A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

Hun Sen: There are less than 4.5 million Vietnamese living in Cambodia [So he means to say that there are 4.499 million Vietnamese living in Cambodia?] លោក ហ៊ុន សែន៖ វៀតណាម​នៅ​កម្ពុជា​មាន​មិន​ដល់​៤,៥​លាន​នាក់ [ដូច្នេះលោក ហ៊ុន សែន ចង់មានន័យថាគឺមានយួន ៤ លាន ៤ សែន ៩ ម៉ឺន ៩ពាន់ រស់នៅប្រទេសកម្ពុជាឬ?]

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​ថា ចំនួន​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​មិន​ដល់ ៤,៥​លាន​នាក់​ដូច​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​បាន​និយាយ​នោះ​ទេ។
ដោយ វណ្ណ វិចារRFA
2013-06-19
វៀតណាម កំពង់ឆ្នាំង ៣០៥
៩-កញ្ញា-២០១២៖ ជន​ជាតិ​វៀតណាម ធ្វើ​ដំណើរ​តាម​ទូក​នៅ​តំបន់​ឆ្នុកទ្រូ ក្នុង​ខេត្ត​កំពង់ឆ្នាំង។
RFA/Mom Sophon 
បញ្ហា​ជន​អន្តោប្រវេសន៍​វៀណាម គឺ​ជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​អ្នក​​នយោបាយ​ខ្មែរ​​តែង​លើក​ឡើង​​​​រាល់​​ពេល ​បោះ​ឆ្នោត​ម្ដងៗ។ ចំណែក​បក្ស​ប្រឆាំង​តែង​តែ​ប្រកាស​គោលនយោបាយ​ថា ខ្លួន​នឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង​នៅ​​ពេល​​ឈ្នះ​ ឆ្នោត។
ចំនួន​ស្ថិតិ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ​ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​យក​មក​ប្រើ​ ដើម្បី​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ហាញ​ពី​ទឹក​ចិត្ត​ជាតិ​និយម។ ដើម្បី​វាយ​បក​បក្ស​ប្រឆាំង​វិញ លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៩ ខែ​មិថុនា ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​មួយ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បញ្ជាក់​ថា ចំនួន​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រិះគន់​ថា ប្រទេស​កម្ពុជា សំបូរ​ទៅ​ដោយ​ជនជាតិ​វៀតណាម រហូត​ដល់​និយាយ​ថា កម្ពុជា​មាន​ជនជាតិ​វៀតណាម ៤,៥​លាន​នាក់​កំពុង​តែ​រស់​នៅ​និង​ប្រកប​របរ​រក​ស៊ី។ លោក​ចាត់​ទុក​ថា អ្នក​ដែល​និយាយ​ថា វៀតណាម​មាន​ចំនួន​ជាង ៤​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​អ្នក​ដែល​ប្រកាន់​ពូជ​សាសន៍ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ ចម្លង​ខ្សែ​អាត់​សំឡេង​យក​ទៅ​ចែក​ជូន​គ្រប់​ស្ថានទូត​បរទេស​ទាំង​អស់​ទៀត​ ផង។
លោក ហ៊ុន សែន៖ «លោក​ឯង​ស្វែង​រក​ណាស់​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​ អំណាច ដែល​មាន​រឿង​មិន​ពិត​ប្រឌិត​ទៅ​ជា​រឿង​ពិត ដូចជា​អាណិកជន​វៀតណាម មាន​មិន​ដល់ ១០​ម៉ឺន​នាក់​ផង គេ​ថា វៀតណាម​មាន​រហូត​ដល់​ជាង ៤​លាន​កន្លះ។ បើ​អ៊ីចឹង​មាន​ប្រហែល​ជា​នៅ​អង្គស្នួល​ហ្នឹង​មាន​មិន​តិច​ទេ បើ​ដូច្នោះ​លោក​យាយ​ជា​វៀតណាម។ គេ​ថា គ្រប់​ភូមិ​ទាំង​អស់​មាន ឃុំ​ទាំង​អស់​មាន អ៊ីចឹង​កូនៗ​សិស្ស​ទាំង​អស់ និង​លោកគ្រូ​អ្នកគ្រូ សុទ្ធតែ​យួន​ទាំង​អស់។ ខូច​ម្ល៉េះ! ៤​លាន​កន្លះ​ច្រើន​ណាស់ ស្មើ​នឹង​ប្រជាជន​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា មាន​មន្ត្រី​ណា​ម្នាក់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និយាយ​ថា វៀតណាម​នៅ​ស្រុក​ខ្មែរ​មាន​ចំនួន​ជាង ៤​លាន់​នាក់​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន តែង​លាប​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ដូច​ជា​ការ​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដឹកនាំ​ប្រទេស​តាម​របៀប ប៉ុល ពត ជាដើម។
លោក​បន្ត​ថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម បាន​បង្ក​បញ្ហា​ជា​ច្រើន ដូចជា​អំពើ​អសន្តិសុខ​សង្គម បញ្ហា​រំលោភ​បំពាន​ព្រំដែន និង​ការ​ដណ្ដើម​មុខ​របរ​រក​ស៊ី​របស់​ខ្មែរ​ជាដើម។ លោក​បញ្ជាក់​ថា  គណបក្ស​ប្រជាជន​កម្ពុជា មាន​កិច្ចសន្យា​ពិសេស​ជាមួយ​ភាគី​វៀតណាម តាំង​ពី​ឆ្នាំ​១៩៧៩ ក្នុង​កិច្ច​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​វៀតណាម ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា។
លោក សុន ឆ័យ៖ «ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​របស់​ខ្មែរ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នូវ​គោលនយោបាយ​របស់​ខ្លួន​ថា ត្រូវ​តែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ ជនអន្តោប្រវេសន៍​ខុស​ច្បាប់ មិន​ថា ជនជាតិ​វៀតណាម ជនជាតិ​ចិន ជនជាតិ​ណា​នោះ​ទេ។ ដូច្នេះ​ចង់​បញ្ជាក់​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា ឲ្យ​លោក​អាន​នូវ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ជា​ផ្លូវ​ការ ដែល​អាច​ឲ្យ​នាយករដ្ឋមន្ត្រី​ជ្រាប​ឲ្យ​បាន​ច្បាស់លាស់​អំពី​អ្វី​ដែល​ គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង និង​អនុវត្ត​នៅ​ពេល​កាន់កាប់​រាជរដ្ឋាភិបាល ហើយ​យើង​នឹង​ធ្វើ​ការ​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​រួមរស់​នៅ​ប្រកប​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​វៀតណាម ផង​ដែរ»
លោក​បន្ត​ថា គណបក្ស​ប្រឆាំង​មិន​មាន​គោលនយោបាយ​ប្រឆាំង​នឹង​វៀតណាម ឬ​ប្រកាន់​ពូជសាសន៍​ឡើយ។
ទោះ​យ៉ាង​ណា​ក្តី សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៨ របាយការណ៍​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ជនជាតិ​វៀតណាម មាន​ចំនួន ៩​ម៉ឺន​នាក់។ របាយការណ៍​ឆ្នាំ​២០០៩ ចំនួន​ជនជាតិ​វៀតណាម រស់​លើ​ទឹក​ដី​ខ្មែរ​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ និង​របាយការណ៍​ឆ្នាំ​២០១០ បញ្ជាក់​ថា ជន​ជាតិ​វៀតណាម មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ទាន់​ជឿ​ស្ថិតិ​នោះ​នៅ​ឡើយ។
អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា គេ​មិន​អាច​ជឿ​បាន​ថា ជនជាតិ​វៀតណាម រស់​នៅ​ទឹក​ដី​កម្ពុជា មាន​ចំនួន ១០​ម៉ឺន​នាក់ ឬ​ក៏​មាន​ចំនួន ៤,៥​លាន​នាក់​នោះ​ទេ ហើយ​ក៏​មិន​អាច​មាន​នរណា​ម្នាក់​ប៉ាន់​ស្មាន​ព្រាវៗ​ថា មាន​ជនជាតិ​វៀតណាម ចំនួន​ប៉ុន្មាន​ដែល​កំពុង​រស់​នៅ និង​រក​ស៊ី​ក្នុង​ដី​ខ្មែរ​ឡើយ។
លោក​បន្ត​ថា តួលេខ​ដែល​អាច​ឲ្យ​គេ​ជឿ​បាន ពោល​គឺ​រាជរដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​មួយ​ជា​ មុន​សិន ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ច្រើន​រស់​នៅ​តំបន់​សេដ្ឋកិច្ច ហើយ​ពួកគេ​មាន​ចំណេះ​ដឹង​បច្ចេកទេស​ច្រើន​ជាង​ជនជាតិ​ខ្មែរ និង​នាំ​ឲ្យ​ជន​ជាតិ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​បន្ត​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង។
អ្នក​ជំនាញ​បញ្ហា​សង្គម​បញ្ជាក់​ថា លំហូរ​ជនជាតិ​វៀតណាម ចូល​ក្នុង​ប្រទេស​កម្ពុជា នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន ដូចជា​កង្វះ​ការងារ​ក្នុង​ប្រទេស បញ្ហា​អសន្តិសុខ​សង្គម​ប៉ះពាល់​ដល់​វប្បធម៌ និង​ជា​ពិសេស​ប៉ះពាល់​ដល់​បញ្ហា​នយោបាយ​ទៀត​ផង។ អ្នក​ជំនាញ​រំលឹក​ថា ឧបមា​ថា​ជនជាតិ​វៀតណាម បាន​កាន់​តំណែង​ធំ​ក្នុង​ស្រុក​ខ្មែរ ឬ​អាច​បោះ​ឆ្នោត​បាន នោះ​ពួក​គេ​នឹង​មាន​លទ្ធភាព​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ​ជំនួស​ជនជាតិ​ ខ្មែរ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ​ដូចជា​បញ្ហា​ការទូត និង​បញ្ហា​ព្រំដែន។
ជនជាតិ​វៀតណាម ចាប់​ផ្ដើម​មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី​សម័យ​បុរាណ។ ស្ត្រី​វៀតណាម​ខ្លះ​ថែម​ទាំង​បាន​ចង​សម្ពន្ធមេត្រី​ជាមួយ​មេដឹកនាំ​ធំៗ​នៃ​ ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​អោយ​មាន​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ផង។
ព្រឹត្តិការណ៍​លេចធ្លោ​ជាង​គេ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាក់ទង​ នឹង​រឿង​ឲ្យ​ដី​ទៅ​សាច់​ញាតិ​ជា​ជនជាតិ​វៀតណាម​នេះ កើត​ឡើង​នៅ​ដើម​សតវត្ស​ទី​១៧ ក្នុង​រាជ​របស់​ព្រះបាទ ព្រះ​ជ័យ​ជេស្ដា​ទី​២។ ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះបិតា​ក្មេក «ខ្ចី​ដី» ខេត្ត​កំពង់ក្របី ព្រៃនគរ ដើម្បី​បង្ហាត់​សេនា​ទាហាន​វៀតណាម។ ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈពេល ៥​ឆ្នាំ គ្រប់ ៥​ឆ្នាំ​ថា​នឹង​សង​ថ្វាយ​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​វៀតណាម បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ ឡើងៗ រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់ បាន​បោស​សំអាត​ជនជាតិ​វៀតណាម ម្ដង​ដែរ។
លុះ​ដល់​របប ប៉ុល ពត ដែល​ចាត់​ទុក​វៀតណាម ជា​សត្រូវ​របស់​ខ្មែរ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កម្ទេច​ជនជាតិ​វៀតណាម ស្ទើរ​អស់​គ្មាន​សល់។ លុះ​ដល់​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ពេល​ដែល​វៀតណាម គាំទ្រ​កងទ័ព​គណបក្ស​ចូល​រំដោះ​ទឹក​ដី​ខ្មែរ​ពី​កណ្ដាប់​ដៃ ប៉ុល ពត វៀតណាម​ក៏​បាន​ដាក់​ប្រជាជន​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​ថ្មី​ម្ដង​ ទៀត។ មិន​តែ​ប៉ុណ្ណោះ វៀតណាម​ក៏​បាន​ដាក់​ពង្រាយ​ជំនាញការ​ឲ្យ​ធ្វើ​ការ​ទូទាំង​ប្រទេស​ទៀត​ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: