A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 May 2013

People in Kampong Thom stop believing the promises of the ruling party ពលរដ្ឋ​នៅ​កំពង់ធំ​ហាក់​អស់​ជំនឿ​លើ​ការ​សន្យា​របស់​បក្ស​កាន់​អំណាច

រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ នឹង​ចូល​ដល់​នៅ​ខែ​មិថុនា ខាង​មុខ។ អ្នក​នយោបាយ មិន​ថា​គណបក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ទេ បាន​ប្រើ​យុទ្ធវិធី​គ្រប់​មធ្យោបាយ ដើម្បី​ទាញ​យក​សំឡេង​គាំទ្រ​បក្ស​របស់​ខ្លួន។ 
ដោយ ទីន ហ្សាការីយ៉ា RFA
2013-05-22
ពលរដ្ឋ កំពង់ធំ ៣០៥
ពលរដ្ឋ​អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ផ្សារ​កំពង់ធំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៣។
RFA/Tin Zakariya
អ្វី​ដែល​ជា​ការ​កត់សំគាល់​របស់​អ្នក​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​នោះ តំណាង​គណបក្ស​នយោបាយ​នីមួយៗ បាន​ចុះ​ទៅ​ជួប​ប្រជារាស្រ្ត ហើយ​តែង​តែ​សន្យា​សព្វ​បែប​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ ដូចជា​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ជាដើម។
តើ​ក្នុង​អាណត្តិ​កន្លង​មក​នេះ គណបក្ស​នយោបាយ ពិសេស​គណបក្ស​កាន់​អំណាច បាន​ធ្វើ​ដូច​ការ​សន្យា​របស់​ខ្លួន​ដែរ​ទេ?
សន្លឹក​ឆ្នោត​មួយ​សន្លឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ម្ចាស់​ឆ្នោត ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​ពេល​គណបក្ស​នយោបាយ​បាន​ ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ម្ដងៗ។ ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​ខ្លួន​ ពេញ​ចិត្ត ហើយ​រំពឹង​ថា គណបក្ស​នោះ​បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​មាន​ការ​ផ្លាស់ប្ដូរ និង​រីក​ចំរើន​ទៅ​បាន។
អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ នៅ​ពេល​បោះ​ឆ្នោត​ម្ដងៗ ពិសេស​នៅ​ពេល​យុទ្ធនាការ​ឃោសនា គ្រប់​គណបក្ស​នយោបាយ​បាន​ចេញ​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា ដើម្បី​អូស​ទាញ​យក​សន្លឹក​ឆ្នោត និង​បាន​ផ្ញើ​សារ​នយោបាយ​ល្អៗ​ជូន​ដល់​ម្ចាស់​ឆ្នោត។
សារ​នយោបាយ​របស់​គណបក្ស​ទាំង​អស់​សុទ្ធ​តែ​ល្អៗ ពេល​ខ្លះ​រហូត​ដល់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​សម្រេច​ ចិត្ត ថា​តើ​ពួក​គាត់​នឹង​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​មួយ​ដែល​ពួក​គាត់ ​គិត​ថា​ល្អ​ជាង​នោះ?

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខែត្រ​កំពង់ធំ បាន​លើក​ឡើង​ថា ពួកគាត់​បាន​បោះ​ឆ្នោត​បាន​ចំនួន ៤​អាណត្តិ​កន្លង​មក​ហើយ ប៉ុន្តែ​ជីវភាព​របស់​ពួកគាត់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​មាន​ជីវភាព​ ខ្វះខាត​នៅ​ឡើយ។
ប្រជាពលរដ្ឋ​ឈ្មោះ មិញ នី បាន​រៀបរាប់​ថា ប្រជា​កសិករ​នៅ​ក្នុង​ខែត្រ​កំពង់ធំ ភាគ​ច្រើន​ធ្វើ​ស្រែ​អាស្រ័យ​លើ​ការ​ខ្ចី​បុល​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើម​ ទុន ប៉ុន្តែ​ទិន្នផល​ស្រូវ​បាន​ធ្វើ​មាន​តំលៃ​ថោក ដែល​ក្នុង​មួយ​គីឡូក្រាម​ពី ៧០០ ទៅ ៩០០​រៀល រី​ឯ​តំលៃ​ជី និង​តំលៃ​សាំង​ឡើង​ថ្លៃ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​មិន​មាន​យន្តការ​ក្នុង​ការ​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​ដូច​នៅ​មុន​ពេល​បោះ​ឆ្នោត​នោះ​ឡើយ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គិត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​មាន​បទពិសោធន៍​ជា​ច្រើន​ទាក់ទង​នឹង​រឿង​បោះ​ឆ្នោត ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខែត្រ​នោះ ហាក់​បី​ដូច​ជា​មាន​ភាព​វាងវៃ​ជាង​មុន ចំពោះ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត ពីព្រោះ​ពួក​គាត់​គ្មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ​នោះ​ទេ ពិសេស​គឺ​គណបក្ស​កាន់​អំណាច ពីព្រោះ​ថា ការ​ធ្វើ​ស្រែ​ប្រាំង​របស់​ពួក​គាត់​គ្មាន​ប្រព័ន្ធ​ធារាស្រ្ត​គ្រប់គ្រាន់ និង​ខ្វះ​ដើម​ទុន។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​មាន​ប្រសាសន៍​ថា ស្ថានភាព​អ្នក​រស់​នៅ​ជនបទ​បាន​ចំណាយ​កាន់​តែ​ច្រើន​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ ពីព្រោះ​ថា គ្រួសារ​នៅ​ជនបទ​បាន​ចំណាយ​ជា​មធ្យម​ប្រមាណ ៨​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​រស់​នៅ​សមរម្យ។ ប្រការ​នេះ​មាន​ន័យ​ថា គ្រួសារ​ណា​ដែល​អាច​រក​​​ចំណូល​បាន​ច្រើន​ជាង ៨​លាន​រៀល​ គឺ​ចាត់​ទុក​ថា ជា​គ្រួសារ​មាន​ជីវភាព​ធូរធារ​នៅ​ជនបទ។
ប៉ុន្តែ​ស្ថានភាព​សព្វថ្ងៃ ប្រជាពលរដ្ឋ​នៅ​ជនបទ​បាន​ចំណាយ​កាន់​តែ​ខ្ពស់​ ផ្ទុយ​ទៅ​វិញ ចំណូល​របស់​គាត់​មាន​ការ​ធ្លាក់​ចុះ ជា​ពិសេស​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១២ និង ២០១៣ ហើយ​ការ​​ចំណាយ​លើ​ការ​ផលិត​​ក៏​បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​​មុន ដូច​ជា​តម្លៃ​ជី ប្រេង​សាំង និង​ការ​ចំណាយ​ទៅ​លើ​កម្លាំង​ពលកម្ម ។ល។
ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ស្រុក​កំពង់ស្វាយ ខែត្រ​កំពង់ធំ ឲ្យ​ដឹង​ថា ថ្វីត្បិត​តែ​រដ្ឋាភិបាល​ជាប់​ឆ្នោត​បាន​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ខ្លះ​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​មិន​សូវ​ទទួល​បាន​ផល​អភិវឌ្ឍន៍​ របស់​រដ្ឋាភិបាល​នោះ​ឡើយ។ លោក​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ លោក​នឹង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ថា​តើ​ពួកគាត់​នឹង​ត្រូវ​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​ដឹក​នាំ​ប្រទេស​មាន​ ការ​រីក​ចំរើន​ជាង​ពេល​បច្ចុប្បន្ន។
ក្រៅ​ពី​ប្រជា​កសិករ​មាន​មុខ​របរ​ពឹង​លើ​ការ​ធ្វើ​ស្រែ​បាន​ត្អូញត្អែរ​ អំពី​ជីវភាព​លំបាក​នោះ គឺ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​មិន​ខុស​ពី​អ្នក​ធ្វើ​ស្រែ​ប៉ុន្មាន​ដែរ។ ពួកគាត់​បាន​លើក​ពី​ទុក្ខ​លំបាក​ប្រហាក់​ប្រហែល​គ្នា ដោយសារ​តែ​បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ រី​ឯ​ចំណូល​ប្រចាំ​ថ្ងៃ​មិន​សូវ​រក​បាន មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។
អ្នក​រត់​ម៉ូតូក​ង់​បី​នៅ​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ផ្សារ​ធំ​កំពង់ធំ កំពុង​អង្គុយ​ជុំ​គ្នា​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង បាន​រៀបរាប់​ថា គោលបំណង​របស់​ពួក​គាត់​បោះ​ឆ្នោត​កន្លង​មក​នោះ គឺ​ចង់​បាន​អ្នក​ដឹក​នាំ​ចេះ​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ តែ​ជាក់ស្ដែង​ទុក្ខ​កង្វល់​របស់​ពួក​គាត់​គ្មាន​អ្នក​ដឹកនាំ​ណា​ជួយ​ ខ្វល់ខ្វាយ​នោះ​ឡើយ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ ឆ្នោត​នៅ​មុន​ពេល​បោះ​ឆ្នោត មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង​នោះ​ឡើយ។ ការ​សន្យា​នោះ គណបក្ស​នយោបាយ​ក្រោយ​ពី​ជាប់​ឆ្នោត​មិន​ធ្វើ​ដូច​កិច្ចសន្យា​ទេ។ បញ្ហា​នេះ​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​សន្យា​គ្រាន់​តែ​មាន​នៅ​លើ​ក្រដាស ឬ​ជា​ទ្រឹស្ដី​របស់​អ្នក​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ ​ការ​ដឹកនាំ​ប្រទេស និង​ទទួល​ខុស​ត្រូវ​លើ​ប្រជាពល​រដ្ឋ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កន្លង​មក គឺ​អភិវឌ្ឍន៍​ជា​របៀប​ម៉ាក្រូ ជា​ទ្រង់ទ្រាយ​ធំ ឃើញ​ថា សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចំរើន តែ​ប្រជាពលរដ្ឋ​នៅ​មាន​ភាព​ក្រីក្រ​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​មិន​សូវ​អភិវឌ្ឍន៍​ជា​របៀប​មីក្រូ អភិវឌ្ឍន៍​ជា​របៀប​គ្រួសារ​នោះ​ទេ។
អ្នក​ឃ្លាំមើល​អំពី​បញ្ហា​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​អះអាង​ថា រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ជា​របៀប​នយោបាយ ពោល​គឺ​ការ​អភិវឌ្ឍ​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​ជាតិ និង​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​នយោបាយ មិន​មែន​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ទេ។ លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​របៀប​នេះ គឺ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ច្រើន។
ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ប្រមាណ ៧% នៅ​ឆ្នាំ​២០១៣។ ប៉ុន្តែ​កំណើន​នេះ អ្នក​វិភាគ​បាន​អះអាង​ថា ប្រជាពរដ្ឋ​ទូទៅ​មិន​ទទួល​បាន​ចំណូល​នេះ​ស្មើ​ភាព​គ្នា​ទេ។ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាល​ពី​ឆ្នាំ​២០១២ បង្ហាញ​ថា ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​រក​ចំណូល​បាន​ក្នុង ១​ឆ្នាំ​ជាង ៩០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កែម ឡី បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា ១៥% ប៉ុណ្ណោះ ដែល​ទទួល​បាន​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: