ដោយ រដ្ឋា វិសាល RFA
2013-03-19
2013-03-19
អ្នកភូមិជនជាតិដើមភាគតិច រស់នៅភូមិសមុទ្រលើ
ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី១៩ ខែមីនា
ឆ្នាំ២០១៣ ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ
ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock)
ថាបានឈូសឆាយទៅលើដីតំបន់កប់សពអ្នកភូមិ ដើម្បីយកដីដាំកៅស៊ូ។
តំណាងអ្នកភូមិ លោក ឈន់ លន់ មានប្រសាសន៍បញ្ជាក់ថា
ដីតំបន់កប់សពអ្នកភូមិមានទំហំមួយហិកតារ
ជាដីដែលបានកាត់ចេញពីគម្រោងផ្តល់ដីសម្បទានរួចហើយ
ក៏ប៉ុន្តែក្រុមហ៊ុននៅតែបំពានប្រើប្រាស់កម្មករ
និងគ្រឿងចក្រឈូសឆាយយក
បើទោះបីអ្នកភូមិបានប្រាប់ទៅអ្នកឈូសឆាយថា
ដីនោះជាតំបន់កប់សពយ៉ាងណាក្តី។
លោកបន្តថា នេះគឺជាការរំលោភបំពានទៅលើតំបន់វប្បធម៌ប្រពៃណី
ទំនៀមទម្លាប់ និងរំលោភសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច
ដែលច្បាប់បានគាំពារ៖ «ខ្ញុំទៅប្រាប់ម្តងហើយ ថ្ងៃម្សិល
ខ្ញុំទៀតគេរុញមកទៀត ខ្ញុំទប់ទៀត។ ថ្ងៃម្សិល
ខ្ញុំយកទៅកម្លាំងប្រហែល ២០នាក់ ទាំងប្រុសទាំងស្រី»។
នេះគឺជាសេចក្តីរាយការណ៍ថ្មីមួយទៀត
ដែលអ្នកភូមិជនជាតិដើមភូមិសមុទ្រលើ បានចោទថា ក្រុមហ៊ុនអេលែវ
រំលោភគោលការណ៍ផ្តល់ដីសម្បទាន បន្ទាប់ពីអ្នកភូមិយ៉ាសោម
បានប្ដឹងចោទប្រកាន់ក្រុមហ៊ុននេះពីបទឈូសឆាយទៅលើដីដែលមាន
សលាកបត្រចុះបញ្ជីកម្មសិទ្ឋិដីធ្លីដោយក្រុមការងារ
និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល។
តំណាងក្រុមហ៊ុនអេលែវ មួយរូបមិនប្រាប់ឈ្មោះ
មានប្រសាសន៍បញ្ជាក់ថា
ក្រុមហ៊ុនមិនទាន់បានដឹងពីករណីអ្នកភូមិចោទប្រកាន់នេះទេ
ដូច្នេះក្រុមហ៊ុននឹងស្រាវជ្រាវ ហើយឆ្លើយបំភ្លឺករណីនេះនៅពេលក្រោយ៖
«បញ្ហាហ្នឹង ខ្ញុំអត់បានដឹងដែរ ចាំមើលខ្ញុំសួរខាងគ្រឿងចក្រសិន ចាំខ្ញុំទូរស័ព្ទប្រាប់វិញ»។
ទាក់ទិនករណីនេះដែរ ប្រធានភូមិសមុទ្រលើ លោក វ៉ាន់ ខាំ
មានប្រសាសន៍ទទួលស្គាល់ថា
អ្នកបញ្ជាគ្រឿងចក្រក្រុមហ៊ុនពិតជាបានឈូសឆាយទៅលើដីតំបន់កប់សព
របស់អ្នកភូមិមែន។ លោកបន្តថា នេះគឺជាលើកទីពីរហើយ
ដែលក្រុមហ៊ុនបានឈូសឆាយទៅលើដីតំបន់កប់សពនោះ
ហើយអ្នកភូមិបានលើកគ្នាទៅទប់ស្កាត់មិនឲ្យគ្រឿងចក្រឈូសឆាយ៖ «ទៅ
មើលជាក់ស្តែងទៅ ប្រជាពលរដ្ឋគេទប់មិនឲ្យឈូសទេ គេមិនឲ្យឈូស
ពួកអាឈូសគេថាពួកខ្ញុំអត់ដឹងទេ
ពួកខ្ញុំស៊ីឈ្នួលគេតាមមេក្រុមហ៊ុននោះគេថាអ៊ីចឹង»។
មេឃុំសេដា លោក ធំ ផាន់ មានប្រសាសន៍បញ្ជាក់ថា
ប្រធានភូមិបានរាយការណ៍ពីករណីនេះមកអាជ្ញាធរឃុំ
ដើម្បីជួយទប់ស្កាត់។ លោកកត់សម្គាល់ថា កន្លងទៅនេះក្រុមហ៊ុនអេលែវ
មិនបានអនុវត្តន៍ត្រឹមត្រូវតាមគោលការណ៍សម្បទានដីសេដ្ឋកិច្ចនោះនៅ
ឡើយ៖ «កម្មករអ្នកឈូសហ្នឹង គាត់អត់យល់តាមគោលការណ៍ អាហ្នឹងវានៅខ្វះចន្លោះហ្នឹង ហើយបានជាប្រជាពលរដ្ឋស្មុគស្មាញក្នុងចិត្ត»។
អភិបាលស្រុកលំផាត់ លោក គង់ ស៊្រុន មានប្រសាសន៍បញ្ជាក់ថា
លោកគ្រោងនឹងអញ្ជើញមន្ត្រីស្ថាប័នពាក់ព័ន្ធ
ចុះត្រួតពិនិត្យសេចក្តីរាយការណ៍ចោទប្រកាន់របស់ពលរដ្ឋ
ដើម្បីផ្ទៀងផ្ទាត់មើល
តើក្រុមហ៊ុនពិតជាបានប្រព្រឹត្តរំលោភឬយ៉ាងណា៖ «ខាងយើងអត់មាន
នរណាចេះមើលប្លង់ទេ
ដើម្បីមើលប្លង់ជាក់លាក់ថាដីហ្នឹងជាដីរបស់គាត់ពិតប្រាកដ។
បើដីគាត់ពិតប្រាកដ យើងកាត់ចេញមិនឲ្យក្រុមហ៊ុនយករបស់គាត់ទេ»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ខេត្តរតនគិរី ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ រហូតបច្ចុប្បន្ន
បន្ទាប់ពីក្រុមហ៊ុនអេលែវ
ទទួលបានអាជ្ញាប័ណ្ណលើដីសម្បទានសេដ្ឋកិច្ចមក
ប្រជាពលរដ្ឋជនជាតិដើមនៅឃុំចំនួនពីរ គឺឃុំសេដា ស្រុកលំផាត់
និងប្រជាពលរដ្ឋឃុំស៊ឺង ស្រុកបរកែវ បានផ្ទុះចេញនូវអំពើហិង្សា
និងប្ដឹងតវ៉ាជាច្រើនលើក បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដីព្រៃសហគមន៍
ដីចម្ការវិលជុំ បឹងធម្មជាតិ
និងដីដែលអ្នកភូមិបានចុះបញ្ជីកម្មសិទ្ធិតាមគោលនយោបាយចាស់
សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Ah Hun sen stop consession our land to yuon your boss.No more yuons on khmers' soil.
Post a Comment