A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 7 November 2012

Will the National Rescue Party and the unity between the SRP and HRP survive? វិភាគ​អំពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ វិជ័យ អានន្ទ 2012-11-06 Radio free Asia
អ្នក​នយោបាយ និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មួយ​ចំនួន បាន​សម្ដែង​ការ​មិន​ទុក​ចិត្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស អាច​នឹង​មាន​ភាព​រឹង​មាំ​យូរ​អង្វែង​នោះ​ឡើយ។

NRP Logo: Provided Photo, ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
ការ​បញ្ចេញ​មន្ទិល​សង្ស័យ​បែប​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​អង្គ​សមាជ​វិសាមញ្ញ​មួយ កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្ទៃ​ក្នុង​របស់​គណបក្ស​លើ​ចំណុច​សំខាន់​មួយ ​ចំនួន​រួច​មក។
ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស លោក សម រង្ស៊ី ថ្លែង​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស សម រង្ស៊ី ចាស់ ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ថា សម្ព័ន្ធ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​រឹងមាំ ហើយ​ការ​រួបរួម​នេះ​នឹង​អាច​ឈាន​ដល់​យក​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣។
រី​ឯ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បញ្ជាក់​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​នៃ​គណបក្ស សម រង្ស៊ី ដែរ​ថា សម្ព័ន្ធ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​សម្ព័ន្ធ​មួយ​ដែល​ប្រមូល​ផ្ដុំ​អ្នក​ស្នេហា​ជាតិ​ពី​គ្រប់​និន្នាការ​ នយោបាយ​ទាំង​អស់ ដើម្បី​ស្រោច​ស្រង់​ប្រទេស ដែល​កំពុង​លិចលង់​ដោយសារ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​អយុត្តិធម៌​ពី​ សំណាក់​អាជ្ញាធរ​ទៅ​លើ​ប្រជាពលរដ្ឋ តាម​រយៈ​រូបភាព​ផ្សេងៗ។
តែ​ការ​លើក​ឡើង​នេះ ត្រូវ​អ្នក​វិភាគ​ឯករាជ្យ​បាន​ចាត់​ទុក​ថា ជា​ការ​សំអាង​ដែល​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​រូបភាព​ពិត ដែល​គណបក្ស​ទាំង​ពីរ​បាន​ស្ដែង​ចេញ។ អ្នក​វិភាគ​នយោបាយ​បាន​ចាប់​អារម្មណ៍​លើ​វិសោធនកម្ម​ច្បាប់​ផ្ទៃ​ក្នុង​របស់ ​គណបក្ស សម រង្ស៊ី លើ​ចំណុច​សំខាន់ៗ​ចំនួន​បី។ ទី​១ គឺ​ត្រូវ​ជ្រើសរើស​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ជា​ប្រធាន​ទីប្រឹក្សា​កំពូល​នៃ​គណបក្ស មិន​ត្រូវ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​រូប​ភ្លើង​ទៀន និង​ត្រូវ​រក្សា​ឈ្មោះ​គណបក្ស សម រង្ស៊ី ឲ្យ​នៅ​ដដែល ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ក្នុង​ករណី​លោក​មិន​ជាប់​រវល់​ធ្វើ​ការ​នៅ ​គណបក្ស​ផ្សេង​ទៀត​ទេ​នោះ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សម្ពន្ធភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស គេ​ពិបាក​នឹង​ទុក​ចិត្ត​ថា សម្ពន្ធភាព​នេះ​នឹង​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​នោះ​ខ្លាំង​ណាស់ ដោយ​លោក​បញ្ជាក់​ថា មាន​លក្ខណៈ​វិនិច្ឆ័យ​បី​ចំណុច​ជា​សំខាន់ ដែល​គេ​យក​មក​សំអាង​ថា សម្ពន្ធភាព​នៃ​គណបក្ស​ទាំង​ពីរ​ងាយ​នឹង​រង​ការ​រង្គោះរង្គើ។
ទី​១ គឺ​ការ​បង្កើត​គណៈកម្មការ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​បង្ហាញ​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា ទី​២ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ ហាក់​នាំ​គ្នា​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​គិត​ពី​ ប្រយោជន៍​រាស្ត្រ និង​ទី​៣ គណបក្ស​ទាំង​ពីរ​ហាក់​កំពុង​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពួកគេ​បង្កើត​ច្បាប់​ផ្ទៃ​ក្នុង​ផ្សេងៗ​ឲ្យ​គណបក្ស​ចាស់​សម្រាប់​បង្ការ ​ភាព​មិន​អាច​ទុក​ចិត្ត​បាន​នៃ​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សុខ ទូច៖ «យើង​បង្កើត​គណបក្ស​ដើម្បី​ផ្ដួល​រំលំ ឬ​ក៏​ជោគជ័យ​មិន​ចង់​ឲ្យ​អ្នក​ណា​កាន់​អំណាច​ផ្ដាច់​មុខ​តែឯង? ហើយ​អ៊ីចឹង​ដល់​យើង​បង្កើត​ច្បាប់​សម្រាប់​បុគ្គល យើង​ឃើញ​ច្បាប់​វិសោធនកម្ម​សម្រាប់​បុគ្គល​ណា​មួយ​អ៊ីចឹង​ទៅ ជា​អាទិរាជ​ថា បើ​ខ្លួន​អស់​ពី​នេះ​មក​ខាង​នេះ​វិញ»
លោក សុខ ទូច លើក​ឡើង​បន្ត​ទៀត​ថា ប្រសិន​បើ​សម្ពន្ធភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ត្រូវ​គេ​បំបែក ឬ​បែក​បាក់​ដោយ​ប្រការ​ណា​មួយ ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​បក្ស​របស់​ខ្លួន​រៀងៗ​ខ្លួន​វិញ​នោះ ប្រជាប្រិយភាព​នឹង​មិន​អាច​នៅ​ជា​ទី​ពេញ​និយម​ដូច​មុន​ឡើង ដោយសារ​ប្រជារាស្ត្រ​អស់​ជំនឿ​លើ​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​នេះ។
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឆ្លើយ​តប​ថា ប្រសិន​បើ​អនាគត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រង​វិបត្តិ​ប្រេះឆា​ណា​មួយ​ជា​ យថាហេតុ ហើយ​ប្រធាន​នៃ​គណបក្ស​ទាំង​ពីរ​ត្រឡប់​ទៅ​កាន់​អតីត​គណបក្ស​របស់​រៀងៗ​ខ្លួន ​វិញ លោក​ជឿ​ថា ប្រធាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នឹង​នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល ដោយ​លោក​សំអាង​ថា អ្នក​គាំទ្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា គាំទ្រ​បុគ្គល​ជា​ជាង​គាំទ្រ​គណបក្ស។
ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ផ្ទៃក្នុង​របស់​គណបក្ស សម រង្ស៊ី នេះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ងាយ​ប្រឈម​នឹង​ការ​បែក​បាក់​នៃ​សម្ពន្ធភាព​នៃ​ គណបក្ស​ទាំង​ពីរ។ បន្ថែម​លើ​នេះ លោក​អះអាង​ថា ឥរិយាបថ​នៃ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ ស្ដែង​ឲ្យ​ឃើញ​ថា ពួក​គេ​ហាក់​ពុំ​មាន​បំណង​ចង់​ធ្វើ​ឲ្យ​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​ភាព​រឹងមាំ និង​មាន​និរន្តរភាព​យូរ​អង្វែង​នោះ​ឡើយ។
លោក កែម ឡី៖ «តែ​បើ​សិន​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ហ្នឹង គាត់​មាន​យុទ្ធសាស្ត្រ​ថ្មីៗ ប្លែកៗ ហើយ​មាន​ទស្សនៈ​វែង​ឆ្ងាយ ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​ឲ្យ​ប្រជាជន​វែង​ឆ្ងាយ ខ្ញុំ​គិត​ថា តោង​ប្រជាប្រិយ​ភាព​បាន​ច្រើន»
ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទិស​ដៅ​សំខាន់​នៃ​ការ​ធ្វើ​វិសោធនកម្ម​របស់​គណបក្ស គឺ​ដើម្បី​រក្សា​អាសនៈ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ១១ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ចំនួន ២.១៥៥​នាក់ ទើប​ជាប់​ឆ្នោត​ថ្មី និង​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី។ ម្យ៉ាង​ទៀត​លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ផ្ទៃក្នុង​លើ​ចំណុច​សំខាន់​ទាំង​បី​របស់​ គណបក្ស​នោះ គឺ​ជា​ឆន្ទៈ​របស់​សមាជិក​សមាជិកា​សមាជ​វិសាមញ្ញ​របស់​គណបក្ស។ ក្រៅ​ពី​នេះ​គណបក្ស​ទាំង​ពីរ​ជា​ទម្រ​របស់​គណបក្ស​ដ៏​រឹងមាំ​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក យឹម សុវណ្ណ៖ «គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រឹងមាំ អត់​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ វា​ជា​គណបក្ស​ដែល​កើត​ឡើង​ចេញ​ពី​កម្លាំង​គណបក្ស សម រង្ស៊ី បូក​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដូច្នេះ​កម្លាំង​ទាំង​ពីរ​នេះ​ទាល់​តែ​គណបក្ស សម រង្ស៊ី ខ្លាំង និង​គណបក្ស​សិទ្ធិ​មនុស្ស​ខ្លាំង បាន​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំង វា​មិន​មែន​ជា​រឿង​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ»
ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្យាករ​លើ​ជោគវាសនា​នៃ​សម្ពន្ធភាព​បក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើ​ពាក្យ​សម្ដី​បែប​ចំអក​ឡកឡឺយ​ទៅ​នឹង​សម្ព័ន្ធ​នៃ​គណបក្ស​ទាំង​ពីរ​ នេះ កាល​ពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១២ ថា ជា​ការ​បង្រួម​ដែល​គ្មាន​និរន្តរភាព។
លោក​នាយករដ្ឋមន្ត្រី​ប្រដូច​ការ​ជួបជុំ​គ្នា​នៃ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ថា ជា​សត្វ​សុនខ​ជួប​គ្នា​ដើម្បី​ដណ្ដើម​បាយ​គ្នា​ស៊ី៖ «ឥឡូវ ​ថា​គេ​នឹង​ប្ដូរ​ផ្ដាច់​ហើយ... ហ៊ុន សែន ខ្លាច​ណាស់!  អា​សម្ពន្ធភាព​ហ្នឹង​ចាំ​តើ​អា​ពៅ! ឆ្កែ​បើ​ដាក់​ឲ្យ​ស៊ី​តែ​វា វា​អត់​ចេះ​ខាំ​គ្នា​ទេ ស៊ី​ស្ងាត់​ឈឹង ប៉ុន្តែ​ចាប់​ពីរ​ក្បាល​ឡើង​ហើយ ខាំ​គ្នា​បែក​ចាន​បាយ​ឯ​ណោះ។ អញ​ចង់​ឲ្យ​ហែង​ចូល​គ្នា​ស្រូត លោក​យាយ លោក​តា ចាំ​មើល​ទំនៀម​ទម្លាប់ បើ​កូន​ឆ្កែ​តែ​មួយ​ស៊ី​បាយ​ស្ងាត់​ឲ្យ​ឈឹង ព្រោះ​អា​នេះ​វា​ស៊ី​តែ​វា ប៉ុន្តែ​ចូល​ស៊ី​ពីរ​ហើយ​ឡើង​លើ​ខាំ​គ្នា ចាន​បាយ​ហ្នឹង​ខ្ទេច​ហើយ»
ទាក់ទង​នឹង​សម្ពន្ធភាព​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នេះ គេ​សង្កេត​ឃើញ​ថា មុន​នឹង​គណបក្ស​ទាំង​ពីរ​អាច​បង្រួបបង្រួម​គ្នា​បាន​នោះ គឺ​ពួកគេ​ក៏​ធ្លាប់​ខ្វែង​គំនិត​គ្នា​នៃ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៩ ដែល​អ្នក​វិភាគ​ខ្លះ​បាន​ចាត់​ទុក​ការ​ខ្វែង​គំនិត​ដោយសារ​តែ​ហេតុផល​នៃ​ការ ​គិត​តែ​ពី​ប្រយោជន៍​របស់​អ្នក​នយោបាយ​គនៃ​ណបក្ស​ទាំង​ពីរ ដែល​តែង​ព្យាយាម​ទាមទារ​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ ទើប​គណបក្ស​ទាំង​ពីរ​អាច​បង្រួបបង្រួម​គ្នា​បាន ដែល​ការ​បង្រួបបង្រួម​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​មេដឹកនាំ​នៃ​បក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​សច្ចា​ថា គេ​បាន​ដាក់​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​ពី​ក្រោយ​ខ្នង ហើយ​នាំ​គ្នា​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ៕

1 comment:

Anonymous said...

Who's know only time can tells,its seems to me that the married will not last due to all bodies involves were not clear what were their objective or goal in this new form party.I wish them to suceed and reach their goal to wins Cpp crooks in 2013,but its seems like this new party is base abroad and Mr Sam Rainsy is banned from participation in the politic arena [Vote] by Cpp regime as well ,to win they need to win the heart and mind at home (Cambodia) to fight for those whose were suppressed by Cpp clans.Does any body campaign at home for 2013 election on behalf of this newly party?

Curious!