A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 August 2013

CNRP supporters get ready to participate in mass protests អ្នក​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​​ត្រៀម​ចូល​រួម​​ធ្វើ​មហា​បាតុកម្ម​អហិង្សា

ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត មួយ​ចំនួន បង្ហាញ​ឆន្ទៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា បើ​សិន​គ្មាន​ដំណោះស្រាយ​ជុំវិញ​​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​សភា ​​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ដោយ ដែន អយុធ្យាRFA
2013-08-19
សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្ដាល​ហ្វូង​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៣។
RFA/Mom Sophon
ស្រប​ពេល​នេះ​ដែរ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្ហាញ​ឆន្ទៈ​បន្ត​ជួប​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ មុន​នឹង​ឈាន​ដល់​ធ្វើ​មហា​បាតុកម្ម។ ​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​អះអាង​ថា បើ​បក្ស​ប្រឆាំង​មិន​ទទួល​យក​វត្តមាន​របស់​មន្ត្រី គ.ជ.ប ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​ទេ ពួក​គេ​មិន​ចូល​រួម​ឡើយ។
មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​ទំនង​ជា​នឹង​អាច​កើត​មាន ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​សភា​អាណត្តិ​ ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា ផ្នែក​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​នោះ​ទេ។
នៅ​​តាម​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា នា​ខេត្ត​កំពត និង​​ខេត្ត​ផ្សេងៗ ប្រជាពលរដ្ឋ​បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ជា​ស្រេច ដើម្បី​​​​​ទាម​ទារ​ឲ្យ​មាន​ដំណោះ​​ស្រាយ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត។
ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​សុខ​ចិត្ត​លះបង់​ពេល​វេលា ថវិកា និង​កម្លាំង​កាយ​ចិត្ត ដើម្បី​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំណត់​ពេល​វេលា​ច្បាស់លាស់។

មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​ខេត្ត​កំពត​ទេ ដែល​បង្ហាញ​ឆន្ទៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា ម្ចាស់​ឆ្នោត​នៅ​រាជធានី ខេត្ត​ផ្សេងៗ​ទៀត មាន​ដូច​ជា​នៅ​ខេត្ត​កំពង់ស្ពឺ ​ស្វាយរៀង ព្រៃវែង កំពង់ចាម កណ្តាល និង​នៅ​​រាជធានី​ភ្នំពេញ ជាដើម ក៏​បាន​ត្រៀម​ខ្លួន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា ដើម្បី​តវ៉ា​លទ្ធផល​ឆ្នោត​នេះ​ដែរ។
បន្ថែម​លើ​នេះ ម្ចាស់​ឆ្នោត​បាន​ស្នើ​ដល់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ បើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ មិន​ទាន់​បាន​ដោះស្រាយ​​​ដោយ​យុត្តិធម៌​នោះ។
​ម្ចាស់​ឆ្នោត​ឲ្យ​ដឹង​ថា ពួកគេ​មិន​ញញើត ឬ​មិន​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ពង្រាយ​កង​កម្លាំង​ចម្រុះ និង​សព្វាវុធ​របស់​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដើម្បី​ត្រៀម​ទប់ស្កាត់​មហា​បាតុកម្ម​នោះ​ទេ។ នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​នា​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស ​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ម្ចាស់​ឆ្នោត​ក៏​បាន​ប្រកាស​ចូល​រួម​គាំទ្រ​គម្រោង​ធ្វើ​មហា​បាតុកម្ម​ អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង គ.ជ.ប ផ្ដល់​យុត្តិធម៌​លើ​លទ្ធផល​ឆ្នោត​នេះ​ដែរ។
បញ្ហា​នេះ​ដែរ សម្រាប់​មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ជាប់​ជានិច្ច​ក្រោយ​ការ​បោះ​ឆ្នោត​ បាន​បញ្ចប់ បាន​ស្នើ​ដល់​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ពី​ការ​បោះ​ឆ្នោត​ សភា​អាណត្ត​ទី​៥ ត្រូវ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់ និង​សហការ​គ្នា​ដឹកនាំ​ប្រទេស​ឲ្យ​បាន​រីកចម្រើន។
ត្រង់​ចំណុច​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឆ្នោត​បាន​គាំទ្រ​ការ​ធ្វើ​​មហា​បាតុកម្ម​អហិង្សា បើ​​គ្មាន​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ លោក​បញ្ជាក់​ថា តាម​វេទិកា​សាធារណៈ​នៅ​តាម​រាជធានី ខេត្ត​នានា ពិសេស​នៅ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា ម្ចាស់​ឆ្នោត​បាន​ទាមទារ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ប្រជាជន​ទេ បើ​លទ្ធផល​បោះឆ្នោត​មិន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​នោះ​ទេ។
លោក កឹម សុខា ឲ្យ​ដឹង​ថា បក្ស​សង្គ្រោះ​ជាតិ មិន​មាន​ចេតនា​ឲ្យ​មាន​ធ្វើ​មហា​បាតុកម្ម​​កើត​ឡើង​ទេ។ ប៉ុន្តែ​​​លោក​​ថា មហា​បាតុកម្ម​នឹង​មិន​អាច​ជៀស​ផុត​ទេ បើ​ភាព​មិន​ប្រក្រតី ឬ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​បក្ស​ប្រឆាំង​​​ស្នើ​ឲ្យ​បង្កើត​ គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​មិន​បាន​ដោះស្រាយ​នោះ។ មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​បង្ហាញ​ឆន្ទៈ​បន្ត​ជួប​ពិភាក្សា​គ្នា​ជាមួយ​ គណបក្ស​ប្រជាជន ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​បញ្ចប់​វិវាទ​ផ្សេងៗ។ លោក កឹម សុខា បញ្ជាក់​ថា ជម្រើស​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​ប្រឆាំង​លទ្ធផល​បោះ​ ឆ្នោត គឺ​ជា​ជម្រើស​ចុង​ក្រោយ។
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ផ្ដល់​គំនិត​ដល់​មេដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ​បើ​មិន​ដូច្នេះ​ទេ អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ​នៅ​ថ្ងៃ​អនាគត។
លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិច បាន​រិះគន់​ការ​អនុវត្ត​ការងារ​របស់​ស្ថាប័ន គ.ជ.ប ថា​មិន​ឯករាជ្យ​និង​គ្មាន​តម្លាភាព។ លោក​ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ត្រូវ​ជួប​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​លើ​លទ្ធផល​បោះ​ឆ្នោត​ឲ្យ​បាន​ ត្រឹមត្រូវ​និង​សន្តិវិធី។
មិន​ខុស​គ្នា​ទេ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​និយាយ​ថា ទាំង​ស្ថាប័ន គ.ជ.ប និង​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា គួរ​ជួប​​​ពិភាក្សា​​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​ទំនាស់​រីក​រាល​ដាល​កាន់​តែ​ធំ។
ក្រៅ​ពី​នេះ លោក រ៉ុង ឈុន ក៏​បាន​រិះគន់​ស្ថាប័ន គ.ជ.ប ដែល​មិន​បាន​បង្ហាញ​ឯករាជភាព​របស់​ខ្លួន បើ​ពិត​ជា​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ឬ​ការ​អនុវត្ត​ផ្សេងៗ ​ប្រព្រឹត្ត​ទៅ​បាន​ត្រឹមត្រូវ​មែន​នោះ។ លោក​គាំទ្រ​ចំពោះ​សំណើ​​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
​យ៉ាង​ណា​ក៏ដោយ​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា សំណើ​បង្កើត​​គណៈកម្មការ​ស៊ើប​អង្កេត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​ គណបក្ស​ប្រឆាំង​មិន​អាច​ទៅ​រួច​ទេ បើ​គ្មាន​វត្តមាន គ.ជ.ប ជា​អាជ្ញាកណ្ដាល។ លោក​បន្ត​ថា កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​ពាក់​ព័ន្ធ​នឹង​ការ​បោះ ​ឆ្នោត ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត​ទៀត​នៅ​ពេល គ.ជ.ប អញ្ជើញ​ភាគី​នី​មួយៗ​ឲ្យ​ចូល​រួម។
ទោះ​យ៉ាង​ណា លោក កឹម សុខា បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក គ.ជ.ប មក​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ​នៃ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នេះ​ទេ ដោយសារ​តែ​ការ​អនុវត្ត​របស់ គ.ជ.ប មិន​ឯករាជ្យ​ ទើប​បក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ការងារ​បោះ​ឆ្នោត​ជា​ថ្មី។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា ដើម្បី​រួម​គ្នា​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះ​ឆ្នោត​ជាតិ។ ប៉ុន្តែ​កិច្ច​ប្រជុំ​​នេះ មិន​មាន​លទ្ធផល​ទេ រហូត​មក​ដល់​ពេល​នេះ។
ត្រង់​ចំណុច​នេះ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ បាន​វិភាគ​ថា មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​អាច​នឹង​កើត​ឡើង​ដោយសារ​តែ​បញ្ហា​ ដែល​កើត​មាន​ជុំវិញ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ គណបក្ស​​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា មិន​ជួប​ជជែក​គ្នា​បញ្ចប់​បញ្ហា​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Change is good, but make sure it is a positive change, not a negative change...destroying the country.