លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចោទប្រកាន់មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក
ថាគឺជាអ្នកចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក
និងរបបរាជានិយមនៅកម្ពុជា បច្ចុប្បន្ន។ លោកបានចោទថា
អ្នកទាំងនោះកំពុងជ្រកកោនក្រោមផ្លាករបស់គណបក្សប្រឆាំង
បច្ចុប្បន្ន។
ក៏ប៉ុន្តែ អ្នកនាំពាក្យបក្សប្រឆាំង
ដែលជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញនៅអាណត្តិបោះឆ្នោតសកលខាងមុខ
ហៅសាររបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះថា គឺជាល្បិចនយោបាយរបស់លោក
ហ៊ុន សែន រៀបចំទុកដូចអ្វីដែលលោកធ្លាប់ធ្វើប៉ុណ្ណោះ។
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី
អំពាវនាវសុំកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក
ចាត់វិធានការប្រឆាំងមនុស្សមួយក្រុម ដែលលោករកឃើញថា
កំពុងរៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក
និងរាជបល្ល័ង្កនៅកម្ពុជា
ហើយកំពុងពួនសម្ងំលាក់ខ្លួននៅក្នុងគណបក្សប្រឆាំង។
ការថ្លែងសារនយោបាយរបស់លោក ហ៊ុន សែន នេះ
ធ្វើឡើងនៅគ្រាលោកចូលរួមសម្ពោធអគារពុទ្ធិកអនុវិទ្យាល័យ សេរីពេជ្រ
ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី១៦ ឧសភា។
លោក ហ៊ុន សែន
ហៅអ្នកដែលចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនៅពេលនេះ
ថាគឺជាអ្នកឱកាសនិយម។ លោកបន្តថា លោកនឹងមិនអត់ឱនឲ្យនោះឡើយ។
ទន្ទឹមនឹងនេះ
លោកនាយករដ្ឋមន្ត្រីក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក
ដើម្បីតាមចាប់ខ្លួនអ្នកទាំងនោះ
ដែលលោករកឃើញថាកំពុងរស់នៅសហរដ្ឋអាមេរិក ហើយមនុស្សមួយចំនួនទៀត
ក៏នៅក្នុងបក្សប្រឆាំងដែរ។ លោក ហ៊ុន សែន
មិនបាននិយាយចេញឈ្មោះក្រុមមនុស្សដែលលោកចោទប្រកាន់នោះឡើយ។
លោក ហ៊ុន សែន៖ «គេចង់ដូរបែបហ្នឹងអ្ហា បើចង់ដូរករុណាខ្ញុំ
ដូរតែគណបក្សប្រជាជន វាអត់ចោទទេ។
តែគេដូររបបរាជនិយមចេញតែម្ដងហ្នឹង ត្រូវច្បាស់។
ហើយនេះមានមូលដ្ឋាននៅក្នុងប្រទេសអាមេរិក
និងមានកម្លាំងប្រដាប់អាវុធដែលកំពុងហ្វឹកហាត់នៅក្នុងប្រទេសថៃ
នេះសូមបញ្ជាក់ឲ្យឃើញ។ ហើយក្រុមគេហ្នឹងនៅជាមួយគ្នា
នេះមានទាំងលោកទៅពីទីក្រុងភ្នំពេញ ផងដែរ។ ទាំងអាក្រុមទីមួយនេះ
ចលនាអំណាចប្រជាជនមនុស្សរបស់គេ ក៏នៅក្នុងគណបក្សប្រឆាំងរាល់ថ្ងៃ។
ព្រោះមិនអាចមកជ្រកជាមួយ ហ៊្វុនស៊ិនប៉ិច
ហើយក៏មិនអាចជ្រកជាមួយគណបក្សប្រជាជន បានដែរ»។
ក៏ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងវិញ ចាត់ទុកថា
នេះគឺជាល្បិចនយោបាយរបស់លោក ហ៊ុន សែន
ដើម្បីបំបាក់សំឡេងរបស់បក្សប្រឆាំងប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើការអត្ថាធិប្បាយបានទេ ពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៦ ឧសភា។
ក៏ប៉ុន្តែ លោក ហ៊ុន សែន អះអាងថា
លោកបានស្នើសុំកិច្ចអន្តរាគមន៍រួចហើយលើផ្នែកនេះ នៅគ្រាកម្ពុជា
ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ ការស្នើសុំនេះ
ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូប៉ាម៉ា (Barack Obama)
ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កាលពីចុងឆ្នាំ២០១២។
ប្រតិកម្មនឹងការថ្លែងរបស់លោក ហ៊ុន សែន នេះ លោក យឹម សុវណ្ណ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ហៅសារនយោបាយរបស់អនុប្រធានគណបក្សប្រជាជន នៅពេលនេះថា
គឺជាផ្នែកមួយកើតចេញពីការព្រួយបារម្ភចាញ់ឆ្នោតរបស់លោកនាយក
រដ្ឋមន្ត្រី។ លោក យឹម សុវណ្ណ អះអាងថា
គណបក្សប្រឆាំងនឹងមិនជ្រើសរើសយកការឈ្នះឆ្នោតដោយមធ្យោបាយហិង្សា
នោះឡើយ។ ក៏ប៉ុន្តែ
ថាអ្វីដែលគណបក្សប្រឆាំងមួយនេះផ្ដួលដៃគូរបស់ខ្លួននោះ
គឺតាមរយៈសន្លឹកឆ្នោតដែលកើតចេញពីការសម្រេចចិត្តរបស់ពលរដ្ឋ
ប៉ុណ្ណោះ។ លោក យឹម សុវណ្ណ បដិសេធថា
នឹងពុំមានជនសង្ស័យណាមួយនៅក្នុងគណបក្សប្រឆាំង
ចង់ផ្ដួលរដ្ឋាភិបាលតាមវិធីហិង្សាដូចអ្វីដែលលោក ហ៊ុន សែន
រកឃើញនោះថែមទៀតផង។ ហើយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ
ប្រឆាំងដាច់ខាតរាល់យន្តការនៃការប្រើប្រាស់កម្លាំងបាយដើម្បីឈ្នះ
និងចាត់ទុកថាមធ្យោបាយនេះ គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។
លោក យឹម សុវណ្ណ៖ «គ្មានអ្នកណាមកនៅក្នុងបក្សប្រឆាំង
ហើយគណបក្សប្រឆាំងក៏មិនជននោះនៅដែរ។
ហើយជននោះចង់ផ្ដួលតាមរបៀបអំពើហិង្សា។
មិនចាំបាច់ផ្ដួលតាមអំពើហិង្សាទេ
ធ្វើម៉េចឲ្យតែមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទៅ។ គ.ជ.ប
ហ្នឹងអព្យាក្រឹត្យទៅ ឯករាជ្យទៅ កុំឲ្យលួចបន្លំសន្លឹកឆ្នោត
កុំឲ្យគំរាមកំហែង
ឲ្យគណបក្សនយោបាយបានប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ
បញ្ជូនសារទៅដល់ប្រជាពលរដ្ឋទៅ គឺគណបក្សប្រជាជនដួលឯងហើយ
មិនចាំបាច់ធ្វើសង្គ្រាមទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ
គិតថានឹងពុំមានសមាជិកគណបក្សនយោបាយប្រឆាំងណាមួយអាចប្រើប្រាស់
យន្តការបែបនេះ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដោយមធ្យោបាយហិង្សានោះទេ។
ក៏ប៉ុន្តែ លោកទទួលស្គាល់ថា អ្វីដែលបានកើតឡើងកាលពីជាង
១០ឆ្នាំមុនរបស់ក្រុម ស៊ី.អេហ្វ.អេហ្វ (CFF)
គឺជាព្រឹត្តិការណ៍ដែលអាចគួរឲ្យជឿទុកចិត្តបាន។ ក្នុងន័យថា
គឺជាចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលដោយយោធា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបំផ្លាញអង្គការចាត់តាំងមួយឈ្មោះថា ស៊ី.អេហ្វ.អេហ្វ
ដែលមានសំណុំរឿងប្រហាក់ប្រហែលគ្នានេះដែរ កាលពីឆ្នាំ២០០០
ដឹកនាំដោយលោក ឈុន យ៉ាសិទ្ធ នៅមុនលោកត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក
កាត់ឲ្យមានទោស និងឃុំខ្លួនអស់មួយជីវិត។
ហើយមនុស្សមួយចំនួនទៀតជាអតីតយោធាខ្មែរក្រហម
និងអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅកម្ពុជា
ត្រូវចាប់ខ្លួន។ សំណុំរឿងទាំងនេះ ត្រូវបានលោក ហ៊ុន សែន ចាត់ទុកថា
គឺជាក្រុមប្រឆាំងរដ្ឋាភិបាលរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment