A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 March 2013

A biography of former Prime Minister Son Sann ប្រវត្តិ សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន

A biography of former Prime Minister Son Sann.

សម្តេចបវរសេដ្ឋាធិបតី សឺន សាន (១៩១១-២០០០)
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ
សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែល​បាន​ប្រសូត្រ​នៅ​ក្នុង​ឆ្នាំង​១៩១១ និង​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០០០ គឺ​ជាឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ជាតិ​កម្ពុជា​ក្រោម។ សម្ដេច​បវរសេដ្ឋាធិបតី បាន​បំពេញ​បេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព និង​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។

ប្រវត្តិ

សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​ និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា

នៅ​ពេល​សម្ដេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផានវង្ស និង​សម្ដេច​ក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ យាង​ទៅ​កម្ពុជា​ក្រោម បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺន គុយ ក៏​បាន​លោក សឺន​ សាច់ជា​បិតា​របស់​សម្ដេច​បវរសេដ្ឋា សឺន សាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ មក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​ព្រះ ព្រះ​នរោត្ដម សុរាម្រឹត ដែល​កាល​ណោះ ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម

ការសិក្សា

នៅ​ឆ្នាំ​១៩១៧ លោក សឺន សាច់ បាន​បញ្ជូន​កុមារា សឺន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​មីស្ស​ក្នុង​​រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩២៧ យុវជន សឺន សាន បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង រហូត ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ ទីក្រុង​ប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

  • ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ​ខេត្តបាត់ដំបង។ ក្នុងរយៈ​ពេល​នៃ​ការ​បំពេញ​ការងារ​ប្រហែល​ជា​ពីរ​ឆ្នាំ កង្វល់​របស់​លោក​ភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និង​ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ​ទៅ​លើ​ប្រជារាស្រ្ត​ខ្មែរក្រីក្រ។
  • ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន​ទទួលតំណែងជាភូឈួយខេត្តព្រៃវែង។
  • ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
  • ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និង​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មណ្ឌល​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៤៧ ដល់ ១៩៤៩។
ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៥១ ដល់ ១៩៥២។
មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុ​ជាតិបារាំងនោះ ឯកឧត្តម​ត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ​មានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេល​នោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។
ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ​ឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយ​ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការ​នោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺ​សាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញ​មុខតំណែងជាទេសាភិបាលធានាគាជាតិ​នៃកម្ពុជា ចាប់ពីពេល​បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនា​ឆ្នាំ​១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និង​ចាប់ផ្តើម​កាន់​សីល​ប្រាំ​រហូត​ចាប់​ពីពេលនោះមក ។
នៅ​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។
ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទ​វ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ​១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ​១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រម​ទាំង​ការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។
សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។
នៅ​ក្នុង​ឆ្នាំ​១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់​សម្តេច នរោត្តម សីហនុ លោក​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។
នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតី​សេរីនិយម​បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយ​រដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។​​
នៅ​ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់​សង្គ្រាម​ទាំង​មូល​នៅ​ប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណង​របស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធាន​សមាគមខ្មែរនៅ​បរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការ​ ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។
សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន​ចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និង​ព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ​១៩៧៨ បាន​អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូន​ ជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។
ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។
ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុង​ចលនា​តស៊ូ​របស់​សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។
ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល

  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
  • មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
  • មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
  • មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
  • មេដាយមាសខេមរៈកីឡាឫទ្ធិ ។
  • មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
  • មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
  • មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
  • មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
  • មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។
  • មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ

សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេច​បាន​ប្រសាសន៍​មួយៗ​ទន់​ភ្លន់​ តែ​មិន​ចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ​ស្តី សម្តេចតែងតែរំលឹក​អំពី​គុណ​ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាង​លើព្រះ ឬទេវតាជា​ប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត​គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់​បាត់​បង់​ជីវិត។
សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់​ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះ​ត្រង់​យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់​ប្រជារាស្រខ្មែរ។

អវសានជីវិត

នៅថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

No comments: