A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 March 2013

A Vietnamese company was accused of blocking Hun Sen's Volunteers from surveying the land for distributions to villagers [Will Hun Sen dare to punish this Vietnamese company like he did with his officials?] ក្រុមហ៊ុន​វៀតណាម​រង​ការ​ចោទ​ថា​មិន​ឲ្យ​និស្សិត​វាស់​ដី​ពលរដ្ឋ​នៅ​រតនគិរី

នៅ​ឯ​ខេត្ត​រតនគិរី អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ​ជំទាស់​មិន​ឲ្យ​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​វាស់វែង​ដី​ចម្ការ​ចាស់​ របស់​អ្នក​ភូមិ ដែល​បាន​គ្រប់គ្រង​ដាំដុះ​ជា​ចម្ការ​វិល​ជុំ​តាម​ប្រពៃណី​ជនជាតិ​ដើម​នោះ​ ទេ។
ដោយ រដ្ឋា វិសាល
2013-03-26 RFA Service
អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ៥​គ្រួសារ រស់នៅ​ភូមិ​មុយ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កំពុង​ស្វែងរក​កិច្ច​គាំពារ​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ជួយ​អន្តរាគមន៍​សុំ​ឲ្យ​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជ​រដ្ឋាភិបាល វាស់វែង​ដី​ចម្ការ​ចាស់​ពួក​គាត់​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ស្រប​តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មុយ លោក រចំ ប្យូន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច គឺ​មាន​ចម្ការ​ចាស់​សម្រាប់​ដាំដុះ​វិល​ជុំ កាល​ណា​ដី​នោះ​អស់​ជីវជាតិ ដូច្នេះ​ដី​ចម្ការ​ចាស់ គឺ​ជា​ដី​ដែល​អ្នក​ភូមិ​បាន​គ្រប់គ្រង ហេតុ​នេះ​ក្រុមហ៊ុន​មិន​ត្រូវ​រារាំង​ការ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់ ​អ្នក​ភូមិ​ឡើយ៖ «បើ​ក្រុមហ៊ុន​ថា​ឲ្យ​វាស់​កន្លែង​ណា​មួយ និស្សិត​វាស់​ឲ្យ បើ​ក្រុមហ៊ុន​ថា​អត់​ឲ្យ​វាស់ និស្សិត​អត់​ហ៊ាន​វាស់​ទេ។ ដឹង​ស្រាប់​ហើយ ជនជាតិ​ភាគ​តិច​គេ​ហៅ​ចម្ការ​វិល​ជុំ។ អភិបាល​ស្រុក​ទៅ ហើយ​គេ​ថា​ខុស​ហើយ ខុស​ស្អី​ចម្ការ​ចាស់​គេ​ជាប់​គ្នា​ហ្នឹង»
កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៥ ខែ​មីនា អ្នក​ភូមិ​ទាំង ៥​គ្រួសារ បាន​មក​ដល់​ស្នាក់​ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​រតនគិរី ដើម្បី​ដាក់​ពាក្យ​បណ្ដឹង និង​បាន​ចាត់​ទុក​ករណី​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច។
ទាក់ទង​ករណី​នេះ តំណាង​ក្រុមហ៊ុន ហុង អាញ់ (Hong An) លោក ថាច់ គៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​ធ្វើ​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ហើយ​មិន​បាន​ហាម​ឃាត់​ក្រុម​ការងារ​វាស់វែង​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​មិន​មាន​អំណាច​រារាំង​ក្រុម​ការងារ​នោះ​ឡើយ៖ «យើង​ធ្វើ​តាម​ គោលការណ៍ ខ្លាច​តែ​ពួក​គាត់​ទារ​អ្វី​ផ្សេង​ទៀត​ខ្ពស់​ជាង​ហ្នឹង ហើយ​ក្រុម​ការងារ​វាស់​មិន​បាន ឬ​និស្សិត​វាស់​មិន​បាន។ អ៊ីចឹង​ទៅ ទម្លាក់​លើ​ក្រុមហ៊ុន»

មេ​ឃុំ​ញ៉ាង លោក រចំ សឿន មាន​ប្រសាសន៍​ថា ដី​ចម្ការ​ចាស់​របស់​អ្នក​ភូមិ​គួរ​ត្រូវ​បាន​វាស់វែង​ជូន​អ្នក​ភូមិ។ លោក​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​សម្រប​សម្រួល​បញ្ហា​នេះ៖ «ខ្ញុំ​ថា​ទៅ​ដោះ​ឲ្យ កុំ​វាស់​ព្រៃ​ឈើ​ធំៗ ព្រៃ​បុស​របស់​គាត់​វាស់​ជូន​ទៅ។ ក្រុមហ៊ុន​ឯ​ណា​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ជូន​ប្រជាពលរដ្ឋ»
ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី គឺ​តម្រូវ​ឲ្យ​វាស់វែង​តែ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ដាំដុះ​គ្រប់គ្រង​ ជាក់ស្តែង ស្ថិត​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​ដី​ចម្ការ​ចាស់​របស់​អ្នក​ភូមិ​បាន​តវ៉ា​នេះ គឺ​ជា​ដី​អ្នក​ភូមិ​បោះ​បង់​ចោល​ច្រើន​ឆ្នាំ​ហើយ៖ «ពី​ណា​ហ៊ាន បើ​ដើម​ឈើ​ដុះ​ធំៗ​ឡើង​វិញ​អស់​ហើយ។ អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​អនុវត្តន៍​តាម​បទ​បញ្ជា​សារាចរ​ហ្នឹង​ហើយ គេ​ឲ្យ​តែ​ដី​អាស្រ័យ​ផល។ បើ​គាត់​បោះ​ចោល​មួយ​ឆ្នាំ​ពីរ​បី​ឆ្នាំ​ទៅ យើង​ចេះ​តែ​សម្រប​សម្រួល តែ​នេះ ៨​ឆ្នាំ​ជាង​ហើយ»
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​គម្រោង​ដីធ្លី​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ កត់​សម្គាល់​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគ គឺ​មាន​ចម្ការ​វិល​ជុំ ហេតុ​នេះ​រាជ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើង​វិញ​ពី​គោល​នយោបាយ​ចេញ​កម្មសិទ្ធិ ​ដី​ជូន​ពលរដ្ឋ ជា​ពិសេស​ជនជាតិ​ដើម​ភាគ​តិច​មាន​ដី​ចម្ការ​វិល​ជុំ​នេះ៖ «ចម្ការ ​វិល​ជុំ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ ដូច្នេះ​រាល់​ចម្ការ​ដែល​ពួក​គាត់​ធ្លាប់​បាន​កាប់​រាន ហើយ​ផ្លាស់​ប្ដូរ​វេន គឺ​ជា​ចម្ការ​របស់​គាត់ ព្រោះ​ជា​តំបន់​ពិសេស​មួយ​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច»
ចំពោះ​បញ្ហា​នេះ អ្នក​ភូមិ ៥​គ្រួសារ អះអាង​ថា ក្រុមហ៊ុន​មាន​ចេតនា​ពង្រីក​ដី​សម្បទាន​មក​លើ​ដី​ចម្ការ​ចាស់​របស់​ពួក​គាត់ ហេតុ​នេះ​ពួក​គាត់​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រក​យុត្តិធម៌​ក្នុង​បញ្ហា​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: