A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 December 2013

Sam Rainsy calls for a summit with Hun Sen to resolve post-election dispute លោក សម រង្ស៊ី ចង់ឲ្យ​មាន​ការជួបជា​មួយលោក ហ៊ុន សែន ជា​ទ្រង់ទ្រាយ​ធំ​មួយ ក្រោម​គំនិត​ថ្មី​​

ដោយ៖​ ជន ស្រីណុច និងអ៊ឹង ប៊ុនថន​ | ថ្ងៃសៅរ៍ ទី28 ខែធ្នូ ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក កឹម សុខា(រាប់ពីធ្វេង) និងលោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ/ជន ស្រីណុច
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​ជា​លក្ខណៈ​ផ្ញើ​សារ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថា លោក​ស្នើ​ឲ្យមាន​ការជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​នាំមក​នូវ​គំនិត​ថ្មី ដើម្បី​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។​
ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​មាន​ការជជែក​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ សហជីព សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជជែក​ពី​បញ្ហា​ប្រទេស ដោយ​យក​ប្រយោជន៍​ជាតិ​ជា​ធំ ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ស្ថាបនា​វិជ្ជមាន​។​លោក​សម រង្ស៊ី បន្តថា ប្រទេស​កម្ពុជា​កំពុងតែ​មាន​បញ្ហា​អាប់អួរ​មួយចំនួន​ជាពិសេស​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​ ៖ “​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ផ្ញើ​សារ​ហ្នឹង​ទៅ​គណបក្ស​ប្រជាជន ថា ល្មម​ជួបគ្នា ថា​ឥឡូវ​ហ្នឹង​បញ្ហា​វា​កាន់តែ​ធំ កាន់តែ​ស្មុគស្មាញ​ហើយ​នាំ​មក​នៅ​គំនិត ថ្មី​ខ្លះ​បើ​យើង​នៅតែ​គំនិត​ចាស់ៗ​ដដែល​នោះ​ប្រហែល​វា​មិនសូវ​ជា​ទៅ​មុខ​ប៉ុន្មាន​ទេ ឥឡូវ​បញ្ហា​វា​មាន​ទិដ្ឋភាព​ច្រើន បញ្ហា​សេដ្ឋកិច្ច បញ្ហា​សង្គម បញ្ហា​កម្មករ បញ្ហា​ជីវភាព​រស់នៅ បញ្ហា​សិទ្ធិមនុស្ស អី​តវ៉ា​ទៅ​ខ្លាច​វា​ហួស វែងឆ្ងាយ​ទៅ​វា​មាន​ផលវិបាក​យ៉ាង​ម៉េច ចឹង​ហើយ​កុំឲ្យ​វា​វែងឆ្ងាយ​ហួស​ហេតុ​កុំឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​យើង​ត្រូវតែ​រក​ដំណោះស្រាយ សម្រាប់​ប្រទេសជាតិ​យើងទាំងអស់គ្នា ” ។
​លោក សម រង្ស៊ី បន្តថា ល្មម​ដល់​ពេល​គណបក្សនយោបាយ​ជួប​គ្នា​ហើយ​នៅ​សប្តាហ៍​ក្រោយ គឺ​ដើម​ឆ្នាំ​២០១៤ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ស្មុគស្មាញ ដោយ​រក​គំនិត​ថ្មី​ខ្លះ កុំ​យក​តែ​គំនិត​ចាស់ៗ​។ លោក ព្រមាន​ថា កុំឲ្យ​ការតវ៉ា​ហួស​វែងឆ្ងាយ និង​កុំ​ឲ្យ​កាន់តែ​ធំ​ធ្ងន់ធ្ងរ​។​
​លោក សម រង្ស៊ី បញ្ជាក់ថា គំនិត​ថ្មី គឺ​សំដៅ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ មាន​លក្ខណៈ​រស់​រវើក​។
VOD មិនអាច​ទាក់ទង​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង​បាន​ទេ ។​
ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក សក់ សេដ្ឋា  មានប្រសាសន៍ថា គណបក្ស​កាន់​កំណាច​សារ​ទរ​ចំពោះ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បែរ​មក​រក​តុ​ចរចារ​វិញ ហើយ​ខ្លួន​រង់ចាំ​ស្វាគមន៍​គ្រប់ពេល។ លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជំហរ​រឹងមាំ​ចំពោះ​ការពិភាក្សាគ្នា​នេះ ដោយ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ ៖ “​គណបក្ស​ប្រជាជន នៅតែ​ចំហរទ្វារ​ចរចា​ទេ ដូច្នេះ​ហើយ​ដំណោះស្រាយ​វា​មិន​អាច​ធ្វើបាន​តាម​រយៈ​ការធ្វើ​បាតុកម្ម មាន​តែ​ការជួប​ជជែក​គ្នា ហើយ​ការជជែក​នេះ វា​ត្រូវ​ឈរ​លើ​ស្មារតី​យល់​គ្នា​ទៅវិញទៅមក ហើយ​ត្រូវ​ឈរលើ​គោលការណ៍​លិទ្ធិប្រជាធិបតេ​យ្យ និង​នីតិរដ្ឋ​ពិតប្រាកដ គំនិត​ថ្មី​បែប​ណា​វា​ត្រូវ​ឈរ​លើ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ជាតិ ឈរលើ​គោលការណ៍​លទ្ធិ​ប្រជា​ធ​បតេ​យ្យ និង​នីតិរដ្ឋ​” ។​
​នាយក​ប្រតិបត្តិ អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល ដែល​គណបក្ស​នយោបាយ​បែរ​ក​តុ​ចរចា ព្រោះ​រាល់​បញ្ហា​កើតឡើង​ត្រូវ​ជួប​គ្នា​រក​ចំណុចរួម​មក​ពិភាក្សា​ទើប​អាច​ចេញរួច​ បើ​មិន​ដូច​ច្នោះ​ទេ​មាន​តែ​ខាត​ប្រយោជន៍​ជាតិ​។ លោក បន្តថា កន្លងមក​មាន​ការចរចា​​ជាច្រើនលើក​ហើយ តែ​មិន​មាន​ដំណោះស្រាយ​ព្រោះ​មិន​មាន​ចំណុចរួម​។ ​លោក​ថា ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ការចរចា លើក​ក្រោយ​នេះ​ទៀត គណបក្ស​ទាំង​ពីរ​ត្រូវ​លើកយក​ចំណុច​ពីរ​មក​ពិភាក្សា រួមមាន​ទី​មួយ គឺ​ត្រូវ​សើ​រើ​បើក​កញ្ចប់​សុវត្ថិភាព​ឡើងវិញ​ទាំងអស់ និង​ទី​ពីរ​បោះឆ្នោត​ឡើងវិញ ដោយ​សេរី និង​យុត្តិធម៌ ទើប​ភាគី​ពាក់ព័ន្ធ​ព្រម​ទទួលយកបាន ជា​ពិសេស​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ ៖ “​ហើយ​បើ​យើង​ចង់​ចាញ់ឈ្នះ​ដោយ​តម្លាភាព​យុត្ដិធម៌ កន្លង​មក​វា​ត្រូវការ​បើក​កញ្ចប់​ទាំងអស់​ដើម្បី​ពិនិត្យមើល​ភាពមិនប្រក្រតី លើ​លទ្ធផល​បោះឆ្នោត​ហ្នឹង ដែល គជប ហ្នឹង​ត្រូវ​តែ​បើ តែ​ឥឡូវ គជប មក​ដល់​នេះ​ហើយ​គឺ​អត់​មាន​បើ​ទេ​ណាស់ តាំងពី​បោះឆ្នោត​ហើយ មក​ដល់​ឥឡូវ​អត់​ព្រម​បើ ឲ្យគេ​មើល​ភាព​មិន​ប្រក្រតីទេ អញ្ចឹង​ទៅ​ចាញ់ឈ្នះ តាម​លក្ខណៈ​តម្លាភាព​ហ្នឹង​វា​អត់​ទៅ​រួច វា​អាច​ចាញ់ឈ្នះ​មួយទៀត តាម​លក្ខណៈ​យុត្ដិធម៌ ត្រូវ​បោះឆ្នោត​ឡើងវិញ ការបោះឆ្នោត​មួយ​ដែល​យុត្ដិធម៌​នៅ​ពេល​ខាង​មុខ​គឺ​ចាំបាច់ ត្រូវតែ​មាន​មួយទៀត ” ។

លោក គល់ បញ្ញា បញ្ជាក់ទៀតថា បើ​មាន​ការចរចា​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​មែន គឺ​មិន​អាច​លើក​ចំណុច បែងចែក​អំណាច​មក​និយាយ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នឹង​មិន​ព្រម​ឡើយ​។​
​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ បាន​បើក​ការចរចា​​ច្រើន​លើក​មក​ហើយ​តាំងពី​ក្រោយ​ការបោះឆ្នោត​ ដែល​ខ្វែងគំនិត​គ្នា​លើ​ផ​លទ្ធផល​ឆ្នោត​នោះ ប៉ុន្តែ​នៅតែ​មិនទាន់​អាច​រក​ច្រក​ចេញ​បាន បើទោះជា​កន្លងមក លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​ច​រចា​​ទល់មុខ​គ្នា​ដោយ​ផ្ទាល់​នៅ​វិមាន​រដ្ឋ​សភា​ក៏​ដោយ​៕
​សរសេរ​មកកាន់ កញ្ញា ជន ស្រី​ណុ​ច តាមរយៈ ​chornsreynoch@vodhotnews.com

No comments: