ដោយ៖ តាំង វីដា | ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2013, VOD
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
គណបក្សប្រឆាំង ច្រានចោលការលើកឡើងរបស់គណបក្សកាន់អំណាច ចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នា និងមិនទទួលខុសត្រូវចំពោះឆន្ទៈប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យ លោក ស ខេង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែតុលា អះអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិ មានជំហរខុសគ្នា ចំពោះការទាមទារតំណែងក្នុងរដ្ឋសភា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅរសៀលថ្ងៃអាទិត្យនេះថា គណបក្សនេះមិនមានការខ្វែងគំនិតគ្នាដូចការលើកឡើងទេ។ លោកថា ថ្នាក់ដឹកនាំគណបក្សនេះ មានឯកភាព និងជំហររួមក្នុងការដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន។
អ្នកនាំពាក្យរូបនោះអះអាងទៀតថា អ្វីដែលគណបក្សសង្គ្រោះជាតិទាមទារនោះ គឺតុល្យភាពអំណាចក្នុងស្ថាប័នជាតិសំខាន់ៗ ជាពិសេស គឺស្ថាប័នរដ្ឋសភា ដើម្បីធ្វើកំណែទម្រង់ការដឹកនាំឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យដឹងដែរថា មុនសមាជមហាជនកាលពីថ្ងៃទី៦ ខែតុលា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រាប់តាមទូរស័ព្ទទៅ លោក ស ខេង ថា គណបក្សសង្គ្រោះជាតិឈប់ទាមទារតំណែងប្រធានរដ្ឋសភា ប៉ុន្តែទាមទារឲ្យមានការបែងចែកតំណែងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១២ នៅក្នុងរដ្ឋសភាឲ្យស្មើគ្នា។
ផ្ទុយទៅវិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាំពាក្យគណបក្ស លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារតំណែង ឲ្យមានតុលភាពអំណាចក្នុងសភា ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ នៅអាណត្តិទី៥នេះ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment