ដោយ៖ តាំង វីដា និង ដួង សុខា | ថ្ងៃចន្ទ ទី14 ខែតុលា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក គឺម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (រូបថតដោយ តាំង វីដា)
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃចន្ទនេះថា បេសកកម្មការទូតក្រៅប្រទេសរបស់លោក សម រង្ស៊ី ទទួលជោគជ័យ ក្នុងការជំរុញសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ចំពោះការបង្កើតសភាឯកបក្សនៅកម្ពុជា ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក ក្រោយបញ្ចប់ពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ លោក កឹម សុខា ឲ្យដឹងថា លោក សម រង្ស៊ី បានជួបជជែកផ្ទាល់ជាមួយសភា និងរដ្ឋាភិបាលអឺរ៉ុប ដោយបានបង្ហាញពីការពិត និងភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា យ៉ាងតិចណាស់ តំណាងរាស្ត្រ អឺរ៉ុប ចំនួន ៨៥នាក់ បានសរសេរលិខិតមួយ ទៅកាន់ប្រធានអឺរ៉ុប ជំរុញស៊ើបអង្កេតការបោះឆ្នោតនៅកម្ពុជា ៖ "ជោគជ័យរបស់បេសកកម្មរបស់លោកសម រង្ស៊ី ដែលគាត់បានឲ្យខ្ញុំដឹងអម្បិញមិញនេះ គឺសហគមន៍អន្តរជាតិ គេចាប់ផ្តើមចាប់អារម្មណ៍ពីស្រុកខ្មែរ ជុំវិញការបង្កើតសភាមួយ សភាដែលមានបក្សតែមួយហ្នឹង សភាដែលមានបក្សតែមួយ នណារក៏គេមិនអាចទទួលយកបានដែរ"។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់VODថា វិបត្តិនយោបាយនៅតែបន្តកើតទ្បើង ដោយសារតែការចរចាតំណែងក្នុងរដ្ឋសភា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានជំហរខុសគ្នា ទើបបណ្តាលឲ្យការចរចារវាងគណបក្សទាំងពីរ មិនមានលទ្ធផល ។ លោកថា ក្នុងជំនួបចរចាកាលពីថ្ងៃទី១៦ ខែកញ្ញា គណបក្សសង្គ្រោះជាតិ បានប្រកាសទទួលស្គាល់លទ្ធផលរួចទៅហើយ។ លោក ស ខេង ចាត់ទុក ការជំរុញឲ្យសហគមន៍បរទេស មិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់លោក សម រង្ស៊ី ជាការធ្វើខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ៖ "គណបក្សប្រជាជនកម្ពុជា បាន៦៨ គណបក្ស CNRP បាន ៥៥ គាត់និយាយផ្ទាល់មាត់គាត់ទាំងពីរនាក់ហ្នឹង និយាយចុះនិយាយឡើងដដែលៗហ្នឹង ចំនួនហ្នឹង ដូច្នេះឥឡូវនេះឲ្យរកយុត្តិធម៌អីទៀត អារឿងទីពីរ ដែលថាឯកបក្ស មិនឯកបក្ស អាហ្នឹងរឿងគាត់ទេ មិនមែនរឿងគណបក្សប្រជាជនទេ យើងបើកចំហរតើ ដើម្បីគាត់ចូលរួម តែគាត់មិនព្រមចូលរួម គាត់នៅតែថា រកយុត្តិធម៌អីទៀត ខ្ញុំគិតថា អ្វីដែលយើងបានធ្វើកន្លងទៅនេះ គណបក្សប្រជាជនហ្នឹងដូចអត់មានខុសច្បាប់ទេ"។
កាលពីថ្ងៃទី១៣ ខែតុលាម្សិលមិញនេះ គណបក្សប្រឆាំង ច្រានចោលការលើកឡើងរបស់គណបក្សកាន់អំណាច ចំពោះការលើកទ្បើងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខ្វែងគំនិតគ្នា និងមិនទទួលខុសត្រូវចំពោះ ឆន្ទៈប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការច្រានចោលនេះ ធ្វើឡើង បន្ទាប់ពីខុទ្ទកាល័យ លោក ស ខេង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែតុលា ឲ្យដឹងថា មេដឹកនាំគណបក្សសង្គ្រោះជាតិ មានជំហរខុសគ្នា ចំពោះការទាមទារតំណែងក្នុងរដ្ឋសភា៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment