2013-01-18
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ក្នុងពន្ធនាគារ កំពុងមានជំងឺឈឺធ្មេញធ្ងន់ធ្ងរ។
សាច់ញាតិរបស់លោកបានស្នើឲ្យមន្ត្រីពន្ធនាគារ ឬក្រសួងមហាផ្ទៃ
នាំយកទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។ ប៉ុន្តែ
មន្ត្រីក្រសួងមហាផ្ទៃ បានច្រានចោលសំណើនោះ ដោយអះអាងថា
ខាងពន្ធនាគារមានគ្រូពេទ្យជំនាញគ្រប់គ្រាន់ក្នុងការព្យាបាល។
ភរិយាលោក ម៉ម សូណង់ដូ អ្នកស្រី ឌិន ផាណារ៉ា បានឲ្យដឹងនៅថ្ងៃសុក្រ
ទី១៨ ខែមករា ថា សព្វថ្ងៃនេះស្វាមីគាត់ឈឺធ្មេញយ៉ាងខ្លាំង
ដែលត្រូវការសេវាព្យាបាលជាបន្ទាន់។ អ្នកស្រីឲ្យដឹងថា
បច្ចុប្បន្នរូបគាត់កំពុងរង់ចាំចម្លើយពីមន្ត្រីពន្ធនាគារ
ដើម្បីនាំយកលោក ម៉ម សូណង់ដូ
ចេញទៅព្យាបាលជំងឺធ្មេញនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
អ្នកស្រី ឌិន ផាណារ៉ា៖ «រហូតមកដល់ពេលនេះ
យើងនៅតែរង់ចាំចម្លើយលើបញ្ហាចេញព្យាបាលធ្មេញពីក្រសួងមហាផ្ទៃ
គឺអត់ទាន់មានចម្លើយទេ។ នៅពន្ធនាគារអត់មានពេទ្យព្យាបាល
និងធ្វើធ្មេញទេ គឺមានតែពេទ្យព្យាបាលជំងឺទូទៅ
តែពេទ្យធ្មេញអត់មានទេ»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២
បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ឆ្នាំ
និងពិន័យជាប្រាក់ ១០លានរៀល។
មានវ័យ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ
ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
តុលាការបានចោទរូបលោកពីបទញុះញង់បង្កើតតំបន់អបគមន៍ប្រឆាំង
រដ្ឋាភិបាល តាមរយៈជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្តក្រចេះ។
ទាក់ទិននឹងការសុំយកលោក ម៉ម សូណង់ដូ
ទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារនោះ លោក គុយ ប៊ុនសន
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
មានប្រសាសន៍នៅថ្ងៃទី១៨ ខែមករា ថា ជំងឺលោក ម៉ម សូណង់ដូ
មិនទាន់ដល់ដំណាក់កាលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ
ពន្ធនាគារនោះទេ។
លោកបន្តថា រហូតមកដល់ពេលនេះ គ្មានសំណើណាមួយពីក្រុមគ្រួសារ
ឬសាច់ញាតិរបស់លោក ម៉ម សូណង់ដូ
សុំចេញទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារនោះទេ៖ «អ្វីដែលជាជំងឺ
លើសពីសមត្ថភាពពួកយើងខ្ញុំ ខ្ញុំនឹងបញ្ជូនទៅឯកឯង
គឺទៅពេទ្យរដ្ឋណាមួយនៅក្នុងរាជធានីភ្នំពេញ
មានដូចជាពេទ្យកាល់ម៉ែត្រ ពេទ្យរុស្សី ពេទ្យលោកសង្ឃជាដើម។ល។
តែបើមិនទាន់លើសសមត្ថភាពទេ
យើងខ្ញុំអត់ត្រូវការបញ្ជូនទៅណាជាដាច់ខាត។ មាននរណាស្នើ
អត់មាននរណាស្នើទេ បើស្នើក៏អត់ត្រូវធ្វើ
ព្រោះបើសិនជាអ្នកស្នើហ្នឹងគិតថាជនជាប់ឃុំ
សិទ្ធិសេរីភាពត្រូវទទួលការព្យាបាលដូចៗគ្នានោះ ដាក់សំណើមក ១ម៉ឺន
៥ពាន់នាក់ ចេញមកព្យាបាលទាំងអស់គ្នាតែម្តងទៅ។ គេឈឺដូចតែគ្នា
មិនមែនឈឺតែម្នាក់ហ្នឹងឯណា។ គេព្យាបាលជា»។
យ៉ាងនេះក្តី ភរិយាលោក ម៉ម សូណង់ដូ បានឲ្យដឹងថា
នៅក្នុងមន្ទីរពេទ្យក្នុងពន្ធនាគារ
គ្មានឧបករណ៍សម្រាប់ព្យាបាលធ្មេញឈឺទេ
គឺមានតែសេវាព្យាបាលជំងឺទូទៅប៉ុណ្ណោះ៖ «ឈឺហ្នឹង
លោកនាយកពន្ធនាគារព្រៃសហ្នឹង
គាត់ឲ្យខ្ញុំនាំពេទ្យធ្មេញឯកជនចូលទៅក្នុងពន្ធនាគារ
ដើម្បីគ្រាន់តែពិនិត្យទេ ប៉ុន្តែអាចព្យាបាលបានទេ
ព្រោះគ្មានឧបករណ៍យកសរសៃចេញឲ្យបានត្រឹមត្រូវនោះទេ។
បើទុកយូរអាចឈឺហើមអាប់សែ»។
ការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ
ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមមានសហរដ្ឋអាមេរិក បារាំង
និងសហភាពអឺរ៉ុប ជាដើម
ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសាលក្រមនេះ
និងចាត់ទុកការជម្រះក្តីនេះ មិនឯករាជ
និងមានការលូកដៃពីរដ្ឋាភិបាល។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល
បានច្រានចោលចំពោះការចោទប្រកាន់ ហើយអះអាងថា
រដ្ឋាភិបាលមិនបានពាក់ព័ន្ធលើឯករាជភាពរបស់តុលាការក្នុងសំណុំរឿង
លោក ម៉ម សូណង់ដូ នេះទេ៕
No comments:
Post a Comment