A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 December 2013

Workers across the country to porotest for a $160 monthly minimum wage កម្មករ​ស្ទើរ​ទូទាំង​ប្រទេស​ធ្វើ​បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦0​ដុល្លារ

តំណាង​សហជីព​​កម្មករ​មួយ​​​ចំនួន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​ប្រហែល​មួយ​ម៉ឺន​នាក់ នៅ​រាជធានី​ភ្នំពេញ និង​​តាម​​​ខេត្ត​នានា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ។
ដោយ វោហារ ជាតិ និង ហ៊ុំ ចំរើន 2013-12-24
workers-protest610.jpg
កម្មករ​រោងចក្រ មេតថេក ខេមបូឌា ខូអិលធីឌី (Medtecs Cambodia Co., Ltd) នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧ នាគ​ព័ន្ធ ក្នុង​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ២០១៣។
RFA/Saut Sokprathna
បាតុកម្ម​ច្រើន​កន្លែង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​ប្រកាស​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ត្រឹម ៩៥​ដុល្លារ ចំនួន​នេះ​ខុស​ពី​ការ​ទាមទារ​របស់​កម្មករ​​​សុំ​ដំឡើង​ចំនួន ១៦០​ដុល្លារ​ក្នុង​ពេល​កន្លង​មក។
តំណាង​សហជីព​នានា​ឲ្យ​ដឹង​ថា កម្មករ​ដែល​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ គឺ​មាន​កម្មករ​កម្មការិនី​រាប់​រយ​នាក់​ដែល​តំណាង​ឲ្យ​កម្មករ​រោងចក្រ​ជាង ១០០​​នៅ​ទូទាំង​ប្រទេស ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ពេល​​កម្មករ​រោងចក្រ ផាក ស៊ុន ណៃធិង (Pak Sun Knitting) ប្រមាណ ៥០០​នាក់ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​រោងចក្រ​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦៥​ដុល្លារ​ដូច​គ្នា។
ក្រៅ​ពី​នេះ ក៏​មាន​កម្មករ​រោងចក្រ​តាម​ខេត្ត​មួយ​ចំនួន​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​​ខែ​គោល​ដូច​គ្នា​ដែរ។ កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) នា​ខេត្ត​កំពង់ចាម ប្រមាណ ៣.០០០​នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៧ ​នៅ​ខេត្ត​កំពង់ចាម ហើយ​នៅ​ខេត្ត​ស្វាយរៀង ​ឯ​នោះ​វិញ កម្មករ​រោងចក្រ មេនហាតថេន (Manhattan) ប្រហែល ៥.០០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ដូច​គ្នា​ដែរ។
ការ​ធ្វើ​បាតុកម្ម​ស្ទើរ​ទូទាំង​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ពី​ចំនួន ៨០​ដុល្លារ ដល់ ៩៥​ដុល្លារ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ តែ​កម្មករ​មិន​ព្រម។
អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស និង​ក្រុម​មេធាវី​នៃ​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា បញ្ជាក់​ថា ការ​ទាមទារ​របស់​កម្មករ​នេះ​ធ្វើ​ឡើង​ដោយសារ​ទំនិញ​លើ​ទី​ផ្សារ​ឡើង​ថ្លៃ​ខ្ពស់​មិន​ឈប់​ឈរ៖ «ការ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០-​១៦៥​ដុល្លារ​នេះ គឺ​បង​ប្អូន​កម្មករ​មិន​អាច​ទប់ទល់​ទំនិញ​ឡើង​ថ្លៃ និង​ថ្លៃ​ជួល​ផ្ទះ​ឡើង​ថ្លៃ​បាន។ នៅ​ពេល​យើង​ទាមទារ​ដំឡើង​ប្រាក់​ខែ​កន្លង​មក​មិន​ទាន់​បាន​ផង ស្រាប់​តែ​ម្ចាស់​ផ្ទះ​ជួល​ផ្ទះ​ឲ្យ​កម្មករ​ដំឡើង​ថ្លៃ​បន្ទប់​មួយ​បន្ទប់ ៥​ដុល្លារ​បាត់​ហើយ ក្រៅ​ពី​នេះ​ទំនិញ​ផ្សារ ម្ហូប​អាហារ ខ្ទឹម ម្រេច ប៊ីចេង ត្រី​សាច់ ក៏​ឡើង​ថ្លៃ​កប់​ពពក។ កម្មករ​យើង​ពិបាក​រស់​ណាស់»
កម្មករ​​នៅ​ក្រុង​បាវិត​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ

ប្រធាន​សហភាព​សហជីព​កម្ពុជា ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ប្រមាណ ៥​ពាន់​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាធេន (Manhatan) ក្រុង​បាវិត និង​បាន​អំពាវនាវ​ឲ្យ​កម្មករ​ផ្អាក​ធ្វើ​ការងារ​ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដំឡើង​ប្រាក់​ខែ​កម្មករ​ម្នាក់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​មន្ត្រី​ការងារ​ខេត្ត​ស្វាយរៀង​ បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ នៅ​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​​បញ្ជាក់​ពី​​ជំហរ​ទាមទារ​របស់​ក្រុម​កម្មករ​​ច្បាស់​លាស់​នៅ​ឡើយ​ទេ។
ប្រធាន​សហភាព​សហជីព​កម្ពុជា​ ឲ្យ​ដឹង​ថា គោល​ជំហរ​របស់​ក្រុម​កម្មករ​គឺ​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ឲ្យ​បាន​​សម​ស្រប​តាម​​​ទំនិញ​ទី​ផ្សារ​សព្វថ្ងៃ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​​កម្មករ​គិត​ចាប់​ពី​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ​នេះ​តទៅ។
ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង ឈុន ថ្លែង​នៅ​ថ្ងៃ​ទី២៤ ធ្នូ ថា លោក​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត ក្នុង​គោល​បំណង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ក្រុម​កម្មករ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ។
លោក រ៉ុង ឈុន​ បាន​គូស​បញ្ជាក់​ថា ប្រាក់​ខែ​របស់​កម្មករ​សព្វ​ថ្ងៃ​តិចតួច​មិន​អាច​យក​ទៅ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ឲ្យ​ប្រសើរ​ឡើង​បាន​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​សព្វ​ថ្ងៃ​នោះ៖ «យើង​ធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ​ទាំង​អស់​គ្នា​ទេ មិន​មែន​ផលប្រយោជន៍​បុគ្គល​ណា​មួយ។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ ត្រូវ​បិទ​រោងចក្រ​ទាំង​ស្រុង​ទូទាំង​ប្រទេស ដើម្បី​ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដំឡើង​​បៀវត្ស​ជូន​យើង​ទាំង​អស់​គ្នា​​​ទៅ​តាម​រូបមន្ត​ទី​៣ ដែល​ក្រសួង​ការងារ​បាន​កំណត់​យក ៨០ បូក ៨០ ស្មើ​នឹង ១៦០​ដុល្លារ»
កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ពួកគេ​​​បាន​ធ្វើ​កូដកម្ម​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោង​ចក្រ​រក​ដំណោះ​ស្រាយ​ឲ្យ​ខ្លួន​ជិត ១០​ថ្ងៃ​ហើយ។ ប៉ុន្តែ​ការ​ទាមទារ​របស់​ក្រុម​កម្មករ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ពន្លឺ​ដែល​បញ្ជាក់​ជា​សញ្ញា​វិជ្ជមាន​នៅ​ឡើយ​ទេ។
ទាក់​ទង​នឹង​បញ្ហា​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​នេះ​ អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​របស់​ក្រុម​កម្មករ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ជំហរ​បញ្ជាក់​ពី​ការ​ទាមទារ​របស់​ខ្លួន​នៅ​ឡើយ​ទេ។
លោក អ៊ូ សុខឿន៖ «បង​ប្អូន​កម្មករ​គ្រាន់​តែ​មិន​ចូល​ធ្វើការ​ប៉ុន្មាន​ថ្ងៃ​នេះ គាត់​នៅ​ក្នុង​មេនហាតធេន​ហ្នឹង គាត់​មិន​ទាន់​មាន​ការ​ទាមទារ​អី​ច្បាស់លាស់​ផង​ហ្នឹង។ គាត់​គ្រាន់​តែ​ផ្អើលៗ​តាម​គ្នា​ហ្នឹង​អស់​មួយ​សប្ដាហ៍​ទៅ។ រួច​ហើយ​​ម្សិល​មិញ​នេះ​ក៏​មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សហជីព​គាត់​មក​ស្រែក​នាយ​អាយ​អី​អ៊ីចឹង​ទៅ ក៏​ផ្អើល​បាន​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ទៀត​ទៅ»
​​​​​​​​​​​​​​​​តែ​យ៉ាង​ណា តំណាង​កម្មករ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេនហាតធេន​ ឲ្យ​ដឹង​ថា​ ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ក្នុង​គោល​បំណង​ដើម្បី​កែ​លំអ​លក្ខខណ្ឌ​ការងារ​ដែល​មន្ត្រី​របស់​ក្រុមហ៊ុន​បាន​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព និង​សុំ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​​ឲ្យ​បាន​សមរម្យ៖ «នៅ​ថ្ងៃ​១៦ មាន​រោងចក្រ​មួយ​ចំនួន​កូដកម្ម​ចេញ​ពី​ធ្វើការ​ទាំង​អស់ ទាំង​តំបន់​តាយសេង ទាំង​តំបន់​មេនហាតធេន។ ដល់​អ៊ីចឹង​ហើយ​កម្មករ​ចេះ​តែ​ជ្រួល​នៅ​រោងចក្រ​ទាំង​២​តំបន់​ហ្នឹង ថា​ទារ​ដំឡើង​ប្រាក់​គោល​អត់​មាន​អី​ទេ គ្រាន់​តែ​ថា គាត់​ទារ​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ​​សម្រាប់​កម្មករ​កម្មការិនី​ហ្នឹង»
មក​ទល់​ពេល​នេះ​ នៅ​ខេត្ត​ស្វាយរៀង មាន​រោងចក្រ​ប្រមាណ​ជាង ៣០​រោងចក្រ​ហើយ​ដែល​បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ​ដោយ​សារ​​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​​មិន​ចូល​ទៅ​ធ្វើ​ការ​នោះ។ ក្រុម​កម្មករ​បញ្ជាក់​ថា ពួកគេ​បន្ត​ធ្វើ​កូដកម្ម​​ដើម្បី​រង់ចាំ​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៣ នេះ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: