A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 April 2013

The opposition party plans to protest to demand a reform to the National Election Committee បក្ស​ប្រឆាំង​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​កែ​ទម្រង់ គ.ជ.ប

ដោយ ទីន ហ្សាការីយ៉ា RFA
2013-04-12 Read English here.
កឹម សុខា ប្រគល់​រថយន្ត​នៅ​កំពត ៣០៥
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Uon Chhin 
 
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​គណៈកម្មការ​របស់​ខ្លួន ដើម្បី​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដ៏​ធំ​មួយ​នៅ​ក្រោយ​ចូល​ ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ពេល​ខាង​មុខ។
ការ​គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កែ​ទម្រង់​ជាច្រើន​លើក ពិសេស​សុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​ សហប្រជាជាតិ និង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ដែល​បាន​រក​ឃើញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ប្រក្រតី​នោះ តែ​ត្រូវ​បាន គ.ជ.ប បដិសេធ។
បាតុកម្ម​អហិង្សា​ជា​ទ្រង់ទ្រាយ​ធំ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​មួយ​នេះ​ឲ្យ​ទៅ​ជា​ស្ថាប័ន​ឯករាជ្យ​ពិត​ប្រាកដ ដើម្បី​ឲ្យ​លទ្ធផល​បោះឆ្នោត​ទទួល​យក​បាន​គ្រប់​គណបក្ស​នយោបាយ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​កើត​ចេញ​ពី​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រស្ស៊ី លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មួយ​នៅ​ថ្ងៃ​ទី២៤ មេសា ខាង​មុខ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៤​ពាន់​នាក់។

លោក កឹម សុខា ទាមទារ​ឲ្យ គ.ជ.ប ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ ពីព្រោះ​ថា អង្គការ​ខុមហ្វ្រែល (comfrel) បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់ គ.ជ.ប នោះ បាន​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង ១​លាន ២​សែន​នាក់។
ការ​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​សមាសភាព និង​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ឡើង​វិញ​នោះ មិន​មែន​ជា​លើក​ទី​មួយ​ទេ តែ​ត្រូវ​បាន គ.ជ.ប បដិសេធ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​សកម្មភាព​របស់ គ.ជ.ប នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា គ.ជ.ប ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច។ អ្វី​ដែល​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ កាន់​តែ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ គឺ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ចេញ​របាយការណ៍​ធ្វើ​ការ​ស្រាវជ្រាវ​របស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជា​ បន្តបន្ទាប់ រួម​មាន វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (អិន.ឌី.អាយ = NDI) គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី នៅ​កម្ពុជា (និកហ្វិច = NICFEC) និង​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់ គ.ជ.ប មិន​ប្រក្រតី និង​ទាមទារ​ឲ្យ គ.ជ.ប ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ឡើង​វិញ។
របាយការណ៍​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​កម្រាស់​ជាង ៥០​ទំព័រ ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​ខុមហ្វ្រែល ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ដើម​ខែ​មេសា បង្ហាញ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ទាន់​មាន​គុណភាព និង​នីតិវិធី​នៃ​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី។
ខុមហ្វ្រែល វាយ​តម្លៃ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ មាន​គុណភាព​ប្រសើរ​តិចតួច បើ​ធៀប​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១២ និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០០៨។
ដោយ​ឡែក អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត និកហ្វិច និង អិន.ឌី.អាយ កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ក៏​បាន​ផ្សាយ​ថា អ្នក​បោះឆ្នោត​ជាង ១០% គឺ​មាន​តែ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត តែ​គ្មាន​មនុស្ស​ពិត​ទេ។ មូលហេតុ​នេះ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កម្រិត​នៃ​ភាព​ត្រឹមត្រូវ និង​សុពលភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ព្រម​ទាំង​លទ្ធភាព​សម្រាប់​អ្នក​បោះឆ្នោត ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ ប៉ុន្តែ គ.ជ.ប ប្រតិកម្ម​នឹង​របាយការណ៍​នេះ​ដែរ ដោយ​ចាត់​ទុក​ថា ជា​ការ​សិក្សា​ដោយ​មិន​គ្រប់​ជ្រុងជ្រោយ។
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​ផ្ដល់​អនុសាសន៍​ជាច្រើន​ចំណុច អំពី​ភាព​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នោះ មាន​ដូចជា ប្រធាន គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ត្រូវ​តែ​មាន​ភាព​ឯករាជ្យ និង​ត្រូវ​តែ​បញ្ចូល​គ្រប់​តំណាង​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រាំង​ស្ទះ និង​ត្រូវ​តែ​មាន​វត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី មក​ចូលរួម​បោះឆ្នោត។
អគ្គ​លេខា គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​គ្រោង​ធ្វើ​បាតុកម្ម​ណា​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ដែល​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម។ លោក​បាន​ពន្យល់​ថា របាយការណ៍​អង្គការ​ឃ្លាំ​មើល​បោះឆ្នោត​ទាំង​នោះ មិន​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ដូច្នេះ​ហើយ ទើប គ.ជ.ប មិន​កែប្រែ​បញ្ជី​ឈ្មោះ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​ថ្មី។
ទាក់ទង​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​បំភ្លឺ​ថា ការ​បដិសេធ​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​ណា​មួយ​នោះ លុះត្រា​ណា​ស្ថាប័ន គ.ជ.ប មាន​ការ​ស្រាវជ្រាវ​របស់​ខ្លួន​លំអិត​ជាង​ស្ថាប័ន​ដទៃ។
ក្រុម​អ្នក​វិភាគ​ឯករាជ្យ បាន​ពន្យល់​ថា ស្ថាប័ន គ.ជ.ប ត្រូវ​តែ​ទទួល​យក​នូវ​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​កែប្រែ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ស្ថាប័ន គ.ជ.ប ក្លាយ​ទៅ​ជា​ស្ថាប័ន​ឯករាជ្យ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​សាធារណជន។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក កែម ឡី បាន​សង្កត់​ធ្ងន់​ថា គ.ជ.ប ថ្វី​ត្បិត​តែ​ជា​ស្ថាប័ន​ឯករាជ្យ ប៉ុន្តែ សកម្មភាព​ដែល​ស្ថាប័ន​នេះ​ធ្វើ​កន្លង​មក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​ទាន់​ឯករាជ្យ​នោះ​ឡើយ។ ហើយ​នៅ​ពេល​នេះ គ.ជ.ប មិន​ទាន់​ហួស​ពេល​ទេ​ក្នុង​ការ​កែទម្រង់​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ឲ្យ​លទ្ធផល​បោះឆ្នោត​មាន​ភាព​យុត្តិធម៌ និង​ទទួល​យក​បាន​ទាំងអស់​គ្នា។
មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​គ្រោង​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​នេះ គ្រាន់​តែ​ឆាក​ល្ខោន​នយោបាយ​របស់​គណបក្ស​នេះ ដើម្បី​ជា​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ឬ​យ៉ាង​ណា?
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក កឹម សុខា បាន​ពន្យល់​ថា ជា​រឿង​ជៀស​មិន​ផុត​ទេ ដែល​គណបក្ស​នយោបាយ​ត្រូវ​ការ​ចំណេញ​នយោបាយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ធ្វើ​បាតុកម្ម​អហិង្សា​នោះ​ទេ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ ពីព្រោះ​ថា គ.ជ.ប បាន​បដិសេធន៍​សំណើ​របស់​គណបក្ស​ប្រឆាំង​ជាច្រើន​លើក​មក​ហើយ​ក្នុង​ការ​ស្នើ​ ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នោះ។
ជា​ទូទៅ ការ​ធ្វើ​បាតុកម្ម​អហិង្សា មិន​ថា​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល កម្មករ​រោងចក្រ​នោះ​ទេ ក្រុម​បាតុករ​តែង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​បាតុកម្ម​របស់​ ខ្លួន។ រាល់​ការ​ធ្វើ​បាតុកម្ម​អហិង្សា ក្រុម​បាតុករ​តែងតែ​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច ពេល​ខ្លះ​រហូត​ដល់​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​បន្ថែម​ទៀត។ល។
ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ណា​មួយ​នោះ លុះត្រា​តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពាក្យ​សុំ​ច្បាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ជា​មុន​សិន ដើម្បី​ពិនិត្យ​មើល​ថា តើ​គួរ​អនុញ្ញាត ឬ​មិន​អនុញ្ញាត?
ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា បាន​ពន្យល់​ថា ការ​ធ្វើ​បាតុកម្ម​អហិង្សា​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​មិន​ត្រូវ​សុំ​ច្បាប់​ដើម្បី​ធ្វើ​បាតុកម្ម​នោះ​ឡើយ ដោយ​គ្រាន់​តែ​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។
ទាក់ទង​នឹង​បញ្ហា​នេះ លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​ធ្វើ​មហា​បាតុកម្ម​នេះ គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី២៤ មេសា។ លោក​បញ្ជាក់​ថា គណៈកម្មការ​គណបក្ស​កំពុង​រៀបចំ​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ធ្វើ​ បាតុកម្ម​នេះ ដើម្បី​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ។
ទោះ​បី​ជា​ច្បាប់​បាន​ចែង​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​រិះគន់ និង​ធ្វើ​បាតុកម្ម​ក្ដី ប៉ុន្តែ​ជា​ទូទៅ សាលា​រាជធានី​តែង​តែ​បដិសេធ​ចំពោះ​ការ​ជូន​ដំណឹង​អំពី​ការ​ធ្វើ​កូដកម្ម ដោយ​គេ​យក​លេស​ថា ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​រដ្ឋាភិបាល​មាន​បំណង​បិទ​បាំង និង​បិទ​សេរីភាព​បញ្ចេញ​មតិ​ដែល​រដ្ឋាភិបាល​ធ្វើ​គ្រប់​រូប​ភាព ដើម្បី​បង្ក្រាប​ក្រុម​បាតុករ ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។ បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​សមត្ថកិច្ច​រដ្ឋាភិបាល នឹង​បង្ក្រាប​បាតុករ​គណបក្ស​ប្រឆាំង​ក្រោម​ហេតុផល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ ​ធ្នាប់​សាធារណៈ ឬ​យ៉ាង​ណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

while the mostThai prepared to attack Khmer Samramsy prepared protest to devid us. is that yourcoincident again ramsy? .is that it clear enoughScram sy is a real traitor. wasn't he?