A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 December 2012

The Thai government decided to issue work permits to 160,000 illegal Cambodia workers ថៃ​សម្រេច​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា​ជាង​១៦​ម៉ឺន​នាក់

The Thai government decided to issue work permits to 160,000 illegal Cambodia workers.

ដោយ ខែ សុណង 2012-12-29 RFA
ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​សម្រេច​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (ស៊ី.អាយ = CI) ដល់​ពលករ​កម្ពុជា ចំនួន​ជាង ១៦​ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។

RFA/Sok Serey
ពលករ​ខ្មែរ​ចំនួន ២៤​នាក់ មក​ដល់​ប្រទេស​កម្ពុជា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
ក្រៅ​ពី​នេះ ភាគី​កម្ពុជា និង​ថៃ ក៏​បាន​សម្រួល​ឲ្យ​ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​កម្ពុជា ផ្ដល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​កម្ពុជា ដែល​នៅ​សេសសល់​ទៀត​ផង។
មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​ស្ទួយ​ សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​ភាគី​កម្ពុជា-ថៃ ដែល​បាន​សម្រេច​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា ចំនួន​ជាង ១៦​ម៉ឺន​នាក់។
នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (Caram) លោក យ៉ា ណាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ធ្នូ ថា លោក​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ច​ជំនួប​រវាង​ភាគី​កម្ពុជា និង​ថៃ ដែល​បាន​សម្រេច​ថា​នឹង​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា ចំនួន​ជាង ១៦​ម៉ឺន​នាក់​ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។
លោក​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ កម្ពុជា និង​ថៃ ជា​ជាង​វិធានការ​ចាប់​បញ្ជូន​ពលករ​ខុស​ច្បាប់​មក​វិញ​ជា​រៀង​រាល់​ថ្ងៃ​នោះ៖ «ការ​ដែល​ធ្វើ​យ៉ាង​ហ្នឹង គឺ​វា​ធ្វើ​ឲ្យ​ចំណេញ​ទាំង​សង​ខាង។ ទី​១ ពលករ​កម្ពុជា ក៏​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ហ្នឹង​ដែរ។ ប្រទេស​ថៃ ក៏​អាច​ចំណេញ​សេដ្ឋកិច្ច​ក្នុង​ការ​ជួល​កម្លាំង​ពលកម្ម​ថោក​ពី​ប្រទេស​ កម្ពុជា ដែរ។ វា​ជា​យុទ្ធសាស្ត្រ​មួយ​ហៅ​ថា​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំង​អស់​គ្នា ជា​ជាង​យើង​ចាប់​បញ្ជូន​មក ហើយ​ថ្ងៃ​ក្រោយ​កម្ពុជា គួរ​តែ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ដោយ​ស្រប​ច្បាប់ រៀបចំ​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​យើង​ឲ្យ​ហើយ ជៀសវាង​ចុះ​បញ្ជី ឬ​ធ្វើ​ឯកសារ​បញ្ជាក់​នៅ​ប្រទេស​គេ»
នៅ​មុន​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ទ្វេ​ភាគី​កម្ពុជា-ថៃ លើក​ទី៨ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង បាន​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) កាល​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៦ ខែ​ធ្នូ បាន​សម្រួល​ដល់​ដំណើរ​ការ​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ហៅ​ជា​ភាសា​ អង់គ្លេស​ថា ស៊ឺតធីហ្វីខេត ហ្វស អាយឌិនធីហ្វីខេសិន (Certificate of Identification) ដល់​ពលករ​កម្ពុជា ចំនួន​ជាង ១៦​ម៉ឺន​នាក់​ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់ ហើយ​ថា​នឹង​សម្រួល​ឲ្យ​ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​កម្ពុជា ទៅ​ផ្ដល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​កម្ពុជា ដែល​នៅ​សេសសល់។
ទាក់​ទង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​ពន្យល់​បន្ថែម​ចំពោះ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ស៊ី.អាយ នេះ ថា​គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​កំណត់​ជាតិ​សាសន៍​មុន​ទទួល​បាន​ប័ណ្ណ​ការងារ ឬ​ហៅ​ថា វើក ភើមីត (Work Permit)៖ «មាន​ស៊ី.អាយ ហ្នឹង​ហើយ មិន​ទាន់​មាន​សិទ្ធិ​ធ្វើ​ការ​នៅ​ស្រុក​គេ​ទេ គ្រាន់​តែ​បញ្ជាក់​អត្តសញ្ញា​ទេ​ថា​គាត់​ជា​ពលករ​ដែល​មក​ពី​កម្ពុជា។ ប៉ុន្តែ​ដល់​ពេល​បាន​ស៊ី.អាយ ហ្នឹង​ហើយ បាន​គេ​សុំ​អនុញ្ញាត​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំៗ ថៃ គេ​កំណត់​ថា​តើ​វា​យក​ពលករ​ប៉ុន្មាន​ពី​បរទេស»
ក្រៅ​អំពី​បញ្ហា​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី៨ នោះ ក៏​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ជា​អាទិភាព គឺ​បញ្ហា​នយោបាយ​សន្តិសុខ​ព្រំដែន សេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៌ ព័ត៌មាន និង​បច្ចេកវិទ្យា។
អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ប៉ាន់ស្មាន​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង ៤០​ម៉ឺន​នាក់ គឺ​ប្រហែល ១៥% នៃ​ពលករ​ជាង ៣​លាន​នាក់​មក​ពី​ប្រទេស​ភូមា និង​ប្រទេស​ឡាវ៕

No comments: