A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 June 2013

Cambodia game called "Asva The Monkey" selected to exhibit at International Game Expo in Los Angeles by American company named "One Hundred Percent Inde Project"ហ្គេម​ខ្មែរ"អាស្វា"​ជាប់​ជម្រើស​ក្នុង​ពិព័រណ៍​ហ្គេម​អន្តរជាតិ

Read about "Asva The Monkey" here.
 
ហ្គេម​​ឈ្មោះ «អាស្វា» ជា​ផលិតកម្ម​របស់​ក្រុម «ស្ទូឌីយោ​អស្ចារ្យ» ជា​ក្រុមហ៊ុន​ឯកជន​ឯករាជ្យ​មួយ​របស់​កម្ពុជា ​បាន​ជាប់​​ជម្រើស​ចូល​រួម​​​តាំង​ពិព័រណ៍​ហ្គេម​អន្តរជាតិ ​ប្រចាំ​​​ឆ្នាំ​​២០១៣ នៅ​​ទីក្រុង​ឡូសអេន្ជឡេស (Los Angeles) សហរដ្ឋអាមេរិក របស់​គម្រោង​ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ​ថា វ័នហាន់ឌ្រិត ភើសេន អិនឌី ប្រចិក (One hundred percent inde project)។
ដោយ វោហារ ជាតិ
2013-06-13
game_asva_305
លោក អៀ អ៊ុយ ប្រធាន​ក្រុមហ៊ុន អស្ចារ្យ​ស្ទូឌីយោ បង្ហាញ​ហ្គេម​ឈ្មោះ អាស្វា តាម​អាយផេត នៅ​ក្នុង​ក្រុមហ៊ុន នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១២។
RFA/Vohar Cheath
នេះ​ជា​លើក​ដំបូង​​ហើយ​ដែល​ហ្គេម អេឡិចត្រូនិក បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ត្រូវ​ដាក់​តាំង​បង្ហាញ​លើ​ឆាក​អន្តរជាតិ។
ប្រធាន​ក្រុមហ៊ុន «អស្ចារ្យ​ស្ទូឌីយោ» លោក អៀ អ៊ុយ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​​អាមេរិក​មួយ​ឈ្មោះ វ័នហាន់ឌ្រិត ភើសន អិនឌី ប្រចិក បាន​សម្រេច​ជ្រើសរើស​យក​ហ្គេម «អាស្វា» ដាក់​តាំង​​ក្នុង​ពិធី​ពិព័រណ៍​​ហ្គេម​មួយ នៅ​សហរដ្ឋអាមេរិក ហៅ​ថា អ៊ីស្រ៊ី (E3=Electronic Entertainment Expo)។ អ៊ីស្រ៊ី គឺ​​​ជា​ពិធី​តាំង​​ពិព័រណ៍​​ហ្គេម​កម្សាន្ត​អេឡិកត្រូនិក។
លោក​បាន​ថ្លែង​ដោយ​មោទនភាព​ថា ហ្គេម​ខ្មែរ អាស្វា គឺ​ជា​ហ្គេម​មួយ​​​ក្នុង​ចំណោម​ហ្គេម ៣០​ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​​​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក។ លោក​ថា នេះ​​​ជា​មោទនភាព​ជាតិ​ខ្មែរ​មួយ​​ដែរ ​​ដែល​មាន​​ស្នាដៃ​​ច្នៃប្រឌិត​ហ្គេម​មួយ​​នេះ ដែល​​មិន​ធ្លាប់​មាន​កន្លង​មក៖ «យើង​បាន​ស្នាដៃ​មួយ​ដែល​ពិភពលោក​គេ​ទទួល ​ស្គាល់ ព្រោះ​ការ Select (ជ្រើស) យក​ទៅ​ដាក់​នៅ អ៊ីស្រី នេះ គឺ​ជា​សមិទ្ធផល​ធំ​បំផុត​ហើយ​ដែល​​ពិភពលោក​ទទួល​ស្គាល់…»

ការ​តាំង​ពិព័រណ៍​នេះ​ធ្វើ​ឡើង​​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៣ ហើយ​កម្មវិធី​​តាំង​ពិព័រណ៍​នេះ ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន វ័នហាន់ឌ្រិត ភើសន អិនឌី ប្រចិក របស់​អាមេរិក។
ក្រុមហ៊ុន វ័នហាន់ឌ្រិត ភើសន អិនឌី ប្រចិក គឺ​ជាក្រុម​ហ៊ុន​​អេឡិកត្រូនិក​​មួយ តែង​ជួយ​​​គាំទ្រ​អ្នក​ផលិត​ហ្គេម​​អេឡិចត្រូនិក​ឯករាជ្យ​នានា​លើ​ពិភពលោក ដែល​​​មាន​សមត្ថភាព​បង្កើត​ហ្គេម​អេឡិចត្រូនិក​ថ្មីៗ​ដោយ​ខ្លួន​ឯង ថែម​ទាំង​​ផ្ដល់​ឱកាស​​ឲ្យ​​ផលិតករ​ដាក់​​តាំង​បង្ហាញ​ស្នាដៃ​​ផលិតផល​ថ្មី​ ៗ​​​​​​របស់​​​ខ្លួន ដោយ​ឥត​គិត​ថ្លៃ​រៀង​រាល់​ឆ្នាំ​ដើម្បី​លើក​ទឹក​ចិត្ត។
នៅ​កម្ពុជា មាន​ហ្គេម​អេឡិកត្រូនិក ជា​ច្រើន​ប្រភេទ​ដែល​នាំ​ចូល​ពី​បរទេស។
លោក យក់ ស៊ីវ៉ាល់រី អ្នក​រចនា​រូបភាព​ហ្គេម​​ខ្មែរ អាស្វា បាន​បញ្ជាក់​ថា អាស្វា គឺ​ជាហ្គេម​អេឡិចត្រនិក ផលិត​ដោយ​ស្នាដៃ​ខ្មែរ​​ជា​លើក​ដំបូង មាន​លក្ខណៈ​រចនាបថ​បែប​​ខ្មែរ​ច្រើន ដូចជា​តួ ​អាស្វា លោក​រចនា​ឲ្យ​មាន​ស្លៀក​សំពត់​ចង​ក្បិន ដែល​បង្ហាញ​បរទេស​ថា នេះ​ជា​អត្តសញ្ញាណ​​សំលៀក​បំពាក់​ខ្មែរ ហើយ​បង្កើត​​ឡើង​ដោយ​មិន​ចម្លង​ស្នាដៃ​​អ្នក​ដទៃ៖ «ចំពោះ​ហ្គេម​របស់​យើង គឺ​យើង​ព្យាយាម​​​អ្វី​ជា​លក្ខណៈ ដើម​​ទាំង​រូបភាព ទាំង​ការ​លេង ព្រោះ​ថា យើង​ជា​ស្ថានិក​មួយ​ដែរ អ៊ីចឹង​​យើង​គិត​រក​អ្វី​ដែល​ថ្មីៗ… »
នៅ​ពេល​ដែល​សួរ​ថា តើ​ក្រុម «ស្ទូឌីយោ​អស្ចារ្យ» រៀន​​បច្ចេកទេស​ផលិត​ហ្គេម​អេឡិចត្រូនិក​នេះ​នៅ​សាលា​ណា?
លោក អៀ អ៊ុយ ឆ្លើយ​ថា ក្រុម​លោក​មិន​ដែល​ចូល​រៀន​សាលា​បច្ចេកទេស​អេឡិចត្រូនិក​ទាក់ទង​ការ​ផលិត​ ហ្គេម​ទេ គឺ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង។ លោក​ថា កាល​ដើម​ឡើយ ក្រុម​លោក​​ជា​​អ្នក​ជក់​លេង​ហ្គេម អត់​បាយ​ក្រហាយ​ទឹក ជួន​កាល​មិន​ចូល​ផ្ទះ​មិន​ចូល​សាលា ហើយ​​ត្រូវ​គ្រូ និង​ឪពុក​ម្ដាយ​​ស្ដី​បន្ទោស​ជាញឹក​ញាប់ បន្ទាប់​មក​ក៏​បែក​គំនិត​​នាំ​គ្នា​ផលិត​ហ្គេម ដោយ​ខ្លួន​ឯង​លមើល ដោយ​មិន​នឹក​ស្មាន​ថា នឹង​​បាន​ជោគជ័យ​ដូច្នេះ​សោះ។
ហ្គេម អាស្វា ជា​ប្រភេទ​ហ្គេម​ល្បង​ប្រាជ្ញា ​មាន​តួ​អង្គ​ពីរ​សំខាន់ គឺ អាស្វា និង អាបូ។ ហ្គេម​នេះ​មាន ៦​វគ្គ ដូច​ជា​វគ្គ​​ព្រៃគុហ៍ ដែល​មានគួរ​​រូប​ឆាក​​ជា​ប្រាសាទ​អង្គរវត្ត វគ្គ​ទឹក​ជ្រោះ វគ្គ​​ទឹក​កក និង​​វគ្គ​​ភ្នំភ្លើង ជាដើម។ ដំណើរ​សាច់​​រឿង​ហ្គេម​​​នេះ គឺ​អាស្វា​កម្ជិល​ចូល​ចិត្ត​ដើរ​​ចោល​​ផ្ទះ​ផ្ដេសផ្ដាស វង្វេង​​​​ចូល​ព្រៃ ចូល​ភ្នំ​ភ្លើង ​ធ្លាក់​ជ្រោះ​ទឹកក ហើយ​អាបូ ដែល​ជា​តួអង្គ​តំណាង​​ឲ្យ​អ្នក​លេង ​​ត្រូវ​​មាន​ប្រជ្ញា​​ធ្វើ​យ៉ាង​ណា​នាំ​អាស្វា មក​ផ្ទះវិញ ឲ្យ​បាន បើ​នាំ​មិន​បាន​គឺ​អ្នក​លេង​នោះ​​ចាញ់។
លោក អៀ អ៊ុយ បញ្ជាក់​ថា ហ្គេម​អាស្វា បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០១២ មាន​លក់​នៅ​កម្ពុជា និង​​​ប្រទេស​ដទៃ​ទៀត​មួយ​ចំនួន។ ហ្គេម​នេះ​អាច​លេង​បាន​តាម អាយផេត (iPad) តាម​ទូរស័ព្ទ​អាយហ្វូន (iPhone) ឬ​អាច​លេង​បាន​តាម​ប្រព័ន្ធ​ដំណើរ​ការ អិនដ្រយ (Android)។
ចំ​ពោះ​​អ្នក​មានទូរស័ព្ទ អៃហ្វូន អាច​​ទិញ​​ហ្គេម​នេះ​បាន​ តាមរយៈទីផ្សារ​អនឡាញន៍ ​របស់ក្រុម​ហ៊ុន អេផល (Apple) ដោ​យចូល​ទៅ អេបស្ទ័រ (App Store)​ មានតម្លៃ​ ០ ដុល្លារ៩៩​សេន (០,៩៩)។ ចំពោះអ្នក​ប្រើប្រព័ន្ធ​ដំណើរការអិនដ្រយ អាចលេង​ហ្គេម​នេះ​បាន​ដោយ​ឥតគិតថ្លៃ ដោយ​ទាញយក​ហ្គេម​នេះ​នៅហ្គូហ្គល ផ្លេយ (Google Play)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: