A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 February 2013

Crowds gather for funeral of Cambodian King Sihanouk ព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ បានប្រព្រឹត្ដ យ៉ាងរលូន មន្ដ្រី និងប្រជាពលរដ្ឋ ចូលរួមដង្ហែ រាប់សិបម៉ឺននាក់

Photo by DAP-NEWS
Crowds of mourners have turned out in Phnom Penh for the start of funeral proceedings for King Norodom Sihanouk, who died in October.
A coffin carrying the embalmed body of the late monarch was paraded through the streets of the capital.
It was taken to a crematorium, where his funeral pyre will be lit by his wife and son, King Norodom Sihamoni, on Monday.
Jonathan Head reports.Watch video here.


ភ្នំពេញ ៖ ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ដែលបានធ្វើឡើងតាំងពី ព្រឹករហូតដល់ រសៀលថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ដោយដង្ហែចេញពីព្រះបរមរាជវាំង យាងទៅដាក់លើបញ្ចា ស្ថិត នៅក្នុងបរិវេណ ព្រះមេរុ បានប្រព្រឹត្ដទៅដោយរលូនពុំមានអ្វី រាំងស្ទះ ឬមានភាពមិនប្រក្រតីណាមួយ កើតឡើងនោះឡើយ បូករួមទាំងបញ្ហាសន្ដិ សុខ បើ ទោះបីមានប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ រស់ នៅក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្ដា ខេត្ដចូលរួមក្នុងព្រះ រាជពិធីនេះក៏ដោយ។

នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានយាង ចេញពីព្រះបរមរាជវាំងតាមទ្វារ ជ័យ ដែលមានព្រះរាជវត្ដមានយាងដង្ហែរបស់ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី និងព្រះវររាជមាតាអមដោយសម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ ខ្ពស់ នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជ វង្សានុវង្ស និងថ្នាក់ដឹកនាំក្រសួងមន្ទីរនានា ជាច្រើននាក់ទៀត។ នៅពេលដែលព្រះបរម សព ព្រះបរម រតនកោដ្ឋ យាងមកដល់ទ្វារជ័យ នោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកម្ពុជា ក្នុងសម្លៀកបំពាក់ឈុត ស ពាក់បូរកាន់ទុក្ខ ក្នុងទឹកមុខក្រៀមក្រំ ក្ដុកក្ដួលយ៉ាងពន់ពេក បានលុតជង្គង់លើកដៃប្រណមសំពះ ហើយ យកដៃទៅស្ទាប និងអង្អែលព្រះមញ្ជូសា ដែលយាងក្នុងដំណើរយឺតៗ ឆ្ពោះទៅព្រះ រាជ បុស្បុក ដែល ចតរង់ចាំនៅជិតព្រះអង្គដងកើ។ ពេលដែលព្រះបរមសព ព្រះបរមរតនកោដ្ឋ យាងទៅដល់ និង ដាក់ លើព្រះរាជបុស្បុកក្បួន ដង្ហែទាំង១១ផែន ក្នុងរយៈចម្ងាយប្រមាណ ៥-៦ គីឡូម៉ែត្រ បានចាប់ផ្ដើមចេញ ដំណើរ ហើយភ្លាមៗនោះ ស្នូរកាំភ្លើងធំ ១០៥មិល្លី ម៉ែត្រ បានចាប់ផ្ដើមបាញ់លាន់ឮកក្រើកពេញ ធរណី ដើម្បីថ្វាយព្រះរាជវឌ្ឍនកិច្ច។
ប៉ុន្ដែសម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋចាប់ពីព្រះអង្គដងកើឆ្ពោះ ទៅដល់វិថីបក្សី ចាំក្រុងមិនត្រូវបានអនុញ្ញាត ឱ្យប្រជាពលរដ្ឋឈរអមសងខាងផ្លូវនោះឡើយ ដើម្បីបញ្ចៀសការណែន តាន់តាប់ ពោលអនុ ញ្ញាតឱ្យឈរ និងអង្គុយអមសងខាងផ្លូវចាប់ ពីរមណីយដ្ឋានវត្ដភ្នំ តាមបណ្ដោយផ្លូវនរោ ត្ដមផ្លូវព្រះសីហនុ និងផ្លូវព្រះសុធារស។
នៅពេលដែលព្រះបរមសព ព្រះបរមរត នកោដ្ឋ យាងនៅតាមផ្លូវ ប្រជានុរាស្ដ្ររបស់ ព្រះអង្គរាប់ម៉ឺនរាប់សែននាក់ ក្នុងសម្លៀក បំពាក់ ខោ ខ្មៅ អាវស សំពតខ្មៅ អាវស ដៃ កាន់ធូបទាន ផ្កាភ្ញី បានលត់ជង្គង់ និងអង្គុយ បត់ជើងក្រោម ពន្លឺព្រះអាទិត្យស្រទន់ ដែល ចាំងលើពួកគេ បានលើកដៃប្រណមទាំងទ្វេ គោរពថ្វាយបួងសួង ដល់ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គ។ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋ បានធ្វើដំណើរសន្សឹមៗ ទាំង ១១ផែន ឆ្ពោះទៅដល់វាលព្រះមេរុ នៅវេលា ម៉ោង ១២ថ្ងៃត្រង់ ហើយព្រះបរមសពត្រូវ បានយាងហែប្រទក្សិណជុំវិញព្រះបញ្ចាចំនួន ៣ជុំ ទើបយាងទៅតម្កល់នៅលើព្រះបញ្ចា រង់ចាំការថ្វាយព្រះភ្លើង ដែលធ្វើឡើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣។ នៅពេលព្រះ បរមសព ព្រះបរម រតនកោដ្ឋ យាងទៅដល់ ព្រះមេរុនោះ ស្នូរកាំភ្លើងធំ១០៥មិល្លីម៉ែត្រ បានបាញ់ម្ដងទៀត ទាំង១០១ណាត់ ធ្វើឱ្យ កក្រើកធរណី ដើម្បីថ្វាយព្រះរាជវឌ្ឍនកិច្ច ព្រះបរមរតនកោដ្ឋ។
សូមបញ្ជាក់ថា ព្រះរាជដង្ហែព្រះបរមសព មានផែនសំខាន់ចំនួន១១ គឺផែនមន្ដ្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជ អាវុធហត្ថ កងនគរបាលជាតិ យុវជនកាយ ឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើម ភាគតិច ជនជាតិឥស្លាម និងក្រុមដង្ហែបែប ជនជាតិ ហើយផែនទី៩ ជាព្រះបរមមឈូស ព្រះមហាវីរក្សត្រខ្មែរ។
ផែនទី១. ជាផែន ជ័យបង្ហាញពីភាពរុងរឿង និងមោទនភាព ជាតិក្រោមបាវចនា “ជាតិ សាសនា ព្រះ មហាក្សត្រ”។
ផែនទី២. បង្ហាញពីសក្ដានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។
ផែនទី៣. អំពីអត្ថិភាព នៃព្រះរាជ ប្បវេណី និងព្រះរាជកេតនភណ្ឌ។
ផែនទី៤. បង្ហាញអំពីក្បួន មន្ដ្រីក្រសួងនានា។
ផែនទី៥. ភ្លេង និងសមាគមជនជាតិនានា។
ផែនទី៦. មន្ដ្រីរាជធានី-ខេត្ដ។
ផែនទី៧. ព្រះពុទ្ធសាសនា។
ផែនទី៨. ក្បួននាំមុខ ព្រះបរមសព។
ផែនទី៩. ព្រះទីនាំងបុស្បុកតម្កល់ ព្រះតម្កល់ ព្រះបរមសព។
ផែនទី១០. ក្បួនរបស់ព្រះរាជ វង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ។
ផែនទី១១. ផែនរក្សាសន្ដិសុខ សុវត្ថិភាពកន្ទុយក្បូន។
ព្រះបរមសព ព្រះបរមរតនកោដ្ឋ អតីតព្រះ មហាក្សត្រខ្មែរ បានចាប់ផ្ដើមដង្ហែតាមព្រះ រាជបុស្បុករចនាដោយនាគរាជចំនួន៣៦ដ៏ល្អ វិចិត្រ ចេញពីព្រះបរមរាជវាំង តាមបណ្ដោយ វិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្ដភ្នំ តាមមហា វិថីព្រះនរោត្ដម ទៅរង្វង់ មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថី ព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះ មេរុ។ ព្រះបរមសពរបស់ព្រះអង្គ នឹងត្រូវធ្វើ ព្រះរាជពិធីថ្វាយព្រះភ្លើងនៅល្ងាចថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០១៣។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជ ធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា “គឺសុវត្ថិ ភាពបានដំណើរយ៉ាងល្អណាស់ មិនមានបញ្ហា អ្វីទេ ហើយព្រះរាជពិធីដង្ហែព្រះបរមសព បានបញ្ចប់ទៅដោយជោគជ័យ”។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ពេញមួយព្រឹកនេះ មិនមាន ករណីលួច ឆក់ ប្លន់ ឬបាតុភាព អ្វីនោះទេ។
ជាពិសេសកម្លាំងនគរបាលរក្សាសន្ដិសុខទាំង អស់ យកចិត្ដទុកដាក់រក្សាសន្ដិសុខ ពោល ធ្វើយ៉ាងណាឱ្យព្រះរាជពិធីនេះ ប្រព្រឹត្ដទៅ ដោយជោគជ័យ។
លោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ប្រជាពលរដ្ឋមកពីបណ្ដាខេត្ដ នានា នៅទូទាំង ប្រទេសកម្ពុជា មានជាង២០ ម៉ឺននាក់ បានចូលរួមក្នុងព្រះរាជដង្ហែព្រះបរម សពរបស់សម្ដេចឪ ដោយម្នាក់ៗបានសម្ដែង នូវសណ្ដានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់ បង់មហាវីរក្សត្រ ដ៏អង់អាចខ្លាហានរបស់ប្រ ទេសកម្ពុជា។
លោកស្នងការរងបានបន្ដទៀតថា ព្រមជាមួយគ្នានេះដែរ កងកម្លាំងសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ជាង ១ម៉ឺននាក់ ការពារសន្ដិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសជាប្រវត្ដិសាស្ដ្រ ដ៏កម្រមួយនេះ។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួង សុខាភិបាលបានមានប្រសាសន៍ប្រាប់មណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ថា ជាជំហ៊ានដំបូង ដែលលោក ទទួលបានព័ត៌មានពីសហការី ដែលប្រចាំការ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៣ ចំពោះប្រជាពលរដ្ឋដែលបានចូល រួមដង្ហែ ដែលមានបញ្ហាសុខភាពនោះ គឺ ប្រហែលជា១០នាក់ប៉ុណ្ណោះ ដែលបានកើត មានអាការៈខ្យល់ចាប់ ហើយត្រូវបានដឹក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយក្រុមគ្រូពេទ្យបានដាក់សេរ៉ូម ក៏ដូចជា ដាក់ខ្យល់អុកស៊ីសែន ជូនពួកគាត់ ហើយគ្មាន ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
លោកបន្ដថា “យ៉ាងណាក៏ដោយយើង នៅមិនទាន់បានដឹងពីតួលេខពិតប្រាកដនៅ ឡើយទេ នេះគ្រាន់តែជាតួរលេខជំហ៊ានដំបូង ប៉ុណ្ណោះ ហើយតួលេខពិតប្រាដកយ៉ាងណា នោះ យើងនឹងធ្វើការបូកសរុបនៅថ្ងៃស្អែក”។
ប្រធានសមាគមសិល្បៈកម្ពុជា លោក សុះ ម៉ាច មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា លោកបានដឹកនាំ សិល្បករ-សិល្បការិនីជាង១០០នាក់ ចូល រួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេច ឪនៃយើងដោយម្នាក់ៗបានសម្ដែងសេចក្ដីទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត។
លោកបញ្ជាក់ថា “ខ្ញុំក៏ដូចជា សិល្បករ-សិល្បការិនី ដទៃទៀតបានកំពុងស្ថិតនៅមុខ រូបសំណាកលោកយាយពេញ នៅរមណីយ ដ្ឋានវត្ដភ្នំ”។
លោកបន្ដថា បើទោះបីជានៅក្រោម កំដៅថ្ងៃយ៉ាងណាក្ដី ក៏ប៉ុន្ដែទាំងក្រុមសិល្បៈ និងក្រុមប្រជាពលរដ្ឋ ដែលមកពីទូទាំង ប្រទេសមិនគិតពីការនឿយហត់ឡើយ ធ្វើ យ៉ាងណា ដើម្បីឱ្យតែបានមកចូលរួមនៅក្នុង មហាវិថីជាប្រវត្ដិសាស្ដ្រ។
លោក ចា រិទ្ធី អនុប្រធានសមាគមសិល្បៈ និងជាតារាសម្ដែងជើងចាស់ បាននិយាយទាំង ទឹកមុខក្រៀមក្រំថា ក្នុងនាមរូបលោកជា ប្រជាពលរដ្ឋខ្មែរ លោកពិតជាមានការសោក ស្ដាយជាពន់ពេកដែលបាត់បង់ថ្នាក់ដឹកនាំ ដ៏ កំពូលនៅក្នុងប្រទេសកម្ពុជា។
លោកថា ដោយឡែកចំពោះសណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈនានា មានរបៀបរៀប រយល្អមិនមានបញ្ហាអសកម្មអ្វីកើតឡើងនោះ ទេ ដោយកងកម្លាំងសមត្ថកិច្ចបានការពារ យ៉ាងយកចិត្ដទុកដាក់បំផុត ជាពិសេសមាន រថយន្ដពេទ្យរបស់ក្រសួងសុខាភិបាល បាន ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះ អ្នកដែលមានសុខភាពខ្សោយ។
-ព្រះភ្លើងថ្វាយព្រះបរមសព គឺ បានមកពីព្រះសូរ្យសែង
ភ្លើងសម្រាប់បូជាសពធម្មតា គឺគេយក ភ្លើងទៀន ភ្លើងដែកកេស ឬភ្លើងអគ្គិសនីជា ដើម ក៏ប៉ុន្ដែព្រះភ្លើងសម្រាប់ថ្វាយព្រះរាជា គ្រប់ជំនាន់ គឺបានមកពីការធ្វើពិធីយកចេញ ពីព្រះសូរ្យសែង (ព្រះអាទិត្យ) ដើម្បីបញ្ជាក់ ពីកិត្ដិនាមខ្ពង់ខ្ពស់របស់ព្រះអង្គ។
សាស្ដ្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បង្រៀន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបុ រាណវិជ្ជា បានមានប្រសាសន៍ឱ្យដឹងថា តាម ការសិក្សាស្រាវជ្រាវប្រវត្ដិសាស្ដ្រ ព្រះភ្លើង សម្រាប់ថ្វាយព្រះបរមសពមិនមែនភ្លើងយក មកពីការអុជឈើគូស ដែកកេសនោះទេ គឺ ព្រះភ្លើងបានមកពីការធ្វើពិធីយកព្រះភ្លើង ដែលយកចេញពីពន្លឺ និងកំដៅព្រះអាទិត្យ ហៅថា ព្រះសូរ្យសែង។
លោកបន្ដថា តាមក្បួនរបស់ព្រះបរមរាជ វាំងគេយកកែវពង្រីកធំមួយដាក់ឱ្យចំកណ្ដាល ថ្ងៃក្នុងព្រះបរមរាជវាំង ហើយគេឆ្លុះកំដៅ ចេញពីកញ្ចក់កែវពង្រីកទៅលើកម្ទេចស្បូវ ដែលគេរៀបចំទុក ដើម្បីឱ្យភ្លើងឆេះឡើង។ បន្ទាប់មកទៀត គេយកទៀនធំមួយអុជតពី ភ្លើងដែលបានពីអំណាចព្រះអាទិត្យ ដើម្បី រក្សាទុកឱ្យគង់វង្ស នៅក្នុងព្រះបរមរាជវាំង សម្រាប់ពិធិថ្វាយព្រះភ្លើង។
លោកថា នៅពេលព្រះបរមសពហែចេញ ពីព្រះបរមរាជវាំង ព្រះភ្លើងដែលទទួលបាន ក្នុងពិធីនោះ គេយកមកដាក់តម្កល់ក្នុងរូប សត្វរមាស ដែលគេហៅថា រមាសនាំភ្លើង ហែទៅដែលមានក្រុមគ្រួសារនាម៉ឺនមន្ដ្រីហែ ហមផងដែរ។ ជាងនេះទៅទៀត តាមទំនៀម ទម្លាប់ពីបុរាណមក គឺពិធីថ្វាយព្រះភ្លើងតែងតែធ្វើឡើងនៅល្ងាចពេលព្រះអាទិត្យរៀប អស្ដង្គតជាពេលវេលាសម្រាប់ថ្វាយព្រះភ្លើង។
ប៉ុន្ដែការថ្វាយព្រះភ្លើងព្រះបរមសពព្រះ បរមរតនកោដ្ឋមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ពុំទាន់អាចទាក់ទងមន្ដ្រី និងសែរាជ វង្ស សុំការបំភ្លឺជុំវិញប្រសាសន៍របស់សាស្ដ្រា ចារ្យ ព្រាប ចាន់ម៉ារ៉ា ខាងលើនេះ បាននៅ ឡើយទេ។
សូមជម្រាបថា ពិធីដង្ហែព្រះបរមសពព្រះ បរមរតនកោដ្ឋទៅតម្កល់ទុកនៅវាលព្រះមេរុ បានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៣ និងថ្វាយព្រះភ្លើងប្រារឰឡើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ។
- ព្រះជីវប្រវត្ដិសង្ខេបព្រះមហាវីរ ក្សត្រខ្មែរ សម្ដេច នរោត្ដម សីហនុ
អង្គសម្ដេចឪ ដ៏ល្បាញល្បី នៃព្រះរាជាណា ចក្រកម្ពុជា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី និងបង្រួប បង្រួមជាតិ បានយាងចូលទិវង្គត នៅយប់ រំលងអាធ្រាត្រថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះ អង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ការយាងចូលទិវង្គតរបស់អង្គព្រះមហា ក្សត្រដ៏ឆ្នើមមួយអង្គ គឺជាការបាត់បង់ដ៏ធំ ធេង នូវធនធានដ៏ឧត្ដមរបស់កម្ពុជា។ ការ យាងចាកដ៏សែនឆ្ងាយរបស់ព្រះអង្គធ្វើឱ្យប្រ ជារាស្ដ្រគ្រប់ស្រទាប់វណ្ណៈស្រណោះអាល័យ និងវិយោគគ្រប់ៗគ្នា មិនថាប្រជារាស្ដ្រ ដែល ស្និទ្ធស្នាលក្នុងសម័យសង្គមរាស្ដ្រនិយម ដែល មានព្រះអង្គជាប្រមុខរដ្ឋនោះទេ សូម្បីតែ ប្រជារាស្ដ្រជាកូន ចៅ ចៅទួត នាសម័យបច្ចុ ប្បន្ន ក៏នឹកស្រណោះ និងគោរពសរសើរនូវ គំរូវរភាពដ៏ប្រសើរថ្លៃថ្លារបស់ព្រះអង្គដែរ។
ឆ្លៀតក្នុងឱកាសដ៏សែនវិប្បយោគរបស់ ប្រជារាស្ដ្រខ្មែរនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលសូមលើកយកកម្រងជីវប្រវត្ដិសង្ខេប និងស្នាព្រហស្ថជាច្រើនរបស់ព្រះអង្គ ដែល បានបន្សល់ទុកសម័យកាលដ៏រុងរឿងពីសម័យ សង្គមរាស្ដ្រនិយម។
ព្រះមហាវីរក្សត្រខ្មែរ ដ៏អង់អាចក្លាហាន នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ជាបុត្រព្រះអង្គម្ចាស់ នរោត្ដម សុរាម្រឹត និងព្រះមហាក្សត្រី ស៊ី សុវត្ថិ កុសុមៈ។ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅឯព្រះបរម រាជវាំង ក្រុងចតុម្មុខមង្គល ព្រះរាជាអាណា ចក្រកម្ពុជា។ ព្រះអង្គមានព្រះនាមដើម នរោ ត្ដម សីហនុ ហើយព្រះនាមក្នុងរាជ្យសម្បត្ដិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សី ហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធ ពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកម ហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ ក្រុងកម្ពុជាធិបតី។
ក្រៅពីតំណែងព្រះមហា ក្ស័ត្រ ព្រះអង្គ ក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និង នាយករដ្ឋមន្ដ្រី នៃព្រះរាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។
ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានរាជា ភិសេកលើកទី១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ និងរាជាភិសេកលើកទី២ នៅថ្ងៃ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣។
ព្រះអង្គមានព្រះបរមនាមកិត្ដិយស ព្រះ ករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
អង្គព្រះមហាវីរក្សត្រពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ទ្រង់បានយាងចូលសិក្សានៅសា លាបឋមសិក្សា ធរានចៀិស ញុដៀិន និង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់ មកព្រះអង្គបានបន្ដការសិក្សានៅវិទ្យាល័យ បារាំង សាសលូឡូបា នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបាន យាងបន្ដការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្ដ ទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ ប្រទេសបារាំង។
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះ រាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជ ឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្ដពីព្រះ ករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្ដិនៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ១៩៤១។
ការឡើងគ្រងរាជសម្បត្ដិ ក្នុងព្រះជន្ម ១៨ព្រះវស្សា តាមរយៈការលើក បណ្ដុបរបស់អាណានិគមបារាំងនេះ ដោយ តែបារាំងគិតថា ងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា តែខុសពីការរំពឹងទុកក្ស័ត្រព្រះជន្មវ័យក្មេង អង្គនេះ បានបំពេញព្រះរាជបូជនីយកិច្ចរហូត ទាមទារបានឯករាជ្យទាំងស្រុងពីបារាំងនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាស្នាព្រះ ហស្ថដ៏ធំធេងសម្រាប់មាតុភូមិកម្ពុជា។
២ឆ្នាំក្រោយទទួលបានឯករាជ្យព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យទៅឱ្យព្រះបិតា របស់ព្រះអង្គ គឺព្រះបាទនរោត្ដមសុរាម្រិត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅ បង្កើត និងដឹកនាំចលនា “សង្គមរាស្ដ្រនិយម” ហើយទទួលងារជា “សម្ដេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្ដេចព្រះនរោត្ដម សីហនុ បានកាន់អំណាចជាប់រហូតជានាយក រដ្ឋមន្ដ្រីផង និងជាប្រមុខរដ្ឋផង។
សម័យសង្គមរាស្ដ្រនិយម គឺជាសម័យ កាលរុងរឿងមួយទៀត នៃព្រះរាជាអាណា ចក្រកម្ពុជា ដែលដឹកនាំដោយព្រះអង្គក្រោយ ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មត់ ថា ជាកោះសន្ដិភាព និងមានការរីកចម្រើន លើគ្រប់វិស័យ។
រហូតដល់ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវ បានក្រុមរបស់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែងក្នុងពេលដែលព្រះអង្គកំពុង បំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាព សូវៀត។
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ ពីប្រទេសវៀតណាម បានឈ្លានពានប្រទេស កម្ពុជា នាឆ្នាំ១៩៧៩ ព្រះអង្គបានបង្កើតចល នា តស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរ ទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និង កម្ពុជាប្រជាធិបតេយ្យ រួមធ្វើការចរចាជា មួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់សម្ដេច ហេង សំរិន ហ៊ុន សែន រហូត ដល់មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញ និង ឡើងសោយរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតក្នុង ឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជា ជាតិ។
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបាន និងបានដាក់រាជ្យយាងចូលនិវត្ដន៍ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បន្ទាប់ពី ដាក់រាជ្យព្រះអង្គបានចំណាយពេលវេលាជា ច្រើននៅក្រៅប្រទេស ពោលគឺនាទីក្រុងប៉េ កាំង ប្រទេសចិន ដើម្បីព្យាបាលព្រះរោគ។
បន្ទាប់ពីកម្រងអនុស្សាវរីយ៍ និងព្រះរាជ សកម្មភាព ដ៏ច្រើនឧត្ដុងឧត្ដមសម្រាប់ជាតិ មាតុភូមិ រយៈពេលជាង៩០ព្រះវស្សា ថ្ងៃ សោកសៅដ៏សែនវិយោគសម្រាប់ប្រជារាស្ដ្រ ខ្មែរមកដល់ ព្រោះតែការយាងចាកឆ្ងាយ របស់ព្រះអង្គលែងយាងត្រឡប់ជារៀងរហូត ព្រះអង្គរំលាយក្ខន្ធយាងចូលទិវង្គតនៅរាត្រីរំលងអាធ្រាត្រថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។
- ស្នាព្រះហស្ថដ៏ថ្លៃថ្លាមិនអាច បំភ្លេចបាន ដែលព្រះអង្គបន្សល់ទុក សម្រាប់ប្រជារាស្ដ្រខ្មែរ
អង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួត តាលួត ជាអង្គក្សត្រមួយព្រះអង្គមានព្រះកិត្ដ នាមល្បាញល្បីខ្ទរខ្ទារ ទាំងនៅក្នុងប្រទេស កម្ពុជា ក៏ដូចជាឆាកអន្ដរជាតិ ក្រោមព្រះ រាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះ អង្គឱ្យធ្វើប្រជារាស្ដ្រខ្មែរគ្រប់ស្រទាប់វណ្ណៈទាំង ប្រជារាស្ដ្រ ដែលមានចំណងអនុស្សាវរីយ៍ដ៏ ស្អិតរមួតក្នុងសម័យសង្គមរាស្ដ្រនិយម និង ក្នុងសម័យបច្ចុប្បន្ននៅតែចងចាំមិនភ្លេចនូវ ស្នាព្រះហស្ថដ៏ច្រើនស្អេកស្កះ ដែលព្រះអង្គ បានបន្សល់ទុក។
ក្រៅតែពីការទាមទារឯករាជ្យជាតិពីអា ណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និង ព្រះរាជសកម្មភាពទាមទារអា ណាខេត្ដមួយចំនួនពីប្រទេសសៀម ជាពិសេស ការតស៊ូក្ដីនៅតុលាការយុត្ដិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទព្រះវិហារ មកជា សម្បត្ដិរបស់ប្រជាពលរដ្ឋខ្មែរ នៅស្នាព្រះ ហស្ថជាច្រើនទៀត ដែលព្រះអង្គបានបន្សល់ ទុករួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) ចំណតអាកាសយានដ្ឋានអន្ដរ ជាតិពោធិចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ) ចំណតអាកាសយានដ្ឋាន សៀមរាប ចំណតអាកាសយានដ្ឋានបែកចាន (ខេត្ដបាត់ដំបង) ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុង ព្រះសីហនុ កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាល មហោស្រពជាតិ ព្រះសុរាម្រិតភ្នំពេញ សាល សន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី១ ស្ពានសង្គម រាស្ដ្រនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យា ល័យសង្គមរាស្ដ្រនិយមភ្នំពេញ សាកលវិទ្យា ល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល្យ ពុទ្ធិ កសាកលវិទ្យាល័យ ព្រះសីហនុរាជ មហាវិទ្យា ល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ដ្រ សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម សាកល វិទ្យាល័យ ភូមិន្ទបាត់ដំបង សាកលវិទ្យាល័យ សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោង ភាពយន្ដរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត រោងចក្រ ចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រ ស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោ ត្ដម ដំឡើងត្រាក់ទ័រ និងរថយន្ដធំ ក្រុងព្រះ សីហនុ រោងចក្រ ស្ករស កំពង់ត្រាំ ខេត្ដកំពង់ ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ដកំពង់ចាម រោង ចក្រវាយនភ័ណ្ឌខេត្ដបាត់ដំបង រោងចក្របាវ ក្រចៅ ដូនទាវ ខេត្ដបាត់ដំបង រោងចក្រស៊ី ម៉ងត៍ចក្រីទីង ខេត្ដកំពត រោងចក្រកែវជើង ឯក រាជធានីភ្នំពេញ រោងចក្រក្ដារបន្ទះដីឥដ្ឋ ខេត្ដកណ្ដាល រោងចក្រក្រដាសឆ្លូង ខេត្ដក្រ ចេះ រោងចក្រ ជីផូស្វាតទូកមាស ខេត្ដកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្ដកណ្ដាល រោង ចក្រ ត្រីខប្រអប់ ខេត្ដកោះកុង រោងចក្រ ផលិតជ័រកៅស៊ូជុប ខេត្ដកំពង់ចាម និងរោង ចក្រវារីអគ្គិសនីគិរីរម្យ ខេត្ដកំពង់ស្ពឺ ជាដើម។
អ្វីកាន់តែពិសេស ដែលធ្វើឱ្យប្រជាពល រដ្ឋទូទាំងប្រទេសមានស្វាមីភក្ដិ គោរពអាណិត ស្រឡាញ់ដ៏ខ្ពង់ខ្ពស់នោះ គឺរាល់ព្រះរាជ សកម្មភាពព្រះរាជកាយវិការរបស់ព្រះអង្គ ពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំង កាយពល ដើម្បីជាតិមាតុភូមិ និងដើម្បី ប្រជារាស្ដ្ររបស់ព្រះអង្គ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: