A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 February 2013

Land disputes between a Vietnamese company and villagers in Oddar Meanchey province ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​វៀតណាម​និង​ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ

ដោយ ហង្ស សាវយុត 2013-02-09  RFA Service


បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​តាម​រយៈ​ក្រុម​និស្សិត​ ស្ម័គ្រចិត្ត​ឱ្យ​ចុះ​វាស់​វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ទំនាស់​ដីធ្លី​ក៏ដោយ ក៏​បច្ចុប្បន្ន​នេះ​នៅ​ឯ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ មាន​ក្រុមហ៊ុន​ឯកជន និង​កង​ទាហាន​ខ្លះ​នៅ​តែ​ព្យាយាម​បំពាន​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ដែល​ក្រុម​ និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់វែង​រួច​ហើយ​នោះ។

ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មួយ​ចំនួន​នៃ​ស្រុក​ត្រពាំងប្រាសាទ កំពុង​នាំ​គ្នា​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​រំលោភ​បំពាន​នេះ ដោយ​សារ​តែ​គេ​គិត​ថា អាជ្ញាធរ​នៅ​មូលដ្ឋាន​នឹង​មិន​អាច​ជួយ​ដោះ​ស្រាយ​ពួក​គេ​បាន​លទ្ធផល​ល្អ​ ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​អូរក្រូច នៃ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ បាន​អះអាង​ថា ពួក​គេ​ជាង ១១០​គ្រួសារ កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ក្រុមហ៊ុន​វៀតណាម មួយ​កំពុង​ប្រើ​គ្រឿងចក្រ​ជាច្រើន​ឈូស​រំលោភ​មក​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​ គេ​ជា​បន្តបន្ទាប់។
ក្រុម​អ្នក​ភូមិ​ទី​នោះ​កំពុង​ត្រូវ​ការ​អន្តរាគមន៍​ពី​មន្ត្រី​ រដ្ឋាភិបាល ដើម្បី​ជួយ​ដោះស្រាយ ពីព្រោះ​តែ​ពួក​គេ​មិន​មាន​លទ្ធភាព​រារាំង​ក្រុមហ៊ុន​នោះ​បាន​ឡើយ។
ស្ត្រី​ឈ្មោះ កែវ ស៊ីម ជា​អ្នក​ភូមិ​អូរក្រូច នៃ​ឃុំ​ត្រពាំងប្រាសាទ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា គាត់​មាន​សមាជិក​គ្រួសារ​ចំនួន​៤ ដែល​កាន់​កាប់​ផ្ទៃដី​ចំនួន ២០​ហិកតារ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា កន្លង​ទៅ ក្រុមហ៊ុន​វៀតណាម បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​គាត់​មួយ​ចំនួន។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា មិន​មែន​តែ​គ្រួសារ​របស់​គាត់​ទេ​ដែល​ទទួល​រង​ការ​ឈូស​រំលោភ​យក​ដី​នោះ គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​គាត់​ចំនួន ១១០​គ្រួសារ​ទៀត ក៏​កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដូច​គ្នា​នេះ​ដែរ។ ដី​ដែល​ក្រុមហ៊ុន​ឈូស​រំលោភ​យក​នោះ គឺ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់​វែង​ម្ដង​មក​ហើយ។
អ្នកស្រី កែវ ស៊ីម៖ «ក្រុមហ៊ុន​តៃនិញ ឈូស​ទាំង​យប់​ទាំង​ថ្ងៃ។ ឈូស​ហ្នឹង​មាន ២​ចំណុច នៅ​ចំណុច​អូរដា ហ្នឹង​មួយ ក្រោយ​ភូមិ​អូរក្រូច ហ្នឹង​មួយ។ គ្រឿងចក្រ​ទាំង​អស់ ១០​គ្រឿង ប៉ុន្តែ​ប្រជាពលរដ្ឋ​ហ្នឹង​យាម​កាម​ខ្លួន​ឯង​ទាំង​យប់​ទាំង​ថ្ងៃ។ ពួក​ខ្ញុំ​ខ្លាច​អស់​ដីធ្លី ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​មិន​ដឹង​ថា​រស់​នៅ​មាន​ន័យ​អី​ទៀត បើ​អស់​ដី​រលីង​ទៅ​ហើយ។ បើ​សិន​ជា​ខ្ញុំ ១១៤​គ្រួសារ ឡើង​ទៅ​សុំ​សម្ដេច​តេជោ មិន​ដឹង​ថា​តើ​ទៅ​សុំ​ដោយ​វិធី​ណា ដែល​ចូល​ដល់? ឥឡូវ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ហ្នឹង​ចូល​ទៅ​ស្រុក​ឱ្យ​ជួយ​ដោះស្រាយ ហើយ​ស្រុក​ឃាត់​ថា ឱ្យ​រង់ចាំ ៧​ថ្ងៃ​ទៀត ចាំ​មើល​ថា តើ​ដោះស្រាយ​បាន​ឬ​មិន​បាន នឹង​អាល​ឱ្យ​ពួក​ខ្ញុំ​ទៅ​លើ​ទៀត»
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក វ៉ាន់ កុសល ដែល​ជា​អភិបាល​ស្រុក​ត្រពាំងប្រាសាទ ដើម្បី​ធ្វើ​ការ​ពន្យល់​ជុំវិញ​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នេះ​ថា​យ៉ាង​ណា​ នៅ​ឡើយ​ទេ។
ក៏ប៉ុន្តែ អាជ្ញាធរ​ឃុំ​ត្រពាំងប្រាសាទ បាន​ទទួល​ស្គាល់​ថា គេ​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​នេះ។ លោក ខាត់ ខែម ជា​មេ​ឃុំ​ត្រពាំងប្រាសាទ បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​អំពី​រឿង​នេះ កាល​ពី​ពេល​ថ្មីៗ។ ទោះ​យ៉ាង​ណា អាជ្ញាធរ​ឃុំ​ត្រពាំងប្រាសាទ នៅ​មិន​ទាន់​អាច​បញ្ជាក់​ឱ្យ​ប្រាកដ​ថា តើ​មាន​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​គ្រួសារ និង​ផ្ទៃដី​ទំហំ​ប៉ុន្មាន​ហិកតារ ដែល​រង​ការ​ប៉ះពាល់​នោះ​ទេ។
លោក ខាត់ ខែម៖ «ឃើញ​មាន​មក​ហើយ គាត់​សំណូម​ពរ​ទេ ឱ្យ​ជួយ​ដោះស្រាយ​ដី​គាត់។ ខ្ញុំ​ក៏​មិន​ទាន់​បាន​សម្រេច​ថា​យ៉ាង​ម៉េច​ដែរ កុំ​អាល! ខ្ញុំ​មិន​ទាន់​បាន​ចុះ​ពិនិត្យ​ផង​ការងារ​ច្រើន​ពេក។ ខ្ញុំ​ឱ្យ​ស្រង់​ចំនួន​ប្រជាពលរដ្ឋ​មក​សិន ព្រោះ​ឮ​តែ​គាត់​ថា​ម្ដង​៧ ម្ដង​៨»
មិន​មែន​មាន​តែ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរក្រូច មួយ​ប៉ុណ្ណោះ​ទេ ដែល​កំពុង​ឈាន​ទៅ​រក​ការ​បាត់​បង់​ដីធ្លី គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ភូមិ​បឹងកំប្លោក និង​ភូមិ​ស្រះជ្រៃ នៃ​ឃុំ​ត្រពាំងប្រាសាទ ក៏​បាន​អះអាង​ថា ដី​ចម្ការ​របស់​ពួក​គេ​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់​វែង​ រួច​ហើយ​នោះ ក៏​ត្រូវ​កង​ទាហាន​ព្យាយាម​បន្ត​កាន់​កាប់​ខ្លះ និង​ក្រុមហ៊ុន​វៀតណាម យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​យក​ខ្លះ​ដែរ។
លោក ឈុត ឆេន គឺ​ជា​កសិករ​រស់​នៅ​ភូមិ​បឹងកំប្លោក នៃ​ឃុំ​ត្រពាំងប្រាសាទ ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ថា គាត់​មាន​ដី​ចម្ការ​ដំឡូង​ចំនួន ៦​ហិកតារ នៅ​ឯ​ភូមិ​ថ្នល់កែង។ កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចុះ​ទៅ​វាស់​វែង​រួច​ហើយ ក៏ប៉ុន្តែ​កង​ទាហាន និង​ក្រុមហ៊ុន​ឯកជន​នៅ​តែ​ចង់​បាន​ដី​របស់​គាត់។
លោក ឈុត ឆេន បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា កន្លង​ទៅ ក្រុមហ៊ុន​វៀតណាម ឈ្មោះ តៃនិញ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​របស់​គាត់ ធ្វើ​ឱ្យ​ខូចខាត​ផល​ដំឡូងមី​មួយ​ចំនួន។
អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រក​ឃើញ​ថា ការ​រំលោភ​ដីធ្លី​នៅ​ក្នុង​ស្រុក​ត្រពាំងប្រាសាទ នៃ​ខេត្ត​ឧត្តរមានជ័យ គឺ​នៅ​តែ​ជា​កង្វល់​នៅ​ឡើយ។
លោក ស្រី ណារេន ជា​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​របស់​លោក​បាន​រក​ឃើញ​ថា បញ្ហា​រំលោភ​ដីធ្លី​នៅ​តំបន់​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច​ជាច្រើន​ក្រុម៖ «វា​មាន​ ច្រើន​ក្រុម មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន មាន​ពាក់ព័ន្ធ​ជាមួយ​ទាហាន។ ជាមួយ​ទាហាន​ហ្នឹង ដែល​ខ្ញុំ​ជួប​ខែ​មុន មាន ១៣​គ្រួសារ។ ឯ​នៅ​អូរក្រូច នេះ គាត់​ថា​ក្រុម​និស្សិត​ចុច​ឱ្យ ក៏ប៉ុន្តែ​ក្រុមហ៊ុន​គេ​នៅ​តែ​ឈូស​ទៀត»
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​នឹង​ណាត់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទាំង​នោះ​ឱ្យ​មក​ជួប​ជុំ​ គ្នា ហើយ​នឹង​នាំ​ពួក​គេ​ទៅ​ជួប​មន្ត្រី​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ដោយ​ផ្ទាល់​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សមរម្យ​មួយ។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ឱ្យ​ចុះ​ វាស់វែង​ដីធ្លី និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មក គឺ​ករណី​ទំនាស់​ដីធ្លី​បាន​ថយ​ចុះ ប៉ុន្តែ​ចំនួន​អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​សារ​រឿង​ដីធ្លី​នៅ​មិន​ទាន់​ ថយ​ចុះ​ទេ។
លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​បញ្ហា​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក បាន​មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ ទំនាស់​ដីធ្លី​បាន​កើត​មាន​ចំនួន ៣១៩​ករណី ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤២០​នាក់​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្នុង​រឿង​ទំនាស់​នោះ។ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១២ ករណី​ជម្លោះ​ដីធ្លី​បាន​ថយ​ចុះ​មក​នៅ​ជាង ២៦០​ករណី ហើយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​ទំនាស់​ ដីធ្លី​នោះ ក៏​ថយ​ចុះ​មក​ត្រឹម​ជាង ២០០​ករណី។
អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ទទួល​ស្គាល់​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​អំពី​ការ​ចុះ​វាស់​វែង និង​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្រុម​និស្សិត​ ស្ម័គ្រចិត្ត​នោះ វា​ជា​ចំណែក​មួយ​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​ កម្ពុជា ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​ទៅ​លើ​ បញ្ហា​ទំនាស់​ដីធ្លី​ធំៗ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ ដូច​ជា​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​បុរីកីឡា (ទីក្រុង​ភ្នំពេញ) និង​តំបន់​បឹងកក់ ជាដើម៕

No comments: