A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 June 2013

Thousands of CNRP members in Prey Veng ready to be Kem Sokha's witness for a lawsuit lodged by a woman claiming to be his mistress សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​​នាក់​ត្រៀម​ធ្វើ​សាក្សី​ឲ្យ​លោក កឹម សុខា

ដោយ ដែន អយុធ្យា RFA
2013-06-25
សកម្មជន សង្គ្រោះ​ជាតិ ព្រៃវែង ៣០៥
សមាជិក​បក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់ ជួប​ជុំ​គ្នា​នៅ​ក្រុង​ព្រៃវែង ត្រៀម​ធ្វើ​សាក្សី​ឲ្យ​លោក កឹម សុខា លើ​បណ្ដឹង​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthyea
ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ពាន់​នាក់​នា​បរិវេណ​ទីលាន​បាល់​ទាត់​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា បើ​តុលាការ​ខេត្ត​ព្រៃវែង ពិត​ជា​ចោទ​ប្រកាន់​លោក កឹម សុខា ទៅ​តាម​បណ្ដឹង​របស់​ស្ត្រី​ឈ្មោះ សំ ផល្លា តាម​ការ​ចោទ​មែន​នោះ នោះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង រាប់​ពាន់​នាក់​ត្រៀម​ធ្វើ​សាក្សី​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ។
លោក​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្ដិត​ស្នាម​មេដៃ​ត្រៀម​ឲ្យ​ធ្វើ​សាក្សី​ជូន​លោក កឹម សុខា ជា​ស្រេច៖ «ចោទ ​ប្រកាន់​ទៅ​លើ​ឯកឧត្ដម កឹម សុខា ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត គាត់​ទាមទារ​ឲ្យ​ពួក​យើង​ខ្ញុំ​រៀបចំ​កម្មវិធី​មួយ ដើម្បី​ឲ្យ​គាត់​ឡើង​សម្ដែង​មតិ​យោបល់ ហើយ​ពួកគាត់​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​សាក្សី​ការពារ​ឯកឧត្ដម កឹម សុខា គឺ​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​សាក្សី ហើយ​គាត់​នឹង​ប្រគល់​ឈ្មោះ និង​ស្នាម​មេដៃ​នៅ​ពេល​ក្រោយ...»
កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ពិធី​ជួប​ជុំ​សមាជិក​គាំទ្រ​មួយ​នៅ​ខេត្ត​ព្រៃវែង ដោយ​នៅ​ក្នុង​ពិធី​នោះ មាន​ស្ត្រី​ឈ្មោះ សំ ផល្លា ​ត្រូវ​ជា​ម្ដាយ​របស់​ស្ត្រី​ឈ្មោះ កែវ សុផានារី ដែល​អះអាង​ថា ជា​អតីត​ស្រី​កំណាន់​លោក កឹម សុខា បាន​ចូល​រំខាន​វេទិកា​ជួបជុំ និង​បាន​​ចោទ​អង្គរក្ស​របស់​លោក​ថា បាន​​​ប្រើ​អំពើ​ហិង្សា​ឲ្យ​ស្ត្រី​ឈ្មោះ សំ ផល្លា រង​របួស​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​មាន​​​គ្រូពេទ្យ​ និង​​​សមាជិក​គណបក្ស​ប្រជាជន​ជួយ​ទំនុកបម្រុង​បំផុត។

ទោះ​យ៉ាង​ណា​ការ​ចោទ​នេះ​ លោក កឹម សុខា និង​អង្គរក្ស បាន​បដិសេធ​ថា ជា​ការ​មួលបង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ ​​ហើយ​​​​​អះអាង​ថា ស្ត្រី​ពីរ​នាក់​នោះ​​មិន​បាន​ចូល​មក​ក្បែរ​ពិធី​ជួបជុំ​របស់​បក្ស​សង្គ្រោះ ​ជាតិ​ទេ ព្រោះ​ត្រូវ​សន្តិ​សុខ​ហាម​ឃាត់។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ក៏​មិន​មាន​ការ​ប្រតាយប្រតប់​អ្វី​ដែរ៖ «បង្ខូច​បង្កាច់​អត់​ មាន​អី​សោះ​ហ្នឹង​ណា! វា​ដើរ វា​ចេញ​ទៅ​វិញ ហើយ​អង្គរក្ស​អត់​មាន​ទៅ​ជិត​វា​ផង។ ខ្ញុំ​យល់​ឃើញ​ថា ពេល​វេលា​បោះ​ឆ្នោត​ជិត​ដល់​ហើយ គេ​ចេះ​តែ​បង្កើត​កកូរកកាយ បង្កើត​រឿង ប្រឌិត​រឿង។ អត់​ឈប់​ឈរ អស់​ពី​រឿង​មួយ​ដល់​រឿង​មួយ​ទាំង​អស់»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​ព្រៃវែង និង​ដើម​បណ្ដឹង​អ្នកស្រី សំ ផល្លា ដើម្បី​បំភ្លឺ​ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​លោក កឹម សុខា បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា មន្ត្រី​តុលាការ​សាលា​ដំបូង​ខេត្ត​ព្រៃវែង សុំ​មិន​ប្រាប់​ឈ្មោះ​ម្នាក់​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា សំណុំ​រឿង​ប្រើ​​ហិង្សា​ទៅ​លើ​ស្ត្រី​ឈ្មោះ សំ ផល្លា បាន​មកដល់ដៃ​តុលាការ​ហើយ ហើយ​ថា សំណុំ​រឿង​នោះ ដើម​បណ្ដឹង​ប្ដឹង​ថា អង្គរក្ស​លោក កឹម សុខា បង្ក​ហិង្សា​ទៅ​លើ​ខ្លួន។
​យ៉ាង​ណា​ក៏ដោយ តុលាការ​មិន​ទាន់​កំណត់​ថា នឹង​កោះ​ហៅ​ដើម​ចោទ និង​ចុង​ចម្លើយ​ ដើម្បី​សាក​សួរ​នៅ​ពេល​ណា​​ឲ្យ​ពិត​ប្រាកដ​ទេ។
ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​សមាជិក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ក្រុម​ប្រជាពលរដ្ឋ​បាន​ប្តេជ្ញា​ថា នឹង​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី​ជូន​លោក កឹម សុខា បើ​តុលាការ​ចោទ​ប្រកាន់​រូប​លោក៖ «សូម​ឲ្យ​បង​ប្អូន​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​សវនាការ សូម​បង​ប្អូន​ទាំង​អស់​ជួយ​ធ្វើ​សាក្សី​ជូន​ឯកឧត្ដម កឹម សុខា ឬ​អត់​ហ៊ាន​ធ្វើ​សាក្សី​ទេ។ ហ៊ាន​ធ្វើ​សាក្សី​ច្រើន​ពាន់​ម៉ឺន​នាក់ រហូត​ដល់​រាប់​សែន​នាក់»
ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក សុខ កល្យាណ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​មក​ថា ករណី​​ប្រើ​ប្រាស់​ហិង្សា​លើ​ស្ត្រី​ឈ្មោះ សំ ផល្លា ជា​ករណី​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក កឹម សុខា បាន​ប្រើ​អង្គរក្ស​វាយ​លើ​ស្ត្រី​នោះ​មែន លោក កឹម សុខា អាច​ជាប់​ពន្ធនាគារ​រយៈពេល​ពី​មួយ​ឆ្នាំ​​ទៅ ៣​ឆ្នាំ។
ទោះ​យ៉ាង​ណា​​ លោក យ៉ែម បុញ្ញឫទ្ធិ បាន​អះអាង​ថា រូប​លោក​ក៏​ស្ថិត​នៅ​វេទិកា​នោះ​ដែរ នៅគ្រា​ស្ត្រី​ពីរ​នាក់​នោះ​​មាន​បំណង​ចូល​រំខាន​វេទិកា​ជួប​ជុំ​សកម្មជន​ គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។ ហើយ​លោក​អះអាង​ថា នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា នោះ ក៏​មិន​​​កើត​រឿង​​ប្រតាយប្រតប់​អ្វី​ទៅ​លើ​ស្ត្រី​ឈ្មោះ សំ ផល្លា ដែល​មាន​បំណង​ចូល​មក​ឆាឆៅ​ក្នុង​វេទិកា​​​នោះ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

alright, the good games will start soon,,

i want to see, i want to hear, awesome