ភ្នំពេញៈ ផ្លូវរថភ្លើងប្រវែង ៣៨៦ គីឡូម៉ែត្រ
តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ភាគខាងជើង
នៃប្រទេសកម្ពុជា នឹងចាប់ ផ្តើមដំណើរការឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ប្រយោជន៍
ដឹកនាំទំនិញ និងដឹកអ្នកដំណើរ ក្នុងល្បឿនមធ្យម មិនលើសពី ៦០ គីឡូម៉ែត្រក្នុង
០១ ម៉ោង និងដឹកជញ្ជូនជំហានដំបូង មិនលើសពីទម្ងន់ ២០ តោន ឡើយ។ នេះបើតាម
ការឲ្យដឹងពីសំណាក់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួង សាធារណការ
និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣
នៅស្ថានីយរថភ្លើងខេត្តបាត់ដំបង ក្នុងឱកាសដែលលោកដឹកនាំ គណៈប្រតិភូក្រសួង
តំណាងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងតំណាងក្រុមហ៊ុន TOLL ជាច្រើនរូបទៀត
ចុះត្រួតពិនិត្យ។
លោករដ្ឋមន្រ្តី បានស្វាគមន៍សេវាកម្មរថភ្លើងពាណិជ្ជកម្ម
ដែលនឹងត្រូវដាក់ឲ្យដំណើរការ និងប្រតិបត្តិការឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ
ដែលវាជាការវិវត្តមួយ ដ៏មានសារៈ សំខាន់ ក្នុងដំណើរការឆ្ពោះទៅរក ការសម្រេចបាន
នូវមុខងារផ្លូវដែក ដោយបានតភ្ជាប់ ក្នុងទ្វីបអាស៊ីទាំងមូល ហើយគេ
កំពុងទន្ទឹងរង់ចាំ ជាយូរមកហើយនោះ ជាពិសេស ក៏ជាជំហានឆ្ពោះទៅរកការតភ្ជាប់
ពីប្រទេសសឹង្ហបុរី ទៅកាន់ប្រទេស ស្កុតឡេន បន្តទៀតផងដែរ។
តាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា
ផ្លូវរថភ្លើងថ្មីនេះនឹង ផ្តល់ផល ប្រយោជន៍ ជាច្រើនដល់កម្ពុជា ដូចជា
វានឹងជួយកាត់បន្ថយតម្លៃទំនិញ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែល
ប្រជាជនកម្ពុជាត្រូវការ ជួយបង្កើនសុវត្ថិភាព តាមដងផ្លូវដោយការបញ្ជៀសរថយន្ត
ដឹកទំនិញធុនធ្ងន់ ប្រកបដោយ គ្រោះថ្នាក់ រួមមានរថយន្តដឹកប្រេងឥន្ធនៈ
រវាងចំណតស្តុកប្រេងនានា នៅតាមបណ្តោយផ្លូវភាគខាងជើង មករាជធានី ភ្នំពេញ
ដែលធ្វើដំណើរតាមផ្លូវថ្នល់ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ
និងកាត់បន្ថយរាល់ការចំណាយ លើការថែទាំផ្លូវថ្នល់
កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច (CO2)
និងឧស្ម័នបំពុលបរិយាកាសផ្សេងទៀត ធ្វើឲ្យកម្ពុជា ក្លាយទៅជាតំបន់ដឹកជញ្ជូន
អនុតំបន់ ដោយកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូនទំនិញ បង្កើតឱកាសការងារ
និងមុខរបរថ្មីៗ ក្នុងវិស័យឧស្សាហកម្មកែច្នៃ កម្មន្តសាល ឬផលិតកម្ម
និងសេវាកម្មភស្តុភារ ពង្រឹង និងពង្រីកបរិយាកាស ពាណិជ្ជកម្ម កសិកម្ម
កសិឧស្សាហកម្ម ទេសចរណ៍ និងការទាក់ទាញវិនិយោគិន សហគ្រិនទាំងក្នុង
និងក្រៅស្រុក។
ហើយគុណប្រយោជន៍នេះទៀតសោត នឹងស្តែងឡើង ដោយមិនលើសពីរយៈពេល ៣ ខែ
ក្រោយប៉ុណ្ណោះទេ ហើយការកែសម្រួលស្ពាន និងផ្លូវរថភ្លើង
នឹងត្រូវធ្វើជាបន្តបន្ទាប់ រហូតអាចដឹកជញ្ជូន បានទម្ងន់ធ្ងន់ និងល្បឿនលឿន
នាចុងឆ្នាំ២០១៣ ខាងមុខ។
ខ្សែរថភ្លើង ដែលមានប្រវែង ២៦៦ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងភ្នំពេញ
ទៅខេត្តព្រះសីហនុ និងតភ្ជាប់ពីក្រុងភ្នំពេញ ទៅកាន់ប្រទេសថៃ ប្រវែង ៣៨៦
គីឡូម៉ែត្រ ហើយរំពឹងថានឹងបើកឲ្យដំណើរការជា ៣ ឬ៤ដំណាក់កាល នៅឆ្នាំ២០១៤-២០១៥
ចំណាយសរុប ១៤១,៦ លានដុល្លារ ក្នុងនោះមាន ៨៤ លានដុល្លារ ជាកំចីហិរញ្ញប្បទាន
របស់ ADB ២១,៥ លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រា្តលី ១៣
លានដុល្លារ ជាជំនួយរបស់ OPEC សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ
ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ម៉ាឡេស៊ីប្រហែល ២,៨ លានដុល្លារ និង
សម្បទានរាជរដ្ឋាភិបាល ២០,៣ លានដុល្លារ៕
No comments:
Post a Comment