កាលពីយប់ថ្ងៃទី៥ កក្កដា មានការប៉ះទង្គិចដោយពាក្យសម្ដី
ឈានទៅដល់ការវាយតប់
និងគប់ដុំថ្មទៅលើក្បួនឃោសនាគណបក្សសង្គ្រោះជាតិ
និងបាញ់កាំភ្លើងឡើងលើគំរាមផងនៅពេលក្បួនហែទៅដល់ចំណុចភូមិ៧
ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្ដាលឲ្យយុវជន
៣នាក់រងរបួស។
មន្ត្រីគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល
និងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍អំពើហិង្សាក្នុងក្បួនឃោសនា
គណបក្សនេះ បានប្រតិកម្មចំពោះការដោះលែងជនសង្ស័យ
និងទាមទារឲ្យសមត្ថកិច្ចផ្ដន្ទាទោសជនសង្ស័យដែលបានបង្កទៅលើអ្នក
ចូលរួមហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។
អនុប្រធានគណៈកម្មាធិការវិន័យ
និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ប្រចាំរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ បានថ្លែងនៅថ្ងៃទី៦ កក្កដា ថា
គណបក្សបានសម្រេចប្ដឹងករណីនេះទៅគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត និងតុលាការ
ដើម្បីឲ្យមានការផ្ដន្ទាទោសចំពោះជនប្រព្រឹត្តិហិង្សាមកលើអ្នក
គាំទ្របក្សសង្គ្រោះជាតិ។លោកថា ករណីនេះចាត់ទុកថាជាការរំខានដោយហិង្សាមកលើក្បួនឃោសនា និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការឃោសនារបស់គណបក្សសង្គ្រោះជាតិ៖ «ទោស ហ្នឹងជាទោសព្រហ្មទណ្ឌ ពុំអាចគ្រាន់តែឃុំមួយយប់ដោះលែង មិនអាចទៅរួចទេ ប្រើប្រាស់អាវុធក៏ដូចជាការបាញ់មកលើហ្វូងហែក្បួនរបស់យុវជនដទៃ ទៀតដែរ។ ការដោះលែង គឺជាការមិនត្រឹមត្រូវទេ»។
យ៉ាងណាក៏ដោយ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ករណីនេះលោកមិនចាត់ចូលទៅក្នុងភាពមិនប្រក្រតីក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតធ្ងន់ធ្ងរនោះទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានផ្ដល់សម្ភាសន៍ថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនសង្ស័យទាំង ៤នាក់ ដោយយោងលើហេតុផលគ្មានភស្តុតាងដាក់បន្ទុក ប៉ុន្តែនៅមានជនសង្ស័យម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ដែលជាម្ចាស់កាំភ្លើងត្រូវត្រៀមខ្លួនចូលបំភ្លឺនៅតុលាការ។
ពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ម្នាក់ ដែលបានតាមដានករណីនេះ បានសម្ដែងការសោកស្ដាយចំពោះដំណឹងពីការដោះលែងជនសង្ស័យ ដែលគាត់ជឿថាបានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើអ្នក ចូលរួមហែក្បួនបក្សសង្គ្រោះជាតិ។
ស្រដៀងគ្នានេះដែរ លោក បាន ហេង ដែលបានចូលរួមហែក្បួនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ កក្កដា បានស្នើឲ្យ គ.ជ.ប ចាត់ករណីនេះជារឿងមិនប្រក្រតីមួយដែលបង្អាក់ទឹកចិត្តអ្នកគាំទ្រ គណបក្សប្រឆាំង។
ប៉ុន្តែ ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកពុំមានការភ្ញាក់ផ្អើលនោះទេ ចំពោះការដោះលែងជនសង្ស័យនេះ។ លោកបានហៅការដោះលែងជនសង្ស័យដែលគេជឿថា បង្កហិង្សាលើក្បួនឃោសនាបក្សសង្គ្រោះជាតិ ថាជារឿងអយុត្តិធម៌ចំពោះគណបក្សនេះ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានទស្សនៈថា ការចាត់វិធានការដោះលែងជនសង្ស័យ ហាក់លឿនពេកដែលជឿបានថា ការស៊ើបអង្កេតនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។
កាលពីយប់ថ្ងៃទី៥ កក្កដា មានអំពើហិង្សាមួយបានកើតមានឡើងចំពោះក្បួនឃោសនាគណបក្សសង្គ្រោះ ជាតិ នៅរាជធានីភ្នំពេញ បណ្ដាលឲ្យយុវជន ៣នាក់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនានោះរងរបួស។ ជនរងគ្រោះបានអះអាងថា ពួកគេរងរបួសដោយការវាយតប់ និងប៉ះទង្គិចដោយដុំថ្ម កែវ និងដប ដែលភាគីម្ខាងទៀតបានគប់មកលើក្បួន នៅពេលក្បួនហែមកដល់ចំណុចភូមិ៧ ផ្លូវ១៣៥ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានបាញ់កាំភ្លើងឡើងទៅលើដើម្បីគំរាមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment