A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 August 2013

CNRP needs 168 more votes to win a 7th seat in Kandal ការ​បាត់​អាសនៈ​នៅ​ខេត្ត កណ្តាល​ជា​ទឡ្ហីករណ៍​បញ្ជាក់​របស់​បក្ស​ប្រឆាំង «គណបក្សសង្គ្រោះជាតិត្រូវការឆ្នោតតែ១៦៨សន្លឹកទៀតប៉ណ្ណោះនឹងឈ្នះបានអាសនៈទី៧ នៅខេត្តកណ្តាល»

130819_04
លោកប្រ​ធាន​ សម រង្ស៊ី(ស្តាំ)និង​លោកអនុ​ប្រ​ធាន កឹម​ សុ​ខា ​បក្ស​សង្គ្រោះ​ជាតិ​​​។ រូបថត ជីវ័ន​
ភ្នំពេញៈ ដោយសារ​តែ​ការ​ច្រាន​ចោល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (គ.ជ.ប) ទៅ​លើ​បណ្តឹង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ​កន្លង​ទៅ កាល​ពី​ចុង​សប្តាហ៍ គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ភ័ស្តុតាង អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ដោយ​លើក​យក​មណ្ឌល​មួយ ​ចំនួន​ធ្វើ​ជា​ទឡ្ហីករណ៍​បញ្ជាក់ អំពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​អាសនៈ​របស់​ខ្លួន។
នៅ​ក្នុង​សិក្ខាសាលា​មួយ​ពី​ម្សិលមិញ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​ជាមួយ​នឹង តំណាង​ពី​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​រិះគន់​ទៅ​លើ​ដំណើរការ​ផ្ទៀង​ផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត របស់ គ.ជ.ប ជា​ពិសេស​កង្វះ​ឆន្ទៈ​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​លទ្ធផល​ដូច​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ បោះឆ្នោត​ឃុំ និង​ខេត្ត។
គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​ការ​សិក្សា​ករណី​មួយ​នៅ​ខេត្ត កណ្តាល​ដែល​តួលេខ​ផ្ទាល់​របស់​គណបក្ស​បង្ហាញ​ថា គណបក្ស​នេះ​ឈ្នះ​បាន​ចំនួន ៧ អាសនៈ មិន​មែន ៦ អាសនៈ​ដូច​លទ្ធផល​ប្រកាស​បច្ចុប្បន្ន​នេះ​ទេ ហើយ​លោក សម រង្ស៊ី ប្រដូច គ.ជ.ប ទៅ​នឹង​ចោរ​ដែល​បាន​លួច​ហើយ តែ​មិន​ព្រម​បង្ហាញ​អ្វី​នៅ​ក្នុង​កញ្ចប់​នោះ ដើម្បី​ពិនិត្យ​មើល​ថា ខ្លួន​មិន​បាន​លួច។
លោក សម រង្ស៊ី បាន​ថ្លែង​សំដៅ​ទៅ​លើ​ឯកសារ​ចម្បងៗ ដែល​បាន​កត់ត្រា​ថា ៖ «នេះ​បង្ហាញ​ថា [គ.ជ.ប] បាន​ធ្វើ​អ្វី​មួយ​មិន​ល្អ នៅ​ពេល​ដែល​ពួក​គេ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព «ក» នោះ»។

លោក សម រង្ស៊ី បាន​បន្ត​គំរាម​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​នេះ ប្រសិន​បើ​បញ្ហា​ភាព​មិន​ប្រក្រតី​មិន​ត្រូវ​បាន​ដោះស្រាយ ប៉ុន្តែ លោក​ថ្លែង​ដែរ​ថា លោក​នឹង​រង់​ចាំ​អង្គុយ​ជជែក​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ចរចា​រក​ដំណោះស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ​ជា​មុន​សិន។
អ្នក​សម្រប​សម្រួល​របស់​អង្គការ​ខុម ហ្វ្រែល លោក​ស្រី គង់ រ៉ាវិន ដែល​បាន​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ​បាន​គាំទ្រ​ជំហរ​របស់​លោក សម រង្ស៊ី ស្តីពី​ឯកសារ​ចម្បង​ទាំង​នោះ។
លោក​ស្រី គង់ រ៉ាវិន បាន​ថ្លែង​ថា ៖ « ដើម្បី​តម្លាភាព គ.ជ.ប គួរ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើ ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​គណបក្ស​នយោបាយ ហើយ [គួរ​តែ​] បើក​កញ្ចប់​សុវត្ថិភាព «ក» ដើម្បី​ផ្ទៀង​ផ្ទាត់​មើល»។
លោក​ស្រី រ៉ាវិន បន្ថែម​ថា ៖ «ប្រសិន​បើ​យើង​ពិនិត្យ​ទៅ​លើ​សន្លឹក​ឆ្នោត​មិន​បាន​ការ គ.ជ.ប គួរ​តែ​បើក​កញ្ចប់​សុវត្ថិភាព «ក» ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ»។ ព្រោះ​ថា «សន្លឹក​ឆ្នោត​មិន​បាន​ការ​អាច​ជា​សន្លឹក​ឆ្នោត​បាន​ការ​សម្រាប់​គណបក្ស​ហើយ ​អាច​ធ្វើ​ឲ្យ​គណបក្ស​មួយ​ទៀត​បាត់បង់​អាសនៈ​វិញ​ក៏​ថា​បាន»។
អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក Shiro Harada សាស្រ្តាចារ្យ​មក​ពី​សាកល​វិទ្យាល័យ Tokyo University បាន​ថ្លែង​ថា ការ​ស្រាវជ្រាវ​ផ្ទាល់​របស់​លោក​បាន​បញ្ជាក់​អំពី​ការ​ឈ្នះ​នៅ​ក្នុង ខេត្ត កណ្តាល​មួយ​អាសនៈ​ទៀត។ លោក​ថ្លែង​ថា ការ​ពិនិត្យ​ទៅ​លើ​ឯកសារ​ដើម​ឡើង​វិញ គឺ​មាន​សារៈសំខាន់​ណាស់។
លោក​ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា៖ «តាម​រយៈ​ទស្សនវិស័យ​បច្ចេកទេស ការ​ធ្វើ​ការ​ប្រៀប​ធៀប គឺ​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់។ ពិត​ណាស់ កាល​ពី​ម្សិលម៉្ងៃ​នៅ គ.ជ.ប អ្នក​ចូល​រួម​អាច​ធ្វើ​ការ​ប្រៀប​ធៀប​តួលេខ​នៅ​ក្នុង​ទម្រង់ ១១០៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ទម្រង់ ១១០២ និង ១១០៨ របស់ គ.ជ.ប សម្រាប់​ការិយាល័យ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត កណ្តាល​នោះ កំហុស​មួយ​ចំនួន​អាច​នឹង​រក​ឃើញ​នៅ​ក្នុង​តួលេខ​របស់ គ.ជ.ប»។
លោក​បន្ថែម​ថា ៖ «ភាព​អាច​ជឿ​ជាក់​បាន​នៃ​ឯកសារ​ចម្បង​គឺជា​ការ​សំខាន់​បំផុត​ដែល ត្រូវ​យក​មក​ផ្ទៀង​ផ្ទាត់។ ដើម្បី​ធានា​ភាព​ត្រឹម​ត្រូវ​ខ្ញុំ​សូម​ឲ្យ គ.ជ.ប បង្ហាញ​តួលេខ​ពាក់​ព័ន្ធ​នឹង​ការិយាល័យ​បោះឆ្នោត​ទាំង​អស់»។
ទោះ​យ៉ាង​ណា​ក្តី អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក សុកុលៈ ទីប៉ោ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កញ្ចប់​សុវត្ថិភាព «ក» មិន​អាច​នឹង​បើក​បាន​នោះ​ទេ ប្រសិន​បើ​មិន​មាន​ភ័ស្តុតាង​រឹង​មាំ ដើម្បី​បង្ហាញ​អំពី​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ​ទេ​នោះ។
លោក​ថ្លែង​បន្ត​ថា ៖ «ប្រសិន​បើ​បណ្តឹង​ដែល​ដាក់​ដោយ​គណបក្ស​នយោបាយ​មិន​មាន​ភ័ស្តុតាង​រឹង​មាំ​ និង​ច្បាស់​លាស់ គ.ជ.ប នឹង​មិន​សម្រេច​បើក​កញ្ចប់​សុវត្ថិភាព «ក» នោះ​ទេ»។
ទោះ​យ៉ាង​ណា​ក្តី​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ភ័ស្តុតាង​គឺ​មាន​លើស​ពី​ភាព​គ្រប់​គ្រាន់​ទៅ​ទៀត ដើម្បី​បង្ហាញ​អំពី​ភាព​មិន​ប្រក្រតី ហើយ​ដែល​ភ័ស្តុតាង​មួយ​ចំនួន​នោះ​ត្រូវ​បាន​ដាក់​ទៅ គ.ជ.ប ហើយ ប៉ុន្តែ​ស្ថាប័ន​បោះឆ្នោត​នេះ​ជា «ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។
លោក​ថ្លែង​បន្ត​ថា ៖ «យើង​បាន​ផ្តល់​ភ័ស្តុតាង​មួយ​ចំនួន។ ប្រសិន​បើ​ភ័ស្តុតាង​របស់​យើង​រឹង​មាំ​ក៏​ដោយ គ.ជ.ប នៅ​តែ​ច្រានចោល​បណ្តឹង​របស់​យើង​ដោយ​គ្មាន​ហេតុផល»។
ដោយ​ឥឡូវ​នេះ គ.ជ.ប បាន​បង្ហាញ​ជំហរ​ថា​វា​យឺត​ពេល​ណាស់​ទៅ​ហើយ មិន​អាច​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​បាន ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស​នយោបាយ គឺ​ត្រូវ​ដាក់​បណ្តឹង​របស់​ខ្លួន​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ក្នុង រយៈ​ពេល ៧២ ម៉ោង។
ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក យឹម សុវណ្ណ មិន​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​របស់​លោក​នឹង​ទទួល​លទ្ធផល​ល្អ ពី​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​លើស​ពី គ.ជ.ប នោះ​ទេ។
លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា៖ «តាំង​ពី​ពេល​ចាប់​ផ្តើម យើង​បាន​ផ្តួច​ផ្តើម​បង្កើត​ឲ្យ​គណៈកម្មការ [ស៊ើប​អង្កេត​ឯករាជ្យ] មួយ ប៉ុន្តែ​ពួក​គេ​បាន​អូស​បន្លាយ​ពេល​វេលា​ពួក​គេ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ ម្តង​ទៀត​ដូច្នេះ​អ្នក​ឃើញ​ហើយ ពួក​គេ​មិន​ចង់​ដោះស្រាយ​បញ្ហា​ទេ​។ដូច្នេះ យើង​នឹង​ជ្រើស​រើស​ជម្រើស​ចុង​ក្រោយ​របស់​យើង​ហើយ​ឥឡូវ​នេះ​ការ​ធ្វើ​ បាតុកម្ម​នឹង​ចៀស​មិន​រួច​ទេ»។
លោក​បន្ត​ថា៖ «យើង​គិត​ថា យើង​នឹង​មិន​ទទួល​បាន​ការ​កាត់​ក្តី​យុត្តិធម៌​នោះ​ទេ។ ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​គឺ​ដូច​តែ​គ្នា។ ស្ថាប័ន​នេះ​នឹង​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប»។
តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ថ្លែង​ថា គណបក្ស​នៅ​តែ​បើក​ចំហ​ចំពោះ​ការ​ចរចា ប៉ុន្តែ​បាន​អះអាង​ថា ការ​ពិភាក្សា​ណា​មួយ​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​នឹង​ត្រូវ​តែ​មាន​ការ​ចូល​ រួម​ពី គ.ជ.ប។
លោក​បាន​បន្ថែម​ថា ការ​ចរចា​លើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ.ជ.ប ទេ៕ PS
រាយការណ៍​បន្ថែមៈ Abby Seiff, Stuart White និង ជាង សុខា

No comments: