A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 February 2013

A former orphan established an orphanage to help orphan called "Angkor Orphanage" អតីត​ក្មេង​​​កំព្រា​ពុះពារ​ឧបសគ្គ​បង្កើត​អង្គការ​កុមារ​កំព្រា​នៅ​សៀមរាប

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ជា​ច្រើន​​មាន​ធនធាន ចំណេះ​ដឹង​ឃ្លាត​ឆ្ងាយ​ពី​គ្នា បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​រស់​នៅ​​ទីក្រុង ដែល​មាន​ការ​សិក្សា​ជំនាញ​​ដ៏​សំបូរ​បែប​នោះ។
 
ដោយ ហង្ស សាវយុត 2013-02-24 RFA Service
អង្គការ កុមារ​កំព្រា​អង្គរ ៣០៥
២១-កុម្ភៈ-២០១៣៖ អង្គការ​កុមារ​កំព្រា​នៅ​ក្នុង​ភូមិ​វាល នៃ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប។ អាគារ​នេះ​ជា​កន្លែង​បង្រៀន​ភាសា និង​ជំនាញ​កុំព្យូទ័រ ដល់​កុមារ និង​យុវជន​ក្រីក្រ​ជា​ច្រើន។
RFA/Hang Savyouth 
នៅ​ក្នុង​ខេត្ត​សៀមរាប បុរស​ម្នាក់​ដែល​កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ​មួយ ហើយ​ធ្លាប់​រស់​នៅ​ជា​ក្មេង​​​កំព្រា​ផង​នោះ កំពុង​​ពុះពារ​ឧបសគ្គ​ជា​ច្រើន បង្កើត​​ជា​អង្គការ​កុមារ​កំព្រា​មួយ ដើម្បី​ជួយ​អភិវឌ្ឍន៍​ផ្នែក​ធនធាន​មនុស្ស​សម្រាប់​កុមារ និង​យុវជន​នៅ​ទី​ជនបទ។
​លោក សឹង្ហ ពិសី អាយុ ៤១​ឆ្នាំ គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ជាមួយ​នឹង​សមាជិក​គ្រួសារ​របស់​គាត់​ចំនួន ៥​នាក់។ ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​មិន​សូវ​ជា​ធូរធារ​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ក្រៅ​តែ​ពី​​គាត់​​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​រក​កម្រៃ ដើម្បី​ជួយ​ជីវភាព​គ្រួសារ គឺ​គាត់​ក៏​កំពុង​ប្រឹងប្រែង​ជួយ​​​កុមារ​កំព្រា និង​យុវជន​ដែល​​រស់​នៅ​តាម​​ជនបទ​មួយ​ចំនួន ខាង​ផ្នែក​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផង​ដែរ។
គាត់​បាន​បង្កើត​ជា​អង្គការ​មួយ​ឈ្មោះ «កុមារ​កំព្រា​អង្គរ» ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ហើយ​កំពុង​​​ស្វះ​ស្វែង​រក​សម្ភារៈ និង​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន ដើម្បី​ជួយ​បង្រៀន​​ភាសា​បរទេស និង​ជំនាញ​ផ្សេងៗ​ដល់​កុមារ​តូចៗ និង​យុវជន​នៅ​ទី​ជនបទ​នោះ។

លោក សឹង្ហ ពីសី ​បាន​មាន​ប្រសាសន៍​ថា អង្គការ​កុមារ​កំព្រា​អង្គរ​នេះ គឺ​លោក​បាន​បង្កើត​ឡើង​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១០ មក​ម្ល៉េះ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ។ ចាប់​តាំង​ពី​អង្គការ​របស់​លោក​បើក​ឱ្យ​ដំណើរ​ការ​មក គឺ​បាន​បង្រៀន​ភាសា​បរទេស​មួយ​ចំនួន ដូចជា​ភាសា​ចិន ភាសា​អង់គ្លេស និង​ជំនាញ​កុំព្យូទ័រ​ដល់​កុមារ និង​យុវជន​ជា​ច្រើន ដោយ​មិន​រើស​មុខ ថា​អ្នក​នោះ​កំព្រា ឬ​ក៏​មិន​កំព្រា​ឡើយ។
​លោក សឹង្ហ ពិសី បាន​បញ្ជាក់​ថា គោល​បំណង​របស់​លោក​ដែល​តស៊ូ​បង្កើត​អង្គការ​មួយ​នេះ​ គឺ​ចង់​ឱ្យ​កុមារ​នៅ​តាម​ជនបទ​​ជា​ច្រើន​មាន​ចំណេះ​ដឹង ហើយ​ពួកគេ​អាច​ជួយ​គ្រួសារ និង​សង្គម​បាន​សម្រាប់​ពេល​អនាគត។
លោក សឹង្ហ ពិសី៖ «ដោយ​ខ្ញុំ​គិត​ថា តំបន់​នេះ អ្នក​ស្រុក ប្រជាពលរដ្ឋ​ភាគ​ច្រើន គាត់​ដាំ​បន្លែ ហើយ​គាត់​ឡើង​ត្នោត ធ្វើ​ស្រែ​អ៊ីចឹង ឃើញ​ថា ជីវភាព​ពួក​គាត់​ពិបាក គឺ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ។ ហើយ​ណា​មួយ​ក្មេងៗ​ទាំង​អស់​នេះ អត់​មាន​លទ្ធភាព​​ទៅ​រៀន​ជំនាញ​នៅ​ទី​រួម​ខេត្ត​ទេ ដោយសារ​តែ​ជីវភាព​យ៉ាប់យ៉ឺន។ យើង​ចង់​ឱ្យ​គាត់​មាន​ចំណេះ​វិជ្ជា​ខ្លះ ព្រោះ​ថា ទៅ​ថ្ងៃ​អនាគត​ប្រទេស​មាន​ការ​អភិវឌ្ឍ។ អ៊ីចឹង​យើង​ធ្វើ​ឱ្យ​ដើរ​ទាន់ ទៅ​លើ​ប្រទេស​នានា​ជុំវិញ​ពិភពលោក ​គឺ​មាន​តែ​ចេះ​ភាសា​អង់គ្លេស ភាសា​ចិន​ទេ ដែល​​សង្ឃឹម​ថា ពួក​គាត់​នឹង​អាច​រក​ប្រាក់​ខែ​បាន​ច្រើន​ចិញ្ចឹម​ជីវិត​គាត់ និង​បាន​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម»។​
បុរស​ដដែល​បាន​បញ្ជាក់​ថា ការ​បង្រៀន​ដល់​កុមារ និង​យុវជន​នៅ​តាម​ទី​ជនបទ​ទាំង​នោះ គឺ​មិន​យក​លុយ​ទេ ហើយ​ពេល​ខ្លះ​​បាន​ទាំង​ជូន​ជា​អំណោយ ដូចជា កង់ សម្ភារៈ​សិក្សា​ដល់​កុមារ​ទាំង​នោះ​ទៀត​ផង។ ការ​ប្រឹងប្រែង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ លោក​មាន​សេចក្ដី​សង្ឃឹម​ថា កុមារ​និង​យុវជន​ជា​ច្រើន​ដែល​រស់​នៅ​ទី​ជនបទ នឹង​អាច​ទទួល​បាន​​ចំណេះ​ដឹង​សម្រាប់​អនាគត ហើយ​នឹង​អាច​ជួយ​បង្រៀន​គ្នា​បន្ត​ទៅ​ទៀត។
បច្ចុប្បន្ន​អង្គការ​កុមារ​កំព្រា​អង្គរ មាន​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ជា​ជន​ជាតិ​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន​ដែល​មិន​ត្រូវ​ការ​ប្រាក់​ខែ កំពុង​ជួយ​បង្រៀន​កុមារ​និង​យុវជន។
អង្គការ កុមារ​កំព្រា​អង្គរ ៣០៥
