A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 May 2013

In the first 4 months, Cambodia's rice exports increased by 100% to 120,000 tons ៤​ខែ​ដើម​ឆ្នាំ​កម្ពុជា​នាំ​អង្ករ​ចេញ​ជាង​១២​ម៉ឺន​តោន

រយៈ​ពេល ៤​ខែ ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​បាន​ប្រមាណ ១២​ម៉ឺន​តោន​ទៅ​ប្រទេស​ ចំនួន ៤២ លើ​ពិភពលោក។ ចំនួន​នេះ​កើន​ឡើង​ជាង ១០០% បើ​ប្រៀប​នឹង​ដើម​ឆ្នាំ​២០១២។
ដោយ អាន ស៊ីថាវ RFA
2013-05-02
ស្រូវ កំពង់ស្ពឺ ៣០៥
កសិករ​ខេត្ត​កំពង់ស្ពឺ ច្រូត​ស្រូវ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Mom Sophon
លេខាធិការដ្ឋាន​ច្រក​​ចេញ​ចូល​តែ​មួយ​ សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ ចេញ​ផ្សាយ​របាយការណ៍​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​នៅ​រយៈ​ពេល ៤​ខែ ឆ្នាំ​២០១៣​ មាន​ចំនួន​ជិត ១២​ម៉ឺន​តោន ហើយ​​បរិមាណ​នេះ​​ខ្ពស់​ជាង​​ឆ្នាំ​២០១២ ប្រមាណ​ជាង​​ពីរ​ដង។នៅ​ក្នុង​ឆ្នាំ​២០១២ មាន​ការ​នាំ​ចេញ​បាន​តែ​ជាង ៥​ម៉ឺន​តោន​ប៉ុណ្ណោះ នៅ​រយៈ​ដូច​គ្នា។ សន្ទុះ​ខ្លាំង​នៃ​ការ​នាំ​ចេញ​អង្ករ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​សម្រេច​បាន​គោល​ដៅ​មួយ​លាន​តោន​នៅ​ឆ្នាំ​ ២០១៥។
ម៉្យាង​វិញ​ទៀត ការ​កើន​ឡើង​នេះ​​ដោយសារ​តែ​មាន​ការ​វិនិយោគ​ខ្លាំង​លើ​ការ​កែច្នៃ​អង្ករ​នៅ ​កម្ពុជា ដែល​ធានា​បាន​នូវ​ការ​ផលិត​ស្រូវ​កើន​ឡើង​ខ្ពស់​រៀង​រាល់​ឆ្នាំ ហើយ​កត្តា​នេះ​ជា​យន្តការ​កាត់​បន្ថយ​ ការ​នាំ​ចេញ​ស្រូវ​​ក្រៅ​ផ្លូវ​ការ​ទៅ​ប្រទេស​ជិត​ខាង​ដែរ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ឆ្លង​កាត់​កំពង់ផែ​ព្រះសីហនុ បាន​កើន​ឡើង​ប្រមាណ ១០០% នៅ​ដើម​ឆ្នាំ​២០១៣ បើ​ធៀប​នឹង​​ដើម​ឆ្នាំ​មុន។ វឌ្ឍនភាព​នេះ ដោយ​សារ​តែ​កម្ពុជា បាន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ដូច​ជា​ហិរញ្ញប្បទាន​ទិញ​ស្រូវ ឬ​សាងសង់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​​កន្លែង​​​ស្តុក​ទុក​ស្រូវ​ជា​ដើម។
លោក ហ៊ុន សែន៖ «ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យើង​បាន​ខិត​ខំ​ច្រើន​ជំរុញ​ការ​នាំ​ចេញ ​អង្ករ​របស់​យើង​ ប៉ុន្តែ​ដោយ​ស្ថានភាព​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់ យើង​ផលិត​បាន​ស្រូវ​ច្រើន តែ​យើង​បែរ​ជា​ខ្វះ​ខាត​អង្ករ​ទៅ​វិញ។ ទាំង​រោងចក្រ ឃ្លាំង​ស្តុក ឬ​ក៏​ប្រាក់​ទិញ​ជា​ដើម។ ឥឡូវ​មាន​ការ​វិនិយោគ​ច្រើន»

លោក​បញ្ជាក់​ថា ការ​រក្សា​បាន​នូវ​កំណើន​នាំ​ចេញ​អង្ករ​នេះ ប្រទេស​កម្ពុជា​អាច​សម្រេច​បាន​គោលដៅ​ដែល​បាន​កំណត់​នៅ​ឆ្នាំ​២០១៥ នៃ​ការ​នាំ​ចេញ​អង្ករ​យ៉ាង​តិច​មួយ​លាន​តោន។
អ្នក​នាំ​ចេញ​អង្ករ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ទន្ទឹម​​នឹង​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ ប៉ុន្តែ​បញ្ហា​​ប្រឈម​របស់​គាត់​គឺ កំពង់ផែ​ព្រះសីហនុ ខ្វះ​បច្ចេកទេស​​ត្រួត​ពិនិត្យ​​អង្ករ​នាំ​ចេញ​​គ្រប់​គ្រាន់​នៅ​ពេល​ បច្ចុប្បន្ន។
អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ឡូរ៉ង់ លោក​ឧកញ៉ា លឹម ប៊ុនហេង មាន​ប្រសាសន៍​ថា សមត្ថភាព​ផ្ទុក​កំពង់ផែ​សម្រាប់​នាំ​ចេញ​អង្ករ​មាន​បរិមាណ​ច្រើន ប៉ុន្តែ​​ការ​នាំ​ចេញ​អង្ករ​ទាម​ទា​ឲ្យ​មាន​​ ម៉ាស៊ីន​ស្កេន​ទំនិញ​បន្ថែម ដើម្បី​ពន្លឿន​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​នៅ​ពេល​ខាង​មុខ។
បន្ថែម​លើ​នេះ ប្រធាន​​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា លោក​ឧកញ៉ា គឹម សាវុធ បាន​បញ្ជាក់​ថា បញ្ហា​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូន​ និង​បែប​បទ​នាំ​ចេញ​អង្ករ បាន​ដោះ​ស្រាយ​​បាន​គួរ​ឲ្យ​កត់​សម្គាល់។ តែ​បញ្ហា​ខ្វះ​ម៉ាស៊ីន​ស្កេន​​អង្ករ​លើក​ដាក់​កំពង់​ផែ ជា​ឧបសគ្គ​​ចម្បង​របស់​អ្នក​នា​ចេញ​អង្ករ​កម្ពុជា បច្ចុប្បន្ន។
អគ្គនាយក​រង​កំពង់​ផែ​ព្រះសីហនុ លោក ម៉ា ស៊ុនហួត មាន​ប្រសាសន៍​​​ថា សមត្ថភាព​ផ្ទុក​របស់​កំពង់ផែ​អាច​​ផ្ទុក និង​នាំ​ចេញ​អង្ក​បរិមាណ​​​មួយ​លាន​តោន។ ចំនួន​ម៉ាស៊ីន​ស្កេន នៅ​កំពង់ផែ​មាន​បី​កន្លែង​ផ្សេង​គ្នា ដែល​អាច​ជួយ​សម្រួល​សម្រាប់​ការ​លើក​ដាក់​ទំនិញ​នាំ​ចេញ​និង​នាំ​ចូល។ ប៉ុន្តែ​លោក​ ក៏​ទទួល​ស្គាល់​ថា មាន​ពេល​ខ្លះ​ចំនួន​កុងតឺន័រ​​ដឹក​ទំនិញ​នាំ​ចូល​មាន​ច្រើន ទន្ទឹម​នឹង​ចំនួន​បរិមាណ​នាំ​ចេញ​ពី​កម្ពុជា ក៏​មាន​ច្រើន​ដែរ ដែល​បង្ក​ឲ្យ​ការ​កក​ស្ទះ​មួយ​រយៈ​ពេល​ខ្លី។
លោក ម៉ា ស៊ុនហួត៖ «ជូន​កាល​វា​មាន​បញ្ហា​ត្រង់​ថា ស្កេន​ហ្នឹង​វា​សម្រាប់​នាំ​ចូល​និង​នាំ​ចេញ តែ​ដល់​ពេល​ខ្លះ​ការ​នាំ​ចេញ​ កុងតឺន័រ​នាំ​ចេញ។ ឧទាហរណ៍​ការ​នាំ​អង្ករ​ចេញ ប៉ុន្តែ​ពេល​ហ្នឹង​ទំនិញ​ នាំ​ទំនិញ​មក​ភ្នំពេញ​​ហ្នឹង ក៏​វា​សម្បើម​ណាស់​ដែរ។ ជូន​កាល​វា​បញ្ច្រាស​ទិស​គ្នា តែ​យ៉ាង​ណា​​ក៏​ដោយ​​មិន​មាន​ស្ទះ​អី​យូរ​ទេ ព្រោះ​យើង​មាន​ម៉ាស៊ីន​ដល់​តែ​បី»
លោក​មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​ជៀសវាង​​បញ្ហា​នៃ​ការ​ស្កេន​ទំនិញ​ដាក់​កប៉ាល់​នាំ​ចេញ​នៅ​កំពង់ផែ អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ​ត្រូវ​ដឹក​ទំនិញ​មក​ដាក់​នៅ​កំពង់ផែ ឲ្យ​បាន​មុន​ថ្ងៃ​ដែល​នាំ​ចេញ។ ការ​ស្តុក​ទុក​ទំនិញ​នៅ​កំពង់ផែ​ព្រះសីហនុ កំឡុង​រយៈ​ប្រាំ​ថ្ងៃ​មិន​មាន​បង់​ប្រាក់​ទេ។
របាយការណ៍​របស់​ក្រុមការងារ​ផ្នែក​​ស្រូវ​អង្ករ​នៃ​វេទិកា​រាជ​ រដ្ឋាភិបាល​ ផ្នែក​ឯកជន​បាន​បង្ហាញ​ថា ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា ច្រើន​ជាង​គេ​នៅ​​ដើម​ឆ្នាំ​២០១៣​ រួម​មាន​ប្រទេស​បារាំង (France) ចំនួន ១,៨​ម៉ឺន​តោន ប្រទេស​ប៉ូឡូញ (Poland) ប្រមាណ ១,៧​ម៉ឺន​តោន និង​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន បរិមាណ ៥​ម៉ឺន​តោន។ ក្រុមហ៊ុន​​​​​នាំ​ចេញ​អង្ករ​ខ្មែរ​ហ្វូត (Khmer Food) ក្រុមហ៊ុន​ហ្គោដិន រ៉ៃស៍ (Golden Rice) និង​ក្រុមហ៊ុន​អែមរុ រ៉ៃស៍ (Amru Rice Cambodia) ជា​ក្រុមហ៊ុន​ដែល​ចេញ​អង្ករ​ច្រើន​ជាង​គេ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ផលិត​ អង្ករ​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា មាន​ចំនួន​ ៥២​នៅ​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: