A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 September 2013

Mr. Hun Sen revealed the details of his meeting with the CNRP នាយករដ្ឋមន្ត្រី​បើក​កកាយ​អំពី​ជំនួប​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៥ បើក​កកាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​គាំង គឺ​បណ្ដាល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​តំណែង​ប្រធាន​រដ្ឋ​សភា ដែល​តំណែង​នេះ​បក្ស​កាន់​អំណាច​មិន​អាច​ផ្ដល់​ឲ្យ​បាន។ 

ដោយ វណ្ណ វិចារ 2013-09-24 RFA
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​សភា​ដំបូង កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​សភា​នីតិកាល​ទី​៥ ដែល​មាន​សមាជិក​ទាំង​អស់ ៦៨​នាក់ សុទ្ធ​ជា​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា បាន​បោះ​ឆ្នោត​កញ្ចប់​ជ្រើស​តាំង​លោក ហេង សំរិន ជា​ប្រធាន​សភា និង​ជ្រើស​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ថ្មី។
សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​នាក់ បាន​បោះ​ឆ្នោត​ជា​កញ្ចប់​គាំទ្រ ១០០% នូវ​បេក្ខភាព​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ​សភា លោក ងួន ញ៉ិល ជា​អនុ​ប្រធាន​ទី​១ អ្នកស្រី ឃួន សុដារី ជា​អនុ​ប្រធាន​ទី​២ ព្រម​ទាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី ២៣០​នាក់​ផ្សេង​ទៀត។
មុន​នឹង​ថ្លែង​សុន្ទរកថា​ផ្លូវ​ការ អរគុណ​សមាជិក​សភា​ដែល​បាន​បោះ​ឆ្នោត​សម្ដែង​ការ​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី​ជូន​អង្គ​ប្រជុំ​សភា លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​ណា​មួយ​បាន​ទេ ហើយ​រដ្ឋ​សភា​ក៏​មិន​អាច​ផ្លាស់​ទី​ទៅ​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ខេត្ត​សៀមរាប តាម​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ទៅ​ស្បថ​រួម​គ្នា​នៅ​ទី​នោះ​ដែរ។ បន្ទាប់​ពី​ចប់​ការ​ប្រជុំ​សភា លោក ហ៊ុន សែន មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មុន​ពេល​ឡើង​ឡាន​ចេញ​ពី​វិមាន​រដ្ឋ​សភា អំពី​ខ្លឹមសារ​ក្នុង​ជំនួប​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែ​កញ្ញា ថា បក្ស​ប្រឆាំង​ចង់​គ្រប់​គ្រង​រដ្ឋ​សភា​ទាំង​មូល​តាម​រយៈ​ការ​កាន់​តំណែង​ប្រធាន​រដ្ឋ​សភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ៦​ផ្សេង​ទៀត ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ផ្ដល់​តំណែង​នេះ​ឲ្យ​បាន​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​កាន់​តំណែង​ជា​អនុ​ប្រធាន​រដ្ឋ​សភា និង​ប្រធាន​គណៈកម្មការ​ជំនាញ ៤​ផ្សេង​ទៀត។
លោក ហ៊ុន សែន៖ «គេ​ចង់​បាន​តំណែង​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ៦​ផ្សេង​ម្ខាង។បើ​យើង​ព្រម​ឲ្យ​តាម​គេ គេ​នឹង​មក​ប្រជុំ​សភា​លើក​ដំបូង​បាត់​ហើយ។ ជំហរ​ខ្ញុំ នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​កាន់​តំណែង​ជា​អនុ​ប្រធាន​រដ្ឋ​សភា​ទី​១ ក៏​បាន ទី​២ ក៏​បាន និង​ប្រធាន​គណៈកម្មការ​ជំនាញ ៤​ផ្សេង​ទៀត និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ ៥ ផ្សេង​ទៀត»
យ៉ាងណាមិញ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​តំណែង​ប្រធាន​សភា​ក្នុង​បំណង​ឈាន​ទៅ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ដើម្បី​ផល​ប្រយោជន៍​ជាតិ។
លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​សុឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ស្ថាប័ន​ជាតិ ដើម្បី​ឲ្យ​តុល្យភាព​អំណាច​ក្នុង​រដ្ឋ​សភា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ៖ «កែ​ទម្រង់​ពិត​ប្រាកដ ឲ្យ​អ្វីៗ​ប្រសើរ​ជាង​មុន តុល្យភាព​អំណាច​រវាង​គណបក្ស​ទាំង​ពីរ ដែល​អាច​ធានា​បាន តែ​បើ​ដូច​អ្វី​ដែល​រៀបចំ​នេះ គឺ​មិន​អាច​ធានា​ថា នឹង​កែ​ទម្រង់​បាន​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បែងចែក​តំណែង​ក្នុង​រដ្ឋ​សភា ជា​បញ្ហា​បន្សល់​ទុក​ពី​អាណត្តិ​មុនៗ ដែល​អ្នក​នយោបាយ​មិន​បាន​គិត​ទុក​ជា​មុន​ក្នុង​ការ​បែងចែក​ឲ្យ​ច្បាស់​ថា បក្ស​កាន់​អំណាច​គួរ​ទទួល​បាន​តំណែង​អ្វី? បក្ស​ប្រឆាំង​ត្រូវ​កាន់​តំណែង​ណា​ខ្លះ?
លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា គួរ​តែ​សម្បទាន​ឲ្យ​គណបក្ស​ប្រឆាំង​កាន់​កាប់​រដ្ឋ​សភា​តែម្តង ដើម្បី​ឲ្យ​បក្ស​ប្រឆាំង​អាច​តាម​ដាន​រដ្ឋាភិបាល​ឲ្យ​បាន​ហ្មត់ចត់​តាម​គោលការណ៍​ប្រជាធិបតេយ្យ។លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​គួរ​ណាស់​តែ​បញ្ឈប់​នូវ​វប្បធម៌​ចែក​អំណាច​គ្នា បើ​សិន​ជា​បក្ស​ទាំង​ពីរ​ចង់​កែ​ទម្រង់​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ជា​ស្វ័យប្រវត្តិ​ត្រូវ​ឲ្យ​គេ​ត្រួត​ពិនិត្យ​តែម្ដង ហើយ​បើ​សិន​ជា​គណបក្ស​ណា​មួយ​ឈ្នះ ហើយ​ចង់​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង មិន​មាន​ប្រសិទ្ធភាព​ទេ ខ្ញុំ​អត់​ដែល​ថា ខ្លួន​ខ្ញុំ​អន់​ទេ បើ​ខ្ញុំ​មើល​ខ្លួន​ឯង​ក៏​មិន​បាន​សព្វ​ដែរ។ សួរ​ថា តើ​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​ដែល​មើល​ឃើញ​ចំណុច​អសកម្ម​របស់​នាយករដ្ឋមន្ត្រី​ទេ មិន​ហ៊ាន​ទេ។ បើ​សិន​គាត់​ចង់​កែ​តម្រូវ ហើយ​មិន​មែន​កែ​តម្រូវ​តែ​ខ្លួន​គាត់​ទៅ​ទៀត គឺ​កែ​តម្រូវ​ពី​យន្តការ​សំខាន់ៗ ទើប​មាន​ប្រសិទ្ធភាព»
ទោះ​ជា​បែប​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ជំហរ​នយោបាយ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រាប់​ថា អាច​នឹង​មាន​បាតុកម្ម​ជា​លើក​ទី​៣​ទៀត។ រី​ឯ​គណៈរដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន បាន​ចូល​ស្បថ​ក្នុង​វាំង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នេះ ដោយ​បញ្ជាក់​ថា នឹង​បន្ត​អនុវត្ត​ការងារ​ក្នុង​នាម​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៥។
រដ្ឋ​សភា​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដាច់មុខ​ម្ដង​រួច​ហើយ កាល​ពី​អាណត្តិ​ទី​៤ ដែល​កាល​នោះ សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រិះគន់​ថា រដ្ឋ​សភា​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​រាជរដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ឬ​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។
តំណាង​សហគមន៍​ពលរដ្ឋ តែង​ស្នើ​សុំ​ទៅ​អ្នក​តំណាងរាស្ត្រ​ឲ្យ​ជួយ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ដូចជា​និទណ្ឌភាព ការ​រំលោភ​បំពាន​ដីធ្លី ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​បរទេស​រយៈពេល ៩៩​ឆ្នាំ មិន​ត្រូវ​បាន​សមាជិក​សភា​អើពើ​ប៉ុន្មាន​ឡើយ។
របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល ឆ្នាំ​២០១២ បង្ហាញ​ថា អ្នក​តំណាងរាស្ត្រ​ធ្វើ​ការងារ​បម្រើ​បក្ស​ច្រើន​ជាង​បម្រើ​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

1 comment:

Anonymous said...

This video must be imperatively listened to, for the sake of our country.
សំខានណាសៈ សុំបងប្អូនស្ដាបVIDEOនេះកុំខាន
https://www.facebook.com/pages/Mr-Ear-kimsreng-political-Express-version-2/202247766622201?ref=profile
If you like it, please share to your family/friends.