ប្រាសាទ ហើយ​មាន​ស្ពាន​ថ្ម​ចំនួន​៥៩ ហើយ​ក៏​មាន​ស្រះ បារាយណ៍ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ រួម​ជាមួយ​នឹង​វត្ថុ​សិល្បៈ​ផ្សេងៗ ដូច​ជា ប្រពៃណី​ទំនៀមទម្លាប់​ក៏​រួម​ផ្សំ​ផង​ដែរ»
លោក រ៉េត សាមុត បាន​អធិប្បាយ​ថា ដោយសារ​តែ​មាន​ប្រាង្គ​ប្រាសាទ និង​វប្បធម៌​ដ៏​យូរ​លង់​នេះ ធ្វើ​ឱ្យ​ទឹក​ដី​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​យ៉ាង​ខ្លាំង ក្នុង​ការ​ទាក់ទាញ​បេះដូង​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍៖ «ទឹក​ដី​ខេត្ត​សៀមរាប យើង​នេះ បាន​បង្កប់​មន្ត​ស្នេហ៍​សម្រាប់​គេ​ទៅ​ទស្សនា​ពេល​ព្រះអាទិត្យ​លិច ក៏​ដូច​ជា​ទៅ​មើល​ជីវិត​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ដូច​ជា ច្រូត​កាត់ ដក​ស្ទូង ជាដើម និង​ការ​ធ្វើ​តម្បាញ​សិប្បកម្ម ដូច​ជា កន្ត្រក ជាល ស្មុគ​អី​ជាដើម គឺ​ឃើញ​ថា​ច្រើន​មែន​ទែន»
អ្នក​ប្រវត្តិសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ខេត្ត​សៀមរាប បាន​ឆ្លង​ការ​ចម្បាំង និង​ការ​ធ្វើ​អាណានិគម​ពី​បរទេស​ជាច្រើន​ជំនាន់​រាប់​មិន​អស់ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ទី​នេះ​នៅ​តែ​រក្សា​ទុក​បាន​នូវ​សំនៀង​ដើម​នៃ​ភាសា​របស់​ខ្មែរ ជាមួយ​នឹង​វប្បធម៌​ជា​ច្រើន​ទៀត ដែល​តំបន់​ផ្សេងៗ​បាន​បាត់​បង់​អស់​ទៅ​ហើយ។ វប្បធម៌​ទាំង​នេះ ដូច​ជា ពិធី​កោរ​ជក់​កូន​ក្មេង ពិធី​ចូល​ម្លប់ ពិធី​ហៅ​ព្រលឹង និង​ពិធី​រំដោះ​គ្រោះ​ជាដើម។ មាន​អ្នក​ភូមិ​ខ្លះ នៅ​ពេល​ដែល​ត្រូវ​ការ​ស្រោច​ទឹក​រំដោះ​គ្រោះ គឺ​គេ​តែង​ទៅ​វត្ត​ដើម្បី​ទួល​សុំ​ព្រះសង្ឃ​ឱ្យ​ធ្វើ​ពិធី ព្រម​ទាំង​មាន​ដូន​ចាស់​ជាច្រើន​នាក់ អង្គុយ​ព័ទ្ធ​ជុំវិញ​ស្រែក​ហៅ​ព្រលឹង​ផង។
«សំឡេង»
ក្រៅ​តែ​ពី​ប្រាសាទ​បុរាណ និង​ប្រពៃណី​វប្បធម៌​ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ច្រើន​លាន​នាក់​ក្នុង​១​ឆ្នាំ​នោះ កត្តា​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅ​បាន ដោយ​អាស្រ័យ​លើ​កសិកម្ម គឺ​ទី​ពឹង​លើ​ប្រភព​ទឹក​ជា​អ្នក​ផ្ដល់​ជីវិត​ឱ្យ​សត្វ​លោក ដែល​ហូរ​ចុះ​ពី​កំពូល​ភ្នំ​គូលែន ជា​ទី​ស័ក្តិសិទ្ធិ​ទៅ​កាន់​បឹង​ទន្លេសាប។
«សំឡេង»
បឹង​ទន្លេសាប​មិន​មែន​តែ​ជា​កន្លែង​គយគន់​ទេសភាព​នៃ​អ្នក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ជា​តំបន់​ផ្ដល់​ប្រភព​ត្រី​ឱ្យ​ធ្វើ​ជា​ម្ហូប​អាហារ តាំង​តែ​ពី​សម័យ​កសាង​អង្គរ​មក​ម្ល៉េះ។
ស្នាម​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​សម្បូរ​បែប​របស់​បុព្វបុរស​ខ្មែរ ដែល​បន្សល់​ទុក​នៅ​ខេត្ត​សៀមរាប គឺ​មិន​ត្រឹម​តែ​បង្ហាញ​ឱ្យ​ដឹង​ពី​ភាព​រុងរឿង​នៃ​អតីតកាល​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អនាគត​ក៏​នឹង​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ដែល​គ្មាន​គូ​ប្រៀប​ដែរ។
ការ​សិក្សា​ស្ដីពី​ផែន​ការ​មេ​រួម សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ក្រុង​សៀមរាប មួយ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន បាន​ទស្សន៍ទាយ​ថា សៀមរាប នឹង​ក្លាយ​ទៅ​ជា​ទីក្រុង​ទេសចរណ៍​ល្អ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ នៅ​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​សិល្បៈ វប្បធម៌ និង​លក្ខណៈ​ជា​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: