A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

100 CNRP party sign boards were destroyed [by thugs from the ruling party] ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​១០០​ត្រូវ​បំផ្លាញ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ស្ថានការណ៍​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ថា​មាន​បរិយាកាស​អាប់អួរ និង​គំរាម​កំហែង​ជាង​អាណត្តិ​មុនៗ។ ប៉ុន្តែ ការ​អះអាង​នេះ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)។
ដោយ ដែន អយុធ្យា និង រដ្ឋា វិសាល RFA
2013-06-20
កឹម សុខា ៦១០
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​បក្ស​ក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthea
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ ជិត ១០០​ស្លាក​នៅ​ទូទាំង​ប្រទេស ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ។ ក្រៅ​ពី​នេះ លោក​ថា សកម្មភាព​ចុះ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​មូលដ្ឋាន​ក៏​ត្រូវ​រំខាន​ពី​សមាជិក​គាំទ្រ​គណបក្ស​ផ្សេង​រាប់​សិប​ករណី​ ទៀត។ លោក​ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស ក្នុង​ទីក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មិថុនា។
មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​វាយ​តម្លៃ​ក្នុង​សន្និសីទ​កាសែត​ថា សភាពការណ៍​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​រូបភាព​គំរាម​កំហែង​មក​លើ​សកម្មភាព​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ ប្រឆាំង៖ «ពាក់ព័ន្ធ​ពី​ភាព​មិន​ប្រក្រតី​នេះ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុនៗ គឺ​អត់​មាន​អី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​អាក្រក់​ដដែល ហើយ​មាន​ចំណុច​ខ្លះ​អាក្រក់​ជាង​មុន។ ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​មិន​មែន​មាន​ន័យ​ត្រឹម​ថា​អត់​សម្លាប់​គេ ឬ​អត់​មាន​អំពើ​ហិង្សា​ទេ។ លក្ខណៈ​ដែល​ហៅ​ថា​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ យុត្តិធម៌ គេ​រាប់​តាំង​ពី​ការ​មិន​រំខាន​ដល់​សកម្មភាព​របស់​គណបក្ស​នយោបាយ​ដទៃ​ទៀត។ ការ​មាន​ស្មើ​ភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ការ​មិន​យក​អំណាច​រដ្ឋ​យក​ទៅ​គាប​សង្កត់​ទៅ​ប៉ះពាល់​ដល់​សកម្មភាព​គូ​ ប្រកួត​របស់​ខ្លួន។ ហ្នឹង​ហើយ ទាំងអស់​ហ្នឹង​សុទ្ធ​តែ​ជា​ភាព​មិន​ប្រក្រតី ដែល​នៅ​មាន​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ»

ការ​អះអាង​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បែប​នេះ កើត​ឡើង​នៅ​គ្រា​កាល​បរិច្ឆេទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី៥ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣។
ថ្លែង​ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​មុន​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​ដំណើរ​ការ​ល្អ​ជាង​អាណត្តិ​បោះឆ្នោត​មុនៗ ព្រោះ​មិន​មាន​អំពើ​ហិង្សា ឬ​ឃាតកម្ម​កើត​មាន​ទៅ​លើ​សកម្មជន​គណបក្ស​ណា​មួយ​ទេ៖ «ដំណើរ​ការ​បោះឆ្នោត ​នៅ​ឆ្នាំ​នេះ យើង​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព និង​ដំណើរ​ការ​ហ្នឹង​រលូន។ អ៊ីចឹង​ទេ សូម​មេត្តា​រួម​គ្នា​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​នៃ​ការ​បោះឆ្នោត​នេះ​ បន្ត​ទៀត ជា​ពិសេស​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​នេះ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​រលូន​ល្អ ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត»
លោក ទេព នីថា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ស្ថានការណ៍​មុន​ការ​បោះឆ្នោត​មាន​រូបភាព​ អាក្រក់​ជាង​អាណត្តិ​បោះឆ្នោត​មុនៗ​ជា​រឿង​មិន​ពិត។
ទោះ​យ៉ាង​ណា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​រយៈពេល​មួយ​យប់ គឺ​យប់​ថ្ងៃ​ទី១៨ ខែ​មិថុនា មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ជាង ២០​ស្លាក ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ និង​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ជួយ​អន្តរាគមន៍៖ «បាញ់​ស្ពាយ​លុប​អក្សរ​ត្រង់ ​ពាក្យ​សង្គ្រោះ​ជាតិ ហើយ​មុខ​ឯកឧត្តម សម រង្ស៊ី និង កឹម សុខា ប្រឡាក់​មុខ​អស់។ យើង​មើល​អត់​ឃើញ​ភ្នែក​មុខ​ជាដើម។ ទាញ​រំលំ​ស្លាក អា​ខ្លះ​បាក់​ត្រឹម​ជើង»
បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ក៏​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បណ្ដឹង​លើ​ករណី​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ពិត​មែន។ ហើយ​ថា ករណី​នេះ​ជន​ល្មើស​បាន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​មាន​ការ​លំបាក​ដល់​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជន​ល្មើស។
ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) ក៏​បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​មុន​ការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ពិត​ជា​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​ទទួល​ស្គាល់​ថា សកម្មភាព​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មាន​ការ​រំខាន​ពី​សមាជិក​គាំទ្រ​ គណបក្ស​ផ្សេង។ ហើយ​ថា ករណី​នេះ​បើ​រាជ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច ស្ថាប័ន​ពាក់ព័ន្ធ មិន​មាន​វិធាន​ការ​ទប់ស្កាត់​ទេ អាច​នឹង​កើត​មាន​អំពើ​ហិង្សា​រវាង​សមាជិក​គាំទ្រ​គណបក្ស​និមួយៗ​នៅ​តាម​ មូលដ្ឋាន។
លោក ហង្ស ពុទ្ធា៖ «មាន​ការ​រំខាន​គ្នា ពិសេស គឺ​គណបក្ស​ជំទាស់​ហ្នឹង​ច្រើន​តែ​រង​នូវ​ការ​រំខាន។ ហើយ​ជា​ទូទៅ យើង​ឃើញ​ថា បរិយាកាស​នយោបាយ​កាន់​តែ​ឡើង​កម្ដៅ​ជាង​មុន ដោយសារ​តែ​សកម្មជន​នៃ​គណបក្ស​ទាំង​សង​ខាង​នេះ ហាក់​បី​ដូច​ជា​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​មុន​ការ​កំណត់​របស់ គ.ជ.ប។ ហើយ​ទី២ ការ​ផ្គើន​ដាក់​គ្នា​ហ្នឹង គឺ​មិន​បាន​គិតគូរ​ដល់​ច្បាប់ ឬ​ក៏​គោរព​នូវ​នីតិវិធី​នៃ​ការ​បោះឆ្នោត​ទេ»
ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៩.០០៩​ការិយាល័យ។ ការ​បោះឆ្នោត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។

អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​លើក​ស្លាក​សញ្ញា

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​នៅ​ខេត្ត​រតនគិរី បង្ខំ​ឲ្យ​រុះរើ​ចេញ និង​មួយ​កន្លែង​ទៀត អាជ្ញាធរ​មិន​យល់​ព្រម​ឲ្យ​លើក​នៅ​ទី​សាធារណៈ។
ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក រិន កញ្ញា មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​មិថុនា ថា មេ​ឃុំ​ត្រពាំងក្រហម បាន​បង្ខំ​ឲ្យ​លោក​រុះរើ​ស្លាក​សញ្ញា​មួយ​កន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ ចំណុច​ជិត​វិទ្យាល័យ​ត្រពាំងក្រហម។ ចំណែក​មេ​ឃុំ​ត្រពាំងច្រេស បដិសេធ​មិន​ឲ្យ​លោក​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ផ្លូវ​បំបែក​ចូល​ភូមិ​ សិរីមង្គល ដែល​ជា​ទី​សាធារណៈ​នោះ​ឡើយ។
លោក​បន្ត​ថា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​ដល់​មន្ត្រី​មូលដ្ឋាន ​ទាំង​ពីរ​រួច​ហើយ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​មន្ត្រី​ឃុំ​ទាំង​ពីរ​មាន​ចេតនា​ធ្វើ​ឲ្យ​រំខាន និង​រើសអើង​ក្នុង​ការ​លើក​ស្លាក​សញ្ញា​នេះ៖ «ទង្វើ​របស់​អាជ្ញាធរ​ដែល​ គាត់​ធ្វើ​នេះ ស​បញ្ជាក់​បង្ហាញ​ថា មិន​មាន​ភាព​អព្យាក្រឹត្យ បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ផ្សេង ដើម្បី​បង្ហោះ​រូប​សញ្ញា​របស់​គណបក្ស។ គាត់​បង្ក​បរិយាកាស​នយោបាយ​ធ្វើ​ឲ្យ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​ នយោបាយ​ផ្សេង»
ឆ្លើយ​តប​ការ​អះអាង​នេះ មេ​ឃុំ​ត្រពាំងក្រហម លោក ឯម អឿន មាន​ប្រសាសន៍​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​តម្រូវ​ឲ្យ​រុះរើ​ស្លាក​សញ្ញា​នោះ​ចេញ ដោយសារ​តែ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លើក​ស្លាក​សញ្ញា​ខុស​កន្លែង​ដែល​មន្ត្រី​គណបក្ស​នេះ​បាន​ជូន​ដំណឹង​មក​ អាជ្ញាធរ​ឃុំ។
យ៉ាង​នេះ​ក្តី លោក រិន កញ្ញា បាន​បញ្ជាក់​ថា លោក​មិន​យល់​ព្រម​រុះរើ​ស្លាក​នោះ​ចេញ​ទេ។ ចំណែក​ស្លាក​សញ្ញា​មួយ​កន្លែង​ទៀត ក៏​បាន​លើក​រួច​ហើយ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បែប​ណា​ពី​មន្ត្រី​ឃុំ​នៅ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: