A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 July 2013

People's opinion about Sam Rainsy's return ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

ការ​វិល​ត្រឡប់​ចូល​មាតុ​ប្រទេស​វិញ​របស់ លោក សម រង្ស៊ី នា​ពេល​នេះ ធ្វើ​ឱ្យ​ប្រជាជន​ស្ទើរ​តែ​ទូទាំង​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ប្រជាជន​ជាច្រើន​ម៉ឺន​នាក់ ដែល​ឈរ​នៅ​តាម​ដង​ផ្លូវ​នៃ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​វិញ។
ដោយ សូត សុខប្រាថ្នា RFA
2013-07-20
ប្រជាជន​ដែល​នាំគ្នា​ចូលរួម​ទទួល លោក សម រង្ស៊ី សុទ្ធ​តែ​បាន​អះអាង​ថា ការ​ចូលរួម​របស់​ពួក​គាត់ គឺ​ដោយ​ការ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ​ដើម្បី​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​វត្តមាន​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ។
តើ លោក សម រង្ស៊ី ជា​មនុស្ស​ដូចម្តេច​បាន​ជា​អាច​ទាក់ទាញ​ទឹក​ចិត្ត​ប្រជាជន​ជា​ច្រើន​ម៉ឺន​ នាក់​ឱ្យ​មក​ចូលរួម​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ?
«សំឡេង​ពលរដ្ឋ»
សំឡេង​ហោ​កញ្ជ្រៀវ​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​មាន​វត្តមាន​នៅ​តាម​ដង​វិថី​សហព័ន្ធ​រុស្ស៊ី ដោយ​ឈរ​បណ្ដាក់​គ្នា​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ទទួល លោក សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា។ ប្រជាជន​ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នេះ បាន​បង្ហាញ​ពី​ទឹក​ចិត្ត​សប្បាយ​រីករាយ ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី។
អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ដែល​បាន​ចូលរួម​ទាំង​នោះ សុទ្ធ​តែ​បាន​អះអាង​ថា ការ​ចូលរួម​របស់​ពួក​គាត់ គឺ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ ហើយ​រាល់​ការ​ចំណាយ​ទាំងអស់ គឺ​ចេញ​ដោយ​ទឹក​ចិត្ត​របស់​ពួក​គាត់ រួម​ទាំង​ពេល​វេលា​ទៀត​ផង៖ «មាន​ អារម្មណ៍​ថា​សប្បាយ​រីករាយ​ក្នុង​ចិត្ត ដែល​គាត់​ចូល​មក​ជួយ​ប្រទេស​ជាតិ​ខ្មែរ​យើង​ឱ្យ​បាន​សុខ​សប្បាយ ឱ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ការងារ​ធ្វើ​ធូរធារ។ ចា៎! ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ដោយ​ឃើញ​ប្រជាជន​យើង​ទាំងអស់​គ្នា​មាន​ការ​ រួបរួម​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​អីចឹង ដើម្បី​ភាព​យុត្តិធម៌​ទាំងអស់​គ្នា​អីចឹង។ អូយ! ខ្ញុំ​ស្ម័គ្រចិត្ត ចា៎! ខ្ញុំ​ស្ម័គ្រចិត្ត​ដោយ​រីករាយ សុខ​ចិត្ត​ងើប​ឡើង​ដាំ​បាយ​ធ្វើ​ម្ហូប​ទុក​ឱ្យ​កូន​តាំង​ពី​ងងឹត ដើម្បី​បាន​មក ហើយ​ក្មួយ​ខ្ញុំ​នៅ​ជិត​ផ្ទះ អូ! ភ្ញាក់​រឭក​ច្រើន​ណាស់ អត់​មាន​អ្នក​ណា​ភ្លើ​ល្ងង់​ដូច​មុន​ទេ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ពេញ​ចិត្ត​រក​អ្វី​មក​ថ្លែង​ពុំ​បាន ដែល​បាន​មក​ទទួល​ឯកឧត្តម សម រង្ស៊ី ដែល​លោក​ចុះ​មក​ពី​បរទេស។ អត់​ទេ អត់​មាន​ការ​បង្ខិតបង្ខំ គ្មាន​ការ​ទិញ​ទឹក​ចិត្ត ឬ​ការ​ទិញ​ដូរ​អ្វី​ទាំងអស់»

អាជីវករ​លក់​កាហ្វេ និង​គុយទាវ នៅ​សង្កាត់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ លោកស្រី លី ណា បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី មក​ស្រុក​ខ្មែរ។ លោកស្រី​បន្ត​ទៀត​ថា លោក សម រង្ស៊ី ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ប្រជាប្រិយភាព ហើយ​សម​ជា​អ្នក​ដឹកនាំ​ខ្មែរ៖ «មនុស្ស ​គាត់ គឺ​ជា​មនុស្ស​ស្លូតបូត​ណាស់​បង គឺ​ថា​ជា​មនុស្ស​ដែល​ថា​ប្រជាប្រិយភាព គឺ​ថា​មនុស្ស​គាត់​គឺ​ជា​មនុស្ស​អស្ចារ្យ​សម្រាប់​ខ្ញុំ​ហ្មង។ មនុស្ស​គាត់ គឺ​មនុស្ស​ស្លូតត្រង់ គឺ​ចាត់​ទុក​ថា គាត់​អាច​កាន់​ប្រទេស​ជាតិ​បាន​ហ្នឹង​ហ្មង ខ្ញុំ​គាំទ្រ​គាត់​ហ្នឹង​ហ្មង»
មិន​តែ​ប៉ុណ្ណោះ លោកស្រី​បាន​សំណូមពរ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ទូទាំង​ប្រទេស ឱ្យ​អញ្ជើញ​ទៅ​បោះឆ្នោត​កុំ​បី​ខាន៖ «សូម ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បើ​ស្រឡាញ់​ឯកឧត្តម សម រង្ស៊ី ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ចាប់​ដៃ​រួម​គ្នា​ឡើង ឱ្យ​បោះឆ្នោត​ជូន សម រង្ស៊ី កុំ​ខាន កុំ​មាន​តែ​ឈ្មោះ​ថា​បោះៗៗៗ»
ដូច​គ្នា​នឹង​លោកស្រី លីណា យុវជន​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង លោក រិន សារ៉ាន់ ដែល​បាន​បញ្ជាក់​ពី​អារម្មណ៍​សប្បាយ​រីករាយ និង​ការ​លះបង់​ពេល​វេលា ដើម្បី​មក​ចូលរួម​ទទួល​លោក សម រង្ស៊ី ដោយ​លោក​បាន​ឃើញ​ប្រជាជន​ខ្មែរ​ដែល​ចេះ​សាមគ្គី​គ្នា ដោយ​ការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹក​ដី​ខ្មែរ។ លោក​បាន​បន្ត​ថា លោក សម រង្ស៊ី ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​អ្វីៗ​ជា​កេរ​ដំណែល​ខ្មែរ។ លោក​បាន​បន្ត​ទៀត​ថា សូម​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ និង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យុវជន​ខ្មែរ។
លោក រិន សារ៉ាន់៖ «គាត់​ជា​មនុស្ស​ល្អ ហើយ​ចេះ​ជួយ​ខ្មែរ ស្រឡាញ់​ទឹក​ដី ស្រឡាញ់​អ្វីៗ​ជា​កេរ​ដំណែល​ខ្មែរ។ ខ្ញុំ​សូម​សំណូមពរ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ​យើង។ យើង​មើល​ឃើញ​ថា សព្វថ្ងៃ​ប្រជាជន​សព្វថ្ងៃ មាន​ការ​លំបាក​ច្រើន មាន​ការ​លំបាក​ទាំងអស់ ទាំង​ការ​សិក្សា ទាំង​អ្វី​ទាំងអស់​សុទ្ធ​លំបាក»
យុវជន​ម្នាក់​រស់នៅ​សង្កាត់​ទួលសង្កែ លោក ទិន នី ដែល​បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ពេល​នេះ។ មិន​តែ​ប៉ុណ្ណោះ គាត់​ថែម​ទាំង​បង្ហាញ​ពី​តួអង្គ លោក សម រង្ស៊ី ថា​ជា​បុគ្គល​ស្នេហា​ជាតិ​យ៉ាង​ពិត​ប្រាកដ។ លើស​ពី​នេះ​ទៀត លោក ទិន នី សូម​សំណូមពរ​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ប្រទេស​ជាតិ ដើម្បី​ជីវិត​ថ្មី៖ «បាទ! លោក​ប្រធាន សម រង្ស៊ី គាត់​ជា​មនុស្ស​អ្នក​ស្នេហា​ជាតិ អ្នក​ជាតិ​និយម​ពិត​ប្រាកដ។ គាត់​ជា​អ្នក​ប្រជាធិបតេយ្យ ហើយ​គាត់​ជា​វីរបុរស​អង់អាច​ក្លាហាន តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ។ ចុង​ក្រោយ​នេះ ខ្ញុំ​សូម​សំណូមពរ​គ្រប់​យុវជន​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ពីព្រោះ​ខ្មែរ​យើង​កំពុង​តែ​រួបរួម​គ្នា​ចាប់​ដៃ​គ្នា​ហើយ ហើយ​ចាប់​ផ្ដើម​សាង​ជីវិត​ថ្មី​សាង​សង្គម​ថ្មី​ទាំងអស់»
ស្រដៀង​គ្នា​នេះ អ្នក​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី វ៉ាន់ ណី ដែល​បាន​ឈរ​រាំ​លើ​ម៉ូតូ ដោយ​លើក​ដៃ​ម្រាម​ប្រាំពីរ​ជា​សញ្ញា​នៃ​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ចំពោះ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី។ លោកស្រី​បាន​បន្ត​ថា នេះ​ជា​ឱកាស​ដែល​គាត់​អាច​បញ្ចេញ​សេចក្តី​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ លោកស្រី​បន្ត​ថា ការ​ចូលរួម​របស់​លោកស្រី​នៅ​ពេល​នេះ មិន​មាន​ការ​បង្ខំ​ពី​នរណា​នោះ​ទេ គឺ​ដោយ​ស្ម័គ្រ​ចិត្ត ពីព្រោះ លោក សម រង្ស៊ី ជា​មនុស្ស​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មិន​មែន​ជា​ប្រជាធិបតេយ្យ​ដែល​មាន​តែ​នៅ​លើ​ក្រដាស​ដូច​សព្វថ្ងៃ​នោះ​ទេ។
លោកស្រី​ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាជន​ខ្មែរ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម៖ «ខ្ញុំ ​មាន​អារម្មណ៍​រំភើប​រីករាយ​ណាស់​អូន។ ខ្ញុំ​រង់ចាំ​ថ្ងៃ​ហ្នឹង​យូរ​មក​ហើយ ដែល​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់ និង​សេចក្តី​ក្លាហាន​ចំពោះ​ខ្លួន​ឯង​ទាន់​ប្រជារាស្ត្រ​ទូទាំង​ប្រទេស អ្នក​ខ្លះ​គ្នា​មិន​បាន​មក​ក៏​គ្នា​មាន​ការ​សោកស្ដាយ ដោយ​មិន​បាន​មក​ទទួល​ឯកឧត្តម សម រង្ស៊ី ដោយ​ផ្ទាល់»
សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា ថា ការ​ចូលរួម​របស់​លោក​ពេល​នេះ ដើម្បី​ញ៉ាំង​ឱ្យ​ដំណើរ​ការ​កាន់​តែ​អធិកអធម។ លោក​បន្ត​ទៀត​ថា ការ​ចូលរួម​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ជាតិ​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មិន​មែន​ថា​តែ​មាត់​នោះ​ទេ។
លោក​បញ្ជាក់​ទៀត​ថា គាត់​មាន​ការ​ពេញ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ ពិសេស​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​បញ្ហា​អត់​ការងារ​ធ្វើ​របស់​យុវជន៖ «ប្រជាធិបតេយ្យ​ថា​តែ​មាត់​ទេ តែ​អំពើ​ហិង្សា​នៅ​តែ​មក​លើ​ប្រជារាស្ត្រ​ដដែល ដូច​ឧទាហរណ៍​ជាក់ស្តែង​នៅ​បឹងកក់ សំបុកចាប។ល។ ហើយ​ណា​មួយ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ចូល​មក​នេះ​អបអរ​សាទរ​ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់​អ៊‍ឹកអធឹក។ មូលហេតុ​ខ្ញុំ​ពេញ​ចិត្ត​នឹង​បក្ស​សង្គ្រោះ​ជាតិ ព្រោះ​ខ្ញុំ​ឃើញ​ជាក់ស្តែង​បញ្ហា​ទី​មួយ ជន​អន្តោប្រវេសន៍ ព្រោះ​ឃើញ​ជន​អន្តោប្រវេសន៍​ហ្នឹង​ចូល​មក​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត ដោយសារ​រដ្ឋ​អំណាច​យើង​បើក​ឱ្យ​ចូល ក៏ប៉ុន្តែ​បើ​ខ្មែរ​យើង​ចូល​វិញ ត្រូវ​មាន​ច្បាប់​ត្រឹមត្រូវ​បាន​បើក​ឱ្យ​ចូល»
សន្ទុះ​ចិត្ត​ក្នុង​ការ​ចូលរួម​របស់​ប្រជាជន​យ៉ាង​កុះករ និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ក្នុង​ការ​ទទួល​ស្វាគមន៍​ចំពោះ​មាតុភូមិ​ និវត្តន៍​របស់ លោក សម រង្ស៊ី ពេល​នេះ ត្រូវ​បាន​គេ​ចាប់​មើល​ឃើញ​តាំង​ពី​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ជា​ផ្លូវ​ការ​ដល់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១២ កក្កដា មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

you call this madness weaknesses gay rainsy a hero!! ? i can measure the moon the sky and planet and the sun but i cant understand the madness of thepeople motion. said sir issac newton. rainsy weak mad and no quality for leadership at all he rainsy never achieved anything in life. isnt it true?. from 1975 to 1985 khmer in savage suffer hunger rainsy lived and spen his father corrupted money in paris. wasnt it right ?. 1993 we are at peace . rainsy show up and cliam himeself a khmer compatroit. and hun sen slave youn traitor. doese it make any sense to you ? no right ?. if this weakness rainsy win all khmer are supper ignorance. and i will stop all my investment. wasnt it fair ?. mike