A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 June 2013

Opposition MPs denounced MPs from the ruling CPP for sacking them from the parliament តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថ្កោលទោស​រដ្ឋសភា​ថា​គ្មាន​តម្លាភាព

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា កាល​ពី​ថ្ងៃ​សុក្រ ទី៧ មិថុនា ថា រដ្ឋសភា​បាន​ដក​តួនាទី​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចំនួន ២៩​រូប ដោយសារ​តំណាង​រាស្ត្រ​ទាំង​នោះ​បាន​ផ្តាច់​ខ្លួន​បង្កើត​គណបក្ស​សង្គ្រោះ​ ជាតិ។
ដោយ យន់ សាមៀន RFA
2013-06-08
តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩
RFA/Sok Serey
ការ​ដក​តួនាទី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ស្ងាត់ៗ​នេះ ធ្វើ​ឡើង​ចំ​ពេល​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​កាត់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា យុទ្ធនាការ​ប្រឆាំង​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​ដើម្បី​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង មុន​ការ​រៀបចំ​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​រដ្ឋសភា​ដែល​បាន​បណ្ដេញ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ២៩​រូប មក​ពី​គណបក្ស សម រង្ស៊ី និង សិទ្ធិ​មនុស្ស ដោយ​គ្មាន​តម្លាភាព។
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក ជា ប៊ូច មាន​ប្រសាសន៍​ថា រដ្ឋសភា​បាន​រំលោភ​ច្បាប់​ដែល​បាន​បណ្ដេញ​តំណាង​រាស្ត្រ​ដោយ​ស្ងាត់ៗ ហើយ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ជូន​ដំណឹង​ឲ្យ​តំណាង​រាស្ត្រ ដែល​បាន​បាត់​បង់​តំណែង​ដឹង​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋសភា។
ប្រតិកម្ម​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​កិច្ចការ​បរទេស​នៃ​ រដ្ឋសភា លោក ឈាង វុន បាន​ប្រាប់​អង្គ​សភា កាល​ពី​ថ្ងៃ​សុក្រ ថា រដ្ឋសភា​មិន​អាច​ទទួល​ការ​ស្នើសុំ​អ្វី​ទាំងអស់​ពី​គណបក្ស​ប្រឆាំង ដោយសារ​តែ​តំណាង​រាស្ត្រ​គណបក្ស​ត្រូវ​បាន​បញ្ចប់​តួនាទី​ក្នុង​រដ្ឋសភា។
លោក ជា ប៊ូច នៅ​តែ​អះអាង​ថា ទាំង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មិន​បាន​ដឹង​ព័ត៌មាន​ទាំង​ស្រុង​ពី​រដ្ឋសភា ដែល​បាន​សម្រេច​ដក​ហូត​តួនាទី​របស់​ពួក​គេ៖ «ខ្ញុំ​យល់​ឃើញ​ថា សភា​សព្វថ្ងៃ​នេះ គាត់​ធ្វើ​អ្វី​មួយ​ឲ្យ​តែ​ចិត្ត​ចង់ ធ្វើ​មិន​ស្រប ឬ​ស្រប​ច្បាប់​ក៏ដោយ»
តំណាង​រាស្ត្រ​សភា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​បុគ្គល​ទាំង​ឡាយ​មិន​ទទួល​ស្គាល់​ ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្ដី​ស្នើ​ច្បាប់​ដែល​មាន ៥​មាត្រា​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​រយៈពេល ២​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្នើ​ច្បាប់​នេះ​ឡើង។

តំណាង​រាស្ត្រ​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ដោយ​ឯកច្ឆន្ទ ៨៦ លើ ៨៦ ដោយ​គ្មាន​ការ​ចូលរួម​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។
ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មាត្រា​២ ចែង​ថា រាល់​ការ​មិន​ទទួល​ស្គាល់ ឬ​ការ​សម្រាល ឬ ការ​បដិសេធ​ឧក្រិដ្ឋកម្ម​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ផ្ដន្ទាទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ជា​អ្នក​ស្នើ​ច្បាប់​ព្រមាន​ថា ប្រសិន​បើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បុគ្គល​ណា​មួយ​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។
សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ច្បាប់​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​ របប​កម្ពុជា​ប្រជាធិបតេយ្យ គ្មាន​សុពលភាព​ឡើយ ដោយសារ​តែ​រដ្ឋសភា​អស់​សុពលភាព ដោយសារ​សភា​បច្ចុប្បន្ន​គ្មាន​តំណាង​រាស្ត្រ​គ្រប់​ចំនួន ១២៣​នាក់។ គណបក្ស​នេះ​បាន​សម្ដែង​ការ​ខក​ចិត្ត ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋសភា បដិសេធ​មិន​ព្រម​ពន្យារ​ពេល​អនុម័ត​ច្បាប់ ដើម្បី​សិក្សា​ឲ្យ​គ្រប់គ្រាន់។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទង្វើ​របស់​រដ្ឋសភា​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ ដែល​បាន​ជ្រើស​រើស​តំណាង​រាស្ត្រ​ទាំង ២៩​រូប។ លោក​បន្ត​ថា គ្មាន​ច្បាប់​ណា​អាច​រំលាយ​សមាជិក​ភាព​របស់​តំណាង​រាស្ត្រ​ឡើយ លុះត្រា​តែ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។
ការ​អនុម័ត​ច្បាប់​ថ្មី​ចំ​ពេល​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធាន​គណបក្ស លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត នៅ​ប្រទេស​សិង្ហបុរី នៅ​ដើម​សប្ដាហ៍​នេះ។ លោក កឹម សុខា បាន​មក​ដល់​ប្រទេស​កម្ពុជា វិញ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ដោយ​មាន​ក្រុម​កង​ការពារ​សន្តិសុខ​ខ្ពស់។ លោក​មិន​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ឡើយ។
ការ​ប្រុង​ប្រយ័ត្ន​សន្តិសុខ លោក កឹម សុខា ដោយសារ​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ប្រមាណ ២​ម៉ឺន​នាក់ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ចំពោះ​អត្ថាធិប្បាយ​លោក​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម។
សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​នៅ​ប្រទេស​សិង្ហបុរី បញ្ជាក់​ថា នយោបាយ​ញុះញង់​ពី​សំណាក់​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​បង្ក​ឲ្យ​មាន​ការ​រើសអើង ដែល​មិន​អាច​ឲ្យ​ប្រទេស​កម្ពុជា មាន​ស្ថិរភាព និង​សន្តិភាព។ គណបក្ស​នេះ​ប្រកាស​ជំហរ​គណបក្ស​ថា​នឹង​ប្រកាន់​គោល​នយោបាយ​ឯកភាព​ជាតិ បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: