A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

Veteran entertainer and owner of Athimungkol Productions, Ms Bonita Dadena, openly supports the opposition CNRP បូនីតា ដាដេណាសម្តែងឆន្ទៈគាំទ្របក្សប្រឆាំងបើកចំហ (គួរឲ្យគោរពនូវទឹកចិត្ត... សូមតារាដ៏ទៃទៀត ក្លាហានឡើង!)



MONDAY, 09 SEPTEMBER 2013 ស៊ូ វុទ្ធី
ភ្នំពេញបុស្តិ៍ : មិនមានតារាសិល្បៈខ្មែរណាម្នាក់ក្លាហានហ៊ានចេញមុខបង្ហាញឆន្ទៈគាំទ្រគណបក្សប្រឆាំងដោយចំហខណៈដែលមានការខ្សឹបខ្សៀវថា តារាប្រុសស្រីមួយចំនួនខ្លាចបាត់បង់ឱកាសឡើងឆាកតាមស្ថានីយទូរទស្សន៍នោះ។

ដោយឡែក តារាសម្តែងជើងចាស់និងជាចាងហ្វាំងផលិតកម្មភាពយន្តអធិមង្គលអ្នកនាង បូនីតា ដាដេណា កាលពីថ្ងៃទី៧ខែកញ្ញា មិនត្រឹមសម្ដែងការគាំទ្រគណបក្សប្រឆាំងជាសាធារណៈជាមួយហ្វូងបាតុករជាច្រើននាក់នោះទេនាងក៏បានបញ្ចេញនូវឆន្ទៈនិងកាយវិការមមាញឹកជាមួយក្រុមការងារសកម្មជនរបស់បក្ស ដោយមិនខ្លាចបាត់បង់ឱកាសការងារសិល្បៈអ្វីឡើយ។

អ្នកនាង បូនីតា ដាដេណា មុននេះអ្នកនាងបានសរសេរបង្ហាញពីក្ដីអាណិតអាសូរដល់កងទ័ព ដោយថា៖ «ខ្ញុំមានអារម្មណ៍ថាក្តុកក្ដួលណាស់ពេលដែលឮបងៗកងទ័ពនិយាយពីទុក្ខលំបាករបស់គាត់ និងភាពកង្វះខាតនៃក្រុមគ្រួសាររបស់គាត់។ វាប្រាកដណាស់ប្រាក់ខែពួកគាត់មិនអាចផ្គត់ផ្គង់ក្រុមគ្រួសារគាត់បាន! កុំថាឡើយដល់ចំណាយក្នុងក្រុមគ្រួសារបើសិនជាគាត់យកទៅប្រើប្រាស់តែខ្លួនគាត់ម្នាក់ឯងក៏មិនគ្រប់គ្រាន់ផង»។ អ្នកនាងបាននិយាយថា៖ «ខ្ញុំសុំនិយាយស្មោះប្រាប់ទៅបងៗយុវជន(កងទ័ព)ថាខ្ញុំស្រឡាញ់និងអាណិតណាស់បងៗ ខ្ញុំចង់ជួយពួកបងណាស់តែខ្ញុំគ្មានលទ្ធភាពទេ... បងដឹងហើយជីវិតជាអ្នកសិល្បៈបានតែល្អមើលទេ»។


អ្នកនាង បូនីតា ដាដេណា បានលើកឡើងនូវភាពលំបាកដែលនាងជួបក្នុងជីវិតសិល្បៈថា៖ «រាជរដ្ឋាភិបាលនាយកដ្ឋានភាពយន្តគេរឹតបន្តឹងណាស់គេមិនឲ្យយើងថតអ្វីដែលសាហាវពេកទេ... ពេលទៅឆ្លងរឿងម្ដងៗគេថាខុសនេះខុសនោះខ្មោចសម្លាប់សាហាវពេកអ៊ីចឹងហើយបានជាកុនខ្មែរយើងងើបមិនរួចសោះតែបើកុនបរទេសចូលវិញទោះបីធាក់លោកចំកណ្ដាលមុខក៏នាយកដ្ឋានឲ្យចេញដែរ។ ខ្ញុំឆ្អែតចិត្តនឹងច្បាប់សិល្បៈនៅស្រុកខ្មែរណាស់រាល់ថ្ងៃនេះ ប៉ុន្តែដោយការស្រឡាញ់ក៏ចេះតែស៊ូទ្រាំទៅ»។

កន្លងមកក៏ធ្លាប់មានតារាមួយចំនួនបង្ហើបឲ្យដឹងថា មានតារាប្រុសស្រីខ្មែរខ្លះគាំទ្របក្សសង្គ្រោះជាតិ គ្រាន់តែពួកទាំងអស់នោះមិនហ៊ានចេញមុខខ្លាចគេលែងឲ្យឡើងប៉ុស្តិ៍ ឬត្រូវបណ្តេញចេញពីផលិតកម្មឬលែងហៅថតរឿងជាដើម។ ប៉ុន្តែដោយឡែកអ្នកនាង បូនីតា ដាដេណា បែរជាហ៊ានបង្ហាញខ្លួនជាសាធារណៈគាំទ្របក្សប្រឆាំងដោយមិនបារម្ភការប្រឈមនឹងហានិភ័យការងារសិល្បៈនោះឡើយ។ អ្នកនាងបានចូលរួមធ្វើបាតុកម្មជាមួយបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យរហូតដល់ចប់កម្មវិធី។ ក្រៅពីបញ្ចេញសកម្មភាពញាប់ដៃញាប់ជើងចែកទឹកសុទ្ធចែកផ្កាក៏ដូចជាជួយចងបូក្បាលដែលមានអក្សរចងនៅលើក្បាលក្រុមបាតុករផ្សេងៗនិងថតរូបជាមួយថ្នាក់ដឹកនាំរបស់បក្សជាច្រើនសន្លឹកដើម្បីបង្ហោះនៅលើហ្វេសប៊ុកអមជាមួយការសរសេរថា៖ «គ្មានអ្វីសប្បាយចិត្តជាងថ្ងៃនេះទេ»។

អ្នកនាងបានបញ្ជាក់ទៀតថា៖ «នាងបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាចូលរួមយ៉ាងសកម្មទាមទារកភាពយុត្តិធម៌មិនខ្លាចនឿយហត់បើទោះបីជាការងារសិល្បៈរបស់នាងកំពុងតែមមាញឹកយ៉ាងណាក៏ដោយ»។

ឆ្លើយឆ្លងជាមួយភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី៨ខែកញ្ញានេះ ក្រៅពីអះអាងថា នោះគឺជាសកម្មភាពនិងទឹកចិត្តផុសចេញពីបេះដូងពិត អ្នកនាងបានប្រាប់ថា៖ «កន្លងមកខ្ញុំប្រឡូកក្នុងសិល្បៈមិនសូវជាទទួលបានការគាំទ្រពីអ្នកក្នុងរង្វង់សិល្បៈដូចគ្នានោះទេ មានតែអ្នកឈ្នានីសខ្ញុំ ខ្ញុំធ្វើអ្វីក៏ពិបាកដែរ ធ្វើអ្វីក៏ខុស និងមិនសូវទទួលបានការខ្វល់ខ្វាយពីអ្នកសិល្បៈរួមអាជីពដែរ។ កន្លងមកអ្នកគាំទ្រខ្ញុំភាគច្រើនមានតែអ្នកក្រីក្រ»។

តារាសម្តែងនិងជាថៅកែផលិតកម្មអធិមង្គល អ្នកនាង បូនីតា ដាដេណា បានបញ្ជាក់ថា៖ «ខ្ញុំក៏មានការឈឺចាប់ដែរ ក្នុងរង្វង់សិល្បៈតែពេលនេះខ្ញុំក៏មិនបោះបង់ដែរសិល្បៈ បើមានឱកាសខ្ញុំនឹងនៅតែបន្តសិល្បៈនិងបន្តផលិតកុនតទៅទៀត»។

នាងក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជាឆន្ទៈរបស់ខ្ញុំចេញពីបេះដូង ខ្ញុំស្រឡាញ់ឆន្ទៈលោក សម រង្ស៊ី។ អ្នកសិល្បៈក៏មានសិទ្ធិស្រឡាញ់និងជ្រើសរើសគណបក្សដែលខ្លួនយល់ថាល្អដូចប្រជាពលរដ្ឋដទៃដែរ»។

ជាមួយគ្នានោះ ប្រធានសមាគមសិល្បៈលោក សុះ ម៉ាចបានឲ្យដឹងថា៖ «នោះមិនមែនជាការខុសឆ្គងនោះទេ សម្រាប់អ្នកនាង បូនីតា ដាដេណា ដែលគាត់ទៅចូលរួមនឹងគណបក្សសង្គ្រោះជាតិ ឬទៅចូលរួមធ្វើបាតុកម្មជាមួយគណបក្សនោះ»។

លោកបានបញ្ជាក់ថា៖ «នេះជាសិទ្ធិរបស់គាត់ ព្រោះគាត់ក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ គាត់មានសិទ្ធិជ្រើសរើសបក្សដែលគាត់គិតថាល្អសម្រាប់គាត់ដែរ។ ដូចឃើញស្រាប់ហើយកន្លងមកយើងឃើញមានសិល្បករសិល្បការិនីយើងគាំទ្រគណបក្សប្រជាជនក៏ច្រើនដែរ នោះក៏ជាសិទ្ធិគាត់គ្មាននរណាទៅហាមឃាត់គាត់ទេ»។

លោក សុះ ម៉ាចលើកឡើងយ៉ាងដូច្នេះថា៖ «ថាមិនបានដូចជាអ្នកនាង បូនីតា ដាដេណា មានការពេញនិយមសម្រាប់ការងារសិល្បៈនៅខាងក្រៅវិញក៏មិនដឹងព្រោះថា បងប្អូនខ្មែរនៅក្រៅប្រទេសភាគច្រើនគាត់មានការគាំទ្រគណបក្សសង្គ្រោះជាតិ ពេលឃើញអ្នកនាងបញ្ចេញនូវឆន្ទៈស្មោះស្ម័គ្រនោះគេក៏ចូលចិត្តនាងដែរ»។

លោក សុះ ម៉ាច ក៏ស្នើដល់សិល្បករសិល្បការិនីសុំកុំរើសអើសអ្នកសិល្បៈដូចគ្នា ចង់អ្នកណាទៅគាំទ្របក្សណាក្ដីត្រូវចេះសាមគ្គីគ្នាព្រោះនៅប្រទេសគេ អ្នកសិល្បៈក៏អាចបង្ហាញឆន្ទៈនយោបាយដែរ ព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប៕


No comments: