A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 December 2012

Civil society warned of social instability due to judicial injustice សង្គម​ស៊ីវិល​ព្រមាន​ពី​អស្ថិរភាព​សង្គម​ដោយសារ​តុលាការ​អយុត្តិធម៌

Civil society warned of social instability due to judicial injustice, like Yorm Bopha's case and Sok Sam Oeun's and Born Samnang's case

ដោយ វណ្ណ វិចារ 2012-12-30 RFA
ការ​កាត់​ទោស​សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​ព្រមាន​រដ្ឋាភិបាល ​ឲ្យ​គិតគូរ​ពី​អស្ថិរភាព​សង្គម ព្រោះ​តែ​តុលាការ​អយុត្តិធម៌។

RFA/Morm Moniroth
ស្ត្រី​បឹងកក់​ម្នាក់​នេះ កំពុង​អង្គុយ​យំ​ក្បែរ​ជើង​របស់​សមត្ថកិច្ច​ដែល​ឈរ​ការពារ​មិន​ឲ្យ​ក្រុម​ អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា សម្រុក​ចូល​ទៅ​ខាង​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
ស្រប​ពេល​នេះ​ដែរ អ្នក​ច្បាប់​ជំរុញ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម​ពី​ក្រមសីលធម៌​ដល់​ ចៅក្រម ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​សេចក្ដី​ប្រកប​ដោយ​យុត្តិធម៌។
សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​សំដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ដំណឹង​ថា សាលក្រម​ស្ថាពរ​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ទោស​សកម្មជន​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី ឲ្យ​ជាប់​គុក​ម្នាក់ៗ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន ៦០​លាន​រៀល​ទៅ​ឲ្យ​ភាគី​ដើម​បណ្ដឹង។ ការ​សម្រេច​សេចក្ដី​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ស្នេហា​សិទ្ធិ​មនុស្ស ហៅ​ថា​ជា​ការ​សម្រេច​សេចក្ដី​ដ៏​ប្រថុយប្រថាន និង​មាន​ករណី​គួរ​ឲ្យ​សង្ស័យ​ជាច្រើន។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៨ ធ្នូ មាន​ប្រសាសន៍​ថា តាម​រយៈ​សវនាការ គេ​សង្កេត​ឃើញ​ថា មាន​ចំណុច​អវិជ្ជមាន ៣ សំខាន់ៗ ដែល​ចៅក្រម​ហាក់​មិន​បាន​ធ្វើ​ការ​ពិចារណា ដូចជា​ជន​រងគ្រោះ ​យាយ​ពី​ពេល​វេលា​កើត​ហេតុ ការ​ចង្អុល​បង្ហាញ​ពី​តួនាទី​អ្នកស្រី យ៉ោម បុប្ផា ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស និង​ការ​សម្រេច​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ត្រូវ​ចោទ។
លោក​បន្ត​ថា ចំណុច​ដែល​សង្ស័យ​មួយ​ទៀត​នោះ គឺ​ស្ត្រី​ជាប់​ទោស​មាន​តួនាទី​សំខាន់ និង​ចេញ​មុខ​ខ្លាំង​ជាង​គេ​ក្នុង​ការ​តវ៉ា​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់​ទាំង ១៣​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​គុក​នៅ​ពេល​កន្លង​ទៅ។
លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​សម្រេច​សេចក្ដី​មាន​ភាព​អយុត្តិធម៌ នឹង​ក្លាយ​ជា​កត្តា​ចម្បង​បំផុត​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សង្គម​ទៅ​ថ្ងៃ​ មុខ៖ «ក្នុង​សវនាការ ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​កណ្ដាល... កណ្ដាល​វាល​មែន​ទែន។ ខ្ញុំ​ចេះ​តែ​រំលឹកៗ​ថា ប្រព័ន្ធ​តុលាការ​ត្រូវ​ទាក់ទាញ​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ បើ​សិន​ជា​អត់​ទេ នឹង​នាំ​សង្គម​មួយ​ប្រេះឆា។ ខ្ញុំ​រំលឹក​ហ្នឹង មិន​ចង់​ឲ្យ​សង្គម​ប្រេះឆា សង្គម​មួយ​មាន​ជម្លោះ​គេ​មាន​តុលាការ​មួយ​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​ជម្លោះ​មួយ​ក្លាយ​ទៅ​ជា​ហិង្សា សង្គម​ដែល​តុលាការ​មិន​គួរ​ជា​ទី​ទុក​ចិត្ត​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង អស្ថិរភាព​ក៏​កើត​ឡើង​ដែរ»
លោក អ៊ូ វីរៈ បន្ត​ថា លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ត្រិះរិះ​ពិចារណា​មើល​ករណី​តូច​មួយ​ដែល​ជន​រង​ គ្រោះ​និយាយ​ថា ខ្លួន​គាត់​ត្រូវ​គេ​វាយ​សន្លប់ តែ​បែរ​ជា​ប្រាប់​តុលាការ​ថា អ្នកស្រី យ៉ោម បុប្ផា ជា​អ្នក​ចង្អុល​បញ្ជា​ឲ្យ​អ្នក​ផ្សេង​វាយ​ទៅ​លើ​ក្រុម​ខ្លួន​ទៅ​វិញ។
លោក អ៊ូ វីរៈ ដាក់​សំណួរ​សួរ​ទៅ​វិញ​ថា តើ​អ្នក​សន្លប់​ពិត​ជា​បាន​ដឹង​ច្បាស់​នូវ​ហេតុការណ៍​ដែល​កើត​មាន​ជុំវិញ​ខ្លួន ឬ​យ៉ាង​ណា?
ទន្ទឹម​នឹង​នេះ ជន​ជាប់​ចោទ​ម្នាក់​ទៀត​ដែល​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​ជា​ប្តី​របស់​អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន បញ្ជាក់​ថា លោក​មិន​បាន​ជួប​ប្អូន​ថ្លៃ​ដែល​មាន​ទំនាស់​ជាមួយ​ជន​រងគ្រោះ​ចំនួន​ជាង ៣​ឆ្នាំ​មក​ហើយ ហើយ​លោក​និង​ប្រពន្ធ ក៏​មិន​បាន​បញ្ជា​ឲ្យ​ប្អូន​ថ្លៃ​ទៅ​វាយ​ដើម​បណ្ដឹង​ដែរ។
លោក លួស សាខន បន្ត​ថា ជន​រងគ្រោះ​ក៏​មិន​បាន​ប្រាប់​តុលាការ​ថា ខ្លួន​ត្រូវ​ក្រុម​គ្រួសារ យ៉ោម បុប្ផា វាយ​ឡើយ ប៉ុន្តែ​តុលាការ​បែរ​ជា​សម្រេច​ផ្ដន្ទាទោស​យ៉ាង​អយុត្តិធម៌​ទៅ​វិញ៖ «ជន​ រងគ្រោះ​ដែល​បាន​ឡើង​សវនាការ​បាន​បញ្ជាក់​ថា ក្នុង​យប់​នោះ គឺ​មាន​តែ​គេ និង​ពួកម៉ាក​គេ​ទេ​ដែល​អង្គុយ​នៅ​ក្នុង​តៀមស្រា​ហ្នឹង គ្មាន​អ្នក​ណា​អង្គុយ​នៅ​ទី​នោះ​ហ្នឹង ហើយ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ ក៏​មិន​បាន​មាន​នៅ​ក្នុង​កន្លែង​កើត​ហេតុ​ហ្នឹង​ទេ គេ​បាន​បញ្ជាក់​អ៊ីចឹង​នៅ​ក្នុង​តុលាការ»
ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក វីរៈ រស់​នៅ​រាជធានី​ភ្នំពេញ បាន​ទូរស័ព្ទ​ចូល​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បាន​បង្ហាញ​ទស្សនៈ​ថា តាម​ស្ដាប់​អង្គហេតុ និង​ដំណើរ​រឿង លោក​យល់​ថា អ្នកស្រី យ៉ោម បុប្ផា មិន​គួរ​ណា​ត្រូវ​តុលាការ​ផ្ដន្ទាទោស​នោះ​ទេ។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​ត្រូវ​ជាប់​គុក​ជា​បន្ត​ទៀត​ដោយសារ​តុលាការ​មិន​យុត្តិធម៌៖ «ដរាបណា​មិន​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ហ្នឹង​ទេ ពលរដ្ឋ​ក្រីក្រ​ចាំ​តែ​ជាប់​គុក​ទៅ ហើយ​រដ្ឋាភិបាល​ហ្នឹង​ចាំ​តែ​ពង្រីក​គុក​អ៊ីចឹង​ទៅ។ អ៊ីចឹង​គិត​ឲ្យ​មែន​ទែន ព្រោះ​ជិត​បោះ​ឆ្នោត​ហើយ​នៅ​តែ​មាន​បញ្ហា​សម្រាប់​អ្នក​ក្រ»
ចំណែក​ឯ​ក្នុង​ទំព័រ​បញ្ចេញ​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី​វិញ អ្នក​អាន​ម្នាក់​មក​ពី​ខេត្ត​សៀមរាប ឈ្មោះ ភ្នំបូក បាន​ដាក់​ជា​សំណួរ​ថា តើ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ស្រុក​ខ្មែរ​អាច​ជួយ​លោក សុក សំអឿន លោក ប៊ន សំណាង លោក សម រង្ស៉ី លោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា និង​អ្នក​ទោស​នយោបាយ​ផ្សេងៗ​ទៀត អោយ​មាន​សេរីភាព​បាន​ទេ? ព្រោះ​គ្មាន​អ្នក​ណា​ជួយ​ពួក​គាត់​បាន​ទេ។ អំពើ​អយុត្តិធម៌​នៅ​ស្រុក​ខ្មែរ​មិន​អាច​ដោះស្រាយ​បាន​ទេ មាន​តែ​អន្តរជាតិ​ទេ សូម​ជួយ​ផងៗ!។
ទោះ​យ៉ាង​ណា​ក្តី លោក វ៉ាត ថៃសេង និង​លោក ង៉ែត ចិត្ត ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ និយាយ​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី យ៉ោម បុប្ផា មាន​ចេតនា​ចង់​សម្លាប់​ពួក​គាត់ ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស ក្រោម​បទ​ចោទ​ថា ពួក​គេ​បាន​លួច​កញ្ចប់​រថយន្ត​របស់​អ្នកស្រី យ៉ោម បុប្ផា។
ប្រធាន​សមាគម​រួម​គ្នា​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​គាំទ្រ​ការ​ផ្ដន្ទាទោស​ទៅ​លើ​អ្នកស្រី យ៉ោម បុប្ផា គឺ​លោក ឯ សុភាស់ ថ្លែង​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ពិត​ជា​យុត្តិធម៌​សម្រាប់​ក្រុម​លោក ។
លោក​បន្ត​ថា លោក​ស្នើ​ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​ប្អូន​ជន​ជាប់​ចោទ​ពីរ​នាក់​ផ្សេង​ទៀត ដែល​នៅ​ក្រៅ​ឃុំ​យក​មក​ដាក់​ទោស​ឲ្យ​បាន៖ «យ៉ាង ​ម៉េច​ក៏​ដោយ បើ​ភាគី​គេ​ចង់​ឧទ្ធរណ៍ ជា​សិទ្ធិ​សេរីភាព​របស់​តុលាការ ប៉ុន្តែ​ក្នុង​ពេល​នេះ​ជា​លទ្ធផល​យុត្តិធម៌ អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​នៅ​ពេល​នេះ ចង់​ប្រាប់​ថា ពួក​យើង​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដូច​គេ​ឯង​ដែរ»
បើ​ទោះ​ជា​មាន​ការ​គាំទ្រ​ពី​សំណាក់​សមាគម​រួម​គ្នា​សម្រាប់​អភិវឌ្ឍន៍​ វិស័យ​ទេសចរណ៍​ក្តី ក៏​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដដែល ព្រោះ​ថា ក្នុង​អង្គ​សវនាការ​ពិត​ជា​មិន​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​ច្បាស់លាស់ ដើម្បី​ដាក់​បន្ទុក​ជន​សង្ស័យ​នោះ​ទេ។
នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ណា​មួយ តុលាការ​ត្រូវ​តែ​រក​ឃើញ​នូវ​គ្រប់​ចំណុច​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ រឿង​ក្ដី។
លោក​បន្ត​ថា បើ​សិន​ជា​មាន​ចំណុច​សង្ស័យ​ណា​មួយ តុលាការ​មិន​អាច​ដាក់​ទោស​ជន​ជាប់​ចោទ​បាន​ទេ ព្រោះ​ច្បាប់​កម្ពុជា ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ ប៉ុន្តែ​ពេល​ខ្លះ​តុលាការ​កម្ពុជា បែរ​ជា​យក​វិមតិ​សង្ស័យ​ទៅ​ដាក់​ទោស​ជន​សង្ស័យ​ទៅ​វិញ ដែល​មិន​ត្រឹមត្រូវ​តាម​ស្មារតី​ច្បាប់​នោះ​ឡើយ។
លោក សុក សំអឿន៖ «វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​ជាប់​ចោទ និង​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ អ៊ីចឹង​យើង​អត់​យល់​ទេ ហេតុ​ដូច​នេះ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ​ចៅក្រម ដូច​យើង​សម័យ ប៉ុល ពត ហ្នឹង ជាប់​អី​តិច​វៃ​ចោល​ហើយ»
យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​តែ​សង្ស័យ​ថា ការ​សម្រេច​សេចក្ដី​ទៅ​លើ​ស្ត្រី​បឹងកក់ ជា​ករណី​រៀបចំ​ទុក​ជា​មុន និង​សំដៅ​ដាក់​ទោសទណ្ឌ​អ្នក​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី។ លោក​បន្ត​ថា ប្រព័ន្ធ​គ្រប់គ្រង​តុលាការ​សព្វថ្ងៃ ពិត​ជា​នាំ​មក​នូវ​ភាព​អយុត្តិធម៌​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។
ទាក់ទិន​នឹង​ការ​សម្រេច​សេចក្ដី​លើ​ករណី​ស្ត្រី​បឹងកក់​នេះ អង្គការ និង​សមាគម​ចំនួន ១៧ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ភ្លាមៗ ជំរុញ​ឲ្យ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​ដីធ្លី និង​គួរ​តែ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ។
សេចក្ដី​ថ្លែងការណ៍​បាន​កត់​សម្គាល់​នូវ​ចំណុច​គួរ​ឲ្យ​សង្ស័យ ពិសេស​គឺ​ភស្តុតាង និង​សាក្សី​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់៕

No comments: