A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

People in Siem Reap province are ready to join the opposition's demonstrations បទ​យកការណ៍​៖ ពលរដ្ឋ​មួយចំនួន​នៅ​សៀមរាប ត្រៀមខ្លួន​ចូលរួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ បូ សា​វី និង ដួង សុខា​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 03:35 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី(ខាងស្ដាំ) និងលោក កឹម សុខា ប្រធាន និងអនុ​ប្រ​ធា​ន​​​គណបក្សសង្គ្រោះជាតិ​នៅប្រាសាទអង្គរ​កាលពី​ថ្ងៃទី២៥ ខែសីហា​ ឆ្នាំ​២០១៣​(រូបថតដោយ បូ សាវី)
គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៤ នៅ​លើ​​ទឹក​ដី​​អង្គរ ខេត្ត​សៀម​រាប នៅ​ថ្ងៃ​ទី​១០​ធ្នូ ចំ​​ថ្ងៃ​ទិវា​​សិទ្ធិមនុស្ស​អន្ដរជាតិ​លើក​ទី​៦៥  ដើម្បី​​​ជំរុញ​​​ឲ្យ​​រាជ​រដ្ឋា​ភិបាល​គោរព​សិទ្ធិមនុស្ស ដោយ​​មិន​​ត្រូវ​ប្រើ​អំពើហិង្សា ដូច​ជា​​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ លើ​ប្រជាពលរដ្ឋ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ កាលពី​ខែ​កញ្ញា និង​នៅ​ស្ពាន​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាលពី​ខែ​វិច្ឆិកា​។ គោលបំណង​នៃ​ការប្រមូលផ្តុំ​មហាជន ក៏​ដើម្បី​បន្ត​ទាមទារ​ឲ្យមាន​ការ​អង្កេត​​​ភាព​មិន​ប្រក្រ​តី​នៃ​ ការបោះឆ្នោត ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ផងដែរ​។​
​ក្រោយពី​បាន​ទទួលដំណឹង​នៃ​ការជួបជុំ​នេះ ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ខេត្ត មានប្រសាសន៍ថា ពួកគាត់​រីករាយ​ត្រៀមខ្លួន​ចូលរួម​បាតុកម្ម ដែល​នឹង​ដឹកនាំ​ដោយ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា​។
​សម្បុរ​ខ្មៅ សក់​រួញ អាយុ​ជាង​៤០​ឆ្នាំ ពលរដ្ឋ​រស់នៅ​ភូមិ​អារញ្ញ​សាគរ សង្កាត់​សៀមរាប លោក ភិន សុផល រៀបរាប់ថា លោក​ត្រៀម​ខ្លួន​ចូលរួម​បាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង​។ លោក​បន្ដថា លោក​លះបង់​ទាំង​កម្លាំងកាយ​ចិត្ដ និង​ថវិកា ដោយ​មិន​សោកស្ដាយ​ឡើយ ដើម្បី​ទាមទារ​រក​យុត្ដិធម៌​ជូន​ម្ចាស់ឆ្នោត ៖ “​សុខចិត្ដ​បិច​ពី​ មាត់បិច​ពី​កលក់​មេមាន់​មេទា​ដើម្បី​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ហើយ ដើម្បី​ទាមទារ​នៅ​អ្វីដែល​ពួក​ខ្ញុំ​បាត់បង់ សំឡេង​ឆ្នោត​ដែល​ពួក​ខ្ញុំា​បាន​បាត់បង់​នោះ​ឯង បាទ​អ្វីដែល​គេ​លួច​គ​ប្លន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ វា​មាន​ពិតមែន​ពិតប្រាកដ​មែន បានជា​យើង​ទាំងអស់គ្នា​មិន​សុខចិត្ដ​ជា​ដាច់ខាត់​ត្រូវ​តែ​ទាមទា​រ​នៅ​អ្វី​ ដែល​គេ​លួច​យក​ពី​យើង​វិញ​ឲ្យបាន​” ។​
​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អភិបាល​ខេត្ត​នេះ ពី​គម្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​​​​អន្តរ​ជាតិ នៅ​បរិវេណ​ខាងត្បូង ឆៀង​ខាងលិច​រង្វង់​មូល​អង្គរ​ឃ្យុ​ង​យូ ស្ថិតក្នុង​សង្កាត់​ស្លក្រាម ចម្ងាយ​ប្រហែល​៧​គី​ទ្បូ​ម៉ែត្រ ពី​ប្រាសាទ​អង្គរវត្ត​។​
​ក្នុង​ទឹកមុខ​ញញឹម​ញញែម ស្ដ្រី​ជា​អាជីវករ នៅ​ផ្សារ​សាមគ្គី សង្កាត់​ស្លក្រាម ឈ្មោះ ឃុត កី មានប្រសាសន៍ថា គាត់ និង​អាជីវករ​ផ្សេងទៀត ពេញចិត្ដ​ដែល​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នៅ​លើ​ទឹកដី​អង្គរ​។ គាត់​ថា​នឹង​ចូលរួម​ដោយ​មិន​មាន​ភាពភ័យខ្លាច​ឡើយ ហើយ​នឹង​យក​ស្បៀងអាហារ និង​ភេសជ្ជៈ​ចែក​ជូន​បាតុករ​ផង ៖ “​ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល​នោះ​ដោះស្រាយ​តែ​ដោះស្រាយ​ដោយ​វិធី​ល្អ កុំ​មាន​ការប្រើ​អំពើហិង្សា ហើយ​ណាមួយ​ខ្ញុំ​ចង់បាន​ដែរ ខ្ញុំ​ចង់​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បាន​ឡើង​តំណែង​ហ្នឹង​គេ​ខ្លះ មិន​ឲ្យ​អត់​ទេ ខ្ញុំ​ដឹង​ថា​គាត់​មនុស្ស​ល្អ ល្អ​ត្រង់​គាត់​ចេះ​ប្រជាជន គាត់​ចេះ​ស្រឡាញ់​ប្រទេសជាតិ គាត់​អត់​ចេះ​ធ្វើ​បាប​ប្រជាជន ព្រោះ​គាត់​ស្រឡាញ់​ធម្មជាតិ​ស្រឡាញ់​ខ្មែរ​ទាំងអស់​គ្នា​” ។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​៣​លើក​មក​ហើយ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​រាជធានី​ភ្នំពេញ ដែល​មាន​ពលរដ្ឋ​មកពី​បណ្តា​ខេត្ត​-​រាជធានី រាប់​ម៉ឺន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈកម្មកា​រឯក​រាជ្យ​​មួយ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ​។ ប៉ុន្តែ គណបក្សកាន់អំណាច​បា​ន​ច្រាន​ចោល ​ជា​ច្រើនលើក​ការទាមទារ​នេះ ដោយ​បកស្រាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ចប់​ជា​ស្ថាពរ​ហើយ​។​
​អាជីវករ​ម្នាក់​ទៀត អ្នកស្រី លឹម ឡៃ​គីម ឲ្យដឹងថា អ្នកស្រី និង​ស្វាមី ក៏​ចូលរួម​លើក​ទឹកចិត្ដ​បាតុក​រដែរ​។ អ្នកស្រី កត់សម្គាល់ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន មិនទាន់​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យឲ្យបា​ន​ពេញលេញ​នៅឡើយ​ទេ ដោយសារ​សមត្ថកិច្ច​នៅតែ​ប្រើ​អំពើហិង្សា​ទៅ​ប្រជាពលរដ្ឋ ដោយ​មិន​មាន​ហេតុផល ៖ “​ជួយ​លើក​ទឹកចិត្ដ​ទាំង​អ្នកដឹកនាំ ជួយ​លើក​ទឹកចិត្ដ​ទាំង​ប្រជាជន​ចូលរួ​មទាំង​អស់​គ្នា​ហ្នឹង​ណាស់ ចង់​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ហ្នឹង​ដែរ យើង​មាន​ការឈឺចាប់​ជាមួយ​គ្នា​ដែរ ចឹង​សុំឲ្យ​រដ្ឋាភិបាល​ហ្នឹង ដូច​ថា គិត​មើល​ប្រជាជន​ផង កុំ​ឲ្យ​គិត​តែ​ខ្លួនឯង ទឹកដី ព្រៃឈើ ប្រាសាទ​អង្គរ ភ្នំ​បូកគោ គឺ​គាត់​គិត​ប្រជារាស្ដ្រ​ជាង​ប្រជារាស្ដ្រ​ខ្លួនឯង ចា​កោះត្រ​ល់កោះ​អី គិត​គេ​ជាង​ខ្មែរ គាត់​ធ្វើ​អី​ដើម្បី​ផល​ប្រយោជន៍​អ្នក​ដទៃ អត់​មាន​អី​ធ្វើ​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ទេ​” ។​
​ក្នុង​ទឹកមុខ​មុតមាំ អ្នកស្រី អះអាងថា​នឹង​បន្ត​ទាមទារ​រក​យុត្តិធម៌​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទោះបី​ការទាមទារ​កន្លងមក​ មិនទាន់​ទទួលបាន​ជោគ​ជ័យ​​ក៏​ដោយ​ ៖ "ដូច​លោកសម រង្ស៊ី លោក​កឹម សុខា លោក​ហ៊ុន សែន​ ហ្នឹង​ខ្ញុំ​អត់មាន​ស្រលាញ់​អ្នក​ណា​ទាំង​អស់ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព​របស់​ប្រជា​ជន​ខ្មែរ ដូច​ថា​ បើ​ថា​ខ្ញុំ​ត្រូវ បើ​ថា​ខ្ញុំ​ខុស ចាប់​ខ្ញុំ​យក​ទៅ​ណា​ចាប់​ទៅ ប៉ុន្តែ​បើ​ពេល​ខ្ញុំ​ត្រូវ​ហើយ គឺច្បាប់​ត្រូវ​ការ​ពារ​ខ្ញុំ អត់មាន​ច្បាប់​មក​​រំលោភ​សិទ្ធិ​ខ្ញុំ​ទេ រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ទេ"។
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាជីវករ នៅ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ធ្វើ​បាតុកម្ម​ នៅ​តំបន់​អង្គរ​នោះឡើយ ពីព្រោះ ប្រទេស​កម្ពុជា​វា​ធ្វើឲ្យប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​។ ប៉ុន្ដែ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការជួបជុំ​មហាជន​នៅ​តំបន់​ទេសចរណ៍ មិន​មាន​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ទេ ពីព្រោះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏​ចង់​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​ស្រទ្បា​ញ់​ការគោរព​សិទ្ធិមនុស្ស​។​
​អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង ធ្លាប់​ប្រាប់​VOD​ថា អាជ្ញាធរខេត្ត​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​រួចជាស្រេច ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ ៖ "កម្លាំងត្រៀម​​ការ​ពារ​សុវត្ថិ​ភាព សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខាង​ក្រៅ គឺ​កម្លាំង​របស់​សមត្ថ​កិច្ច កម្លាំង​ខាង​ក្នុង​ពិធី​គឺ​កម្លាំង​របស់​គណបក្សសង្គ្រោះជាតិ"។
​អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ដ​សៀមរាប  លោក នូ ពុទ្ធិ សង្ឃឹមថា សមត្ថកិច្ច​មិន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ នៅក្នុង​ទីក្រុង​ប្រ​វតិ្ដ​សាស្ដ្រ​អង្គរ ដូច​ករណី​នៅ​រាជធានី​ភ្នំពេញ​ទេ​។ លោក​គិតថា ការជួបជុំ​នេះ​មិន​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ទេ បើសិន​អាជ្ញាធរ​សហការគ្នា​បានល្អ​។ លោក​ស្នើ​អាជ្ញាធរ និង​ក្រុមបាតុករ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​ ៖ "ប៉ុន្តែ​យើង​ខ្ញុំ​សង្ឃឹម​ថា បទ​ពិសោធន៍​ដែល​អាក្រក់ដែល​កើត​មាន​នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ ពីរ​ករណី​ នៅ​ក្នុង​ក្រោយ​ពេល​បោះឆ្នោត​នី​តិ​កាល​ទី​៥​នេះហ្នឹង គឺ​ថា​មិន​ត្រូវ​បានយក​មក​ជា​ឧទាហរណ៍ ឬ​ក៏​អនុ​វត្ត​ជាក់​ស្តែង នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ​ទៀត​ទេ សង្ឃឹម​ថា​អាជ្ញាធរ​ខេត្ត​សៀម​រាប​នេះ លោក​មាន​ទស្ស​នៈ​វែង​ឆ្ងាយ​យល់​ច្បាស់​អំពី​សិទ្ធិ​​នៃ​កា​របញ្ចេញ​មតិ​​ ហើយ​យល់​ច្បាស់​អំពី​ផល​ប៉ះ​ពាល់ដែល​ការ​រិត​បន្តឹង​វា​ហួស​ហេតុ នាំ​ឲ្យ​មាន​អន្តរាយ​​ដល់​ខេត្តដែល​មាន​ភ្ញៀវ​ទេស​ចរណ៍​នេះ​ផង​ដែរ"។​
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម ថ្ងៃទី​១៥ ខែ​ធ្នូ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ នីតិកាល​ទី​៥ ឡើងវិញ ប្រសិន​បើ​មហា​បាតុកម្ម​ចុងក្រោយ​របស់​ខ្លួន នៅតែ​មិន​ទទួលបាន​ដំណោះស្រាយ​៕
សូមសរសេរមកកាន់លោក បូ សា​វី តាមរយៈ savy@vodhotnews.com

No comments: