ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ័ ទី16 ខែកញ្ញា ឆ្នាំ2013, VOD
មន្ត្រីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ទៅលើករណីប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច រហូតធ្វើឲ្យបុរសម្នាក់ស្លាប់ នៅរង្វង់មូលក្បាលថ្នល់ កាលពីយប់ថ្ងៃអាទិត្យ។
កាលពីថ្ងៃអាទិត្យ បុរសម្នាក់ បានស្លាប់នៅក្នុងការហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋ នៅម៉ោងជាង១០យប់ នៅរង្វង់មូលក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ ៨នាក់ រងរបួស និង៦នាក់ ត្រូវបានចាប់ខ្លួន។ អ្នកទាំង៦ ត្រូវបានចាប់ខ្លួននោះ កំពុងតែត្រូវបានតុលាការសាកសួរពីមូលហេតុ។
អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក John Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថា ស្ថានទូតអាមេរិក ដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងតែស៊ើបអង្កេតលើករណីនេះ តែស្ថានទូត អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ដែលជំហានមួយក្នុងការការពារព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទៅថ្ងៃអនាគត។ ស្ថានទូតអាមេរិក ជំរុញឲ្យគ្រប់ភាគី ចៀសវាងពីហិង្សា និងធ្វើការជាមួយគ្នា ដោយដោះស្រាយការខ្វែងគំនិតគ្នាផ្សេងៗទៀត។
ក្រោយពីជំនួបរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើករណីបុរសម្នាក់ ដែលបានស្លាប់ នៅពេលប៉ះទង្គិចជាមួយសមត្ថកិច្ច ដូចតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មមួយថ្ងៃចុងក្រោយ គឺនៅថ្ងៃស្អែកនេះ ដដែល បើទោះជាមានការចរចារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី នៅថ្ងៃចន្ទនេះនេះក៏ដោយ។ គណបក្សសង្គ្រោះជាតិ បានកំពុងធ្វើមហាបាតុកម្មរយៈពេលពីរថ្ងៃ រហូតមកដល់ថ្ងៃចន្ទនេះ ដែលបានចាប់ផ្តើមចាប់ពីថ្ងៃអាទិត្យ ទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា។
លោកប្រាក់ សុខុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរ បានឯកភាពក្នុងការគោរពតាមព្រះរាជសារព្រះមហាក្សត្រ ចុះថ្ងៃទី១៦ខែកញ្ញានេះ ដោយអំពាវនាវឲ្យមានការបញ្ឈប់ហិង្សារវាងបាតុករ និងសមត្ថកិច្ច និងបន្តការចរចាគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហា និងមានស្មារតីថ្មីមួយ ដើម្បីផលប្រយោជន៍ជាតិ។
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី សម្តែងការសោកស្តាយ និងក្រៀមក្រំជាអនេកចំពោះការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច កាលពីថ្ងៃអាទិត្យ និងអំពាវនាវឲ្យបញ្ឈប់ហិង្សាតទៅទៀត។
ព្រះរាជសារ របស់ព្រះមហាក្សត្ររបស់ព្រះបាទនរោត្តមសីហមុនី ឡាយព្រះហស្ថនៅថ្ងៃទី១៦ខែកញ្ញានេះ បង្ហាញថា ព្រះអង្គ មានព្រះរាជហឬទ័យ ក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃក្មួយ ដែលបានបាត់បង់ជីវិត និងក្មួយៗ ដែលរងរបួស កាលពីថ្ងៃអាទិត្យ។ព្រះអង្គ អំពាវនាវដ៏ទទូច ចំពោះជនរួមជាតិ ដែលបាតុករ និងក្រុមសមត្ថកិច្ច បញ្ឈប់ការប្រើអំពើហិង្សាតាមរូបភាពណាក៏ដោយ ដូចជាការគប់ដុំថ្ម និងការប្រើប្រាស់អាវុធ។
ព្រះអង្គ ក៏បានអំពាវនាវឲ្យប្រកាន់យកប្រពៃណីអហិង្សា ខិតខំយោគយល់គ្នា រាប់អានគ្នាជាខ្មែរដូចគ្នា និងអត់ធ្មត់ជាអតិប្បរមា ដើម្បីបញ្ជៀសអស្ថិរភាពនៃជាតិយើង។ ព្រះអង្គក៏បានអំពាវនាវឲ្យរក្សាភាពថ្លៃថ្នូរ និងភាពស្ងាត់ស្ងៀម ដើម្បីទុកឱកាសរកដំណះស្រាយបញ្ហាជាតិទាំងអស់គ្នា៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
America has called for investigation the dead Mao sokchan. However no word, no visit, no call for investigation from Sam Rainsy, Kem Sokha and CNRP. they despised him.អាមេរិចបានអំពាវនាវអោយមានការស៊ើបអង្កេតដែលបានស្លាប់បាត់ម៉ៅ sokchan ។ ទោះជាយ៉ាងណាពាក្យគ្មានដំណើរទស្សនកិច្ចគ្មានការហៅសម្រាប់ការស៊ើបអង្កេតពីសមរង្ស៊ី, កឹមសុខានិង CNRP ទេ។ ពួកគេមើលងាយ គនា ។
USA, needs to look for both sides,
how about policeman wounded on the head ??,,,,
unfair concerned << unfair justice >>
Post a Comment