A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

A Vietnamese company bulldozed villagers vegetable farms in Oddar Meanchey province ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​នៅ​ឧត្តរមានជ័យ

ដោយ ហង្ស សាវយុត RFA
2013-05-13
ជម្លោះ​ដី ឧត្ដរមានជ័យ ៣០៥
២០-មីនា-២០១៣៖ ខ្ទម​របស់​ពលរដ្ឋ​សង់​លើ​អតីត​ដី​ភូមិ​របស់​ខ្លួន ដែល​បច្ចុប្បន្ន​ដី​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​ដាំ​កៅស៊ូ នៅ​ ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។
RFA/Hang Savyouth 
 
គេហទំព័រ​ស្ដីពី​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស នៅ​ខេត្ត​ភាគ​ឧត្តរ មាន​ខេត្ត​សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ចំនួន​រហូត​ដល់​ទៅ ៦២​ក្រុមហ៊ុន។
ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ មាន​ខ្លះ​ជា​ឧកញ៉ា​ក្នុង​ស្រុក ខ្លះ​ជា​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​ថៃ ក្រុមហ៊ុន​ម៉ាឡេស៊ី និង​វៀតណាម ជាដើម។
តើ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រេកអរ​ជាមួយ​ការ​អភិវឌ្ឍ ឬ​ក៏​យ៉ាង​ណា?
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅ​តែ​រង់ចាំ​អាជ្ញាធរ​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់​ជាច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ តៃនិញ (Tay Ninh) បាន​ទទួល​ដី​សម្បទាន ហើយ​ឈូស​ឆាយ​ពង្រីក​ដី​ដាំ​កៅស៊ូ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ស្រែ និង​ចម្ការ​មួយ​ចំនួន។
«សំឡេង​ត្អូញត្អែរ»
បុរស​ឈ្មោះ ឈុត ឆេន គឺ​ជា​កសិករ​រស់នៅ​ភូមិ​បឹងកំប្លោក នៃ​ឃុំ​ត្រពាំងប្រាសាទ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់ និង​កូន មាន​ដី​ចម្ការ​ដំឡូង​ចំនួន ៩​ហិកតារ នៅ​ឯ​ភូមិ​ថ្នល់កែង។ កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​ទៅ​វាស់វែង​ដី​នោះ​រួច​ហើយ ក៏ប៉ុន្តែ​ក្រោយ​មក កង​ទាហាន និង​ក្រុមហ៊ុន​តៃនិញ របស់​វៀតណាម បាន​ឈូស​ឆាយ​យក​ដី​របស់​គាត់​អស់។
បុរស​ដដែល​បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​មករា កន្លង​ទៅ ដំឡូងមី​របស់​គាត់​ដែល​បាន​ទទួល​ផល​នៅ​លើ​ដី ១​ហិកតារ​កន្លះ ត្រូវ​ក្រុមហ៊ុន​វៀតណាម ឈូស​បំផ្លាញ​ខូច​អស់។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ៖ «មិន​ ឃើញ​ដោះស្រាយ​គ្រប់​កន្លែង ទៅ​ខេត្ត​ក៏​ទៅ ទៅ​ស្រុក​ក៏​ទៅ។ ឈូស​អស់​ដំឡូង ហើយ​មិន​ឱ្យ​ដាំ​ទៀត ទាំង​ទាហាន ទាំង​ក្រុមហ៊ុន។ ដោះស្រាយ​មិន​ឃើញ​មាន​ចេញ​ច្បាស់​ទៅ​ណា បើ​មិន​ឱ្យ​ថា​មិន​ឱ្យ បើ​មិន​ដោះស្រាយ​ក៏​ថា​មិន​ដោះ​ទៅ។ ផុត​ដាំ​ទៅ​ហើយ ព្រោះ​ថា​ដំណាំ​ដំឡូងមី តែ​ខែ​មិថុនា ចប់​ហើយ​មិន​បាច់​ដាំ​ទេ ដាំ​បាន​តែ​ពាក់​កណ្ដាល​ខែ​ឧសភា។ បើ​ថា​ផុត​ពី​នោះ​ចប់​ហើយ ក្រ​ពីរ​ជីវិត បី​ជីវិត​ទៀត​ហើយ គ្មាន​អ្វី​ចិញ្ចឹម​កូន​គ្រួសារ ៨​នាក់ អត់​មាន​ដី ១​ហិកតារ​ទេ បើ​ទៀត​ទេ ងាប់​ហើយ មិន​ដឹង​ទៅ​នៅ​ឯ​ណា​ទៀត​ទេ»

ចំណែក​អ្នកស្រី កែវ ស៊ីម នៅ​ភូមិ​អូរក្រូច នៃ​ឃុំ​ត្រពាំងប្រាសាទ ដែរ បាន​អះអាង​ថា គាត់ និង​កូន​ចំនួន ៣​គ្រួសារ​ទៀត មាន​ដី​ចំនួន ២០​ហិកតារ។ ក៏ប៉ុន្តែ កាល​ពី​អំឡុង​ខែ​មករា កន្លង​ទៅ ក្រុមហ៊ុន​វៀតណាម តៃនិញ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ពង្រីក​ធ្វើ​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន។ អ្នកស្រី កែវ ស៊ីម បញ្ជាក់​ថា អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​អំពី​រឿង​នោះ​ទៅ​សាលា​ស្រុក​ ត្រពាំងប្រាសាទ តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​អ្នកស្រី និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រង​ការ​ប៉ះពាល់ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
អ្នកស្រី កែវ ស៊ីម៖ «តាំង​ពី​ក្រុមហ៊ុន តៃនិញ មក​ហ្នឹង លើក​មុន​វា​ឈូស​ដាំ​កៅស៊ូ​ត្រឹមៗ​ចិញ្ចើម​អស់​ហើយ គេ​ថា​គេ​ដោះស្រាយ​ឱ្យ តែ​គេ​អត់​ដោះស្រាយ​ទេ។ បើ​សរុប​ចូល​គ្នា​ទាំងអស់ ទាំង​មុន​ទាំង​ក្រោយ វា ១១៤​គ្រួសារ។ ពួក​ខ្ញុំ​ហ្នឹង​វា​ចង់​អស់​ជំនឿ ព្រោះ​ថា​វា​មាន​រយៈ​តាំង​ពី​ក្រុមហ៊ុន​នោះ​មក គឺ​បាន​ឈូស​ឆាយ​ដាំ​រហូត​ដល់​កៅស៊ូ​ត្រឹម​ចិញ្ចើម ហើយ​នៅ​តែ​មិន​ឃើញ​មាន​អ្វី​ដោះដូរ។ ហើយ​ពួក​ខ្ញុំ​ហ្នឹង​មាន​គម្រោង​ថា បើ​សិន​ជា​ភូមិ​ឃុំ​អី​មិន​អាច​ទាមទារ​ដី​ឱ្យ​ពួក​ខ្ញុំ​ទេ គឺ​ប្រុង​ឡើង​ទៅ​ថ្នាក់​លើ»
ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ស្រុក​ត្រពាំងប្រាសាទ បាន​សម្ដែង​កង្វល់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ មិន​ត្រឹម​តែ​ពួក​គាត់​បាត់​បង់​ដី​ស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​ឈើ ធនធាន​ធម្មជាតិ ព្រៃ​ជម្រក​សត្វ និង​ប៉ះពាល់​ដល់​ជីវិត​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត។
«សំឡេង​ថ្ងូរ»
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា តំបន់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រគល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ ក្រុមហ៊ុន​នោះ ដូច​ជា​នៅ​អូរក្រូច និង​ដី​ជាប់​ព្រៃស្អាក ជាដើម គឺ​ជា​តំបន់​ព្រៃ​ឈើ​ធំៗ ដែល​ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​ចូល​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុង​ព្រៃ​ នោះ ហើយ​បន្ទាប់​ពី​ផ្ដល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ក្រុមហ៊ុន​ឈូស​ឆាយ​មិន​ត្រឹម​តែ​បាត់​បង់​ព្រៃ​ឈើ​ទេ គឺ​ធ្វើ​ឱ្យ​អ្នក​ភូមិ​បាត់បង់​កន្លែង​ធ្លាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​សត្វ​ព្រៃ​ជាច្រើន​គ្មាន​ទី​ជម្រក​ជាដើម។
អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិភពលោក ប្រទេស​ជាច្រើន គឺ​គេ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ហើយ​ប្រទេស​ណា​អនុវត្ត​ច្បាប់​បាន​រឹងមាំ គឺ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ទាំង​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅ​ស្រុក​ខ្មែរ គឺ​ខុស​ប្លែក​ពី​គេ ដោយ​អ្នក​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ សម្លឹង​រក​តែ​ដី​ដែល​មាន​ឈើ​ធំៗ មាន​តម្លៃ​ខ្ពស់ៗ ដូច​ជា​នៅ​ខេត្ត​កោះកុង ឧត្តរមានជ័យ សៀមរាប ជាដើម ដែល​ជា​សម្បុក​ព្រៃ​ឈើ។
លោក ចាន់ សុវ៉េត បាន​បង្ហាញ​ទស្សនៈ​ថា តាម​ការ​យល់​ឃើញ​របស់​លោក​ថា បើ​សិន​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ឯ​ការ​រំលោភ​សិទ្ធិ​ក៏​មាន​ច្រើន​សន្ធឹកសន្ធាប់​ពេក ទោះ​ជា​បាន​ទទួល​ផល​ក្តី ក៏​វា​មិន​មាន​ភាព​វិជ្ជមាន និង​យូរ​អង្វែង​ទេ៖ «សម្បទាន ​សេដ្ឋកិច្ច​រាល់​ថ្ងៃ យើង​ឃើញ​មាន​ទំហំ​ធំធេង មាន​ចំនួន​អ្នក​មក​រកស៊ី​ច្រើន​អស់​ដី​ច្រើន ក៏ប៉ុន្តែ​លទ្ធផល​បាន​មក​ប្រជាជន​វា​តិចតួច​ពេក វា​អត់​សមតុល្យ​គ្នា។ អ៊ីចឹង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ មិន​មាន​ប្រសិទ្ធភាព​ទេ។ ទី២ យើង​ឃើញ​ថា ធនធាន​ធម្មជាតិ​របស់​យើង​តាំង​ពី​នៅ​លើ​ដី តាំង​ពី​នៅ​ក្នុង​ដី គឺ​បាត់បង់​ដូច​គ្នា។ បើ​សិន​ជា​អត់​បាន​ត្រួត​ពិនិត្យ​មើល ផល​ប្រយោជន៍​ទាំងអស់​ហ្នឹង គឺ​អត់​បាន​មក​ប្រជាជន​ទេ គឺ​បាន​ទៅ​លើ​មួយ​ក្រុម​គ្នា​គេ​នោះ​ឯង។ អ៊ីចឹង​ជា​យោបល់ ខ្ញុំ​គិត​ថា ត្រូវ​តែ​ត្រួត​ពិនិត្យ ត្រូវ​តែ​ដាក់​ទោសទណ្ឌ​ក្រុមហ៊ុន​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​នូវ​ទម្រង់​ ច្បាប់»
គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ អូភេន ឌីវេលុបមែន (Open Development) បាន​បង្ហាញ​របាយការណ៍​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១២ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៣៧​ម៉ឺន ៥​ពាន់​ហិកតារ នៅ​ក្នុង​ខេត្ត​សៀមរាប ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស ចំនួន ៦២​ក្រុមហ៊ុន។ ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ដែល​ទទួល​បាន​ដី​សម្បទាន​នៅ​ខេត្ត​ទាំង​បី យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​វៀតណាម ចំនួន​៤ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២៣.៧០០​ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: