A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 23 February 2014

Australian Foreign Minister Julie Bishop asks Cambodia to explain the current political situation in Cambodia មន្ត្រី​ការទូត​អូស្ត្រាលី​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

ដោយ វណ្ណ វិចារ 2014-02-22
ជូលី ប៊ីហ្សប (Julie Bishob) ហោ ណាំហុង ៦១០
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) (ឆ្វេង) ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Van Vichar
ប្រមុខ​ការទូត​អូស្ត្រាលី ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពន្យល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) បាន​ថ្លែង​ថា ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញ​លេញ​ជូន​ម្ចាស់​ឆ្នោត មាន​សារសំខាន់​បំផុត​សម្រាប់​កម្ពុជា។
ក្នុង​សន្និសីទ​កាសែត​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​សួរ បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ប្រមុខ​ការទូត​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប បញ្ជាក់​ថា គោល​បំណង​ធំ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អូស្ត្រាលី អាស៊ាន និង​ស្វែង​យល់​ពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។
អ្នកស្រី​បន្ត​ថា អូស្ត្រាលី ចាត់​ទុក​ការ​បើក​ការ​ចរចា​ជា​ថ្មី​របស់​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ ហើយ​អូស្ត្រាលី ក៏​សង្ឃឹម​ថា កម្ពុជា នឹង​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចិរភាព តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា វិធាន​ការ​ដែល​រដ្ឋាភិបាល​សម្រេច​ចាត់​ការ​កន្លង​ទៅ គឺ​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​ទាំងអស់។ លោក​បន្ត​ថា កម្ពុជា ក៏​មិន​មាន​បញ្ហា​នយោបាយ​ជាប់​គាំង​នោះ​ទេ ហើយ​រាល់​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា ដំណើរ​ការ​ជា​ធម្មតា។
លោក​បញ្ជាក់​ថា ជម្លោះ​នយោបាយ​របស់​កម្ពុជា គឺ​បណ្ដាល​មក​ពី​បក្ស​ប្រឆាំង​មាន​ចេតនា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​តាំង​ពី​ដំបូង៖ «អ្វីៗ​ដែល​យើង​ឃើញ​កន្លង​មក​នេះ គេ​មាន​គម្រោង​រួច​មក​ហើយ គេ​ចង់​កំណែ​ទម្រង់​ផ្សេងៗ​ត្រូវ​ចូល​ក្នុង​សភា​មិន​មែន​ធ្វើ​តាម​ចិញ្ចើម​ថ្នល់​ទេ»
ក្នុង​ពេល​កន្លង​ទៅ ក្រៅ​ពី​ចោទ​គណបក្ស​ប្រឆាំង​ថា​រៀប​គម្រោង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផលិត​របាយការណ៍​អង្កេត​ដែល​ចោទ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន ថា​ចូល​ដៃ​ជើង ដើម្បី​ក្រឡុក​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែរ។ សារព័ត៌មាន​ដែល​រដ្ឋាភិបាល​ចោទ​ថា ផ្សាយ​បំភ្លៃ​ការ​ពិត រួម​មាន វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​វីអូឌី (VOD) កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​កាសែត ឌឹ ខេមបូឌា (The Cambodia Daily) ដេលី ជាដើម។
ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប ជួប​សវនាការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង និង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ ជំនួប​ជាមួយ លោក ស ខេង ជា​ជំនួប​ស្វែង​យល់​ពី​បញ្ហា​សន្តិសុខ​របស់​កម្ពុជា ដែល​ទំនង​ជា​និយាយ​ពី​ការ​បង្ក្រាប​បាតុករ និង​ការ​ដាក់​បម្រាម​រាល់​ការ​ជួប​ជុំ។
នៅ​ដើម​ឆ្នាំ​២០១៤ នេះ មាន​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៣​ប្រទេស​ហើយ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​នោះ​មាន អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក ហ៊ូហ្គោ ស្វៃវអ៍ (Hugo Swire) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា។ ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល (Scot Marciel) ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​ដែរ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ និង​លើក​នេះ គឺ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អូស្ត្រាលី ដែល​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ មន្ត្រី​ការទូត​ជាន់​ខ្ពស់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំង​នេះ សុទ្ធតែ​ស្នើ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​ដោយ​ការ​ចរចា និង​ស្វែង​រក​ច្រក​ចេញ​ឲ្យ​បាន​ឆាប់ ដើម្បី​វឌ្ឍនភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ទាក់ទង​នឹង​ជម្លោះ​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​តែ​បើក​ការ​ចរចា​ទ្វេ​ភាគី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ប៉ុន្តែ គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ព្រម​ចូល​សភា​នៅ​ឡើយ ដោយ​ស្នើ​ឲ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: