A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 22 April 2013

Hun Sen asks the people to remain calm on Preah Vihear issue នាយករដ្ឋមន្ត្រី​​​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​លើ​សំណុំ​រឿង​ព្រះវិហារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រក្សា​ជំហរ​ស្ងប់ស្ងាត់ និង​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​​រដ្ឋាភិបាល​​​ចំពោះ​រឿង​ទំនាស់​ព្រំដែន​ ជាមួយ​ថៃ នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) រង់​ចាំ​ការ​បក​ស្រាយ​សាលក្រម​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។ 
ដោយ ដែន អយុធ្យា និង សុខ សេរី RFA
2013-04-22
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Sok Serey
ការ​អំពាវនាវ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​នៅ​​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា ក្នុង​ពិធី​កាត់​ឫសសីមា​ឆ្លង​ព្រះវិហារ​​វត្ត​សិរី​ឧត្ដម ក្នុង​ឃុំ​ពាមរោង ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ស្រប​ពេល​ដែល​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២២ មេសា បន្ទាប់​ពី​ចូល​​រួម​សវនាការ​អស់​រយៈ​ពេល ៥​ថ្ងៃ​រួច​មក។
លោក ហ៊ុន សែន៖ «បកស្រាយ​យ៉ាង​ម៉េច ដាក់​ផែនទី​យ៉ាង​ម៉េច ស្មាន​ថា​តុលាការ​គេ​ខ្វះ​ផែនទី​អស់​ហ្នឹង? ដាក់​ផែនទី​ចង់ ១០០​ទៀត ហើយ​តុលាការ កាល​ពី​ឆ្នាំ​១៩៦២ គេ​ល្ងង់​ណាស់​ទៅ​ហ្អី! ហើយ​តុលាការ​បច្ចុប្បន្ន​គេ​មិន​ល្ងង់​ទេ គេ​មាន​ផែនទី​គ្រប់គ្រាន់​របស់​គេ ហើយ​អា​ផែនទី​ដែល​ស្ត្រី​ជនជាតិ​រ៉ូម៉ានី ដាក់​មក​ហ្នឹង យើង​មាន​ក្នុង​ដៃ​របស់​យើង បែរ​ជា​ខាង​ថៃ ថា នេះ​ជា​ផែនទី​រក​ឃើញ​ថ្មី។ អុញ! មិន​មែន​ថា​គេ​ល្ងង់​ទេ គេ​ឆ្លាត។ ក៏​ប៉ុន្តែ​យើង​មាន​ដែរ​តើ អា​ផែនទី​ហ្នឹង​នោះ។ បាន​ជា​ជនជាតិ​អង់គ្លេស វាយ​បក​ថា អា​បន្ទាត់​ហ្នឹង​គឺ​របស់​ថៃ។ ប៉ុន្តែ​រឿង​យ៉ាង​ណា​កុំ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ជម្លោះ​ដទៃ​ទៀត»
ហោ ណាំហុង ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​ពី​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Sok Serey
តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រាសាទ​ ព្រះវិហារ តាម​ពាក្យ​បណ្ដឹង​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ការ​តវ៉ា​របស់​ភាគី​ថៃ ដែល​អះអាង​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​កម្មសិទ្ធិ​របស់​ថៃ ហើយ​សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣។

ទាក់ទង​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) លោក​បាន​និយាយ​ជាមួយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ ថា ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ ទោះ​តុលាការ​សម្រេច​បែប​ណា ប្រទេស​ទាំង​ពីរ​ត្រូវ​អនុវត្តន៍​​តាម​តុលាការ​ ដោយ​ស្ងៀមស្ងាត់។
លោក ហ៊ុន សែន៖ «បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​កំពុង​តតាំង​គ្នា​នៅ​ឯ​តុលាការ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា កម្ពុជា និង​ថៃ ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម ហើយ​ត្រូវ​តែ​វ៉ៃ​គ្នា​នោះ​ទេ។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់។ មិន​ថា​សាលក្រម​ចេញ​មក​បែប​ណា កុំ​ឲ្យ​បញ្ហា​នេះ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ ចេញ​ពី​ចំណុច​តូច​១​ទៅ​ទំនាស់​ទូទាំង​ព្រំដែន ឬ​ទូទាំង​វិស័យ»
លោក ហោ ណាំហុង ដែល​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សវនាការ​នោះ​ឲ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ ជា​ថ្មី​ម្ដង​ទៀត នៅ​ចុង​ឆ្នាំ​២០១៣ នេះ តែ​​លោក​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​​ជាក់លាក់​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: