2013-01-22
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលលើកលែងការចោទប្រកាន់
និងដោះលែងមេដឹកនាំគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល
និងសកម្មជនដីធ្លីពីពន្ធនាគារនៅក្នុងព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើងដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ
ព្រះមហាវីរក្សត្រ។
សង្គមស៊ីវិលបានចោទថា
ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះមហាវីរក្សត្រ
រាជរដ្ឋាភិបាលបានលើកលែងទោស
ឬបន្ធូរបន្ថយទោសតែចំពោះទណ្ឌិតស្ថិតក្នុងក្រុមចោរប្លន់
ឬចារកម្មបរទេស ដែលមិនគួរដោះលែងទៅវិញ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃច័ន្ទ ទី២១ ខែមករា
បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ស្នើលើកលែងការចោទប្រកាន់ និងដោះលែងលោក សម រង្ស៊ី
អតីតប្រធានគណបក្ស សម រង្ស៊ី លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក មឿង សុន
ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ និងអ្នកស្រី យ៉ោម បុប្ផា
សកម្មជនដីធ្លីតំបន់បឹងកក់
ឲ្យមានសេរីភាពក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះមហាវីរក្សត្រ
ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ខ្លឹមសារលិខិតបានជម្រាបជូនប្រមុខដឹកនាំថា
សល់ពេលជាងមួយសប្ដាហ៍ទៀតជាថ្ងៃដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ
និងថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ នៃព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតាឯករាជ្យ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
គឺជាថ្ងៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ លិខិតសរសេរថា
ខណៈពេលព្រះអង្គនៅមានព្រះជន្មតែងតែមានព្រះរាជបន្ទូលផ្ដាំផ្ញើដល់
កូនចៅ ចៅទួតរបស់ព្រះអង្គ
ជាពិសេសអ្នកនយោបាយឲ្យឈរលើគោលនយោបាយបង្រួបបង្រួម
និងផ្សះផ្សាជាតិខ្មែរ គឺព្រះរាជបំណងរបស់ព្រះអង្គចង់បានឲ្យកូនចៅ
ចៅទួត និងអ្នកនយោបាយទាំងអស់ សាមគ្គីភាព
គ្នាកសាងជាតិខ្មែរឲ្យបានរុងរឿង។
ផ្ដើមពីបញ្ហានេះ លោក រ៉ុង ឈុន
បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីពិចារណាលើកលែងការចោទប្រកាន់
និងដោះលែងអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល
និងពលរដ្ឋមានទំនាស់ដីធ្លីពីពន្ធនាគារក្នុងថ្ងៃប្រវត្តិសាស្ត្រ
នេះ។
លោកបន្តថា
ប្រជារាស្ត្រខ្មែរគ្រប់រូបបានលើកតម្កើងព្រះរាជវត្តមានព្រះករុណា
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ជាព្រះមហាវីរក្សត្រខ្មែរព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ។ ដូច្នេះ
ជាការជូនដំណើរចុងក្រោយចំពោះព្រះអង្គដែលមានប្រជាពលរដ្ឋរាប់លាន
នាក់ចូលរួមដង្ហែព្រះបរមសព លោក រ៉ុង ឈុន បានស្នើឲ្យប្រមុខដឹកនាំ
លើកលែងការចោទប្រកាន់ និងដោះលែងលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង
សុន និងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាព
ដើម្បីចូលរួមដង្ហែព្រះបរមសពព្រះអង្គ
និងបង្ហាញអំពីការឯកភាពជាតិខ្មែរ តាមព្រះរាជបណ្ដាំរបស់ព្រះអង្គ
និងសូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គ
ទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពដោយស្ងប់។
លោក រ៉ុង ឈុន បន្ថែម៖ «យើងត្រូវតែគោរព
និងដើរតាមអ្វីដែលព្រះអង្គបានផ្តាំផ្ញើ
ហើយបើសិនជាយើងមិនបានលើកលែងលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង
សុន និងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពទេ បង្ហាញឲ្យឃើញថា
នៅកម្ពុជាយើងនៅតែមានរូបភាពប្រេះស្រាំអត់មានឃើញសាមគ្គីភាពគ្នា
ដើម្បីកសាងជាតិខ្មែរឲ្យបានរុងរឿងទេ»។
ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបភ្លាមៗ
ពីមន្ត្រីខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ
ចំពោះលិខិតស្នើអន្តរាគមន៍ របស់ លោក រ៉ុង ឈុន នាថ្ងៃចន្ទ ទី២១ ខែមករា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរតនកោដ្ឋ
ព្រះមហាវីរក្សត្រ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ នៅខែកុម្ភៈ
ឃើញរាជរដ្ឋាភិបាលសំរេចលើកលែងទោស
និងបន្ធូរបន្ថយទោសទណ្ឌិតចន្លោះពី ៤០០ ទៅ ៥០០នាក់
ក្នុងនោះក៏មានជនជាតិថៃ ២នាក់
ដែលជាប់ចោទក្នុងរឿងចារកម្មផងដែរ។ ដូច្នេះលោកថា
គ្មានហេតុផលណាដែលរដ្ឋាភិបាល មិនអាចលើកលែងការចោទប្រកាន់
ឬដោះលែងមេដឹកនាំបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល
និងសកម្មជនដីធ្លីពីពន្ធនាគារនោះទេ។
លោក អ៊ូ វីរៈ ឲ្យដឹងដូច្នេះ៖ «ទាំងអស់ហ្នឹងជារឿងនយោបាយ
យើងតាមដានទៅជារឿងមួយមិនត្រឹមត្រូវទាំងអស់។
ខ្ញុំមើលទៅអ្នកដែលបានដោះលែងខ្លះ មិនគួរត្រូវបានដោះលែងទេ
គឺមានបញ្ហាច្រើនចំពោះការដោះលែងអ្នកដែលបានប្រព្រឹត្តបទល្មើស។
ប្រហែលជាអាចធ្វើឲ្យមានចោរនៅក្នុងប្រទេសកើនឡើងផង។
ប៉ុន្តែរឿងអ្នកនយោបាយ គឺជារឿងមួយដែលត្រូវតែដោះលែង
បើសិនជាយើងមានឆន្ទៈមួយ ដើម្បីបង្រួបបង្រួមជាតិនោះ
គឺត្រូវដោះលែងអ្នកនយោបាយ មិនមែនដោះលែងចោរនោះទេ។
ដោះលែងចោរនឹងធ្វើឲ្យមានចោរកាន់តែច្រើន ខ្ញុំមិនគាំទ្រទេ»។
ទាក់ទិនបញ្ហានេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
និងជាប្រធានគណៈកម្មាធិការជាតិបន្ធូរបន្ថយទោសកាលពីថ្ងៃទី១១
ខែមករា បានឲ្យដឹងថា ការសម្រេចដោះលែង
និងបន្ធូរបន្ថយទោសទណ្ឌិតជនជាតិថៃ
និងទណ្ឌិតខ្មែរក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះមហាវីរក្សត្រ
ក្រសួងអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ប្រមុខដឹកនាំ។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធ្លាប់បានបដិសេធថា
មិនមានការលើកលែងការចោទប្រកាន់ ឬបន្ធូរបន្ថយទោសដល់លោក សម រង្ស៊ី
ឬលោក ម៉ម សូណង់ដូ
ក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព សម្ដេចព្រះ
នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ នោះទេ។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន
១២ឆ្នាំ ក្រោមបទចោទចំនួន៤។ ទី១
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ ទី២
ញុះញង់ឲ្យមានការរើសអើង ទី៣ ក្លែងឯកសារសាធារណៈ និងទី៤
ផ្ដល់ព័ត៌មានមិនពិតទាក់ទិននឹងការដកបង្គោលតម្រុយព្រំដែន
កម្ពុជា-វៀតណាម និងការផ្សព្វផ្សាយផែនទីតាមអ៊ីនធឺណិត (Internet)
ដើម្បីបង្ហាញពីការចោទប្រកាន់របស់គាត់ថា វៀតណាម
បានទន្ទ្រានយកដីកម្ពុជា។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ
ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ
ចោទពីបទពីបទញុះញង់ចំពោះករណីលោកបានសម្ដែងការព្រួយបារម្ភទៅនឹង
អាជ្ញាធរអប្សរាដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនមួយឈ្មោះ ស៊ូជីង
ដាក់តាំងអំពូលភ្លើងនៅថែវប្រាសាទអង្គរវត្ត។
លោក ម៉ម សូណង់ដូ
ត្រូវបានតុលាការប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន
២០ឆ្នាំ
ចោទពីបទញុះញង់បង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាលនៅស្រុក
ឆ្លូង ខេត្តក្រចេះ។ រីឯអ្នកស្រី យ៉ោម បុប្ផា
សកម្មជនដីធ្លីរស់នៅតំបន់បឹងកក់
ត្រូវតុលាការប្រកាសសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ
ចោទពីបទបង្កហិង្សាដោយចេតនា៕
1 comment:
the court needs to legal proceeding on rong chhung cases for incitement garment factory,, for 2012 ,,,
Post a Comment