២១-កុម្ភៈ-២០១៣៖ ក្រុម​យុវជន​ដែល​ជា​កូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​វាល ចូល​ទៅ​រៀន​ជំនាញ​កុំព្យូទ័រ​នៅ​ក្នុង​អាគារ​អង្គការ​កុមារ​កំព្រា​អង្គរ នា​ខេត្ត​សៀមរាប។ RFA/Hang Sayouth
កញ្ញា ប៉ាត អន អាយុ ១៩​ឆ្នាំ គឺ​ជា​អ្នកគ្រូ​ស្ម័គ្រ​ចិត្ត​ម្នាក់ ដែល​ជួយ​បង្រៀន​ភាសា​អង់គ្លេស និង​ជំនាញ​កុំព្យូទ័រ​នៅ​ក្នុង​អង្គការ​កុមារ​កំព្រា​អង្គរ។ នាង​បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាង​ស្ម័គ្រ​ចិត្ត​ជួយ​បង្រៀន​កុមារ​និង​យុវជន​នៅ​ក្នុង​ភូមិ​ វាល​នោះ ក៏​ព្រោះ​តែ​រូប​នាង​មាន​កំណើត​នៅ​ក្នុង​ភូមិ​នោះ​ដែរ ហើយ​នាង​ចង់​ជួយ​កុមារ និង​យុវជន​នៅ​ក្នុង​ភូមិ​របស់​នាង​ឱ្យ​ក្លាយ​ទៅ​ជា​អ្នក​​មាន​ចំណេះ​ដឹង និង​សមត្ថភាព​សម្រាប់​អនាគត។
ចំណែក​លោក ស៊ឺ ជិនលុន (Shih Chinlun) គឺ​ជា​ជនជាតិ​តៃវ៉ាន់​ម្នាក់ ដែល​ស្ម័គ្រ​ចិត្ត​មក​ជួយ​បង្រៀន​ភាសា​ចិន នៅ​ក្នុង​អង្គការ​កុមារ​កំព្រា​អង្គរ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រធាន​របស់​លោក​បាន​ផ្ដល់​កុំព្យូទ័រ​ខ្លះ ​និង​បាន​ចាត់​ឱ្យ​លោក​ជួយ​បង្រៀន​ភាសា​ចិន ដល់​កុមារ និង​យុវជន​នៅ​ទី​នេះ។
លោក ស៊ឺ ជិនលុន បាន​មាន​ប្រសាសន៍​ទៀត​​ថា ក្រុម​របស់​លោក​តែង​តែ​ផ្លាស់ប្ដូរ​គ្នា​ដើម្បី​មក​កម្ពុជា ជួយ​បង្រៀន​នៅ​ក្នុង​អង្គការ​កុមារ​កំព្រា​នេះ៖ «ឥឡូវ​នេះ​យើង​កំពុង​ ព្យាយាម​ធ្វើ​ឱ្យ​តំបន់​ជនបទ​មួយ​ដែល​ធ្លាប់​តែ​មាន​ធនធាន​មនុស្ស​ខ្សោយ ត្រូវ​ផ្លាស់ប្ដូរ​ចេញ។ មូលហេតុ​ដែល​ខ្ញុំ​មក​ទី​នេះ គឺ​ដោយសារ​តែ​ខ្ញុំ​ចូល​ចិត្ត​កុមារ និង​យុវជន​នៅ​ទី​នេះ ហើយ​ចង់​ឱ្យ​ពួក​គេ​ចេះ​ភាសា​បរទេស​ជា​ច្រើន។ ខ្ញុំ​គិត​ថា បន្ទាប់​ពី​ខ្ញុំ​បាន​បង្រៀន​ភាសា​បរទេស​នេះ គឺ​ពួកគេ​ខ្លះ​អាច​នឹង​ចេះ​ដឹង ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ផ្នែក​ធនធាន​មនុស្ស​យ៉ាង​ឆាប់​រហ័ស​ ហើយ​មនុស្ស​ខ្លះ​ដែល​រស់​នៅ​ក្នុង​ទី​ជនបទ​នេះ នឹង​មាន​អនាគត​ល្អ»
វត្តមាន​របស់​អង្គការ​កុមារ​កំព្រា​អង្គរ នៅ​ក្នុង​ភូមិ​វាល នៃ​សង្កាត់​ជ្រាវ ជាយ​ទីក្រុង​សៀមរាប បាន​ធ្វើ​ ឲ្យ​ក្រុម​អ្នក​ភូមិ​ក្រីក្រ​មួយ​ចំនួន​ ដែល​មិន​មាន​លទ្ធភាព​រក​លុយ​ឱ្យ​កូន​ទៅ​រៀន​ភាសា​បរទេស និង​ជំនាញ​ផ្សេងៗ​បាន​នោះ មាន​ការ​សប្បាយ​ចិត្ត និង​ត្រេកអរ​ជា​ខ្លាំង។
លោក ស្ដើង ធឿន គឺ​ជា​អ្នក​ភូមិ​វាល ដែល​មាន​មុខ​របរ​ប្រចាំ​ថ្ងៃ​ឡើង​ត្នោត និង​រត់​ម៉ូតូ​ឌុប បាន​​មាន​ប្រសាសន៍​ថា គាត់​អាច​រក​ប្រាក់​បាន​ប្រហែល ៤​ម៉ឺន​រៀល ស្មើ​នឹង ១០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ថ្ងៃ។ ក៏​ប៉ុន្តែ​ចំណូល​នេះ​មិន​អាច​ជួយ​ដល់​កូន​របស់​គាត់​ចំនួន ២​នាក់ ដែល​កំពុង​តែ​រៀន​ថ្នាក់​មហា​វិទ្យាល័យ​បាន​ទេ។
លោក ស្តើង ធឿន បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​អង្គការ​កុមារ​កំព្រា​អង្គរ​បាន​មក​នៅ​ក្នុង​ភូមិ​របស់​គាត់ គឺ​ជួយ​ដល់​គាត់​ជា​ច្រើន ដោយសារ​តែ​កូន​របស់​គាត់​អាច​រៀន​ភាសា​បរទេស និង​ជំនាញ​កុំព្យូទ័រ ដោយ​មិន​គិត​ថ្លៃ ហើយ​គាត់​ចង់​ឱ្យ​អង្គការ​នេះ មាន​សកម្មភាព​បាន​យូរ​អង្វែង​នៅ​ក្នុង​តំបន់​របស់​គាត់។
លោក ស្តើង ធឿន៖ «ធនធាន​យើង​វា​យ៉ាប់! បាន​អង្គការ​មក​បង្កើត​ទៅ យើង​សប្បាយ​ចិត្ត វា​ល្អ។ក្មេងៗ​សប្បាយ​ចិត្ត មក​ណែនៗ នៅ​ទី​នេះ។ វា​កាត់​បន្ថយ​លុយ​យើង​ច្រើន។ ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​ហ្នឹង​សប្បាយ​ចិត្ត​ច្រើន មក​តាំង​ពី​កំរើក បុសក្រឡាញ់ ...។ អ៊ីចឹង​បាន​ថា បើ​សិន​មាន​អង្គការ​ណា​គេ​ជួយ គឺ​ចង់​ត​ថ្លៃ​ដី​នេះ​ពង្រីក​ទៅ​ទៀត»
​ទោះ​យ៉ាង​ណា អង្គការ​កុមារ​កំព្រា​អង្គរ​មួយ​នេះ វា​បាន​កើត​ឡើង​ដោយសារ​តែ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​បំផុត​របស់​លោក សឹង្ហ ពិសី។ បច្ចុប្បន្ន​នេះ​លោក សឹង្ហ ពិសី ក្រៅ​តែ​ពី​ប្រកប​ការងារ​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ គឺ​លោក និង​ភរិយា​ក៏​កំពុង​ប្រឹងប្រែង​តាម​រយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ ផ្សារ​ចាស់ ដើម្បី​យក​កម្រៃ​ទាំង​នោះ​ទៅ​ជួយ​បង្ហាត់​បង្រៀន​កុមារ​កំព្រា និង​យុវជន​នៅ​ទី​ជនបទ​នោះ។
លោក សឹង្ហ ពិសី បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​​ឆន្ទៈ​ថា មូលហេតុ​ដែល​លោក​ចង់​ជួយ​កុមារ​កំព្រា និង​យុវជន​ក្រីក្រ​ឱ្យ​មាន​ចំណេះដឹង​នេះ ដោយសារ​តែ​លោក​មាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​ម្ដាយ​តាំង​តែ​ពី​អាយុ ៨​ឆ្នាំ​មក​ម្ល៉េះ ហើយ​លោក​បាន​ភ្លក់​រស់​ជាតិ​នៃ​ការ​តស៊ូ​ក្នុង​ជីវិត​ជា​ខ្លាំង នៅ​មុន​ពេល​ដែល​លោក​រៀន​​សូត្រ​បាន​ខ្ពង់ខ្ពស់ និង​រៀបការ​កសាង​ជា​គ្រួសារ​ថ្មី​មួយ​មក​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: