A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 25 May 2013

Civil society will conduct independent investigation on the number of deaths by the collapse of roof at Wing Star Shoes factory សង្គម​ស៊ីវិល​នឹង​ស៊ើប​អង្កេត​ចំនួន​កម្មករ​ស្លាប់​ដោយ​បាក់​ពិតាន​រោងចក្រ​ឡើង​វិញ

Initial reports said 5 people died, 4 women and one man, but later the government claimed only 3 had died.
ប្រជាពលរដ្ឋ កម្មករ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​មាន​ការ​សង្ស័យ​ចំពោះ​តួលេខ​កម្មករ​ស្លាប់ និង​រង​របួស​ដោយសារ​ការ​បាក់​ពិតាន​នៅ​រោងចក្រ វីងស្តារស៊ូ (Wing Star Shoes) កាល​ពី​ថ្ងៃ​ទី១៦ ឧសភា កន្លង​ទៅ។
ដោយ កែវ និមល RFA
2013-05-24
បាក់​ពិតាន​រោងចក្រ វីងស្ដារស៊ូ ៦១០
ក្រុម​អាជ្ញាធរ និង​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ទាញ​យក​ពិតាន​ដែល​បាក់​ចេញ ដើម្បី​ស្វែង​រក​អ្នក​រងគ្រោះ នា​រោងចក្រ វីង ស្ដារ ស៊ូ (Wing Star Shoes) ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sek Bandith
តំណាង​អង្គការ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការងារ​ខាង​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ឧសភា ថា ពួក​គេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ចំនួន​កម្មករ​ដែល​ស្លាប់ និង​របួស​ដោយសារ​ការ​បាក់​ពិតាន​នៅ​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង វីងស្តារស៊ូ។ ពួក​គេ​ចាប់​ផ្ដើម​ស៊ើប​អង្កេត ដោយ​មាន​ការ​សង្ស័យ​ថា ចំនួន​អ្នក​ស្លាប់ និង​របួស​កន្លង​មក​នោះ មិន​ត្រឹមត្រូវ។
លោក រ៉ុង ឈុន ប្រធាន​សហជីព​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ចំពោះ​ព័ត៌មាន​សង្ស័យ​ថា ចំនួន​កម្មករ​ដែល​ស្លាប់ និង​របួស​ដោយសារ​ការ​បាក់​ពិតាន​នៅ​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង វីងស្តារស៊ូ នោះ​ឡើង​វិញ ដើម្បី​បញ្ជាក់​ឲ្យ​មាន​ការ​ពិត និង​អស់​សង្ស័យ​ចំពោះ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​និយាយ​ថា ចំនួន​កម្មករ​ស្លាប់ និង​របួស​នោះ មិន​មែន​ស្លាប់ ២​នាក់ និង​របួស ១២​នាក់ ដូច​ការ​ប្រកាស​កន្លង​មក​នោះ។
ចំណែក​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​គាំទ្រ​ចំពោះ​សកម្មភាព​ស៊ើប​អង្កេត​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ចំនួន​កម្មករ​ស្លាប់ និង​របួស​នោះ​ឡើង​វិញ​ដែរ។
លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ក៏​មាន​គោល​បំណង​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ព័ត៌មាន​ទាក់ទង​ជាមួយ​ចំនួន​ កម្មករ​ស្លាប់ និង​របួស​នេះ​ឡើង​វិញ​ដែរ ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ និង​កម្មករ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​រឿង​នេះ។

ប្រភព​ពី​ប្រជាពលរដ្ឋ និង​កម្មករ ដែល​មាន​ទី​លំនៅ​នៅ​ជិត​រោងចក្រ ដែល​សុំ​មិន​ចេញ​ឈ្មោះ បាន​និយាយ​ឲ្យ​ដឹង​ថា ចំនួន​កម្មករ​ស្លាប់ និង​របួស​ដោយសារ​ការ​បាក់​ពិតាន​នៅ​រោងចក្រ វីងស្តារស៊ូ ដែល​ផ្សាយ​កន្លង​មក​នេះ សង្ស័យ​ថា​មិន​ត្រឹមត្រូវ​ទេ។ ប្រជាពលរដ្ឋ​ជាច្រើន​រូប​និយាយ​ដោយ​សុំ​មិន​ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា នៅ​ពេល​គេ​ទៅ​រក​សាច់​ញាតិ​ជា​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​នោះ ពេល​ពិតាន​បាក់​ចុះ​មាន​មនុស្ស​ស្លាប់ សន្លប់ របួស​ធ្ងន់ និង​ស្រាល​ជាច្រើន​នាក់​កប់​នៅ​ក្នុង​គំនរ​ថ្ម​បាក់​បែក។ ប៉ុន្តែ នៅ​ពេល​មាន​ព័ត៌មាន​ផ្សាយ​ថា មនុស្ស​ស្លាប់​តែ ២​នាក់ និង​របួស ១២​នាក់​នោះ ពួក​អ្នក​ស្រុក​មិន​ជឿ​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ចំពោះ​ការ​សង្ស័យ​របស់​អ្នក​ស្រុក លើ​តួលេខ​អ្នក​ស្លាប់ និង​របួស​នេះ ពី​លោក ម៉ៅ ឈីវសុង ប្រធាន​រដ្ឋបាល និង​អ្នក​តំណាង​រោងចក្រ វីងស្តារស៊ូ បាន​ឡើយ នៅ​ថ្ងៃ​ទី២៤ ឧសភា។
ប្រភព​សមាជិក​សហជីព​នៅ​រោងចក្រ វីងស្តារស៊ូ បាន​និយាយ​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ដំបូង មាន​អ្នក​ស្លាប់​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​រូប និង​បុរស​មួយ​រូប។ តែ​ក្រោយ​មក សហជីព​នោះ​បាន​ទទួល​ព័ត៌មាន​ពី​មន្ទីរពេទ្យ​មក​វិញ​ថា ចំនួន​កម្មករ​ស្លាប់​សរុប​មាន ៣​នាក់ និង​របួស ១១​នាក់។ ប៉ុន្តែ​តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​រោងចក្រ បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ស្លាប់​តែ ២​នាក់ និង​របួស ១១​នាក់​ប៉ុណ្ណោះ។
បើ​សិន​ជា​មាន​ការ​រក​ឃើញ​ថា មាន​ការ​លាក់​បាំង​ព័ត៌មាន​ទាក់ទង​ជាមួយ​ការ​ស្លាប់ និង​របួស​របស់​កម្មករ​រោងចក្រ​កន្លង​មក​មែន​នោះ អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​មិន​ខាន។
ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​៥៣១ បាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​អំពើ​លាក់​បាំង​តម្រុយ​នានា​ថា អំពើ​កែប្រែ លុប​បំបាត់ ឬ​លាក់​បាំង​តម្រុយ ឬ​ស្លាក​ស្នាម​នៅ​ទី​កន្លែង​នៃ​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ក្នុង​គោល​បំណង​ធ្វើ​ជា​ឧបសគ្គ​ដល់​ការ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។
ហើយ​ចំពោះ​មន្ត្រី​រាជការ​ក្នុង​មុខ​ងារ​សាធារណៈ ដែល​បាន​ដឹង​ព័ត៌មាន​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម ហើយ​មិន​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ត្រូវ​មាន​ទោស​ដែរ។ ក្រម​ព្រហ្មទណ្ឌ​មាត្រា​៥២៨ បាន​ចែង​ថា អំពើ​របស់​អ្នក​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត ដែល​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ដែល​ខ្លួន​បាន​ដឹង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។
បើ​ទោះ​បី​ជា​ការ​បាក់​ពិតាន​នៅ​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង វីងស្តារស៊ូ កាល​ពី​ថ្ងៃ​ទី១៦ ឧសភា កន្លង​ទៅ​មាន​ការ​ប្រកាស​ព័ត៌មាន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា មាន​កម្មករ​ចំនួន ២​នាក់​ស្លាប់ និង​របួស ១២​នាក់​ក៏ដោយ ប៉ុន្តែ​មុន​ពេល​ប្រកាស​ព័ត៌មាន​ថា​កម្មករ ២​នាក់​ស្លាប់​នោះ មាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ថា មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​ជាង​នេះ។ ប៉ុន្តែ​តួលេខ​ទាំង​នោះ មាន​មិន​ដូច​គ្នា​ទេ ដោយ​ប្រភព​ខ្លះ​និយាយ​ថា មាន​អ្នក​ស្លាប់ ៣​នាក់ អ្នក​ខ្លះ​ថា​មាន​អ្នក​ស្លាប់ ៦​នាក់ ជាដើម។
ប្រភព​ពី​ប្រជាពលរដ្ឋ និង​កម្មករ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​បាក់​ពិតាន​មាន​មនុស្ស​ស្លាប់ និង​របួស​នោះ​មក កម្មករ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ត​ទៅ​ទៀត ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់។ រោងចក្រ វីងស្តារស៊ូ ជា​រោងចក្រ​ផលិត​ស្បែក​ជើង​កីឡា ម៉ាក អេស៊ិក (ASICS) ដែល​ជា​ម៉ាក​ស្បែក​ជើង​ល្បី ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: