A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

Minister of Agriculture Chan Sarun said the government has granted 1.5 million hectares of economic land concessions to 117 companies រដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន ១១៧ លើ​ផ្ទៃដី ១,៥ លាន​ហិកតា​

(ថ្ងៃទី 8 ឧសភា 2013,) | ដោយ: លី សិលា CEN

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានប្រកាសថា គិត​ចាប់ពី​ឆ្នាំ​១៩៩៦ មក​ដល់ពេលនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួងបរិស្ថាន បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ដល់​ក្រុមហ៊ុន​សរុប ១១៧ ក្រុមហ៊ុន ដែល​មាន​ផ្ទៃដី​សរុប ១,៥ លាន​ហិកតា​។​

​គឺជា​ការលើកឡើង ដើម្បី​បំភ្លឺ និង​ឆ្លើយតប​ចំពោះ​បទ​អន្តរាគមន៍​របស់​លោក​ស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​។ លោកស្រី មូរ សុខ​ហួរ បាន​រិះគន់​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​លោកស្រី​ថា បាន​បណ្តាលឲ្យ​កើត​ជម្លោះ​ដីធ្លី ហើយ​លោក​ស្រី បង្ហាញ​តួលេខ​ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន ២៥០ ក្រុមហ៊ុន លើ​ផ្ទៃដី​ប្រមាណ ៣ លាន​ហិកតា​។ ក្រុមហ៊ុន​ភាគច្រើន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺជា​ក្រុមហ៊ុន​វៀតណាម​។​

​ ប៉ុន្តែ​ក្នុង​ពេល​ចូល​ការពារ​សេចក្តីព្រាងច្បាប់ សហគមន៍​កសិកម្ម លោក ច័ន្ទ សារុន ដែល​អង្គុយ​ទល់មុខ​នឹង​លោកស្រី មូរ សុខ​ហួរ ក្នុង​រដ្ឋសភា បាន​លើកឡើង​ថា កសិករ មាន​ដី​ធ្វើស្រែ​ប្រមាណ ៣ លាន​ហិកតា រៀងរាល់ឆ្នាំ ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន គឺ​មិន​ប៉ះពាល់​ដល់​ដី​កសិករ​ទេ​។​

​លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ក៏​បាន​បដិសេធ​នូវ​តួលេខ​របស់​លោកស្រី មូរ សុខ​ហួរ ដែល​បាន​អះអាងថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​ឯកជន​សរុប ៣ លាន​ហិកតា​។ លោក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ជា​តួលេខ​ផ្តេសផ្តាស់ និង​មិន​ដឹង​បាន​មកពីណា​ទេ​។​

​លោក ច័ន្ទ សារុន បាន​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន ១១៧ ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប ១,១៨ លាន​ហិកតា​។ បើ​បូក​នឹង​តួលេខ​ពី​ក្រសួង​បរិស្ថាន​ទៀត សរុបទៅ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន មាន​ចំនួន​ប្រមាណ ១,៥ លាន​ហិកតា​។​


​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ក៏​បាន​ឆ្លើយតប​នឹង​ការរិះគន់​របស់​លោកស្រី មូរ សុខ​ហួរ ដែលថា ភាគច្រើន​នៃ​ក្រុមហ៊ុន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច សុទ្ធតែ​ជា​ក្រុមហ៊ុន​វៀតណាម​។​

​លោក ច័ន្ទ សារុន បានបញ្ជាក់​ថា ក្នុងចំណោម​ក្រុមហ៊ុន ១១៧ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មាន​ក្រុមហ៊ុន​កម្ពុជា ចំនួន ៣៩ ក្រុមហ៊ុន នៅលើ​ផ្ទៃដី ៥៩៣.០០០ ហិកតា​។ ក្រុមហ៊ុន​វៀតណាម ៣១ ក្រុមហ៊ុន លើ​ផ្ទៃដី ២៣១.០០០ ហិកតា​។ ក្រុមហ៊ុន​ចិន ២៥ ក្រុមហ៊ុន លើ​ផ្ទៃដី ១៩៣.០០០ ហិកតា​។ ក្រុមហ៊ុន​សាធារណៈរដ្ឋ​កូរ៉េ ៥ ក្រុមហ៊ុន នៅលើ​ផ្ទៃដី ៣៧.០០០ ហិកតា​។ ក្រុមហ៊ុន​ថៃ ចំនួន ៥ ក្រុមហ៊ុន ដែល​មាន​លើ​ផ្ទៃដី ៣៨.០០០ ហិកតា​។ ក្រុមហ៊ុន​សហរដ្ឋអាមេរិក ចំនួន ២ ក្រុមហ៊ុន នៅលើ​ផ្ទៃដី ១៩.០០០ ហិកតា​។ ឥណ្ឌា ចំនួន ៣ ក្រុមហ៊ុន លើ​ផ្ទៃដី ១៧.០០០ ហិកតា​។ ម៉ាឡេស៊ី ៣ ក្រុមហ៊ុន លើ​ផ្ទៃដី ២៣.០០០ ហិកតា​។ អូស្ត្រាលី ១ នៅលើ​ផ្ទៃដី ៨.៩៧៧ ហិកតា​។ ក្រុមហ៊ុន ស៊ុយ​អ៊ែត ចំនួន ១​។ សឹង្ហ​បុរី​ចំនួន ១ និង​ក្រុមហ៊ុន មកពី​ប្រទេស​អ៊ីស្រាអែល ចំនួន ១​។​

​ លោក ច័ន្ទ សារុន បាន​អះអាង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​ឯកជន​នេះ រាជរដ្ឋាភិបាល​ពិនិត្យ​ណាស់ មុន​នឹង​ឲ្យទៅ​ក្រុមហ៊ុន​និមួយៗ ដោយ​យើង​មិន​មាន​និន្នាការ​ទៅ​លើ​ក្រុមហ៊ុន​ណាមួយ​ទេ​។ លោក​រដ្ឋមន្ត្រី​ជឿថា ក្រុមហ៊ុន​មក​ពី​អូស្ត្រាលី​ក្តី ក្រុមហ៊ុន​សឹង្ហ​បុ​រីក្តី និង​ក្រុមហ៊ុន​ជប៉ុន​ក្តី ប្រាកដ​ជា​គេ​ធ្វើ​ដោយ​ត្រឹមត្រូវ ព្រោះ​ឈ្មោះ​គេ​ធំ​ណាស់ ដោយ​គេ​មិន​អាច​យក​ឈ្មោះ​គេ​មក​ចោល​នៅ​កម្ពុជា​បានទេ​។ ដូច្នេះ​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ចំនួន​ក្រុមហ៊ុន ដែល​ទទួលបាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល មិនមែន​ចំនួន ២៥០ ក្រុមហ៊ុន លើ​ផ្ទៃដី ៣ លាន​ហិកតា ដូច​លោក​ស្រី មូរ សុខ​ហួរ បាន​លើកឡើង​នោះ​ទេ​។​

​ លោក ច័ន្ទ សារុន ក៏​បាន​បញ្ជាក់​អះអាងថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លងមក រាជរដ្ឋាភិបាល​បាន​អនុវត្ត​នូវ​រូបមន្ត​ស្បែក​ខ្លា ដោយ​កាត់ចេញ​នូវ​ដី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ចំពោះ​ជម្លោះ​តវ៉ា​របស់​ប្រជាពលរដ្ឋ​កន្លងមក​នោះ ដោយសារ​តែ​កន្លែង​ខ្លះ មិនទាន់​ចុះបញ្ជី​។ តែ​ក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​នូវ​ការចុះបញ្ជី​ដល់​ប្រជាជន ដោយ​ធ្វើឲ្យ​ចប់ ទើប​ឈប់​។​

​លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ក៏​បាន​បកស្រាយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​រវាង​ប្រជាពលរដ្ឋ នៅ​កោះកុង និង​ក្រុមហ៊ុន​ស្ករស​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ គឺ​មកដល់​ពេលនេះ នៅសល់​តែ​ប្រជាជន ១៣ គ្រួសារ​ទេ ដែល​នៅ​មិនទាន់​បាន​ដោះស្រាយ​។ បញ្ហា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជួប​ពន្យល់​ដល់​សហគម​ន៍​អឺរ៉ុប​រួច​ហើយ​កន្លងមក​។

​ លោក​រដ្ឋមន្ត្រី បន្តថា ប្រជាពលរដ្ឋ​ទាំង ១៣ គ្រួសារ​នោះ មិន​មាន​ឯកសារ​ត្រឹមត្រូវ ដើម្បី​ចុះបញ្ជី​ទេ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល ក៏​នៅតែ​បន្ត​ដោះស្រាយ​ឲ្យ​គាត់ តាមរយៈ​សម្បទាន​ដី​សង្គមកិច្ច ដែល​ពេល​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​គិតគូ ហើយ​នឹង​ចែក​ជូន​នៅពេល​ក្រោយ​។​

​ ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក ច័ន្ទ សារុន ក៏​បាន​ប្រកាស បើកចំហរ​រង់ចាំ​ជជែក​ពិភាក្សា​គ្នា​ជាមួយ​លោកស្រី មូរ សុខ​ហួរ ដោយផ្ទាល់ ជុំវិញ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​អញ្ជើញ​លោក​ស្រី មូរ សុខ​ហួរ ទៅកាន់​ក្រសួង​របស់​លោក នៅ​ថ្ងៃ​ណាមួយ ក្នុង​ន័យ​ថា ជជែក​ពិភាក្សា​គ្នា រួបរួមគ្នា ដើម្បី​ជួយ​ដល់​កសិករ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YjMxZTQ4ZT#sthash.CdgfS0l8.dpuf

No comments: