A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 20 January 2013

Thai soldiers forbid Cambodian vendors from setting up stalls near the border fence inside Cambodian territory, but Thai vendors can do whatever they like [Why Thai soldiers has the power to stop Khmers from doing things inside their territory?] ទាហាន​ថៃ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ដាក់​ឥវ៉ាន់​លក់​ដូរ​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន

ដោយ ហង្ស សាវយុត RFA
2013-01-19
ចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​មក​ដល់​ពេល​នេះ ទាហាន​ឈុត​ខ្មៅ​​ថៃ បាន​ចូល​មក​ហាម​ឃាត់​មិន​ឱ្យ​ទាហាន​ខ្មែរ ដែល​ប្រចាំ​ការពារ​​​​ព្រំដែន​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ អាច​ប្រក់​ខ្ទម​​សម្រាប់​ស្នាក់​នៅ មិន​ឱ្យ​អ្នក​ភូមិ​ដាំ​បង្គោល​របង​ការពារ​ដី និង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដាក់​ឥវ៉ាន់​លក់​ដូរ​នៅ​ជាប់​ច្រក​ចេញ​​ចូល​ព្រំដែន ក្នុង​ទឹក​ដី​ខ្មែរ ចំនួន​បី​លើក​ហើយ។

RFA/Khe Sonorng
ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ នៅ​ចំណុច​ជាំ​សាង៉ាំ ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ។
សកម្មភាព​របស់​កង​ទាហាន​ថៃ ទាំង​នោះ អាច​ជា​បញ្ហា​ដែល​បង្ក​ឱ្យ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​ដែល​ គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​វាស់វែង និង​បោះ​បង្គោល​កំណត់​ព្រំដែន​ទី​នោះ​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។
ប្រភព​ពី​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មករា កន្លង​ទៅ ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​ថៃ នៃ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​កម្ពុជា ដើម្បី​ឱ្យ​ជួយ​ហាមឃាត់​អ្នក​ភូមិ​ខ្មែរ កុំ​ឱ្យ​ដាក់​ឥវ៉ាន់​លក់​ដូរ​បន្ត​ទៀត នៅ​ជិត​ច្រក​ទ្វារ​ចេញ​ចូល​ព្រំដែន។
មន្ត្រី​កម្ពុជា ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​នៅ​តំបន់​នោះ បាន​ឆ្លើយ​តប​ថា គេ​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ មាន​តែ​រង់ចាំ​ថ្នាក់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ជជែក​គ្នា​ប៉ុណ្ណោះ។
លោក តូច រ៉ា ជា​អនុប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៩ ខែ​មករា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ កន្លង​ទៅ លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ប្រធាន​ក្រុម​ការងារ​ព្រំដែន​ថៃ ដែល​ស្នើសុំ​ឱ្យ​កម្ពុជា ហាមឃាត់​អ្នក​ភូមិ​ខ្មែរ កុំ​ឱ្យ​យក​ឆ័ត្រ​ទៅ​បាំង និង​ដាក់​លក់​ឥវ៉ាន់​នៅ​តាម​ដង​ផ្លូវ​នៃ​ច្រក​ព្រំដែន​ត​ទៅ​ទៀត។ ទីតាំង​ដែល​ទាហាន​ថៃ ព្យាយាម​ហាមឃាត់​មិន​ឱ្យ​លក់​ដូរ​ឥវ៉ាន់​កំប៉ិកកំប៉ុក ដូច​ជា​គម​ផ្ដៅ ផ្សិត​ក្រៀម ឬ​ក៏​ទឹក​អំពៅ​ជាដើម​នោះ គឺ​មាន​ចម្ងាយ​ប្រមាណ ៣០​ទៅ ៤០​ម៉ែត្រ ពី​ព្រំដែន​នៅ​ក្នុង​ទឹក​ដី​ខ្មែរ។
លោក តូច រ៉ា៖ «ខាង​ថៃ ហ្នឹង សុំ​ឱ្យ​យើង​កុំ​លក់​នៅ​ក្បែរ​មាត់​ច្រក​យើង គឺ​ថា​វា​ល្មើស​នឹង​អ៊ឹម.អូ.យូ (MOU) វា​មាន​បញ្ហា​ថា​វា​មិន​ច្បាស់​លាស់ ហើយ​ក្នុង​នោះ​វា​មិន​មាន​អី​ដាក់​ជា​រោង​ជា​បេតុង​អី​ក៏​មិន​មាន​ដែរ។ មាន​ជា​រទេះ គ្នា​ដាក់​ព្រឹក​ឡើង​មក​លក់ ល្ងាច​ឡើង​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់។ បញ្ហា​ហ្នឹង ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​វិញ​ថា នៅ​ទីនេះ​ប្រជាពលរដ្ឋ​គាត់​លក់ ដូច​ជា​មិន​មាន​អី​ធំ​ដុំ​ទេ។ លក់​ផ្ដៅ លក់​ផ្សិត លក់​ទឹក​ផឹក លក់​ទឹក​អំពៅ ២-៣-៤ តូប​អី​ហ្នឹង»
មន្ត្រី​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ស្នើ​របស់​ភាគី​ថៃ នោះ​ទេ ដោយ​សារ​តែ​តំបន់​ដែល​ថៃ ហាម​ឃាត់​នោះ គឺ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្មែរ មិន​មែន​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ថៃ ឡើយ។
លោក នេត ដារ៉ា ជា​ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​នោះ មិន​ត្រឹម​តែ​ហាម​ឃាត់​អ្នក​ភូមិ​ខ្មែរ មិន​ឱ្យ​លក់​ដូរ​ជិត​ច្រក​ទ្វារ​ព្រំដែន​ទេ សូម្បី​តែ​ក្រុម​របស់​លោក​ដែល​ធ្វើ​កន្លែង​សម្រាប់​ការងារ ក៏​ពួក​គេ​តែង​ចូល​មក​ហាមឃាត់​ដែរ៖ «ម្សិល​ម្ង៉ៃ​មួយ គេ​មក​ប្រាប់​ថា កុំ​ឱ្យ​លក់​ដូរ​កន្លែង​ផ្លូវ កុំ​ឱ្យ​ដាក់​ឆ័ត្រ​ដាក់​អី។ ឱ្យ​តែ​យើង​ធ្វើ​អី​បន្តិច គឺ​គេ​មក​ប្រាប់​មក​ឃាត់ ត្រង់​ខាង​វា​ធ្វើ​អី យើង​ទៅ​ប្រាប់​ទៅ​ឃាត់​ដែរ អត់​ស្ដាប់​ទេ។ ដី​យើង​នៅ​រាល់​តែ​ថ្ងៃ យើង​ខ្វល់​អី គ្រាន់​តែ​យើង​មិន​ធ្វើ​អី​បាន​ធំ​ដុំ យើង​អត់​អាច​ប្រក់​រោង​លក់​ដូរ​អី​បាន​ទេ»
កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា កន្លង​ទៅ ទាហាន​ថៃ ឈុត​ខ្មៅ​មួយ​ក្រុម បាន​ចូល​មក​ហាម​ឃាត់​ទាហាន​ខ្មែរ មិន​ឱ្យ​ប្រក់​ដំបូល​ខ្ទម​ស្នាក់​នៅ​ដែល​មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​ព្រំដែន ក្នុង​ទឹក​ដី​ខ្មែរ​បាន​ទេ។
មន្ត្រី​យោធា​ខ្មែរ បាន​ឱ្យ​ដឹង​ថា រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​តែ​ដាក់​បញ្ជា​ឱ្យ​កងទ័ព​ត្រៀម​លក្ខណៈ​ការពារ​ដែន​ទឹក និង​ដែន​គោក​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​ថៃ និង​វៀតណាម បន្ត​ទៀត។
កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ណែនាំ​ឲ្យ​កងទ័ព​ជើង​គោក ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បន្ត​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ទប់ទល់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កើត​ឡើង​នៅ​ តាម​ព្រំដែន និង​បន្ត​រក្សា​មិត្តភាព​ល្អ​ជាមួយ​ភាគី​ថៃ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ផ្នែក​យោធា​ណា​មួយ៕

No comments: