A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 March 2013

Chea Sim's advisor sued for writing a bounced cheque [Most government advisors are crooks] ទីប្រឹក្សា​លោក ជា ស៊ីម ត្រូវ​​ប្ដឹង​ចោទ​ពី​បទ​ចេញ​សែក​គ្មាន​ប្រាក់

ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម មួយ​រូប រង​ការ​ប្ដឹង​ចោទ​ពី​បទ​ចេញ​មូលប្បទានប័ត្រ ឬ សែក សម្រាប់​ទូទាត់​ថ្លៃ​ដី​ដោយ​គ្មាន​សាច់​ប្រាក់​ចំនួន ៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ដោយ វណ្ណ វិចារ RFA
2013-03-25
ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​លោក ហៀ ហ៊ីន សព្វថ្ងៃ​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​លោក ជា ស៊ីម ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣ ដោយសារ​បុគ្គល​រូប​នោះ​មិន​ព្រម​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​ដី​ពី​ដើម​បណ្ដឹង​ ឲ្យ​គ្រប់​ចំនួន និង​ចេញ​សែក​គ្មាន​សាច់​ប្រាក់។
សំណុំ​រឿង​ប្ដឹង​លោក ហៀ ហ៊ីន មាន​តួនាទី​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ពី​បទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ទៅ​ដល់​ដៃ​តុលាការ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​ហើយ កាល​ពី​ថ្ងៃ​ទី​២២ មីនា។
ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង លោក ជៀក កឹមឡុង នៅ​ថ្ងៃ​ទី​២៤ មីនា មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្ដឹង​លោក ហៀ ហ៊ីន មក​ពី​ចុង​ចោទ​មិន​គោរព​សន្យា និង​ចេញ​មូលប្បទានប័ត្រ ឬ​សែក សម្រាប់​ទូទាត់​ថ្លៃ​ដី​គ្មាន​សាច់​ប្រាក់។ លោក​បន្ត​ថា លោក​ស្នើ​សុំ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ចុង​ចោទ​តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៣​ម៉ឺន​ដុល្លារ។
លោក​បញ្ជាក់​ថា លោក ហៀ ហ៊ីន ជា​អ្នក​មាន​លុយ មាន​អំណាច មិន​គួរ​ណា​មិន​គោរព​កិច្ចសន្យា និង​បោកប្រាស់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​សោះ៖ «លោក ហៀ ហ៊ីន គាត់​ជា​ទីប្រឹក្សា​សម្ដេច ជា ស៊ីម ហ្នឹង​ជា​មុខ​ងារ​បច្ចុប្បន្ន។ ខ្ញុំ​ចរចា​នឹង​គាត់​រហូត គាត់​សុំ​ពន្យារ​រហូត ពន្យារ​ដល់​ថ្ងៃ​គឺ​គាត់​អត់​ឲ្យ។ ខ្ញុំ​សន្យា​នឹង​គេ គាត់​មិន​ឲ្យ ខ្ញុំ​ក៏​ខូច​កិត្តិយស អាប់​អោន​ទៅ​តាម​គាត់។ គាត់​ប៉ុណ្ណឹង​ដែរ គាត់​ចេះ​តែ​ភ​បន្ត​អ៊ីចឹង ធ្វើ​ម៉េច​ខ្ញុំ​អ្នក​រង​គ្រោះ ត្រូវ​តែ​រក​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​បន្ត។ ខ្ញុំ​យល់​ថា ទោះ​បី​ធ្វើ​ការ​ប៉ុណ្ណា​ច្បាប់​មិន​អាច​ឲ្យ​រួច​ខ្លួន​បាន​ទេ សុំ​ឲ្យ​តុលាការ​ចាត់​ចែង​តាម​ផ្លូវ​ច្បាប់»

ពាក្យ​បណ្ដឹង​ប្ដឹង​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ លេខ ៥២១ (ប្រាំរយម្ភៃមួយ) ចុះ​ថ្ងៃ​ទី​២២ មីនា របស់​ដើម​ចោទ បាន​រៀបរាប់​ប្រាប់​ព្រះរាជអាជ្ញា​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១២ លោក ជៀក កឹមឡុង បាន​លក់​ដី​មួយ​កន្លែង​ដែល​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ហៀ ហ៊ីន ចំនួន ៨​ហិកតារ ក្នុង​តម្លៃ ៩​ម៉ឺន​ដុល្លារ។ លុះ​ដល់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ លោក ហៀ ហ៊ីន បាន​ចេញ​មូលប្បទានប័ត្រ​ឲ្យ​ដើម​បណ្ដឹង​ចំនួន ១​សន្លឹក មាន​ទឹក​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ។ បន្ទាប់​មក​ដើម​បណ្ដឹង​បាន​យក​សែក​នោះ​ទៅ​បើក​ប្រាក់​នៅ​ធនាគារ សាខូម (SACOM BANK)។ ពេល​នោះ​ធនាគារ​បាន​បញ្ជាក់​លិខិត​មួយ​មក​វិញ​ថា សែក​របស់​ឈ្មោះ ហៀ ហ៊ីន គ្មាន​សាច់​ប្រាក់​ទេ។ ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​នោះ ដើម​បណ្ដឹង​ក៏​បាន​ដាក់​មូលប្បទានប័ត្រ និង​លិខិត​បញ្ជាក់​ពី​ធនាគារ​ដើម្បី​បង្ហាញ​តុលាការ​ដែរ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ហៀ ហ៊ីន ថ្លែង​ថា មូលប្បទានប័ត្រ​ដែល​ចេញ​ទៅ​ឲ្យ​ឈ្មោះ ជៀក កឹមឡុង ដើម្បី​ទូទាត់​ថ្លៃ​ដី​នោះ មិន​មាន​ប្រាក់​បើក​ទេ ដោយសារ​តែ​លោក​មិន​អនុញ្ញាត​ឲ្យ​ធនាគារ​បើក​ឲ្យ​ដើម​បណ្ដឹង ហើយ​បញ្ហា​នោះ​មក​ពី​លោក ជៀក កឹមឡុង មិន​ព្រម​ធ្វើ​លិខិត​បញ្ជាក់​ពី​ការ​ទិញ​លក់​ដីធ្លី​នៅ​ថ្នាក់​សង្កាត់​ឲ្យ​ លោក។ លោក​បន្ត​ថា លោក​និង​ដើម​ចោទ​រក​ស៊ី​ទិញ​ដី លក់​ដី​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​បណ្ដឹង​ក៏​ជំពាក់​ប្រាក់​លោក​មួយ​ចំនួន​ដែរ មិន​គួរ​ណា​ប្ដឹង​លោក​ទៅ​តុលាការ​បែប​នេះ​សោះ។
លោក​បញ្ជាក់​ថា បណ្ដឹង​នេះ​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ដែល​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា ដូច​នេះ​លោក​នឹង​ប្ដឹង​បក​វិញ៖ «ករណី ​នេះ​ខ្ញុំ​ធ្វើ​លិខិត​ជូន​ដំណឹង​មួយ​ហើយ ដើម្បី​លុប​សែក​ខ្ញុំ​ពីរ​ច្បាប់ គឺ​មួយ​សែក ១​ម៉ឺន​ដុល្លារ និង​មួយ​សែក ៥​ម៉ឺន​ដុល្លារ។ ខ្ញុំ​ឲ្យ ជៀក កឹមឡុង ស៊ីញ៉េ​ដី​ឲ្យ​ខ្ញុំ​ដល់​សង្កាត់ ពីព្រោះ​ដី​គាត់​ពាក់ព័ន្ធ​នឹង​បឹងបួ កាត់​ឲ្យ​ខ្ញុំ​ហើយ​ចាក់​ដី​បាន បើ​ចាក់​ដី​មាន​បញ្ហា​កើត​ឡើង​ទៀត រឿង​ហ្នឹង​គាត់​កាន់​តែ​ខុស​ធ្ងន់​ហើយ។ បើ​ប៉ះពាល់​កិត្តិយស​របស់​ខ្ញុំ ខ្ញុំ​នឹង​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ថែម​ទៀត ខ្ញុំ​កំពុង​តែ​ចាំ​មើល»
ទោះ​យ៉ាង​ណា​ក្ដី​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​ចេញ​ដីកា​កោះ​ហៅ​គូ​ទំនាស់​ទាំង​ពីរ​ដើម្បី​ធ្វើការ​សាកសួរ​ នោះ​ទេ។ បើ​តាម​ប្រភព​ពី​តុលាការ សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​កោះ​ហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ ​សប្ដាហ៍​ក្រោយ។
ក្នុង​ចំណោម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​បី​នាក់ លោក ជា ស៊ីម ជា​មនុស្ស​ម្នាក់​ដែល​ហាក់​ដូច​ជា​មាន​មនុស្ស​ជំនិត​បង្ក​រឿង​អាស្រូវ​ច្រើន ​ជាង​គេ បើ​ប្រៀបធៀប​នឹង​លោក ហ៊ុន សែន និង​លោក ហេង សំរិន។
កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ មន្ត្រី​ស្និទ្ធ​នឹង​លោក ជា ស៊ីម បី​នាក់ មាន​អ្នកស្រី ផេង គន្ធាបូរី លោក ចាន់ កុសល និង​លោក ខៀវ បូរ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ ក្នុង​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ និង​ឆបោក​ប្រាក់​​ក្រុមហ៊ុន​បរទេស​យ៉ាង​តិច ៥១​ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន​ម៉ាឡេស៊ី ចិន វៀតណាម កូរ៉េ​ខាងត្បូង និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដោយ​ទទួល​បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ តាម​រយៈ​គម្រោង​សាង​សង់​សាលារៀន ​ផ្លូវ​ថ្នល់ ​និង​មន្ទីរពេទ្យ ព្រម​ទាំង​សេវា​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា។
បុរស​ម្នាក់​ទៀត គឺ​អតីត​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​តែ​ទង្វើ​ខុស​ច្បាប់​ដែរ។ ស្រប​ពេល​ដែល​មនុស្ស​ជំនិត​របស់​លោក ហេង សំរិន និង​លោក ហ៊ុន សែន មិន​ទាន់​មាន​រឿង​អាស្រូវ​ណា​មួយ​កើត​ឡើង​សោះ។
ចំពោះ​រឿងរ៉ាវ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​វិញ អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា ជន​ណា​ម្នាក់​ចេញ​មូលប្បទានប័ត្រ​គ្មាន​ទឹក​ប្រាក់ ឬ​ក្លែងក្លាយ ជន​នោះ​នឹង​អាច​ត្រូវ​ចោទ​ពី​បទ​ឆបោក​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា និង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ។ លោក​បន្ត​ថា ធនាគារ​មាន​តួនាទី​បញ្ជាក់​ថា សែក​នោះ​មាន​លុយ ឬ​មិន​មាន ហើយ​បើ​គ្មាន​លុយ អ្នក​ចេញ​សែក​ជា​ទង្វើ​ខុស​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

That is nothing news the whole's world knows that too....Hun sen is a super crook when come to promise that he can not keep,for instant he promised that if he can't stop those deforestation he'll cut his head off! Did his head cut of yet? What's a super crook he was!!!!

Yobal Khmer