វិនិយោគទុនអាមេរិកភាគច្រើនហាក់មិនចាប់អារម្មណ៍ក្នុងការមក
រកស៊ីនៅកម្ពុជា នោះឡើយ បើទោះជារដ្ឋាភិបាលកម្ពុជា
ខិតខំអំពាវនាវយ៉ាងណាក៏ដោយ។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា រដ្ឋាភិបាលកម្ពុជា
ត្រូវធ្វើការកែទម្រង់លើវិស័យជាច្រើនបន្ថែមទៀត
ដើម្បីទាក់ទាញកញ្ចប់លុយពីអាមេរិក
យកមកបង្កើតទីផ្សារការងារសម្រាប់ពលរដ្ឋ និងឈានទៅរកវឌ្ឍនភាពសង្គម។
តើកម្ពុជាត្រូវធ្វើយ៉ាងណាខ្លះដើម្បីទាក់ទាញអ្នកវិនិយោគទុនអាមេរិក?
កម្ពុជាជាប្រទេសបើកចំហជើងមេឃសេដ្ឋកិច្ច
ហើយរដ្ឋាភិបាលប្រកាសស្វាគមន៍អ្នកវិនិយោគទុនពីគ្រប់បណ្ដាប្រទេសនៅ
លើសកលលោក។ ប៉ុន្តែអ្នករកស៊ីមកពីសហរដ្ឋអាមេរិក
ដែលមានដើមទុនរាប់លានដុល្លារ
បែរជាមិនសូវចាប់អារម្មណ៍បោះទុនចូលមករកស៊ីក្នុងស្រុកខ្មែរទៅ
វិញ។
មូលហេតុចម្បងនៃបញ្ហានេះ ត្រូវបានអ្នកវិភាគពន្យល់ថា
មិនមានអ្វីក្រៅពីភាពមិនទុកចិត្តរបស់អ្នករកស៊ីអាមេរិក
ចំពោះប្រព័ន្ធច្បាប់នៅកម្ពុជានោះទេ។
អ្នកវិភាគសេដ្ឋកិច្ច លោក ហេង ឌីណា ពន្យល់ថា
អ្នកវិនិយោគអាមេរិកច្រើនតែរកស៊ីមុខរបរធំៗ
ហើយត្រូវការចាំបាច់នូវកត្តាមួយចំនួន ដូចជាធនធានមនុស្ស
ការផ្គត់ផ្គង់សម្ភារៈបច្ចេកទេស បរិយាកាសវិនិយោគ។
កម្ពុជាមានការខ្វះខាតចំណុចទាំងនេះ ជាហេតុនាំឲ្យកម្ពុជា
មានឱកាសតិចតួចក្នុងការទាក់ទាញពួកគេឲ្យរកស៊ីនៅស្រុកខ្មែរ។
លោកបន្តថា អ្នករកស៊ីអាមេរិក ក៏ត្រូវគោរពច្បាប់អាមេរិក
ដែលប្រឆាំងដាច់ខាតរាល់ការប្រព្រឹត្តអំពើពុករលួយនៅគ្រប់ទីកន្លែង។
បានន័យថា បើគេដឹងថា
ប្រទេសណាមួយមានស្ថានភាពមិនល្អជុំវិញបញ្ហាពុករលួយ
ពួកគេនឹងមិនហ៊ានបោះទុនបណ្ដាក់ចូលរកស៊ីឡើយ។
លោក ហេង ឌីណា បញ្ជាក់ថា ដើម្បីទាក់ទាញវិនិយោគិនអាមេរិក
កម្ពុជាចាំបាច់ត្រូវបង្កើន និងបង្កើតធនធានឲ្យបានគ្រប់គ្រាន់
ទាំងធនធានមនុស្ស សម្ភារៈ និងការគោរពច្បាប់
ធានាឲ្យបរិយាកាសវិនិយោគបានល្អប្រសើរ។
លោកបន្តថា៖ «សុខចិត្តឲ្យមានការរកស៊ីដោយផ្ទាល់ជាជាងខ្ចី
ដៃក្រុមហ៊ុន ដូចជាចិន អ៊ីចឹង មករកស៊ីនៅខ្មែរ
បើគេបើករោងចក្រនៅខ្មែរចំណេញជាង។
កម្ពុជាក៏ត្រូវកម្មករយើងគួរតែចេះចំណេះដឹងមូលដ្ឋានខាងផ្នែក
វិទ្យាសាស្ត្រ ដូចជា គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និងមួយទៀត បរិស្ថាន
ពាណិជ្ជកម្ម ត្រូវមានបរិយាកាសល្អ
សម្រួលដល់ការធ្វើលិខិតស្នាមរបស់អ្នកវិនិយោគជាដើម»។
ទាក់ទិននឹងវត្តមានអ្នកវិនិយោគអាមេរិក នៅលើទឹកដីកម្ពុជា នេះដែរ
អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា
និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា
វិនិយោគទុនភាគច្រើននៅកម្ពុជា មានប្រភពមកពីប្រទេសវៀតណាម
និងប្រទេសចិន ដែលមាននិន្នាការរកស៊ីកេងចំណេញគ្រប់វិធី
និងមិនសូវគិតគូរពីបញ្ហាសិទ្ធិមនុស្ស។
លោកបន្តថា
នៅកម្ពុជាមិនសូវសម្បូរអ្នករកស៊ីដែលមកពីប្រទេសប្រជាធិបតេយ្យ
តំបន់អឺរ៉ុប និងអាមេរិក ដោយសារកម្ពុជា
មានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ផ្នែកគោរពសិទ្ធិមនុស្ស
និងការប្រព្រឹត្តអំពើពុករលួយ៖ «ដើម្បីទាក់ទាញអ្នកវិនិយោគទុនមក
ពីប្រទេសសេរី និងអាមេរិក ហ្នឹង កម្ពុជាគួរអនុវត្តមួយចំនួន
ដែលប្រទេសសេរីចង់បាន ដូចជាការគោរពសិទ្ធិមនុស្ស
និងតម្លាភាពក្នុងការធ្វើការងាររបស់មន្ត្រីរដ្ឋាភិបាល»។
លោក សន ជ័យ បន្តថា បើសិនជាកម្ពុជា
សំបូរអ្នកវិនិយោគពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យច្រើន
នោះពលរដ្ឋកម្ពុជា នឹងមិនសម្រក់ទឹកភ្នែកដោយសារការអភិវឌ្ឍទៀតទេ។
ទោះយ៉ាងណាក្តី កម្ពុជាមានក្រុមហ៊ុនល្បីឈ្មោះមួយរបស់អាមេរិក
មកបណ្ដាក់ទុននៅកម្ពុជា គឺក្រុមហ៊ុន ឆេវរុន (Chevron Texaco)
ដែលរកស៊ីបូមប្រេងកាត
ប៉ុន្តែមិនទាន់មានលទ្ធផលគួរជាទីកត់សម្គាល់ទេ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់មានប្រសាសន៍អំពាវនាវឲ្យអ្នកវិនិយោគទុនអាមេរិក
ចូលមករកស៊ីនៅស្រុកខ្មែរដែរ។ លោក ហ៊ុន សែន
បានថ្លែងប្រាប់ឧបការីប្រធានាធិបតីអាមេរិក លោក ឃឺត ខាំប៊ែល (KURT
CAMPBELL) ថា កម្ពុជាស្វាគមន៍អ្នកវិនិយោគអាមេរិកមកវិនិយោគ
និងចង់ឲ្យសហរដ្ឋអាមេរិក
ដើរតួឲ្យកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងតំបន់។
យ៉ាងណាក៏ដោយ ការថ្លែងរបស់លោក ហ៊ុន សែន នេះ
ហាក់ដូចជាមិនសូវមានសង្ឃឹមថា
អាមេរិកនឹងមកវិនិយោគនៅកម្ពុជានោះទេ ព្រោះថា
ការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា នៅតែត្រូវគេរិះគន់ថា
រំលោភសិទ្ធិមនុស្ស និងមិនមាននីតិរដ្ឋ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William
E. Todd) បានបកស្រាយថា អ្នកវិនិយោគអាមេរិក
និងអ្នកវិនិយោគបរទេសដទៃទៀត មើលឃើញឱកាសនៅកម្ពុជា
ហើយការវិនិយោគរបស់គេ អាចធ្វើអោយសេដ្ឋកិច្ចរីកចំរើន
តាមរយៈការបង្កើតការងារធ្វើអោយបានច្រើន កំណើនពាណិជ្ជកម្ម
និងកម្រិតជីវភាពរស់នៅខ្ពស់។
លោកបន្តថា អ្នកវិនិយោគមានការប្រយ័ត្នចំពោះបញ្ហាអំពើពុករលួយ
និងការអនុវត្តច្បាប់អោយបានត្រឹមត្រូវ។ លោក វីល្លៀម ថត បញ្ជាក់ថា
គេមិនរំពឹងថា បានប្រាក់ចំណេញនោះទេ
តែអ្នកវិនិយោគបរទេសរំពឹងលើលទ្ធភាពអាចទាយទុកបាន
និងលក្ខណៈស្មើភាពគ្នា។ ការពង្រឹងនីតិរដ្ឋនៅកម្ពុជា
នឹងផ្តល់ផលវិជ្ជមានក្នុងការទាក់ទាញអ្នកវិនិយោគអាមេរិក
អោយមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។
តាមរយៈទំព័រឆ្លើយសំណួររបស់ពលរដ្ឋខ្មែររបស់អគ្គរដ្ឋទូតអាមេរិក
បង្ហាញថា សព្វថ្ងៃក្រុមហ៊ុនអាមេរិក
មានទឹកប្រាក់នៅក្នុងដៃចំនួនជាង ២លានលានដុល្លារ (2 trillion
dollars) សំរាប់ការវិនិយោគ ហើយប្រទេសនានានៅក្នុងពិភពលោក
រួមទាំងសហរដ្ឋអាមេរិកផង កំពុងតែខំប្រឹងទាក់ទាញលុយនេះ។
អ្នកវិនិយោគទុនអាមេរិក មានការលើកទឹកចិត្តដោយមូលហេតុថា
យ៉ាងហោចណាស់ការនាំចេញចំនួន ៨៣% របស់កម្ពុជា
គឺទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើអោយសហរដ្ឋអាមេរិក
ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។
សព្វថ្ងៃកម្ពុជា សំបូរអ្នកវិនិយោគពីប្រទេសវៀតណាម និងចិន
ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ឧទាហរណ៍ក្រុមហ៊ុនចិន
ស៊ូកាគូ (Sukaku) វិនិយោគតំបន់បឹងកក់
ធ្វើឲ្យរាស្ត្រស្រក់ទឹកភ្នែកស្ទើររាល់ថ្ងៃ ក្រុមហ៊ុនវៀតណាម
វិនិយោគនៅក្រចេះ ធ្វើឲ្យមានការចាប់មនុស្សដាក់គុកជាដើម។
កម្ពុជាក៏ត្រូវបានអង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំ២០១១
វាយតម្លៃថា ជាប្រទេសមានចំណាត់ថ្នាក់អាក្រក់ក្នុងរឿងពុករលួយ
ដោយស្ថិតនៅលំដាប់លេខរៀងទី ១៦៤ ក្នុងចំណោមប្រទេស ១៨៣
នៅទូទាំងពិភពលោក។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចផ្ដល់គំនិតថា
កម្ពុជាពិតជាអាចទាក់ទាញវិនិយោគិនអាមេរិក បាន
លុះត្រាតែមានការគោរពសិទ្ធិមនុស្ស ការបំបាត់អំពើពុករលួយ
តុលាការឯករាជ្យ។
កម្ពុជាក៏ត្រូវការបង្កើតស្ថាប័នមួយចំនួនទៀត
ធានាភាពរីកចម្រើនផ្នែកវិស័យពាណិជ្ជកម្ម ដូចជាតុលាការពាណិជ្ជកម្ម
តុលាការរដ្ឋបាល និងតុលាការការងារ
ដោយជ្រើសរើសធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ
ដើម្បីរួមចំណែកធ្វើការងារប្រកបដោយប្រសិទ្ធភាព៕
No comments:
Post a Comment