ពង្សាវតារជាច្រើន
ជាតិសាសន៍ខ្មែរមានប្រវត្តិតស៊ូរើបម្រះពីការត្រួតត្រារបស់បរទេស
ដើម្បីរស់នៅជាជាតិសាសន៍មួយប្រកបដោយឯករាជ្យ អធិបតេយ្យ
ក្នុងសិទ្ធិសេរីភាពជាមនុស្សដូចជាតិសាសន៍ដទៃដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចបំភ្លេចបាន
និងមិនអាចកាត់ថ្លៃបាននោះ គឺថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣
ជាថ្ងៃប្រវត្តិសាស្ត្រនាំមកនូវឯករាជ្យពេញលេញ
ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា
រួចផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង
ដែលជាស្នាព្រះហស្តដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ ទោះបីជាព្រះអង្គបានសោយទិវង្គតទៅហើយក៏ដោយ។
ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២
ជាខួបឯករាជ្យជាតិលើកទី៥៩ ហើយ សម្រាប់ប្រជាជាតិកម្ពុជា
ដែលអ្នកប្រវត្តិសាស្ត្របានកត់ត្រាទុកថ្ងៃនេះថាជាថ្ងៃ
ប្រវត្តិសាស្ត្រដែលនាំមកនូវប្រទេសកម្ពុជាឯករាជ្យ បូរណភាពទឹកដី
និងអធិបតីភាព។
ទោះបីជាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣
ត្រូវបានគេបំភ្លេចចោលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្ដី
ប៉ុន្តែថ្ងៃទី៩ វិច្ឆិកា នេះ ត្រូវបានងើបឡើងវិញ
និងធ្វើឲ្យប្រជាពលរដ្ឋខ្មែររំលឹកឡើងវិញ ពិសេសថ្ងៃនេះ
រដ្ឋាភិបាលបានដាក់នៅក្នុងប្រតិទិនជាពិធីបុណ្យជាតិ
ជាថ្ងៃឈប់សម្រាក បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ថ្ងៃទី២១ តុលា ឆ្នាំ១៩៩១។
ទាក់ទងទៅនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងទៅកាន់ក្រុមនិស្សិតនៅក្នុងឱកាសចែកសញ្ញាបត្រនៅវិទ្យាស្ថាន
ជាតិអប់រំ ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១២ ថា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ជាការខិតខំប្រឹងប្រែងរបស់លោកក្នុងការរំដោះប្រទេសកម្ពុជា
ឲ្យរួចផុតពីរបបខ្មែរក្រហម រហូតដល់មានថ្ងៃទី២៣ តុលា
ជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ៖ «អីចឹងទេ
អ្វីដែលកើតឡើងពីអតីតកាលនៃភាពកំសត់របស់ខ្ញុំ
វាក៏បានជំរុញឲ្យខ្ញុំធ្វើសកម្មភាពមកដល់ដំណាក់កាលនេះ បញ្ចប់របប
ប៉ុល ពត ទប់ស្កាត់របប ប៉ុល ពត មិនឲ្យវិលត្រឡប់មកវិញ
ហើយរកវិធីផ្សះផ្សាបង្រួបបង្រួមជាតិ
រកវិធីអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន»។
ទោះបីជាយ៉ាងណាក៏ដោយ
អ្នកនយោបាយខ្មែរបានឲ្យតម្លៃផ្សេងគ្នារវាងថ្ងៃទី៩ វិច្ឆិកា
ឆ្នាំ១៩៥៣ និងថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
រដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្ន បានកំណត់យកថ្ងៃទី៧ មករា
ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជាតិឲ្យរួចផុតពីរបបខ្មែរក្រហម
ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវិតរស់រានឡើងវិញ
ហើយកំណត់ថ្ងៃនេះទិវាបុណ្យជាតិដែរ។
ប៉ុន្តែគណបក្សប្រឆាំងមិនឲ្យតម្លៃទៅលើថ្ងៃ ៧ មករា នោះទេ
ដោយគេឲ្យតម្លៃទៅលើថ្ងៃទី៩ វិច្ឆិកា ជាធំទៅវិញ។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ
បានចោទប្រកាន់ថា ថ្ងៃទី៧ មករា
ជាថ្ងៃធ្វើឲ្យកងទ័ពបរទេសឈ្លានពានមកលើទឹកដីកម្ពុជា ទៅវិញទេ។
លោកបញ្ជាក់ថា គេគួរតែលុបថ្ងៃទី៧ មករា
មិនមែនជាថ្ងៃឈប់សម្រាកបុណ្យជាតិ៖ «ថ្ងៃ៧ មករា
មិនគប្បីប្រើប្រាស់បម្រើនយោបាយ ដើម្បីប្រៀបធៀបវាយតម្លៃនឹងថ្ងៃ៩
វិច្ឆិកា បានទេ។ អ្នកណាក៏ដឹងដែរថា ថ្ងៃ៧ មករា ជាថ្ងៃកងទ័ពវៀតណាម
ចូលមកកម្ពុជា ដើម្បីជួយផ្ដួលរំលំរបបខ្មែរក្រហមក៏ដោយ
ក៏មិនបានមួយចំណិតនៃថ្ងៃ៩ វិច្ឆិកា បានដែរ»។
ឆ្លើយតបទៅនឹងបញ្ហានេះ
ក្រុមអ្នកវិភាគបានឲ្យនិយមន័យផ្សេងៗគ្នារវាងថ្ងៃទី៩ វិច្ឆិកា
ឆ្នាំ១៩៥៣ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។
ក្រុមអ្នកវិភាគបានពន្យល់ថា ថ្ងៃទី៩ វិច្ឆិកា
ជាថ្ងៃឯករាជ្យពីអាណានិគមនិយមបារាំង។ ថ្ងៃទី៧ មករា
ជាថ្ងៃរំដោះពីរបបផ្ដាច់ការនិយម ឬរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
រីឯថ្ងៃទី២៣ តុលា ជាថ្ងៃឯកភាពជាតិខ្មែរ
ដែលខ្មែរចេះដោះស្រាយនយោបាយដោយប្រើតុចរចា
មិនបានប្រើកម្លាំងប្រដាប់អាវុធដោះស្រាយបញ្ហា។
ផ្ទុយទៅវិញ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ
មានប្រសាសន៍ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ពុំមានថ្ងៃបុណ្យជាតិអ្វីទេ។ ប៉ុន្តែលោកបញ្ជាក់ថា
នៅក្នុងសម័យកាលសព្វថ្ងៃនេះ
ការឲ្យតម្លៃទៅលើថ្ងៃណាមួយក្នុងចំណោមថ្ងៃទាំងបីនេះ
រួមមានថ្ងៃទី៩ វិច្ឆិកា ៧ មករា និងថ្ងៃទី២៣ តុលា
អាស្រ័យលើបុគ្គលនិមួយៗជាអ្នកឲ្យតម្លៃ
ថាតើថ្ងៃណាមានសារសំខាន់ជាង?
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា ប្រទេសកម្ពុជា
នៅមុនពេលទទួលឯករាជ្យ និងមុនពេលបារាំង ធ្វើអាណានិគមប្រទេសកម្ពុជា
នោះ អ្នកគ្រប់គ្រងប្រទេសនៅសម័យកាលនោះ រណបបរទេស
ពិសេសគឺរណបប្រទេសជិតខាង។ លោកបញ្ជាក់ថា ៩វិច្ឆិកា ឆ្នាំ១៩៥៣
ជាថ្ងៃប្រវត្តិសាស្ត្រ
ដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជា
ក្រោមការទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម
សីហនុ។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ទោះបីជាកម្ពុជា
ទទួលបានឯករាជ្យពេញលេញពីបារាំង ក្ដី
ប៉ុន្តែការការពារបូរណភាពទឹកដីរវាងប្រទេសជិតខាងនៅមានបញ្ហានៅឡើយ
នាពេលបច្ចុប្បន្ន៖ «រឿងបូរណភាពទឹកដី
យើងមានបញ្ហាព្រំប្រទល់ដែនមិនទាន់ដាច់ស្រេចនៅឡើយទេ ដូចជាខាងថៃ
និងវៀតណាម គឺចរចាមិនទាន់ដាច់ស្រេចទេ ដូច្នេះ
ទោះបីជាមានការធានាបូរណភាពទឹកដីមិនឲ្យបរទេសរំលោភបានមែន
តែបញ្ហានៅតែមានដដែល»។
ម្យ៉ាងវិញទៀត អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ
ទូច បានលើកឡើងថា ទាំងថ្ងៃទី៩ វិច្ឆិកា និងថ្ងៃទី៧ មករា
គឺមានតម្លៃខុសគ្នា។ ទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត សុខ ទូច
បញ្ជាក់ថា ប្រទេសមួយមានអធិបតីភាព ឬយ៉ាងណានោះ
អាស្រ័យលើភាពសេដ្ឋកិច្ចរឹងមាំរបស់ប្រទេសនោះ៖ «ប្រទេសមួយមានភាព
រឹងមាំខាងសេដ្ឋកិច្ច មិនអាចដាក់គំនាបបានទេ
ព្រោះគេមានសិទ្ធិដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេ។ ទី២
កម្លាំងកងទ័ព ទី៣ នយោបាយការបរទេស
បីនេះដើរតួនាទីសំខាន់ណាស់នៅក្នុងការពង្រឹងអធិបតីភាព»។
នៅក្នុងសៀវភៅដែលជាព្រះរាជនិពន្ធផ្ទាល់ដោយអតីតព្រះមហាក្សត្រ
នរោត្តម សីហនុ ព្រះអង្គបានសរសេរនៅក្នុងព្រះរាជសាររបស់ព្រះអង្គ
ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២ ថ្លែងទៅកាន់ប្រជារាស្ត្រនៅសម័យនោះ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ព្រះអង្គបានសន្យាជាឱឡារិកថា
ព្រះអង្គនឹងធ្វើឲ្យបានសម្រេចនូវឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា
ទាំងស្រុង ក្នុងរយៈពេល ៣ឆ្នាំ យ៉ាងយូរបំផុត
ដោយធ្វើឲ្យបាននូវការផ្ទេរពីបារាំង
នូវសមត្ថកិច្ចចុងក្រោយទាំងឡាយ ដែលបារាំង នៅរក្សាកាន់កាប់នៅឡើយ
ព្រះអង្គក៏បានកម្រិតព្រំដែននៃអធិបតីភាពខាងក្នុង
និងខាងក្រៅប្រទេស។
ក្នុងពេលពលរដ្ឋខ្មែរគ្រប់ស្រទាប់តស៊ូទាមទារឯករាជ្យភាពពី
បារាំង ខ្លាំងឡើងៗក្នុងទសវត្សរ៍១៩៤០ និង១៩៥០ រដ្ឋការបារាំង
សម្រេចប្រគល់ឯករាជ្យភាពដល់កម្ពុជា
តាមរយៈព្រះមហាក្សត្រជាជាងតាមរយៈបក្សនយោបាយ
ដែលមានបក្សខ្លះនិយមឆ្វេង បក្សខ្លះនិយមស្តាំ ហើយសុទ្ធតែប្រកាសថា
ជាអ្នកប្រជាធិបតេយ្យបម្រើផលប្រយោជន៍ជូនជាតិខ្មែរដូចគ្នា។
ទាក់ទងទៅនឹងបញ្ហានេះ លោក សុន ឆ័យ បានបន្ថែមថា
រដ្ឋាភិបាលគួរតែរៀបចំធ្វើទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ជាទិវាបុណ្យធំវិញ ពិសេសនៅពេលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ
បានសោយទិវង្គតទៅហើយនោះ
ដើម្បីតបស្នងនូវស្នាព្រះហស្តដ៏ធំធេងរបស់ព្រះមហាវីរក្សត្រ។
ប្រទេសកម្ពុជា នឹងធ្វើពិធីឯករាជ្យជាតិ នៅថ្ងៃសុក្រ ទី៩ វិច្ឆិកា
ឆ្នាំ២០១២
ដើម្បីរំឭកដល់គុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ
សម្ដេចព្រះបាទ នរោត្តម សីហនុ ដែលព្រះអង្គបានលះបង់តស៊ូបូជាជីវិត
ដើម្បីឯករាជ្យជាតិកម្ពុជា
ឬធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញបរិបូរពីនឹមអាណានិគម
និយមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ក៏ប៉ុន្តែ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅក្នុងឆ្នាំនេះ
នៅចំពេលព្រះបរមសពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
កំពុងតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង
ដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងកាន់ទុក្ខ
បន្ទាប់ពីព្រះអង្គបានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា
នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕
No comments:
Post a Comment