យូ សារា
Wednesday 01 May 2013 -Free Press Magazine
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង
បានប្រកាសកាលពីព្រឹកថ្ងៃទី១ខែឧសភា ឆ្នាំ២០១៣ នៅមុខរដ្ឋសភា
គណបក្សរបស់លោកនឹងចុះបញ្ជីឈ្មោះគណបក្សបោះឆ្នោត
និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ
ទី៥ នាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ទាក់ទងទៅនឹងការការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) មិនទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់កាលពីថ្ងៃទី២៤
ខែមេសា ឆ្នាំ២០១៣ ត្រូវបានលោក កឹម សុខា បកស្រាយថា បើសិនជា គ.ជ.ប
មិនផ្លាស់ប្តូរតាមអនុសាសន៍អង្គការសហប្រជាជាតិ អង្គការជាតិ
អន្តរជាតិនោះទេ គឺមានន័យថា គ.ជ.ប មិនចង់ឲ្យអន្តរជាតិទទួលស្គាល់
ហេតុនេះហើយគណបក្ស សង្គ្រោះជាតិ ត្រូវតែចូលរួមបោះឆ្នោត ។
លោកប្រធានស្តីទីបានបញ្ជាក់ថា «បើសិនយើងអត់ចូលបោះឆ្នោត
គណបក្សប្រជាជន គាត់ថា គាត់កែត្រឹមត្រូវទាំងអស់ទៅ ហើយយើងអត់ចូល
ម៉េចដឹងថាខុស ដឹងថាត្រូវ ដល់យើងចូលទៅដឹងខុសដឹងត្រូវ យើងឃើញ
អន្តរជាតិគេមើលឃើញ ជាក់ស្តែងដូចគេរកឃើញមែន»។
ប្រធានស្តីទី លោក កឹម សុខា មិនបានបព្ជាក់ឲ្យបានច្បាស់នោះឡើយ ទេ
ចំពោះបេក្ខភាពរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស
និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស ។
ទាក់ទងនឹងសំនួររបស់អ្នកកាសែតសួរថា តើគណបក្សសង្គ្រោះជាតិ
ដាក់ឈ្មោះលោក សម រង្ស៊ី ដែលជាទណ្ឌិត
នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែរ ឬអត់? ត្រូវបានលោក កឹម សុខា
បានបញ្ជាក់ថា “ទោះបី មិនដាក់ ក៏ដូចដាក់ដែរ” ។
ប៉ុន្តែលោកបានលោកលើកឡើងថា «បើគ.ជ.ប មិនមានការផ្លាស់ប្តូរទេ គណបក្ស
សង្គ្រោះជាតិ នឹងធ្វើការងារពីរផ្លូវ ទីមួយ
ការងារការទូតនឹងទាមទារឲ្យអន្តរជាតិដើម្បីធ្វើការគាបសង្កត់ថែមទៀត ។
ហើយបើអន្តរជាតិមានចម្លើយនៅចំនុចណាមួយ ហើយបានត្រឹមកម្រិតណា
គណបក្ស សង្គ្រោះជាតិ
នឹងបន្តធ្វើកម្លាំងមហាជនបន្តទៅទៀតរហូលដល់បោះឆ្នោត
បើបោះឆ្នោតហើយមិនដូរ ក្រោយបោះឆ្នោតក៍នៅតែធ្វើបន្តទៅទៀត»។
ចំណែកលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប
ធ្វើអ្វីដែលភារកិច្ចខ្លួន និងធ្វើអ្វីទៅតាមច្បាប់តម្រូវ
ទៅតាមនីតិវិធី ។ ដូច្នេះមិនអាចធ្វើអ្វី ក្រៅពីនេះបានទេ ។
អ្វីដែលលោក កឹម សុខា បានបកស្រាយ គឺជាសិទ្ធិរបស់គាត់ ។
លោក អ៊ឹម សួស្តី បានបញ្ជាក់ថា ការបោះឆ្នោត កន្លងមក គឺបានធ្វើ ១០ ដង
មកហើយ ដោយធ្វើតាមនីតីវិធី តាមច្បាប់ទម្លាប់ ហើយត្រូវបានមតិជាតិ
និងអន្តរជាតិ វាយតម្លៃ ទទួលស្គាល់ថា ជាអច្ឆរិយៈទន្លេមេគង្គ ៕
No comments:
Post a Comment