A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 April 2013

The opposition CNRP threatens to hold another demonstration if the National Election Committee did not respond to their demands បក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​បន្ត​បើ​គ្មាន​ការ​ឆ្លើយ​តប​ពី​គ.ជ.ប

ដោយ ដែន អយុធ្យា RFA
2013-04-24
បាតុកម្ម​ប្រឆាំង​គ.ជ.ប ៣០៥
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ដើម្បី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Den Ayuthea 
 
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួល​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​គណបក្ស​នេះ​បាន​ប្រមូល​ផ្តុំ​សមាជិក​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន ​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា។ ប៉ុន្តែ​មេ​ដឹកនាំ​គណបក្ស​ដដែល​នេះ​បាន​ព្រមាន​ដឹកនាំ​មហា​បាតុកម្ម​ ទ្រង់ទ្រាយ​ធំ​បន្ត​ទៀត បើ​សិន​ស្ថាប័ន គ.ជ.ប មិន​បាន​ឆ្លើយ​តប​សំណើ​របស់​ខ្លួន​នោះ។
មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ មាន​មនុស្ស​ចូលរួម​ប្រមាណ បី​ពាន់​នាក់ បាន​រំសាយ​ទៅ​វិញ​ភ្លាមៗ​ក្រោយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត មក​ទទួល​ញត្តិ​ដល់​ទី​កន្លែង​ប្រារព្ធ​ពិធី នា​វេលា​ម៉ោង​ជាង ១០​ព្រឹក។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ជួបជុំ​ថា គោល​បំណង​ប្រមូល​ផ្តុំ​សមាជិក​គាំទ្រ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១២ ជុំវិញ​ការ​កែទម្រង់​បោះឆ្នោត​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ទាមទារ​ឲ្យ​សើរើ​ឡើង​វិញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល គ.ជ.ប បាន​ធ្វើ ហើយ​ត្រូវ​អង្គការ​អិនឌីអាយ (NDI) និង​ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា​មាន​កំហុស​បំប៉ោង​ឈ្មោះ និង​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត។
លោក កឹម សុខា បាន​ព្រមាន​ក្នុង​ពិធី​ប្រមូល​ផ្តុំ​ថា​នឹង​ដឹកនាំ​មហា​បាតុកម្ម​ទ្រង់ទ្រាយ ​ធំ​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ បើ​ស្ថាប័ន គ.ជ.ប មិន​ឆ្លើយ​តប ឬ​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​ខ្លួន​នោះ៖ «បើ គ.ជ.ប និង​រាជ​រដ្ឋាភិបាល​នៅ​តែ​យក​បញ្ជី​ឈ្មោះ​បោះឆ្នោត​ខុស​នេះ​ទៅ​ប្រើប្រាស់​ ដោយ​គ្មាន​ការ​កែលំអ​ទេ​នោះ គឺ​មាន​ន័យ​ថា ជា​ការ​ប៉ុនប៉ង​មួយ​យ៉ាង​ច្បាស់​ដល់​ការ​រំលោភ​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត​ផង និង​ជា​ការ​ងាក​ចេញ​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​នាំ​ប្រទេស​កម្ពុជា វិល​ទៅ​រក​អស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​វិញ​ជា​មិន​ខាន»
ក្រៅ​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​ដាក់​គំនាប​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា ដោយ​គ្មាន​លក្ខខណ្ឌ។

មន្ត្រី​សន្តិសុខ​បោះឆ្នោត​នៃ​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម គ.ជ.ប លោក សាន តាំងស៊ីឌឿន ដែល​បាន​មក​ទទួល​យក​ញត្តិ​ដល់​ទីលាន​ប្រជាធិបតេយ្យ បាន​សន្យា​ថា​នឹង​នាំ​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ជូន​ថ្នាក់​ដឹកនាំ គ.ជ.ប ពិនិត្យ។ ប៉ុន្តែ​ត្រង់​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ត្រឹម​កម្រិត​ណា លោក​មិន​ទាន់​ដឹង​ទេ៖ «ក្នុង​គោលដៅ​ទទួល​យក​អនុសាសន៍ ឬ​ញត្តិ​របស់​បង​ប្អូន ដើម្បី​ដាក់​ជូន​ទៅ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ខ្ញុំ​សន្យា​ថា​នឹង​ពាំនាំ​ញត្តិ​ដាក់​ជូន​ឲ្យ​បាន​ឆាប់​ជូន​ថ្នាក់​ដឹកនាំ គ.ជ.ប»
កឹម សុខា ៣០៥
អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​មហា​បាតុកម្ម នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Den Ayuthea
យ៉ាង​ណា​ក៏ដោយ លោក កឹម សុខា បាន​សង្កត់​ធ្ងន់​ថា បើ​ស្ថាប័ន គ.ជ.ប មិន​កែទម្រង់​បោះឆ្នោត ឬ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែ​កក្កដា ឲ្យ​មាន​យុត្តិធម៌​ទេ បក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ៖ «ធ្វើ​បាតុកម្ម​អហិង្សា​ថ្ងៃ​ នេះ គឺ​មាន​គោល​បំណង​ចង់​ឃើញ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើត​នូវ​រាជ​រដ្ឋាភិបាល​មួយ​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នីតិកាល​ទី៥ ឆ្នាំ​២០១៣ នេះ ទោះ​បី​គណបក្ស​នយោបាយ​ណា​ឈ្នះ​ក៏ដោយ»
ពិធី​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ពិសេស​ក្រុម​បង្ក្រាប​បាតុករ​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល បាន​ដាក់​ពង្រាយ​គ្រប់​ច្រក​ល្ហក ព្រម​ទាំង​បាន​បិទ​របាំង​ដែក និង​យក​ឡាន​ទឹក​មក​ចត​បិទ​ផ្លូវ​ចេញ​ចូល​ជាច្រើន​គ្រឿង​ថែម​ទៀត។
កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕
ទស្សនា​រូបភាព​ទាក់ទិន​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: