A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 June 2013

Hun Sen: Cambodia would descend into choas if the Cambodian People's Party loses the election លោក ហ៊ុន សែន៖ កម្ពុជា​នឹង​វឹកវរ​បើ​សិន​បក្ស​ប្រជាជន​ចាញ់​ឆ្នោត [ចុះសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន ជាដើមដែលគេដូររដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីជាញឹកញាប់នោះ ហេតុម្តេចក៏មិនមានសង្គ្រាម? នេះមានន័យថា ហ៊ុន សែន​ គឺជាអ្នកចង់ធ្វើសង្គ្រាម]

ជា​ថ្មី​ម្ដង​ទៀត លោក ហ៊ុន សែន ប្រកាស​ថា ប្រទេស​កម្ពុជា អាច​នឹង​មាន​ភាព​វឹកវរ ឬ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា វា​នឹង​មិន​អាច​ទៅ​រួច​ដូច​សម្ដី​លោក ហ៊ុន សែន បាន​និយាយ​នោះ​ឡើយ។
ដោយ ម៉ម មុនីរតន៍ RFA
2013-06-21
ហ៊ុន សែន ៦១០
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។
Photo: RFA 
នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត​ភ្ជាប់​ទៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី២១ មិថុនា លោក ហ៊ុន សែន បាន​និយាយ​អំពី​ប្រទេស​កម្ពុជា អាច​មាន​អស្ថិរភាព​នយោបាយ ហើយ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ។
លោក ហ៊ុន សែន ៖ «បើ​បោះ​មេ​ឃុំ​បោះ​រើស​មេ​ឃុំ​ខុស គ្រាន់​តែ​ឥទ្ធិពល​លើ​សេវា​ទេ លើ​សេវា​សាធារណៈ​នៅ​ក្នុង​ឃុំ​ហ្នឹង។ ហើយ​មេ​ឃុំ​ហ្នឹង​គេ​អាច​ងាយ​ដូរ​ទេ។ បក្ស​កាន់​អំណាច បក្ស​ណា​ដែល​មាន​មេ​ឃុំ​ហ្នឹង ឬ​ជំទប់​ហ្នឹង​ធ្វើ​មិន​ល្អ គេ​អាច​ឲ្យ​គាត់​លាលែង​ចេញ ហើយ​គេ​ដាក់​ឲ្យ​មនុស្ស​មក​ជំនួស​បាន​ភ្លាម។ ប៉ុន្តែ បោះឆ្នោត​ពេល​ខាង​មុខ គឺ​បោះឆ្នោត​ជ្រើស​រើស​បក្ស​នយោបាយ ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​តែ​ម្ដង។ ពាក់ព័ន្ធ​នឹង​ការ​ក្រឡាប់​ចាក់​នៃ​នយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស អន្តរាយ​ភ្លាម​តែ​ម្ដង។ អ៊ីចឹង​ទេ សង្ឃឹម​ថា​ប្រជាពលរដ្ឋ​របស់​យើង​បោះឆ្នោត​ពេល​ខាង​មុខ ទោះ​បី​ខ្ញុំ​ករុណា​ខ្ញុំ​មិន​ឈរ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏ប៉ុន្តែ​ខ្ញុំ​ករុណា​ខ្ញុំ ជា​តួ​អង្គ​បេក្ខជន​នាយក​រដ្ឋមន្ត្រី ហាក់​ដូច​ជា​បេក្ខភាព​សម្រាប់​មួយ​ប្រទេស​អ៊ីចឹង»
ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អស់​ជម្រើស និង​អស់​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង។ លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ជ្រើស​រើស​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​សង្គម ថា​នឹង​មាន​អស្ថិរភាព​នយោបាយ ដើម្បី​គំរាម​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។ លោក​គិត​ថា ព្រោះ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សង្គ្រាម និង​ព្រួយ​បារម្ភ​ខ្លាច​មាន​វិបត្តិ​ជា​ថ្មី​ឡើង​វិញ ទើប​លោក ហ៊ុន សែន ប្រើ​សារ​គំរាម​បែប​នេះ៖ «ប្រជាពលរដ្ឋ​ខ្មែរ​លោក​ធ្លាប់​រងគ្រោះ​ដោយ​ ក្រុម​ខ្មែរ​ក្រហម​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដល់​អ៊ីចឹង​ទៅ លោក​ធុញ​ទ្រាន់​នឿយ​ណាយ​មែន​ទែន​ពី​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ហ្នឹង»

អ្នកស្រី ជា វណ្ណាត អ្នក​វិភាគ​សង្គម​ឯករាជ្យ យល់​ឃើញ​ថា ដោយសារ​កម្ពុជា នៅ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នៅ​ឡើយ ហេតុ​នេះ​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹកនាំ​មួយ​អាច​ទំនង​នឹង​កើត​ឡើង។ ក៏ប៉ុន្តែ អ្នកស្រី​កត់​សម្គាល់​ថា ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ មេ​ដឹកនាំ​នីមួយៗ​គិតគូរ​យ៉ាង​ល្អិតល្អន់​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​ បញ្ចេញ​សារ​នយោបាយ​ជា​សាធារណៈ អំពី​គោល​នយោបាយ​របស់​ខ្លួន៖ «ហើយ​បើ​សិន​ ជា​ថា​អ្នក​នយោបាយ​ធំៗ​លោក​មាន​ប្រសាសន៍​ថា ខាង​មុខ​ច្បាស់​ជា​អ៊ីចឹង អា​ហ្នឹង​គឺ​ច្បាស់​ជា​អ៊ីចឹង​ហើយ។ បើ​ថា​ទេ ខាង​មុខ​មិន​អ៊ីចឹង​ទេ។ អា​ហ្នឹង​ខាង​មុខ​ច្បាស់​ជា​មិន​អ៊ីចឹង​ទេ។ ឥឡូវ​ដូច​ថា យើង​តែង​តែ​ថា បើ​ស្អី​ដែល​យើង​តាំង​ចិត្ត​ថា​យើង​ធ្វើ​បាន អា​ហ្នឹង​យើង​ធ្វើ​បាន​ហើយ។ ប៉ុន្តែ យើង​មិន​ទាន់​ធ្វើ​ផង ថា​យើង​ធ្វើ​មិន​បាន​ទេ អា​ហ្នឹង​យើង​ធ្វើ​ឥត​បាន​ទេ ព្រោះ​យើង​ថា​មុន​មិន​ទាន់​នឹង​ធ្វើ​ផង យើង​ថា​មុន​ហើយ យើង​ថា​ធ្វើ​មិន​បាន​ហើយ។ អា​ហ្នឹង​ប្រាកដ​ជា​ធ្វើ​មិន​បាន​ហើយ»
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នឹង​លុប​បំបាត់​គម្រោង​អភិវឌ្ឍន៍​នានា ដោយ​រួម​ទាំង​ឈប់​ធ្វើ​បុណ្យ​ក៏ដោយ ក៏ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ការ​អភិវឌ្ឍ​ជាតិ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល គឺ​ពុំ​មែន​ជា​រឿង​បុគ្គល​នោះ​ទេ។ ហើយ​រដ្ឋាភិបាល​ថ្មី​ទំនង​ជា​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​រដ្ឋាភិបាល​ បច្ចុប្បន្ន​ថែម​ទៀត។
កន្លង​មក ក្រុម​អ្នក​វិភាគ​សង្គម និង​នយោបាយ បាន​រិះគន់​ថា អ្នក​នយោបាយ​មក​ពី​គណបក្ស​កាន់​អំណាច មិន​បាន​បង្ហាញ​គោល​នយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ដែល​ខ្លួន​បម្រុង​ធ្វើ​ក្នុង​ពេល​ឈ្នះ​ឆ្នោត​ទេ ប៉ុន្តែ​តែងតែ​និយាយ​អំពី​សង្គ្រាម និង​ភាព​ចលាចល បើ​សិន​ជា​ខ្លួន​មិន​បាន​ឈ្នះ​ឆ្នោត ហើយ​កាន់​អំណាច ដើម្បី​បំភាន់ និង​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ភ័យ​ខ្លបខ្លាច​បោះឆ្នោត​គាំទ្រ​ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: