A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 28 October 2013

People complain of political discrimination: Those who voted for and joined the opposition's protests were not given flood relief ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​មេ​ភូមិ​ថា​រើសអើង​បក្ស​នយោបាយ

ដោយ ជិន ជេដ្ឋា 2013-10-27
សីហមុនី ចែកអំណោយ-៦១០
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អង្គុយ​ក្បែរព្រះរាជអំណោយ​រង់ចាំ​ការ​យាង​មក​ដល់​របស់​ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០១៣។
RFA/Chin Chetha

ប្រជាពលរដ្ឋ​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​ម្ចាស់​ជំនួយ​ ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​ពី​ជីវភាព​រស់​នៅ និង​ទុក្ខ​លំបាក​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កំពុង​តែ​ជួប​ប្រទះ ដើម្បី​ឲ្យ​ដឹង​ថា ជំនួយ​ដែល​បាន​ផ្ដល់​ទាំង​នោះ​ពិត​ជា​បាន​ដល់​ដៃ​គ្រួសារ​ក្រីក្រ​ពិត​ប្រាកដ​មែន ឬ​យ៉ាង​ណា។
ប្រជា​ពលរដ្ឋ​ចំនួន ៩​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ​ដែល​អះអាង​ថា ខ្លួន​ពិត​ជា​គ្រួសារ​ក្រីក្រ និង​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ ហើយ​មិន​បាន​ទទួល​ជំនួយ​ផ្សេង​ៗ​ពី​សប្បុរសជន ឬ​រដ្ឋាភិបាល បាន​ជិះ​ទូក​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ ស្ថិត​ក្នុង​ភូមិ​ឪម៉ាល់ ដើម្បី​ពិភាក្សា និង​ចង់​បញ្ចេញ​សំឡេង​របស់​ខ្លួន​ដែល​សម្ដែង​ពី​ការ​កើតទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​មេ​ភូមិ ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា។
​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​អត់​មាន​ឈ្មោះ​ទៅ​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​យាង​ចុះ​ចែក​ព្រះរាជ​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ និង​គម្រោង​ផ្ដល់​បង្គន់​អនាម័យ​ដល់​ប្រជាពលរដ្ឋ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេឌីប៊ី (ADB) តាម​រយៈ​គម្រោង​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឪម៉ាល់ អ្នកស្រី ច្រេង សារ៉េត មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​ចង់​ឲ្យ​សំឡេង​របស់​ពួកគាត់​បាន​ឮ​ដល់​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ផ្សេងៗ ហើយ​ពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ការងារ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្រីក្រ៖ «សម្រាប់​អ្នក​អត់ ហើយ​និង​ចាស់​ជរា ក្រ មេម៉ាយ​ហ្នឹង គឺ​គេ​រំលង​គេ​ចែក​តែ​គ្នា គេ​មេ​ភូមិ​ក៏​បាន​ជំនួយ​ការ​មេ​ភូមិ​ក៏​បាន ហើយ​និង​បង​ប្អូន​សែស្រឡាយ​គេ​បាន​ទាំង​អស់។ ខ្ញុំ​អត់ ក៏​ខ្ញុំ​បាន​និយាយ​ពី​រឿង​អំណោយ​ហ្នឹង ដល់​ពេល​លោ​គេ​ខឹង​គេ​អត់​ឲ្យ​ខ្ញុំ​ទៀត គេ​ថា​អាណា​និយាយ​មិន​បាច់​ឲ្យ​វា​តែម្ដង»
ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ប៊ូ សាវ៉េត អះអាង​ថា គ្រួសារ​របស់​អ្នកស្រី​មិន​ត្រឹម​តែ​មិន​បាន​ទទួល​អំណោយ ឬ​បង្គន់​អនាម័យ​នោះ​ទេ ថែម​ទាំង​មេ​ភូមិ​ឪម៉ាល់ លោក ឈឹម សំអឿន ប្រមាថ​អាយុ​ជីវិត​ប្ដី​របស់​អ្នកស្រី​ទៀត​ផង៖ «អា​ថ្ងៃ​ពួក​ខ្ញុំ​ទៅ​បាតុកម្ម​ហ្នឹង គេ​ថា​ប្ដី​ខ្ញុំ​ទៅ​មាន​តែ​ងាប់​ទេ គេ​បោក​គ្រាប់​បែក គេ​បាញ់​ផ្សែង ខ្ញុំ​ស្មាន​ថា​ហៅ​ខ្ញុំ​ទៅ​ឲ្យ​បង្គន់ ពេល​ទៅ​បន់​ប្ដី​ខ្ញុំ​ឲ្យ​ងាប់​វិញ គេ​ថា​ខ្ញុំ​បក្ស​ផ្សេង គេ​អត់​ឲ្យ​ទេ​បង្គន់​អី​នោះ»
ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា សកម្មភាព​ស្រង់​ឈ្មោះ និង​ការ​បែង​ចែក​ជំនួយ​ផ្សេង​ៗ​របស់​អាជ្ញាធរ​ភូមិ​ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​អ្នក​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ពិតប្រាកដ គឺ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​តម្លាភាព​និង​ត្រឹមត្រូវ​ឡើយ។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ឪម៉ាល់ លោក ឈឹម សំអឿន បាន​ថ្លែង​បដិសេធ​ថា លោក​មិន​ដែល​មាន​ការ​រើសអើង​គណបក្ស​នយោបាយ ឬ​ចែក​អំណោយ​ដោយ​ប្រកាន់​បក្សពួក​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
លោក​បន្ត​ថា ឆ្លង​តាម​រយៈ​ការ​ធ្វើ​អត្តសញ្ញាណកម្ម​ជន​ក្រីក្រ មាន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ជាង ៣០​គ្រួសារ មាន​ជីវភាព​ក្រីក្រ​ពិត​ប្រាកដ ហើយ​ពួកគាត់​ភាគ​ច្រើន​មាន​ឈ្មោះ​ទទួល​បាន​អំណោយ និង​បង្គន់​អនាម័យ​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ៖ «ក្នុង​ហ្នឹង​ថ្ងៃ​ចែក​អំណោយ​ក៏​មាន​បងប្អូន​យើង​ដែល​គាត់​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជា​មួយ​ខ្ញុំ​ដែរ ហើយ​បង្គន់​ក៏​អ៊ីចឹង​ដែរ។ ខ្ញុំ​ទៅ​ផ្ទះ​គាត់ ខ្ញុំ​សួរ​គាត់​ពេល​ហ្នឹង​គាត់​ទៅ​ភ្នំពេញ​ណោះ ខ្ញុំ​ថា​ចាំ​ប្ដី​មក​ចាំ​យក មិន​ថា​អត់​ឲ្យ​ទេ គាត់​មក គាត់​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ឲ្យ។ វា​ទាល់​តែ​អ្នក​ពិបាក​ហ្នឹង​បាន​ហើយ​បាន​អ្នក​ដែល​ល្មម​ដែល​យើង​មើល​អាច​ថា​អ្នក​បន្ទាប់​ឡើង​ប៉ុណ្ណា​ទៀត យើង​អាច​ធ្វើ​អ៊ីចឹង»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ឆ្នាំង លោក លៀង សេង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។
មេ​ភូមិ​ឪម៉ាល់ លោក ឈឹម សំអឿន បាន​បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​លោក​មាន​គ្រួសារ​សរុប​ចំនួន ១៨៩​គ្រួសារ ក្នុង​នោះ​មាន​គ្រួសារ​ដែល​ទទួល​បាន​បង្គន់​អនាម័យ​ពី​គម្រោង​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ចំនួន ៦៣​គ្រួសារ។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​បន្ត​ទៀត នៅ​ក្រោយ​ពី​ទឹក​ជំនន់​បាន​ស្រក​​ផុត​ពី​លំនៅឋាន​របស់​ពួក​គាត់​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

cpp is a party very racist in cambodia,they only to whom who voted for them,if someone did't vote for them,they will anything of what they want,example: threat to kill,kill,threat to push out from the group or community,not supply food,water to put in the farm rice that mean let them die this is a very serious dangerous party as same as pol pot,they don't care you are the same blood.