សែរាជវង្សគ្រោងនឹងកោរព្រះកេសា ឬកោរសក់ បួសមុខភ្លើង
និងបួសនាគ ថ្វាយព្រះបរមសពព្រះមហាវីរក្សត្រនៅដើមខែកុម្ភៈ
ខាងមុខនេះ។
ព្រះបរមសពត្រូវបានដង្ហែតាមព្រះទីន័ង
ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះមកព្រះបរមរាជវាំង
នៅថ្ងៃទី១៧ តុលា ឆ្នាំ២០១២។
ក្រៅពីសែរាជវង្ស
ក៏មានប្រជាពលរដ្ឋខ្លះគ្រោងកោរសក់បូជាថ្វាយព្រះបរមសពដែរ
ដើម្បីសម្ដែងពីស្វាមីភក្ដិ ការគោរពស្រឡាញ់ព្រះមហាវីរក្សត្រ។
សែរាជវង្សបញ្ជាក់នៅថ្ងៃអង្គារ ទី៨ មករា ថា
រហូតមកដល់ពេលនេះមានសមាជិករាជវង្សជាង ១០អង្គហើយ
ដែលត្រៀមកោរព្រះកេសា ឬកោរសក់
បួសនាគក្នុងឱកាសបូជាព្រះបរមសពសម្ដេចព្រះ នរោត្តម សីហនុ
នៅដើមខែកុម្ភៈ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ព្រះអង្គម្ចាស់
នរោត្តម រណឫទ្ធិ
អាចជារាជបុត្រមួយព្រះអង្គគត់ដែលនឹងត្រូវបានកោរព្រះកេសា
បួសមុខភ្លើង៖ «ព្រោះបួសមុខភ្លើងតាមប្រពៃណីមានតែមួយអង្គទេ
ហើយមួយអង្គហ្នឹងប្រហែលសម្ដេចក្រុមព្រះហើយមើលទៅ
ព្រោះព្រះអង្គជាស្ដេចធំជាងគេ»។
ចំណែកមន្ត្រីដែលស្និទ្ធនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
បានថ្លែងបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរ
ហើយចំនួនរាជវង្សកោរព្រះកេសា អាចមានចំនួនកើនឡើងជាបន្តបន្ទាប់
ពីព្រោះសមាជិករាជវង្សខ្លះនៅក្រៅប្រទេសមិនទាន់ជូនដំណឹងច្បាស់លាស់
ពីបញ្ហានេះនៅឡើយ។
តាមគម្រោង
រដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យបូជាព្រះបរមសពសម្ដេចព្រះ
នរោត្តម សីហនុ នៅដើមខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ
ស្ថិតនៅខាងជើងជាប់ព្រះបរមរាជវាំង។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍កាលពីថ្ងៃទី៤
ខែមករា ថា នឹងមានប្រជាពលរដ្ឋ
និងមន្ត្រីរាជការជាច្រើនម៉ឺននាក់មកចូលរួមដង្ហែព្រះបរមសពចេញ
ពីព្រះបរមរាជវាំង
ហើយដង្ហែតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១
ខែកុម្ភៈ រួចតម្កល់ទុកនៅវាលព្រះមេរុ
ហើយនឹងថ្វាយព្រះភ្លើងដល់ព្រះបរមសពនៅថ្ងៃទី៤ ខែកុម្ភៈ។
ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ
គ្រោងដាក់ពង្រាយកម្លាំងនគរបាលចំរុះចំនួនជាង ១ម៉ឺននាក់
ដើម្បីការពារសុវត្ថិភាព
និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីបុណ្យនេះ។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា
និងជាអនុប្រធាននៃក្រុមការងារគ្រប់គ្រងព័ត៌មាន
និងផ្សព្វផ្សាយព្រះរាជពិធីបុណ្យព្រះបរមសព បានមានប្រសាសន៍ថា
ផ្លូវថ្នល់មួយចំនួននៅទីក្រុងភ្នំពេញ នឹងត្រូវបិទបណ្ដោះអាសន្ន។
លោក កែប ជុតិមា៖ «ក្បួនហែទាំងមន្ត្រីរាជការ
ទាំងសមាសភាពស្រទាប់ប្រជាជនទាំងអស់ វាចូលដល់ថ្នាក់ម៉ឺនហើយ
អ៊ីចឹងប្រជាពលរដ្ឋចូលរួមនេះ នឹងមានលក្ខណៈច្រើន។
ជាទូទៅយើងមានផែនការបង្វែងចរាចរណ៍សំរាប់រថយន្ត ហើយផ្លូវហែនោះ
ដូចបានដឹងហើយថា គឺយើងត្រូវបិទទាំងស្រុងហើយ គឺផ្លូវសុធារស
ផ្លូវព្រះនរោត្តម ហើយនិងជុំវិញវិមានឯករាជ្យ ផ្លូវសុរាម្រិត
យើងត្រូវបិទទាំងស្រុង ប៉ុន្តែបញ្ហាសំខាន់គឺថ្ងៃហែជាថ្ងៃធំ
គឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលយើងត្រូវធ្វើការបិទ
ពង្វាងរថយន្តផ្សេងៗចូលក្រុង»។
នៅមុនការឈានដល់ពិធីប្រារព្ធបុណ្យព្រះបរមសព
និងពិធីថ្វាយព្រះភ្លើងនោះ រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី
លោក សុខ អាន និងជាឧបនាយករដ្ឋមន្ត្រី
បានចុះហត្ថលេខាលើសេចក្ដីសម្រេចមួយ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
កន្លងទៅនេះ បង្កើតក្រុមការងារមួយដើម្បីគ្រប់គ្រងព័ត៌មាន
និងផ្សព្វផ្សាយព្រះរាជពិធីបូជាព្រះបរមសពនៃព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ
សិស្សានុសិស្ស ឈប់សម្រាកជាផ្លូវការចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១
និងនៅថ្ងៃទី៤ កុម្ភៈ៕
No comments:
Post a Comment